សង្គមស៊ីវិលនិងប្រជាពលរដ្ឋប្រតិកម្មចំពោះរបបក្រុងភ្នំពេញដែលបានលុបថ្ងៃ ២៣ តុលា ជាថ្ងៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងថ្ងៃ ១០ធ្នូ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ ចេញពីប្រតិទិនឈប់ សម្រាកការងារនៅឆ្នាំ២០២០។ ពួកគេយល់ថា លោក ហ៊ុន សែន កំពុងបង្ហាញកាន់តែច្បាស់ក្នុងការផ្លាស់ប្ដូរកម្ពុជាទៅជារបបផ្ដាច់ការ។
សង្គមស៊ីវិលនិងប្រជាពលរដ្ឋ សម្ដែងការសោកស្ដាយដែលរបបលោក ហ៊ុន សែន សម្រេចលុបចោលថ្ងៃឈប់សម្រាកប្រចាំឆ្នាំមួយចំនួនក្នុងនោះមានទាំងថ្ងៃ ២៣ តុលា នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងថ្ងៃ ១០ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ថ្ងៃទី២៣ តុលា និងថ្ងៃ ១០ ធ្នូ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏ធំ និងមានសារៈសំខាន់ខ្លាំងសម្រាប់កម្ពុជាដែលខ្មែរគ្រប់ភាគី ព្រមបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា ហើយនាំគ្នាស្តារប្រទេសឡើងវិញ ដោយសារតែមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ លោកបន្តថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា នេះ ក៏ធ្វើឱ្យកម្ពុជាមានលទ្ធភាពកសាងនូវរបបប្រជាធិបតេយ្យមួយថ្មីតាមរយៈការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពវៀតណាមលើទឹកដីកម្ពុជា មាន ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពិតប្រាកដហើយ ហើយក៏តម្រូវឱ្យកម្ពុជាប្ដេជ្ញាការពារ និងលើកកម្ពស់សិទ្ធិមនុស្សជាមូលដ្ឋានផងដែរ។ លោកស្នើសុំឱ្យថា រដ្ឋាភិបាលពិចារណាដាក់ថ្ងៃ២៣តុលា និង១០ ធ្នូ ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំឡើងវិញ ដើម្បីរម្លឹកនិងចងចាំអំពីថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់នេះ៖ «ខ្ញុំគិតថាថ្ងៃទាំងពីរនេះ សំខាន់ណាស់គួរតែពិនិត្យពិចារណាព្រោះជៀសវាងការរិះគន់បន្ថែមទៀត ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ យើងក្លាយជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងព្រះរាជាណាចក្រទី២ ដោយសារបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា នេះហើយ។ យើងបានផ្តល់សច្ចាប័នលើកតិកាសញ្ញា អនុសញ្ញាអន្តរជាតិជាច្រើនស្ដីពីសិទ្ធិមនុស្ស ក៏ដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដែរ។ ថ្ងៃ១០ ធ្នូ នេះមានសារសំខាន់នេះសម្រាប់ផ្នែកសិទ្ធិមនុស្ស»។
