រយៈពេល ៤ឆ្នាំមកនេះ របបលោក ហ៊ុន សែន ហាក់ដូចជាមិនបន្ធូរដៃក្នុងការបង្ក្រាបលើសេរីភាពសារព័ត៌មាននោះឡើយ ទោះជារបបនេះក្រសោបបានអំណាចទាំងស្រុងមកកាន់កាប់តែម្នាក់ឯងហើយក៏ដោយ។ អ្នកសារព័ត៌មាននៅតែទទួលរងការធ្វើទុក្ខបុកម្នេញឥតឈប់ឈរតាមផ្លូវតុលាការ និងការសម្លុតគំរាមពីសំណាក់អាជ្ញាធរ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJA)លោក ណុប វី សង្កេតឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា មិនទាន់វិវឌ្ឍទៅរកភាពប្រសើឡើងវិញ ដូចនៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នោះនៅឡើយទេ។ លោកបន្តថា អ្នកសារព័ត៌មាននៅតែរងបណ្ដឹងក្នុងតុលាការ ក្នុងនោះអ្នកខ្លះកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែការងាររបស់ខ្លួន។ ក្រៅពីនេះ ករណីនិទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មាន ដូចជា ការប្រើអំពើហិង្សាលើអ្នកសារព័ត៌មានជាដើម នៅតែកើតមានជាបន្តបន្ទាប់។ លោក ណុប វី បន្ថែមទៀតថា នៅដំណាក់កាលចុងក្រោយនេះ បញ្ហាសុវត្ថិភាពរបស់អ្នកសារព័ត៌មាន រឹតតែជារឿងគួរឱ្យព្រួយបារម្ភ ពីព្រោះពួកគាត់មួយចំនួនត្រូវអាជ្ញាធរសម្លុតគំរាម និងតាមបំភិតបំភ័យ នៅពេលចុះយកព័ត៌មាន៖ «មន្ត្រីមួយចំនួនសមត្ថកិច្ចមូលដ្ឋានខ្លះហ្នឹង គឺរហូតទៅដល់ហ៊ានជិះម៉ូតូប្រដេញចាប់ដកហូតកាមេរ៉ា ឬមួយក៏ទូរស័ព្ទដៃរបស់អ្នកសារព័ត៌មានយកទៅលុបរូប។ ហើយមានសមត្ថកិច្ចខ្លះហ៊ានរហូតទៅដល់ដកហូតប័ណ្ណកាសែតដែលចេញដោយក្រសួងព័ត៌មានហ្នឹងយកទៅទុក។ ដល់យើងស្នើសុំវិញហ្នឹង ក៏ឆ្លើយបដិសេធមិនដឹងមិនលឺ រហូតដល់មានការដាក់លិខិតទៅមន្ត្រីថ្នាក់លើអ៊ីចឹងទៅ បានយើងទទួលបានប័ណ្ណកាសែតត្រឡប់មកវិញ។ អ៊ីចឹងសកម្មភាពទាំងអស់ហ្នឹង គួរតែទទួលនូវវិធានការរដ្ឋបាលជាក់លាក់ ដើម្បីធានាថា យើងធ្វើកិច្ចការងារជាដៃគូនឹងគ្នា។ កុំឱ្យថា សមត្ថកិច្ចនៅមូលដ្ឋានទៅជាយកអ្នកសារព័ត៌មានហ្នឹង គឺជាសត្រូវទៅវិញ»។
ស្រដៀងគ្នានេះ អ្នកសារព័ត៌មានសេរីលោក ពៅ មេត្តា ថ្លែងថា សេរីភាពសារព័ត៌មានមិនបានវិវឌ្ឍទៅរកភាពប្រសើឡើងនោះទេ ប៉ុន្តែករណីខ្លះបែរជារងការរឹតត្បិតកាន់តែខ្លាំងថែមទៀត។ លោកលើកជាឧទាហរណ៍ថា ករណីខ្លះ អាជ្ញាធរបានតម្រូវឱ្យអ្នកសារព័ត៌មានសុំការអនុញ្ញាតពេលចុះយកព័ត៌មាន ហើយពេលខ្លះទៀត អាជ្ញាធរបានចាប់យកសម្ភារៈ និងលុបរូបថត ឬវីដេអូរបស់អ្នកសារព័ត៌មាន ដោយគំរាមពួកគាត់មិនឱ្យចេញផ្សាយព័ត៌មានជាដើម។ លោក ពៅ មេត្តា បញ្ជាក់ថា