ការចោទប្រកាន់បទល្មើស «ញុះញង់ និងរួមគំនិតក្បត់» នៃសំណុំរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី មានការដេញដោលក្នុងបន្ទប់តុលាការយ៉ាងស្វិតស្វាញដោយនគរបាលយុត្តិធម៌ និងតំណាងអយ្យការព្យាយាមសួរដាក់បន្ទុកលើជនជាប់ចោទ ប៉ុន្តែមេធាវីការពារក្ដីព្យាយាមសួរដោះបន្ទុក។ ការដេញដោលនេះ នៅពេលតុលាការក្រុងភ្នំពេញបន្តសាកសួរសកម្មជនបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ឃុំ និងកញ្ញា សេង ធារី នៅព្រឹកថ្ងៃទី១៥ ខែមីនា។
អ្នកច្បាប់ និងជាសកម្មជនតស៊ូមតិកញ្ញា សេង ធារី ដែលទៅចូលរួមសវនាការ ដោយស្លៀកពាក់ពណ៌ស្លាទុំ ស្រដៀងទៅនឹងខោអាវរបស់អ្នកជាប់ឃុំ និងបង់កក្រមាពណ៌ស ហួសចិត្តដែលតុលាការបន្តចោទប្រកាន់កញ្ញា និងសកម្មជនបក្សប្រឆាំងដទៃទៀត ដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងបង្ហាញថា តុលាការគឺនៅតែជាឈ្នាន់ ដែលអ្នកនយោបាយប្រើប្រាស់បានតាមអំពើចិត្ត។
មិនខុសគ្នានេះដែរ អ្នកឃ្លាំមើលសវនាការសង្កេតឃើញថា តុលាការគ្មានភស្តុតាងរឹងមាំ ក្នុងការចោទប្រកាន់លើសកម្មជនបក្សប្រឆាំងនោះទេ ប៉ុន្តែសកម្មជននយោបាយទាំងនោះបែរជាត្រូវជាប់ឃុំរាប់ខែមកហើយព្រោះការចោទប្រកាន់របស់តុលាការ។
មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី លោក ជួង ជូងី ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់សវនាការថា នគរបានយុត្តិធម៌ បានយកតែភ័ស្តុតាងពីហ្វេសប៊ុក មកចោទប្រកាន់លើកញ្ញា សេង ធារី ប៉ុន្តែលោកស្នើឲ្យមានភ័ស្តុតាងចោទប្រកាន់ផ្សេងក្រៅពីការយកចេញពីហ្វេសប៊ុក ដូចជា ការប្រមូលបានពីកន្លែងកើតហេតុជាដើម។ លោកមេធាវីឲ្យដឹងទៀតថា នៅក្នុងបន្ទប់សវនាការ មានការខ្វែងគំនិតគ្នាទាក់ទងឯកសាររបស់កញ្ញា ក្នុងនោះ កញ្ញា សេង ធារី ប្រាប់ថា កញ្ញា មិនបានទទួលឯកសារនោះ ប៉ុន្តែ នគរបាលយុត្តិធម៌បែរជាអះអាងថា កញ្ញា សេង ធារី បានទទួលស្គាល់ ចំណែកចៅក្រមប្រឹក្សាលើកឡើងថា ខ្លួនមានការមានការស្រពិចស្រពិលលើឯកសារនោះ៖ «នគរបាលយុត្តិធម៌ គាត់ផ្ដោតទៅលើឯកសារមួយចំនួនដែលគាត់ស្រាវជ្រាវពីហ្វេសប៊ុក ប៉ុន្តែមេធាវីការពារសិទ្ធិជនត្រូវចោទចង់មិនផ្ដោតខ្លាំងពេកឬផ្ដោតទាំងស្រុងទៅលើហ្វេសប៊ុក ព្រោះសមត្ថកិច្ចស្រាវជ្រាវផ្អែកលើហ្វេសប៊ុកតែមួយមុខ»។
កញ្ញា សេង ធារី ចាត់ទុកសវនាការនេះជាការជាការធ្វើបាបពលរដ្ឋស្លូតត្រង់ និងការបំផ្លាញរបស់ធនធានរដ្ឋដោយឥតប្រយោជន៍។ កញ្ញាបន្ត តុលាការបានយកភ័ស្តុតាងដែលគ្មានភាពរឹងមាំ ដែលជាការកាត់តសំឡេងដោយមិនទាន់បញ្ជាក់ថា ពិតឬមិនពិតក្នុងការចោទប្រកាន់ សកម្មជនគណបក្សសង្រ្គោះជាតិ។ កញ្ញា បន្តទៀតថា ចំពោះកញ្ញាផ្ទាល់ តុលាការបានយកក្រដាសប្រាំបួនសន្លឹក និងរូបលេខ០៩ប្រាំបួនដែលកញ្ញាបានគូរលើដៃមកចោទ។ កញ្ញាបន្តទៀតថា នៅពេលសួរដេញដោល ពេលខ្លះកញ្ញា អង្គុយធ្វើសមាធិ ពេលខ្លះក៏អង្គុយសើច នៅពេលជួបសវនាការដូច្នេះ៖ «រឿងនយោបាយការសម្រេច គឺពឹងផ្អែកលើនយោបាយហើយនយោបាយពឹងផ្អែកខ្យល់បក់ទៅតាមពេលវេលា ពេលខ្លះបក់ទៅឆ្វេង ខ្លះបក់ទៅមុខ ខ្លះបក់ទៅក្រោយខ្លះបក់ទៅស្តាំ»។
