សារព័ត៌មានបរទេស បានចុះផ្សាយព្រោងព្រាតអំពីក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដែលមានជំងឺខ្សោយបញ្ញាស្មារតី (Autism) ដែលទើបតុលាការដោះលែងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្រោយគាត់ជាប់ពន្ធនាគារជិត ៥ខែ ដោយសារការបង្ហោះសារតាមបណ្ដាញសង្គមតេឡេក្រាម។
សារព័ត៌មានបរទេសជាភាសាអង់គ្លេស បានដាក់ចំណងជើងធំៗ ថា ក្មេងប្រុសខ្មែរដែលមានជំងឺខ្សោយបញ្ញាស្មារតី (Autism) ជាប់ពន្ធនាគារដោយការបង្ហោះសារតាមប្រព័ន្ធតេឡេក្រាម ប្ដេជ្ញាបន្តតស៊ូតទៅទៀត។
ការបន្តតស៊ូនេះ គឺសំដៅលើសម្ដីរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដែលគ្រាន់តែចេញពីពន្ធនាគារភ្លាម លើកដៃស្កាំទៅលើ រួចស្រែកខ្លាំងៗ ថា ជយោកម្ពុជា! រួចហើយ គាត់បានប្តេជ្ញានៅចំពោះមុខអ្នកសារព័ត៌មានថា គាត់ចេញពីពន្ធនាគារ និងមានសេរីភាព ដូច្នេះគាត់នឹងបន្តការតស៊ូ ដើម្បីឲ្យអ្នកស្នេហាជាតិ នាំគ្នាជួយជាតិ។
សាររបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវបានទីភ្នាក់ងារព័ត៌មាន AP និង AFP ចុះផ្សាយ និងផ្សាយបន្តព្រោងព្រាតដោយសារព័ត៌មានបរទេសជាច្រើនទៀត មានដូចជា សារព័ត៌មានសិង្ហបុរី ឌឹ ស្រ្តេតស្ថាមស៍ (the Straits Times) សារព័ត៌មានឥណ្ឌា ឌឹ ឥណ្ឌាន អ៊ិចស្ប្រេស (the Indian EXPRESS) និងសារព័ត៌មានអាមេរិក មានជាអាទិ៍ ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ (the Washington Post) ប៊្លូមប៊ើក (Bloomberg) អេបេស៊ី ញូវស៍ (ABC News) និង ញូវស្វ៊ីក (Newsweek) ជាដើម។
ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា កាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ខែពីបទញុះញង់ និងបទប្រមាថមន្ត្រីរាជការសាធារណៈ។ ប៉ុន្តែតុលាការ បានសម្រេចឲ្យក្មេងប្រុសរូបនេះ អនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៤ខែកន្លះ តម្រឹមឲ្យត្រឹមរយៈពេលដែលគាត់បានជាប់ពន្ធនាគារតាំងពីថ្ងៃចាប់ឃុំខ្លួន។ ទោសនៅសល់ផ្សេងទៀត ត្រូវបានព្យួរ។
នគរបាលរាជធានីភ្នំពេញ បានសម្រុកចូលចាប់យុវជន កាក់ សុវណ្ណច្ឆ័យ ទាំងអាធ្រាត្រ នៅយប់ថ្ងៃទី២៥ ខែមិថុនា ដោយចោទថា យុវជនរូបនេះ ជេរប្រមាថមេដឹកនាំរដ្ឋាភិបាលក្នុងក្រុម (Group) បណ្ដាញសង្គមតេឡេក្រាម (Telegram)។ ចំណែកឪពុករបស់យុវជន កាក់ សុវណ្ណច្ឆ័យ គឺជាកូនប្រុសរបស់សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញលោក កាក់ កុម្ភារ ដែលកំពុងជាប់ឃុំពីបទរួមគំនិតក្បត់ និងបទញុះញង់ ក្នុងពន្ធនាគារព្រៃស ឬ ម១។
សារព័ត៌មានដដែល បានចុះផ្សាយបន្ថែមថា ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ប្ដេជ្ញាតស៊ូ ដើម្បីសេរីភាពរបស់ឪពុកដែលកំពុងជាប់ឃុំ តាំងពីខែឧសភា ឆ្នាំ២០២០ នោះ។
ស្របពេលដែលសារព័ត៌មានបរទេស ចាប់អារម្មណ៍អំពីរឿងនេះ កាលពីថ្ងៃទី១០ ខែ វិច្ឆិកានោះ មានសារព័ត៌មានក្នុងស្រុកជាភាសាខ្មែរតិចតួចប៉ុណ្ណោះ ដែលចុះផ្សាយដែរ។ ក្នុងនោះមានសារព័ត៌មាន VOD Khmer ដែលចុះផ្សាយផ្ដោតលើម្ដាយរបស់ក្មេងប្រុសនេះ គឺអ្នកស្រី ព្រំ ចន្ថា ដែលស្នើសុំឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុង មកលើកូនប្រុសរបស់គាត់។ អ្នកស្រីអំពាវនាវឲ្យអាជ្ញាធរ ឈប់ធ្វើទុក្ខម្នេញកូនលោកស្រីតទៅទៀត និងជាពិសេស ឈប់គំរាមកំហែងគ្រួសារលោកស្រី ដែលកំពុងរង់នៅក្នុងភាពភ័យខ្លាច នៃការតាមយាយីឥតស្រាកស្រាន្តនេះ។
សារព័ត៌មានដដែលនេះ ក៏បានបង្ហោះរូបថតមួយចំនួន ដែលបង្ហាញស្នាមរបួសដំបៅរលួយពេញជើងរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដោយអមជាមួយសម្ដីរបស់ក្មេងប្រុសនេះ ថា គាត់រស់នៅក្នុងពន្ធនាគារមានការលំបាក និងដំបៅរមាស់ជាដើម។
សារព័ត៌មាននេះបន្តថា ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ឆ្លើយនឹងទៅកាន់សំណួរអ្នកសារព័ត៌មាន ដោយអារម្មណ៍ភ្លឹកៗ មិននឹងន ឆ្លើយទៅមុខទៅក្រោយ។
ជុំវិញរឿងនេះ មជ្ឈមណ្ឌលព័ត៌មានស្ត្រី បានចុះផ្សាយដែរអំពីក្ដីកង្វល់របស់ម្ដាយក្មេងប្រុសនេះ អំពីសុខភាពរបស់ កាក់ សុវណ្ណច្ឆ័យ។
ការចាប់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដែលមានជំងឺខ្សោយបញ្ញាស្មារតី (Autism) ដាក់ពន្ធនាគារបែបនេះ រងការរិះគន់ជុំទិសពីស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។