ករណីទាំងនេះសុទ្ធសឹងតែជារឿងមិនត្រឹមត្រូវ និងមិនឈរលើទិដ្ឋភាពច្បាប់៖ « អតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីរនាក់សុទ្ធតែនៅក្នុងគំនាបនៅឡើយ ហើយស្ថានភាពឱ្យវាធូរស្រាលអ្វីផ្សេងទៀត វាហាក់ដូចជាមិនមានទេ។ ព្រោះសារព័ត៌មានដែលរងសម្ពាធពីមុន ដូចជាខេមបូឌាដេលី ឥលូវបិទហើយ អាស៊ីសេរីទៅនៅក្រៅ ហើយវីអូអេ ឬក៏វីអូឌីនៅខាងក្នុង បរិបទមុនហ្នឹងក៏គាបអត់ឱ្យលិខិត អត់ឱ្យកាតអ្នកសារព័ត៌មានអ៊ីចឹងទៅ។ ផ្ទុយទៅវិញ ( ក្រសួងព័ត៌មាន ) បែរជាឱ្យសារព័ត៌មានមួយចំនួន ដូចជាសារព័ត៌មានបែបអនឡាញ (Online) ដែលតែម្នាក់ឯង ឬគ្រាន់តែមានវេបសាយ (Website) ម្នាក់ឯង គាត់និយាយអត្ថាធិប្បាយ » ។
ការវាយតម្លៃរបស់អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យនេះ ធ្វើឡើងនៅក្នុងឱកាសឆ្នាំទី៤នៃការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន លើសេរីភាពសារព័ត៌មាននៅកម្ពុជា។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាធរបានបិទកាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី(The Cambodia Daily) ក្រោមហេតុផលពន្ធដារដ៏ចម្រូងចម្រាស់ និងខ្វះតម្លាភាព។ អាជ្ញាធរបានប្រើស្នៀតដដែលនេះ រហូតដល់វិទ្យុអាស៊ីសេរីបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ពោលគឺជាងមួយសប្តាហ៍ក្រោយកាសែតខេមបូឌាដេលីបិទទ្វារ។ អំឡុងពេលនោះដែរ អាជ្ញាធរបានបិទប្រេកង់វិទ្យុរាប់សិបស្ថានីយដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុឯករាជ្យដទៃទៀត។
ការបង្ក្រាបរបស់អាជ្ញាធរមិនបានបញ្ឈប់ត្រឹមនេះទេ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរក្រុងភ្នំពេញ ដែលគ្មានភស្តុតាងរឹងមាំអ្វីសោះ បានចាប់ខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ យកទៅដាក់ពន្ធនាគារជិតមួយឆ្នាំ ដោយចោទប្រកាន់ពាក់ព័ន្ធនឹងអំពើចារកម្ម។ ប្រមាណ ៤ឆ្នាំមកនេះ តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញពីទោសកំហុសរបស់អ្នកទាំងពីរឡើយ ប៉ុន្តែតុលាការក៏មិនព្រមទម្លាក់ចោលបទចោទប្រកាន់នោះដែរ។ តុលាការបានបង្វិលសំណុំរឿងឱ្យចៅក្រមស៊ើបសួរ បើកការស៊ើបអង្កេតបន្ថែម ដែលធ្វើឱ្យករណីនេះត្រូវអូសបន្លាយដោយគ្មានពេលកំណត់។