តុលាការបានចោទប្រកាន់កញ្ញា សេង ធារី ពាក់ព័ន្ធបទល្មើស «ញុះញង់ និងរួមគំនិតក្បត់» នៃសំណុំរឿងដែលទាក់ទងនឹងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ក្រៅពីនេះបានចោទប្រកាន់សកម្មជនបក្សប្រឆាំងជិង ៥០នាក់ផ្សេងទៀត ក្នុងនោះតុលាការបានបញ្ជូនសកម្មជនគណបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ឃុំ គឺលោក កាក់ កុម្ភារ លោក ហេង ច័ន្ទសុធី និងលោក ទុំ ប៊ុនថន មកសាកសួរផងដែរ។
ការដេញដោលនេះ មានការមកបំភ្លឺនៃភ័ស្តុតាងរបស់ មន្រ្តីនគរបាលផ្នែកប្រឆាំងអំពើភេរវកម្ម។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព ដែលតាមដានដំណើរការសវនាការសង្កេតឃើញថា ចៅក្រមបានព្យាយាមពន្យល់ពីសិទ្ធិ ហើយពេលខ្លះបានផ្ដល់ជាគន្លិះក្នុងការឆ្លើយសំនួរដល់មន្រ្តីនគរបាលរូបនោះ។ អ្នកស្រីបន្តទៀតថា កញ្ញា សេង ធារី ក៏បានបដិសេធ នូវភស្តុតាង ដែលកញ្ញា សេង ធារី លើកឡើងថា ជាការលួចហែក (Hack) ចូលហ្វេសប៊ុករបស់កញ្ញា។ មន្ត្រីសង្គមស៊ីវិលដដែល ក៏សង្កេតឃើញដែរថា ភ័ស្តុតាងការចោទប្រកាន់លើសកម្មជនគណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភា គឺមានតែភ័ស្តុតាងតែមួយ ហើយភ័ស្តុតាងនោះយកចេញពីហ្វេសប៊ុកដែលមិនមែនជាការបង្ហោះរបស់លោក កាក់ កុម្ភា នោះទេ។ អ្នកស្រី ចក់ សុភាព យល់ថា សកម្មជនបក្សប្រឆាំងកំពុងរងភាពអយុត្តិធម៌លើការចោទប្រកាន់ដែលគ្មានភ័ស្តុតាងរឹងមាំបែបនេះ៖ «ដូចជាអយុត្តិធម៌ណាស់ព្រោះមកដល់ពេលនេះគាត់ ( សកម្មជនបក្សប្រឆាំង ) បានជាប់ឃុំជាច្រើនខែមកហើយ យើងយល់ហើយពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ គឺនៅពេលដែលមិនមានភ័ស្តុតាងគ្រប់គ្រាន់ផលប្រយោជន៍គួរទទួលបានទៅលើជនជាប់ចោទ»។
ជុំវិញការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្ស បែបនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីប្រធានតុលាការសាលាដំបូងភ្នំពេញលោក តាំង ស៊ុនឡាយ បានទេនៅថ្ងៃទី១៥ ខែមីនា។
នៅក្រៅរបងតុលាការក៏មានការឃ្លាំមើលពីសាច់ញាតិ និងមិត្រភ័ក្ត្រអ្នកជាប់ឃុំជាង១០នាក់ រួមទាំងសកម្មជនសង្គម លោក រ៉ុង ឈុន ផងដែរ ដែលស្ថិតក្នុងការឃ្លាំមើល និងតឹងរ៉ឹង ពីក្រុមសមត្ថកិច្ចជាង៣០នាក់ដែលឈរជើងជុំវិញបរិវេណតុលាការ។ តុលាការនឹងបន្តសវនាការនេះ នៅថ្ងៃទី២១ ខែមីនាខាងមុខ ដើម្បីពិនិត្យលើភស្តុតាងផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។