មន្ត្រីជាន់ខ្ពស់នគរបាលជាតិអះអាងថា ហ្វេសប៊ុក (Facebook) របស់មន្ត្រីប៉ូលិសស័ក្ដិប្រាំម្នាក់ដែលគំរាមកំហែងសកម្មជនបរិស្ថាន និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅខេត្តព្រះសីហនុត្រូវបានជនអនាមិក ឬក្រុមចោរព័ត៌មានវិទ្យា (Hackers) លួចយកទៅប្រើប្រាស់។ ប៉ុន្តែសកម្មជនបរិស្ថានមិនសូវមានជំនឿលើការរកឃើញនេះនោះទេ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៦ ខែកក្កដាថា ក្នុងចំណោមហ្វេសប៊ុករបស់មន្ត្រីនគរបាលពីរនាក់ដែលរងការចោទប្រកាន់ថា គំរាមកំហែងលើសកម្មជនបរិស្ថាននោះ សមត្ថកិច្ចជំនាញស្រាវជ្រាវរកឃើញថា ពួកមិនបានប្រើហ្វេសប៊ុករបស់ខ្លួនទៅគំរាមអ្នកណានោះទេ។ លោកបញ្ជាក់ថា ជនអនាមិក ឬក្រុមចោរព័ត៌មានវិទ្យាលួចហ្វេសប៊ុករបស់មន្ត្រីនគរបាលពាក់ស័ក្ដិប្រាំយកទៅប្រើប្រាស់ដើម្បីវាយប្រហារ និងគំរាមកំហែងលើសកម្មជនបរិស្ថាន។ ចំណែក មន្ត្រីពាក់ស័ក្ដិបីម្នាក់ទៀតដែលរងការចោទប្រកាន់ថា បាន គំរាម និងជេរប្រមាថ ក្នុងសំណុំរឿងនេះដែរនោះ សមត្ថកិច្ចរកឃើញថា មន្ត្រីរូបនេះមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ៖ «តាមពិតគ្មានអ្នកណាគំរាមកំហែងគាត់ទេ សូមបញ្ជាក់ម្ដងទៀតថា រឿងគំរាមកំហែងកម្លាំងមានសមត្ថកិច្ចត្រៀមខ្លួនជាស្រេចទទួលពាក្យបណ្ដឹង»។
កាលពីអំឡុងខែមិថុនា កន្លងទៅ សកម្មជនបរិស្ថាន កញ្ញា សៅ ឧសភា ដែលជាម្ចាស់ហ្វេសប៊ុកឈ្មោះ សភា មយូរ៉ា បានបង្ហោះវីដេអូលាតត្រដាងពីទ្រព្យរបស់កូនប្រុសរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ដែលមានរាប់លានដុល្លារទិញផ្ទះវីឡា នៅប្រទេសអូស្ត្រាលី និងបានបង្ហោះសាររិះគន់អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដែលគ្មានលទ្ធភាពទប់ស្កាត់សំណង់ខុសច្បាប់របស់ឈ្មួញចិនបណ្ដាលឱ្យពលរដ្ឋខ្មែរស្លាប់២៨នាក់ និងរបួស២៦នាក់។
ភ្លាមៗនោះអ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ គង់ ម៉េង (Kong Meng) ដែលដាក់រូបខ្លួនជាមន្ត្រីប៉ូលិសពាក់ស័ក្ដិបី បានសរសេរក្នុងខ្ទង់ខមមិន (Commment) ឬបញ្ចេញមតិលើហ្វេសប៊ុក កញ្ញា សៅ ឧសភា ដោយប្រើពាក្យជេរប្រមាថ និងគំរាមចាប់សកម្មជនរូបនេះ ដាក់គុកឱ្យទាល់តែបាន។ ចំណែកម្ចាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះយ៉េន ចាន់ហៀ (Yen Chanhea ) ជាមន្ត្រីប៉ូលិសពាក់ស័ក្ដិប្រាំ បានកាត់តរូបភាពកញ្ញា សៅ ឧសភា ដោយបំភ្លៃថា កញ្ញាប្រកាសលក់ខ្លួន និងប្រើពាក្យជេរប្រមាថ។
កញ្ញា សៅ ឧសភា ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៦ ខែកក្កដា ថា បើត្រឹមតែការអះអាងថា ការគំរាមនេះជាករណីលួចហ្វេ ឬហែកឃើ បែបនេះ មិនគ្រប់គ្រាន់ឱ្យកញ្ញាជឿជាក់បានទេ។ កញ្ញាចង់ឃើញសមត្ថកិច្ចបង្ហាញឯកសារ ឬភស្តុតាងបញ្ជាក់ករណីនេះឱ្យបានច្បាស់លាស់។ អតីតសកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ ឱ្យដឹងថា ពេលនេះកញ្ញាបានដាក់បណ្ដឹងទៅអង្គការសង្គមស៊ីវិល ដើម្បីជួយឃ្លាំមើលពីសុវត្ថិភាពរបស់កញ្ញា ប៉ុន្តែកញ្ញាមិនដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ឬនគរបាលនោះទេ ព្រោះកញ្ញាគ្មានជំនឿ៖ «ខ្ញុំអត់មានជំនឿថា គាត់រកឃើញទេ ហើយគាត់រកឃើញមែនគាត់នឹងថាហ្វេសប៊ុកហ្នឹងត្រូវគេហេគ ហើយភាពជាក់ស្ដែងអ៊ីចឹងមែន»។
សព្វថ្ងៃ កញ្ញា សៅ ឧសភា ជាសកម្មជនបរិស្ថាន និងជាកម្មការិនីរោងចក្រមួយកន្លែងនៅខេត្តព្រះសីហនុ ក្រោយពេលរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិ។ សកម្មជនរូបនេះបានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដើម្បីរិះគន់របបក្រុងភ្នំពេញ និងបង្ហាញពីការបំពុលបរិស្ថាននៅខេត្តព្រះសីហនុ។
អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេតឃើញថា កញ្ញា សៅ ឧសភា តែងរងការគំរាមកំហែងជាញឹកញាប់ ពីអាជ្ញាមូលដ្ឋាន និងសមត្ថកិច្ច ទាំងដោយផ្ទាល់ និងដោយប្រយោល ក៏ប៉ុន្តែមិនដែលឃើញអាជ្ញាធរថ្នាក់លើជួយរកយុត្តិធម៌ដល់សកម្មជនជាស្ត្រីរូបនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។