ក្រៅពីអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបនេះ អ្នកកាសែតខេមបូឌាដេលីពីររូបទៀត ក្នុងនោះម្នាក់ជាជនបរទេស ក៏រងការចោទប្រកាន់ពីតុលាការដែរ បន្ទាប់ពីពួកគេចុះទៅយកព័ត៌មានអំពីការបោះឆ្នោតនៅក្នុងខេត្តរតនគិរី។ ទោះជាចៅក្រមតុលាការខេត្តរតនគិរីបានសម្រេចទម្លាក់ចោលបទចោទប្រកាន់ «ញុះញង់» ប្រឆាំងនឹងអ្នកទាំងពីរហើយក្តី ក៏សំណុំរឿងនេះមិនទាន់ចប់ដែរ ព្រោះមានការប្ដឹងទាស់ពីតំណាងអយ្យការ។
ការបង្ក្រាបទ្រង់ទ្រាយធំលើសេរីភាពសារព័ត៌មានកាលពី៤ឆ្នាំមុននោះ ត្រូវបានក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា ជាការបំបិទសំឡេងឯករាជ្យ ទន្ទឹមគ្នានឹងការកម្ចាត់គណបក្សប្រឆាំង ដើម្បីធានាជ័យជម្នះសម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ ២០១៨។
ដោយឡែកនៅក្នុងបរិបទជំងឺកូវីដ-១៩ វិញ អ្នកសារព័ត៌មានខ្លះត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ និងខ្លះទៀតត្រូវអាជ្ញាធរដកហូតអាជ្ញាប័ណ្ណ ដោយសារពួកគេផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាជំងឺកូវីដ-១៩ ដែលអាជ្ញាធរចាត់ទុកថា ជារឿងមិនពិត ឬជាការ «ញុះញង់» ជាដើម។
ទាក់ទងនឹងការបៀតបៀនលើអ្នកសារព័ត៌មានវិញ សមាគមខេមបូចាកត់សម្គាល់ថា គិតពីដើមឆ្នាំ ២០២១ មកដល់ពេលនេះ យ៉ាងហោចណាស់មានអ្នកសារព័ត៌មានជាង ៥០នាក់ រងការបៀតបៀន ដូចជាអំពើហិង្សា និងការសម្លុតគំរាមជាដើម។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ ដើម្បីឆ្លើយតបរឿងនេះ ប៉ុន្តែទូរស័ព្ទហៅចូលច្រើនដង ពុំមានអ្នកទទួលនៅថ្ងៃទី១១ និង១២ ខែកញ្ញា។
ទោះជាយ៉ាងណា កន្លងមក អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ តែងតែលើកឡើងថា សេរីភាពសារព័ត៌មាន និងការអនុវត្តវិជ្ជាជីវៈនេះ កំពុងដំណើរការដោយរលូន និងល្អប្រសើ។ ហេតុផលតែមួយគត់ដែលក្រសួងយកមកអះអាងដដែលៗពីភាពល្អប្រសើរនៃសេរីភាពសារព័ត៌មាននោះ គឺការកើនឡើងនៃតួលេខស្ថាប័នព័ត៌មាន អង្គការសារព័ត៌មាន។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានតែងតែចេញមុខការពារវិធានការរបស់អាជ្ញាធរទៅលើអ្នកសារព័ត៌មាន ទោះជាទង្វើរបស់អាជ្ញាធរនោះជារឿងមិនត្រឹមត្រូវតាមច្បាប់ក៏ដោយ។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី និងបច្ចុប្បន្នជាអ្នករាយការណ៍ព័ត៌មាននៃវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរលោក យាង សុធារិន្ទ គឺជាជនរងគ្រោះមួយរូបនៃការបង្ក្រាបរបស់អាជ្ញាធរលើសេរីភាពសារព័ត៌មាន។ លោកមើលឃើញថា ក្រសួងព័ត៌មានហាក់ដូចជាមិនបានយកចិត្តទុកដាក់ជួយការពារអ្នកសារព័ត៌មានឱ្យបានដិតដល់នោះទេ ប៉ុន្តែបែរជាដាក់បន្ទុកលើអ្នកសារព័ត៌មានដែលជាជនរងគ្រោះថែមទៀត៖ « នៅពេលដែលអ្នកកាសែតមានបញ្ហា ហើយសមាគមអ្នកកាសែតធ្វើសេចក្តីថ្លែងការណ៍ការពារអ្នកកាសែតដែលត្រូវបានរំលោភបំពានអ៊ីចឹង ក្រសួងព័ត៌មានចេញមកគាត់ការពារសកម្មភាពរបស់អាជ្ញាធរទៅទៀត ហើយគាត់ចោទប្រកាន់ថា ចេញសេចក្តីថ្លែងការណ៍ដោយមិនឆ្លុះបញ្ចាំងពីការពិតអ្វីជាដើម។ អ៊ីចឹងយើងឃើញថា អ្នកកាសែតដូចជាមិនទាន់មានអាណាព្យាបាលការពាររបស់គាត់ឱ្យបានមាំមួនទេ។ ពួកគាត់នៅមានភាពតែលតោលនៅឡើយ ដូច្នេះហើយសន្តិសុខ សុវត្ថិភាពរបស់គាត់ គឺនៅមានបញ្ហា » ។
លោក យាង សុធារិន្ទ ថ្លែងទៀតថា ចាប់តាំងពីចុងឆ្នាំ២០១៧ មក ស្ថានភាពធ្លាក់ចុះនៃសេរីភាពសារព័ត៌មាន គ្មានអ្វីប្រែប្រួលនោះទេ ពីព្រោះលោក និងអ្នកសារព័ត៌មានដទៃទៀតដែលរងការចោទប្រកាន់នៅតែជាប់បណ្ដឹងនៅតុលាការនៅឡើយ។ ក្រៅពីនេះ ស្ថាប័នឯករាជ្យដែលបានបិទទ្វារតាំងពីពេលនោះមក ក៏នៅមិនទាន់អាចបើកដំណើរការវិញនៅឡើយ។ លោកព្រួយបារម្ភថា ការបង្ក្រាបលើសេរីភាពសារព័ត៌មាន នឹងអាចកើតមានច្រើននៅមុនការបោះឆ្នោតមកដល់ ពីព្រោះនេះជាអ្វីដែលធ្លាប់កើតមានជាហូរហែរួចមកហើយ៖ « គ្រាន់តែគាត់យកព័ត៌មានពាក់ព័ន្ធនឹងរឿងក្ដីក្ដាំធម្មតាៗ ដូចជាបញ្ហាជម្លោះដីធ្លី បញ្ហាប្រជាពលរដ្ឋមានការតវ៉ាអីហ្នឹង គាត់ក៏ឃើញចាប់ផ្តើមមានបញ្ហាទៅហើយ។ របត់ហ្នឹង ជារបត់មួយដែលមានការបារម្ភអំពីស្ថានភាពដែលអាចកើតឡើងមិនល្អចំពោះអ្នកកាសែតនៅថ្ងៃខាងមុខ » ។
អង្គការអន្តរជាតិនានាបានរកឃើញថា ៤ឆ្នាំមកនេះ សេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពអាក្រក់ ព្រោះតែរបបក្រុងភ្នំពេញបន្តរឹតត្បិត គំរាមកំហែង ចាប់ខ្លួនអ្នកសារព័ត៌មានដាក់ពន្ធនាគារពីបទព្រហ្មទណ្ឌ និងបង្កើតច្បាប់ថ្មី ដែលមានចរិតរឹតត្បិតសេរីភាពសារព័ត៌មានជាដើម។
អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យ ស្នើយ៉ាងទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទាំងនេះ និងងាកមកគោរពសេរីភាពសារព័ត៌មានវិញ។ ចំណុចទាំងនោះ មានជាអាទិ៍ ការដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ដែលមានចរិតនយោបាយប្រឆាំងនឹងអ្នកសារព័ត៌មាន ការបើកឱ្យស្ថាប័នព័ត៌មានឯករាជ្យអាចដំណើរការឡើងវិញ បញ្ឈប់ជាបន្ទាន់ការយកក្រមព្រហ្មទណ្ឌមកចោទប្រកាន់លើការបំពេញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ព្រមទាំងពន្លឿនការបង្កើតច្បាប់ទាំងឡាយដែលបម្រើដល់វិស័យសារព័ត៌មាន និងការបញ្ចេញមតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។