អនុក្រឹត្យស្ដីស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការនិយោជិក កម្មករប្រចាំឆ្នាំ២០២០ ដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី៦ ខែសីហា បង្ហាញថា របបក្រុងភ្នំពេញសម្រេចកាត់បន្ថយចំនួន៦ថ្ងៃ គឺពី ២៨ថ្ងៃ មកនៅត្រឹម ២២ថ្ងៃវិញ។ ការលុបចោលថ្ងៃឈប់សម្រាកទាំងនោះមានដូចជា ថ្ងៃបុណ្យមាឃបូជា ទិវាកុមារអន្តរជាតិ ទិវាជាតិនៃការចងចាំ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ជាដើម។
មិនខុសគ្នាប៉ុន្មានឡើយ អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ចាត់ទុកថ្ងៃ២៣ តុលា នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងថ្ងៃទី១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិគឺជាថ្ងៃសំខាន់បំផុតដែលរដ្ឋាភិបាលគួរតែដាក់ក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំឡើងវិញ។ លោក បន្តថា នៅពេលរដ្ឋាភិបាលលុបចេញ គឺបង្ហាញថា រដ្ឋាភិបាលមិនឱ្យតម្លៃលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការគោរពសិទ្ធិមនុស្សនោះទេ៖ «ថ្ងៃ២៣ តុលានេះ ជាសារមួយសំខាន់ណាស់ព្រោះជាស្មារតីរួមមួយដើម្បីរលឹកដល់អ្នកនយោបាយជំនាន់ក្រោយកុំឱ្យបង្កសង្គ្រាមឱ្យមានភាពឈឺចាប់រវាងខ្មែរ និងខ្មែរទៀត ហើយក្នុងនេះផងដែរ កម្ពុជាក៏ជាប្រទេសផ្តល់នូវសច្ចាប័ននូវអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន ប៉ុន្តែបែរជាមានការលុបចោលថ្ងៃ១០ ធ្នូ ដែលជាទិវាសិទ្ធិមនុស្សជាសកលដែលពិភពលោកកំណត់យកក្នុងន័យឱ្យគោរពសិទ្ធិរបស់មនុស្សដូចជានៅប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ។ យើងឃើញថា វាជាការព្រួយបារម្ភថ្មីមួយដែលកម្ពុជាហាក់ដូចជាចង់ងាកចេញពីការគោរពសិទ្ធិមនុស្ស»។
ឆ្លើយតបចំពោះករណីនេះអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់លោក ហ៊ុន សែន គឺ លោក ជិន ម៉លីន លើកឡើងថា ការព្រួយបារម្ភរបស់សង្គមស៊ីវិលនេះគឺហួសពីអ្វីដែលជាការពិត។លោកអះអាងថា ការលុបចោលថ្ងៃឈប់សម្រាកទាំងនេះ គឺដើម្បីបង្កើនផលិតកម្មការងារប៉ុណ្ណោះមិនពាក់ព័ន្ធនឹងសិទ្ធិមនុស្សអ្វីទេ៖ «ទាក់ទងរឿងសិទ្ធិសេរីភាព រឿងសិទ្ធិមនុស្សអីនេះវាមិនមែន មានតែថ្ងៃ១០ ធ្នូ នេះណា ! ហើយសង្គមស៊ីវិលអាចអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានរាល់ថ្ងៃហើយ ការលុបចោលថ្ងៃសម្រាកពាក់ព័ន្ធនឹងថ្ងៃ២៣ តុលា ពាក់ព័ន្ធនឹងថ្ងៃសិទ្ធិមនុស្ស និងថ្ងៃមួយចំនួនផ្សេងទៀតនេះ គឺមូលហេតុពិតប្រាកដដើម្បីបង្កើននូវប្រសិទ្ធភាព និងបង្កើនផលិតកម្មការងារដោយសារតែកន្លងមក យើងមានថ្ងៃឈប់សម្រាកច្រើនពេកវាអាចប៉ះពាល់សង្វាក់ផលិតកម្មនិងផលិតភាពការងាររបស់និយោជិក របស់កម្មករក៏ដូចជាមន្ត្រីរាជការ។
