អ្នកជាប់ឃុំដែលតុលាការទើបដោះលែងថ្មីៗនេះអះអាងថា ពន្ធនាគារគ្មានការរៀបចំត្រឹមត្រូវ គ្មានអនាម័យ និងមានអំពើពុករលួយជាដើម។ ពួកគេ និងមន្ត្រីសង្គមស៊ីវិលបន្តជំរុញរដ្ឋាភិបាលកែលម្អបញ្ហានេះឡើងវិញ ដើម្បីឲ្យពន្ធនាគារសមជាកន្លែងអប់រំកែប្រែមនុស្ស។
សកម្មជន បរិស្ថាន សង្គម និងសកម្មជននយោបាយ លើកឡើងស្រដៀងគ្នាថា ជីវិតក្នុងពន្ធនាគារនៅតែជួបបញ្ហាដដែលៗដូចជា បន្ទប់ចង្អៀតណែន គ្មានទឹកស្អាតប្រើប្រាស់ គ្មានថ្នាំព្យាបាលត្រឹមត្រូវ បាយម្ហូបគ្មានអាហារូបត្ថម្ភ និងគ្មានអនាម័យជាដើម។
សកម្មជនចលនាមាតាធម្មជាតិលោក ថុន រដ្ឋា ដែលទើបចេញពន្ធនាគារ ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ឆ្មាំគុកមិនបានផ្ដល់តម្លៃជីវិតអ្នកជាប់ឃុំក្នុងនាមជាមនុស្សនោះទេ។ លោកលើកឡើងថា ពន្ធនាគារមិនបានដោះស្រាយបញ្ហាចង្អៀតណែន បាយម្ហូបគ្មានអាហារូបត្ថម្ភ និងគ្មានអនាម័យ គឺនៅតែកើតឡើងដដែលៗ។ លោកបន្តទៀតថា បញ្ហាដែលអ្នកជាប់ឃុំជួបប្រទះស្ទើរគ្រប់គ្នា គឺការកើតកន្ទួលរមាស់៖ «បាយកន្លែងខ្លះក៏ខ្លោចទៅកន្លែងខ្លះក៏ជ្រាយទៅកន្លែងខ្លះក៏ឆ្អិនទៅនិយាយរួមទៅចម្រុះអញ្ចឹងពេលយើងហូបធំក្លិនផងអង្ករហ្នឹងខ្មៅផង»។
ចំណែកក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ អាយុ ១៧ឆ្នាំ ដែលទើបចេញពីពន្ធនាគារថ្មីៗនេះ មានស្នាមកន្ទួលរមាស់ពេញខ្លួនព្រោះបញ្ហាពន្ធនាគារគ្មានអនាម័យគ្មានទឹកស្អាតប្រើប្រាស់ និងគ្មានពេទ្យគ្រប់គ្រាន់សម្រាប់ព្យាបាល។
ស្រដៀងគ្នានេះដែរ អតីតអ្នកជាប់ឃុំម្នាក់ជាសកម្មជនសង្គមយុវជន មួង សុភ័ក្រ និយាយថា ពន្ធនាគារមានការបែងចែកវណ្ណៈ ហើយថ្នាំសង្កូវមិនគ្រប់គ្រាន់។ លោកថា នៅពន្ធនាគារមានតែថ្នាំប៉ារ៉ាប៉ុណ្ណោះសម្រាប់ព្យាបាលគ្រប់សព្វមុខ។
ជុំវិញករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា ទទួលស្គាល់ការលើកឡើងរបស់សកម្មជនដែលទើបមានសេរីភាពទាំងនោះ ប៉ុន្តែមិនទទួលយកការចោទប្រកាន់ទាំងស្រុងទេ។ អ្នកនាំពាក្យរូបនេះពន្យល់ថា ករណីមានស្នាមកន្ទួលរមាស់កើតចេញពីការឆ្លងពីអ្នកជាប់ចាស់ចម្លងទៅអ្នកជាប់ឃុំថ្មី ហើយខាងពន្ធនាគារបានយកចិត្តទុកដាក់ព្យាបាល។ លោកថា ពន្ធនាគារ កំពុងដោះស្រាយបញ្ហាគ្មានទឹកស្អាតប្រើប្រាស់ ភាពចង្អៀតណែន ឬបញ្ហាខ្វះខាតថ្នាំព្យាបាល។ លោកថែមទាំងអួតអាងថា របបបាយម្ហូបរបស់អ្នកឃុំល្អជាងបាយម្ហូបរបស់កម្មកររោងចក្រទៅទៀត៖ « រឿងបាយទឹកម្ហូបហ្នឹងក៏ជារឿងពន្លើសដែរបាយថតឲ្យទៀតណារបបអាហារប្រចាំថ្ងៃរបស់គាត់យ៉ាងម៉េចបើនិយាយទៅសមរម្យជាងកម្មកររោងចក្រនៅខាងក្រៅទៀត មួយប្រអប់យើងដូចប្រអប់ខ្ចប់បាយប្រអប់ប្លាស្ទិកទៀតមិនមែនប្រអប់ស្នោទេ ប្រអប់ល្អទៀត ហើយគាត់មានសាច់មានបាយសម្ល គាត់ហូបអត់អស់គាត់ឲ្យឆ្មាស៊ីទៀត ហើយគាត់ថា ហូបមិនគ្រាន់»។
ទោះមានការអះអាងបែបនេះពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក៏ដោយ ប៉ុន្តែអតីតជាប់ឃុំ និងជាប្រធានសមាគមអាដហុកលោក នី សុខា លើកឡើងថា បញ្ហាក្នុងពន្ធនាគារ នេះមិនមែនជារឿងថ្មីទេ។ លោកថា ករណីនេះ មិនបានធ្វើឲ្យពន្ធនាគារក្លាយជាកន្លែងអប់រំកែប្រែដូចឈ្មោះនោះទេ។ មន្រ្តីសិទ្ធិមនុស្សរូបនេះ រិះគន់ថា បញ្ហាទាំងនេះបណ្ដាលមក រដ្ឋាភិបាលខ្វះឆន្ទៈនិងមិនបានផ្ដល់ថវិកាជាតិគ្រប់គ្រាន់ក្នុងកែលម្អពន្ធនាគារ៖ «ពេលដែលខ្ញុំរស់នៅជាក់ស្ដែងខ្ញុំដឹងច្បាស់ម្ដងដូចមិនមែនជាកន្លែងកែប្រែហាក់បីដូចកន្លែងឲ្យអ្នកជាប់ឃុំហ្នឹងទៅរៀនសូត្រពីគ្នាពីអ្វីដែលមិនល្អៗច្រើន។ ខ្ញុំគិតថា បញ្ហាកង្វះឆន្ទៈហ្នឹងធំណាស់ក្នុងការដែលឲ្យមានឆន្ទៈមុះមត់ក្នុងការកែលម្អ»។
កន្លងមកអ្នករាយការរណ៍ពិសេសរបស់អង្គការសហប្រជាជាតិក៏បង្ហាញក្តីព្រួយបារម្ភអំពីស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារនៅកម្ពុជានេះដែរ។ លោកថា ពន្ធនាគារនៅកម្ពុជាបច្ចុប្បន្ននេះ កំពុងផ្ទុកអ្នកជាប់ឃុំលើសរហូតដល់ ៣០០ភាគរយដែលមិនអាចឲ្យពួកគេរក្សាគម្លាតសុវត្ថិភាព ក្នុងពេលនៃការរាតត្បាតជំងឺ covid-19បានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។