សាលារាជធានីភ្នំពេញថា សំណើរៀបចំប្រារព្ធទិវានារីអន្តរជាតិ លើកទី១១៤ នៅទីលានប្រជាធិបតេយ្យ របស់ក្រុមអង្គការសង្គមស៊ីវិល ត្រូវរង់ចាំការសម្រេចរបស់ក្រសួងមហាផ្ទៃ ដោយសារតែចំនួនអ្នកចូលរួម លើសពីសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ។ តំណាងអ្នករៀបចំកម្មវិធី លើកឡើងថា ក្រសួងមហាផ្ទៃ គួរតែអនុញ្ញាតឲ្យក្រុមអង្គការសង្គមស៊ីវិល ប្រារព្ធទិវានារីអន្តរជាតិ នៅថ្ងៃទី៨ មីនា ខាងមុខនេះ តាមការគ្រោងទុក។
រដ្ឋបាលរាជធានីភ្នំពេញ ពុំយល់ទាស់ទេ ចំពោះសំណើរបស់ក្រុមអង្គការ សមាគម សហជីព និងសង្គមស៊ីវិលផ្សេងទៀត ក្នុងការប្រារព្ធទិវាអន្តរជាតិនារី លើកទី១១៤ នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៨ ខែមីនាខាងមុខនេះ។ ប៉ុន្តែសាលារាជធានីភ្នំពេញថា ចំពោះចំនួនអ្នកចូលរួមកម្មវិធីខាងលើមានចំនួន លើសពី ៦០០នាក់ គឺលើសពីសមត្ថកិច្ចសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នោះរដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំការសម្រេចពីក្រសួងមហាផ្ទៃ។ នេះ បើតាមកំណត់ហេតុប្រជុំរវាងតំណាងរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងក្រុមអង្គការសង្គមស៊ីវិល ស្ដីពីការជូនដំណឹង ដើម្បីប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនាទី នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ ខែមីនា ដែលវិទ្យុអាស៊ីសេរីទទួលបាន។
គ្រប់គ្រងខ្លឹមសារអ្នកឡើងថ្លែង ដោយហាមវាយប្រហារពាក្យសម្ដី
រដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ម្ចាស់សំណើត្រូវរង់ចាំការសម្រេចពីក្រសួងមហាផ្ទៃសិន ។ ម៉្យាងវិញទៀត ក្នុងករណីក្រសួងមហាផ្ទៃអនុញ្ញាត រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់សំណើគោរពនូវគោលការណ៍ចំនួន ៧ចំណុច រួមមានត្រូវគ្រប់គ្រងខ្លឹមសារ របស់តំណាងស្ថានទូត ធ្វើយ៉ាងណា កុំឲ្យប៉ះពាល់ដល់ច្បាប់ជាតិ និងអន្តរជាតិ និងផ្សព្វផ្សាយក្រមសីលធម៌ដល់អ្នកចូលរួម ដើម្បីកុំឲ្យយកវេទិកានេះ ធ្វើសកម្មភាពវាយប្រហារដល់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឬបំផុសញុះញង់ប្រជាពលរដ្ឋឲ្យកើតជាអំពើហិង្សាជាដើម។
រដ្ឋបាលរាជធានីភ្នំពេញព្រមានថា ករណីម្ចាស់សំណើមិនគោរពតាមខ្លឹមសារ ដែលបានឯកភាពគ្នា នោះអ្នករៀបចំនឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
ការជួបប្រជុំនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល បានដាក់លិខិតជូនជូនដំណឹង ទៅសាលារាជធានីភ្នំពេញ ដើម្បីប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៥ ខែមីនា។
អត្ថបទដែលទាក់ទង៖
គោលបំណងរំលឹកពីវីរភាពរបស់ស្ត្រី
ទោះជាយ៉ាងណា ប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី៥ ខែមីនាថា គោលបំណងនៃការប្រារព្ធទិវានារីអន្តរជាតិ លើកទី១១៤ នៅឆ្នាំនេះ គឺធ្វើឡើងនៅក្នុងគោលបំណងរំលឹកពីវីរភាពរបស់ស្ត្រី ដែលបានលះបង់ ដើម្បីបុព្វហេតុសិទ្ធិសេរីភាព និងបង្ហាញពីបញ្ហាប្រឈមរបស់ស្ត្រីក្នុងពេលបច្ចុប្បន្ន។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖«ខ្ញុំគិតថា វាអត់មែនជាបញ្ហាអ្វី ដែលសាលាក្រុង ឬក្រសួងមហាផ្ទៃលោកអនុញ្ញាតទេ ព្រោះខ្ញុំគិតថា ទិវានេះជាទូទៅពលរដ្ឋ ឬក៏ប្រទេសជាច្រើនក្នុងពិភពលោក គឺតែងតែប្រារព្ធទិវាហ្នឹង ។ ចង់ ឬមិនចង់ខ្ញុំគិតថា ស្រុកខ្មែរយើងក៏តែងតែប្រារព្ធពិធីហ្នឹងដែរ ចង់ ឬមិនចង់ខ្ញុំគិតថា គួរតែអនុញ្ញាតឲ្យពួកយើងបានប្រារព្ធកម្មវិធីហ្នឹងហើយ»។
កន្លងទៅរដ្ឋាភិបាលត្រកូល «ហ៊ុន» ត្រូវរងការរិះគន់ថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាពិសេសការរំលោភសិទ្ធិស្ត្រី ដែលឈឺឆ្អាលបញ្ហាសង្គម តាមរយៈការប្ដឹងផ្ដល់ពួកគេទៅតុលាការ ការគំរាមកំហែង និងការចាប់ខ្លួនមនុស្សដាក់ពន្ធនាគារ ។ បច្ចុប្បន្នស្ត្រី ដែលចូលរួមកិច្ចការសង្គម និងនយោបាយជិត ១០នាក់ កំពុងជាប់ពន្ធនាគារ រួមមានមេធាវីខ្មែរសញ្ជាតិអាមេរិក កញ្ញា សេង ធារី សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា កញ្ញា រៀម ស្រីពេជ្ររតនា និងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា រួមទាំង លោកស្រី សែម សុផល លោកស្រី ហ៊ូ រុនអេង ហើយចុងក្រោយបង្អស់ គឺកូនសកម្មជនបឹងកក់លោកស្រី ង៉ែត ឃុន ហៅយាយម៉ុំាមី គឺ លោកស្រី អេង សុខា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។