មិនមែនតែក្រុមអង្គការសង្គមស៊ីវិលនោះទេ ប្រជាពលរដ្ឋ និងក្រុមអ្នកលេងហ្វេសប៊ុក (Facebook) ក៏បានរិះគន់ព្រោងព្រាតចំពោះការលុបថ្ងៃ២៣ តុលា និងថ្ងៃ១០ ធ្នូ ចេញពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំនេះដែរ។ ពួកគេមួយចំនួនទាមទារឱ្យរបបលោក ហ៊ុន សែនដកថ្ងៃ៧មករា វិញ ព្រោះពួកគេចាត់ទុកជាថ្ងៃវៀតណាមឈ្លានពានកម្ពុជា។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី មានប្រសាសន៍ថា ការលុបចោលថ្ងៃឈប់សម្រាកខ្លះ គឺជារឿងសមរម្យដោយសារកម្ពុជាជាប្រទេសមានថ្ងៃឈប់សម្រាកច្រើន ពីព្រោះប៉ុន្មាន ឆ្នាំចុងក្រោយនេះគឺមានការបង្កើនថ្ងៃឈប់សម្រាកពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងរឿងទិវាជាតិ ដែលខ្មែរធ្លាប់មានពីមុនមក។ ទោះជាយ៉ាងណា លោកយល់ថា ការដែលរដ្ឋាភិបាលលុបថ្ងៃឈប់សម្រាក ២៣ តុលា និងថ្ងៃ១០ ធ្នូ នេះ គឺបង្ហាញថា រដ្ឋាភិបាលចង់ឱ្យពលរដ្ឋបំភ្លេចការគោរពសិទ្ធិមនុស្ស និងបំភ្លេចថ្ងៃប្រវត្តិសាស្ត្រដែលខ្មែរបានឯកភាពបញ្ចប់សង្គ្រាមស៊ីវិល៖ «បែរទៅជាលុបថ្ងៃដែលជាទិវាសំខាន់ៗ សម្រាប់ជាតិទៅវិញ ហើយទុកសម្រាប់ថ្ងៃដែលបម្រើឱ្យគណបក្សនយោបាយទៅវិញ។ សម្រាប់ខ្ញុំគឺការលុបថ្ងៃឈប់សម្រាកនេះ វាមានមូលហេតុនយោបាយ ឬមានភាពលម្អៀងដោយសារនយោបាយច្រើនជាជាងលុបថ្ងៃណាដែលសំខាន់សម្រាប់ពលរដ្ឋខ្មែរ ហើយយើងមើលទៅថ្ងៃទី២៣ តុលា និងថ្ងៃ១០ ធ្នូ នេះគឺជាថ្ងៃដែលពលរដ្ឋខ្មែរឈប់សម្រាករួមដែលខ្មែរគ្រប់ភាគីទាំងអស់បានយល់ព្រមថា ជាថ្ងៃសំខាន់។
លោកបណ្ឌិត មាស នី បន្តថា រដ្ឋាភិបាលគួរតែដកថ្ងៃឈប់សម្រាកណាដែលពលរដ្ឋមិនទទួលស្គាល់ ហើយរក្សាថ្ងៃឈប់សម្រាកណា ដែលមានការឯកភាពគ្នាវិញគឺជាការប្រសើរ៖ «ក្នុងនាមជារដ្ឋាភិបាលគួរតែមើលថ្ងៃណា ដែលនៅតែចម្រូងចម្រាស ដែលខ្មែរមិនទាន់ឯកភាពគ្នាទទួលយកធ្វើជាថ្ងៃឈប់សម្រាកទេ ឬក៏ជាថ្ងៃឈប់សម្រាករបស់គណបក្សនយោបាយណាមួយនោះគួរតែលុបចោលថ្ងៃនោះទៅ ហើយគួរតែទុកថ្ងៃណាដែលទទួលស្គាល់ដោយពលរដ្ឋ។
លោក ហ៊ុន សែន មិនសូវផ្ដល់តម្លៃខ្លាំង ដល់ថ្ងៃរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣ តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ នោះទេ។ កាលពីឆ្នាំ២០០៥ លោកធ្លាប់បានលុបចោលថ្ងៃរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣ តុលា ម្ដងរួចទៅហើយ។ ៧ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ២០១២ លោកព្រមដាក់បញ្ចូលទិវានេះ ជាថ្ងៃឈប់សម្រាកឡើងវិញ ដោយឈរលើហេតុផលថា ដើម្បីឧទ្ទិសដល់សម្ដេច ព្រះនរោត្តម សីហនុ ដែលមានស្នាព្រះហស្តក្នុងដំណើរការស្វែងរកសន្តិភាព។ ក្រៅតែពីមិនឱ្យតម្លៃដល់ព្រឹត្តិការណ៍នេះ ឱ្យតែថ្ងៃនេះម្ដងៗ របបលោក ហ៊ុន សែន តែងតែពង្រាយកងកម្លាំងចម្រុះ ដើម្បីរារាំង និងឃ្លាំមើលការប្រារព្ធទិវានេះ ពីសំណាក់ប្រជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។