អាជ្ញាធរខេត្តបន្ទាយមានជ័យហាមឃាត់មិនអ្នកគាំទ្រលោក សឺន សាន អតីតប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធយុទ្ធជនតស៊ូនៅតំបន់ជាយដែនកម្ពុជាថៃ ដែលគ្រោងរៀបចំនៅស្តូបអនុស្សាវរីយ៍តំបន់ព្រំដែន ក្នុងស្រុកថ្មពួកនៅថ្ងៃទី៥ មីនា។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការហាមឃាត់នេះ ថា ជាការបិទសិទ្ធិសេរីខាងសាសនារបស់ពលរដ្ឋ។
ពលរដ្ឋដែលធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ជាមួយលោក សឺន សាន គឺលោក រ័ត្ន សុធី ថ្លែងប្រាប់អាស៊ីសេរីឱ្យដឹងនៅថ្ងៃទី៣ មីនាថា លោកសោកស្ដាយយ៉ាងខ្លាំងដែលប៉ូលិសនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអភិបាលបាលស្រុកថ្មពួកបានហាមឃាត់លោកធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធយុទ្ធជន ដែលពលីជីវិតដោយសារការតស៊ូដើម្បីជាតិនៅតាមព្រំដែនខ្មែរ ថៃនាពេលកន្លងមក។ លោកអះអាងទៀតថា ពួកគាត់បានសុំច្បាប់ពីមេភូមិ និងមេឃុំក្នុងស្រុកថ្មពួករួចហើយ ដើម្បីធ្វើពិធីនេះ នៅថ្ងៃទី៥ មីនា នៅស្តូបអនុស្សាវរីយ៍ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក៖ «តាមគោលបំណងខ្ញុំទីរំលឹកអនុស្សាវរីយ៍អ្នកបូជាជីវិតដើម្បីជាតិ និងទី២ដោយសារតែអ្នករួមការងារដែលគាត់ពលីជីវិតនឹង ហើយកន្លែងស្តូបក៏ជាប្រវត្តិសាស្ត្រសម្រាប់បង្ហាញឱ្យក្មេងៗជំនាន់ក្រោយដឹងថា នេះគឺជាសម័យឆ្នាំ១៩៧៩ដែលខ្មែរយើងតស៊ូប្រឆាំងនឹងបរទេសឈ្លានពាន ទាមទារសិទ្ធិសេរីភាពដើម្បីឱ្យមានប្រជាធិបតេយ្យនៅក្នុងប្រទេស និងមានការអភិវឌ្ឍន៍ឱ្យខ្មែរសម្បូរសប្បាយទាំងអស់គ្នា»។
លោកឱ្យដឹងទៀតថា គម្រោងក្នុងពិធីនេះ នឹងមានអ្នកចូលដែលគាំទ្រលោក សឺន សាន អតីតប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា និងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញកម្ពុជាកាលពីទសវត្សឆ្នាំ១៩៩៧ ចូលរួមជាង ២០០នាក់ និងមានការចែកអំណោយដល់ពលរដ្ឋក្រីក្រដែលបានចូលរួមចំនួន២០០នាក់ផងដែរ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម និងអភិបាលស្រកថ្មពួកលោក ដៀប ឈួន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣ មីនា ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
ប៉ុន្តែលោក រ័ត្ន សុធី អះអាងថា ប៉ូលិសខេត្តបន្ទាយមានជ័យ បានហៅលោកទៅជួបកាលពីព្រឹកថ្ងៃទី៣ មីនា ហើយបានប្រាប់អំពីមូលហេតុដែលមិនអនុញ្ញាតនោះថា ដោយសារស្ថានការណ៍នយោបាយមិនអំណោយផល។
លិខិតរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលអាស៊ីសេរីទទួលបានជូនដំណឹងទៅលោក រ័ត្ន សុធី សុំផ្អាកការធ្វើពិធីបង្សុកូលនៅស្តូបអនុស្សាវរីយ៍ក្នុងភូមិបន្ទាយមានរិទ្ធិ មួយរយៈដោយរង់ចាំសម្រេចនៅពេលក្រោយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ការធ្វើបុណ្យតាមបែបសាសនាជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ លោកបន្តថា ពិធីនេះនឹងមិនប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ ព្រោះជាការធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅហើយ ដើម្បីឱ្យដួងវិញ្ញាណក្ខន្ធរបស់ពួកគាត់ទៅកាន់សុគតិភព។ លោកថា សកម្មភាពនេះជាទង្វើល្អរបស់មនុស្សទៅវិញ ដែលមានចិត្តស្រលាញ់អ្នកដែលស្នេហាជាតិ៖ «បុណ្យប្រពៃណីអីគេអត់មានយកកាំភ្លើង គ្រាប់បែក ឬអាវុធធុនធ្ងន់ សម្រាប់បង្កើតអបគមន៍សម្រាប់វាយប្រហាររដ្ឋាភិបាលទេ គ្រាន់តែប្រើដើម្បីធ្វើរំលឹកដល់បុព្វបុរសដល់អ្នកស្លាប់ទៅ មិនគួរណារមាស់ខ្នងមិនគួរណាល្ហើយ មិនគួរណាខ្លាចអីទៅឃាត់ទៅឃាំងពួកគាត់ទេ គឺ ឱ្យគេធ្វើទៅបើមិនដូច្នេះទេប៉ូលិសទាហានអីទៅចូលទៅបានបុណ្យផង។ កុំឱ្យខ្លាចគ្រាន់តែស្តូបអនុស្សាវរីយ៍មួយនឹងជាដង្កូវឬក៏ជាទីងមោង ឬជាយក្សដែលដុសធ្មេញតាមខាំឯណា ?»។
ទោះជាយ៉ាងណា លោក រ័ត្ន សុធី អះអាងថា បើទោះបីជាមិនបានធ្វើពិធីនេះនៅទីតាំងដែលបានកំណត់ក្ដី ក៏លោកនឹងទៅធ្វើបុណ្យនៅទីវត្ត ឧទ្ទិសកុសលដល់យុវជនទាំងនោះដែរ ព្រោះពិធីបុណ្យនេះពួកគាត់តែងនាំគ្នាធ្វើមួយឆ្នាំម្ដង ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ដោយមិនដែលអាក់ខានដូចឆ្នាំនេះទេ។
រដ្ឋធម្មនុញ្ញមាត្រាទី៤៣ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានា ក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។