សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី សម្រេចប្ដឹងទាស់សាលក្រមតុលាការក្រុងភ្នំពេញដែលសម្រេចឱ្យរូបលោកជាប់ពន្ធនាគារ ២ឆ្នាំ។ អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យសាលាឧទ្ធរណ៍ពន្លឿនសំណុំរឿងនេះ និងផ្ដល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី វិញ។
មេធាវីការពារក្ដីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ថ្លែងប្រាប់អាស៊ីសេរីថា លោកបានយកបណ្ដឹងឧទ្ធរណ៍ទៅដាក់តុលាការក្រុងភ្នំពេញរួចហើយ កាលពីពេលថ្មីៗ នេះ ដើម្បីប្រឆាំងនឹងសាលក្រមផ្ដន្ទាទោសកូនក្ដីរបស់លោក។ លោកអះអាងថា ការសម្រេចរបស់តុលាការក្រុងភ្នំពេញ មានភាពអយុត្តិធម៌ខ្លាំងសម្រាប់កូនក្ដីរបស់លោក។ ដូច្នេះលោករំពឹងថា សាលាឧទ្ធរណ៍នឹងទម្លាក់ចោលសាលក្រមនេះ និងដោះលែងកូនក្ដីរបស់លោកឱ្យមានសេរីភាពវិញ៖ «ខាងសាលាឧទ្ធរណ៍គាត់គួរពិចារណាដែរ ទាក់ទងទៅនឹងមតិជាតិ និងអន្តរជាតិ ដែលគេបានលើកឡើងអំពីការសម្រេចរបស់សាលាដំបូងនេះ។ ទីពីរខ្ញុំសង្ឃឹមថា សាលាឧទ្ធរណ៍នឹងពិចារណាឱ្យបានដិតដល់ ហើយនិងលើកលែងការចោទប្រកាន់ និងឱ្យគាត់រួចផុតពីបទចោទនៅដំណាក់កាលសាលាឧទ្ធរណ៍នេះ»។
សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោស លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ "ញុះញង់ឱ្យមានការរើសអើង" កាលពីចុងខែមិថុនាកន្លងទៅនេះ។ ចៅក្រមតុលាការក្រុងភ្នំពេញ លោក កូយ សៅ បានសម្រេចឱ្យលោកជាប់ទោសពេញទាំង ២ឆ្នាំ ដោយគ្មានការបន្ធូរបន្ថយ ស្របពេលដែលបទចោទនេះមានកម្រិតទោសអតិបរមារយៈពេល ៣ឆ្នាំ ក្នុងពន្ធនាគារ។ បន្ថែមពីលើនេះ តុលាការក៏បានបង្គាប់ឱ្យលោកបង់សំណងឱ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៧០លានរៀល ឬស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិកថែមទៀត។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារ បន្ទាប់ពីលោកបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា "ម្ដាយខ្ញុំ លក់ខ្ញុំ" ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
អាជ្ញាធររបប ហ៊ុន សែន បានអះអាងថា ភាពយន្តឯកសារនេះជារឿងប្រឌិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា។ អាជ្ញាធរបានចោទលោក រ៉ាត់ រត្នមុនី ថា បានឱ្យលុយប្រភព ដើម្បីឱ្យពួកគេនិយាយប្រឌិតអំពីដំណើរជីវិតរបស់ខ្លួន នៅក្នុងភាពយន្តឯកសារនេះ។ ទោះជាយ៉ាងណា អាជ្ញាធរមិនមានចំណាត់ការណាមួយទៅលើស្ថាប័នព័ត៌មាន RT ដែលជាម្ចាស់ស្នាដៃនោះឡើយ ប៉ុន្តែបែរជាមកចាត់ការលោក រ៉ាត់ រត្នមុនី ដែលមានតួនាទីត្រឹមតែជាអ្នកបកប្រែទៅវិញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ការសម្រេចរបស់តុលាការក្រុងភ្នំពេញមិនបានផ្ដល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី ឡើយ ដូច្នេះលោករំពឹងថា សាលាឧទ្ធរណ៍នឹងបដិសេធសាលក្រមផ្ដន្ទាទោសនេះ ហើយអនុញ្ញាតឱ្យសកម្មជនសិទ្ធិការងាររូបនេះបានរួចផុតពីការចោទប្រកាន់។ លោកបន្ថែមថា អាជ្ញាធរគួរតែប្ដឹងផ្ដល់សារព័ត៌មាន RT របស់រុស៊្សីវិញ ប្រសិនបើចង់រកខុសត្រូវ មិនមែនចាត់ការលោក រ៉ាត់ រត្នមុនី ដែលមានតួនាទីត្រឹមជាអ្នកបកប្រែបែបនេះឡើយ៖ «ករណីនេះ កន្លងមកមានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីសំណាក់មតិជាតិ និងអន្តរជាតិ។ ជាពិសេសសហគមន៍អន្តរជាតិថា ការផ្ដន្ទាទោសលោក រត្នមុនី និងការចោទប្រកាន់ហ្នឹង គឺជាការគំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពអ្នកសារព័ត៌មាន»។
គិតត្រឹមថ្ងៃទី៧ កក្កដា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលប្រមាណ៧ ខែមកហើយ ហើយតាមរយៈសាលក្រមផ្ដន្ទាទោស លោកនឹងត្រូវនៅបន្តក្នុងងពន្ធនាគារថែមទៀត ដើម្បីឱ្យគ្រប់រយៈពេល ២ឆ្នាំ។
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនបានថ្កោលទោសការផ្ដន្ទាទោសសកម្មជនសិទ្ធិការងាររូបនេះ និងបានទាមទារឱ្យរបប ហ៊ុន សែន ដោះលែងរូបលោកវិញជាបន្ទាន់។ ពួកគេវាយតម្លៃថា តុលាការបានកាត់ក្ដីរឿងនេះ បែបបាយឡុកបាយឡគួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់ខ្ពើម ហើយសាលក្រមនេះបានធ្វើឱ្យបាត់បង់សុចរិតភាពនៃប្រព័ន្ធតុលាការកម្ពុជាយ៉ាងដំណំ។
ស្រដៀងគ្នានេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ការកាត់ទោសនេះធ្វើឱ្យពលរដ្ឋ និងសហគមន៍អន្តរជាតិ កាន់តែបាត់ទំនុកចិត្តលើប្រព័ន្ធតុលាការកម្ពុជា ពីព្រោះលោក រ៉ាត់ រត្នមុនី មិនទទួលបានសវនាការប្រកបដោយយុត្តិធម៌ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។