សកម្មជន​ដីធ្លី​នៅ​កោះកុង​ដែល​ទើប​មាន​សេរីភាព បន្ត​ទាមទារ​រក​ដំណោះស្រាយ ទោះ​ត្រូវ​លះបង់​ជីវិត

0:00 / 0:00

សកម្មជន​ដីធ្លី​ល្បីឈ្មោះ​នៅ​ខេត្ត​កោះកុង ដែល​ទើប​ត្រូវ​បាន​សាលាឧទ្ធរណ៍​ប្រចាំ​តំបន់ តាំងនៅ​ខេត្ត​ព្រះសីហនុ ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ថ្មីៗ​នេះ លើកឡើង​ថា ពួកគាត់​នឹង​នៅតែ​បន្ត​ទាមទារ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ដីធ្លី បើ​ទោះ​ជា​ត្រូវ​លះបង់​ជីវិត​ក៏ដោយ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ។

សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង​លើកឡើង​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​វិវាទ​ដីធ្លី និង​ទម្លាក់​បទចោទប្រកាន់​លើ​តំណាង​សហគមន៍​ទាំងអស់​នោះ​ទេ ពួកគាត់​នឹង​នៅតែ​បន្ត​ទាមទារ​ស្វែងរក​ដំណោះស្រាយ​បើ​ទោះ​ជា​រង​ការ​គំរាមកំហែង ឬ​ត្រូវ​លះបង់​អាយុជីវិត​ក៏ដោយ។

សកម្មជន​ដីធ្លី​ខេត្តកោះកុង លោកស្រី ផាវ ញ៉ើង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​៨ តុលា​ថា ទោះជា​ស្ថានភាព​សុខភាព​មិនទាន់​ល្អ​ប្រសើរ និង​ឈឺ​មុខរបួស​ក្ដី ក៏​លោកស្រី​នៅតែ​ប្ដេជ្ញាចិត្ត​ជាមួយ​សហគមន៍ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី។

លោកស្រី ផាវ ញ៉ើង៖ «អ៊ីចឹង​ខ្ញុំ​នៅតែ​តស៊ូ ខ្ញុំ​តែ​មាន​ជំនឿ​ថា ច្បាប់​នៅតែ​ច្បាប់​ប្រទេស​មានច្បាប់​ខ្ញុំ​នៅតែ​តស៊ូ​បើ​ទោះបីជា​លំបាក ត្រូវ​ស្លាប់​ខ្លួន​ក៏ដោយ ខ្ញុំ​នៅតែ​សង្ឃឹម​អ៊ីចឹង​បើ​ទោះ​បី​ជា​សង្ឃឹម​តិចតួច​ប៉ុន​គ្រាប់ស្រូវ​ក៏ដោយ​ក៏​ខ្ញុំ​នៅតែ​តស៊ូ​ដែរ»។

លោកស្រី ផាវ ញ៉ើង ខកចិត្ត​ចំពោះ​អាជ្ញាធរ ដែល​មិន​បំពេញ​តួនាទី​របស់​ខ្លួន ក្រោយ​ពី​ផ្ទះ​លោកស្រី​ត្រូវ​បាន​ចោរ​គាស់ អាជ្ញាធរ​មិន​បាន​ចុះ​មក​ស៊ើបអង្កេត និង​ធ្វើ​របាយការណ៍​អ្វី​សោះ ប៉ុន្តែ​ពេល​លោកស្រី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​វិញ បែរជា​មកដល់​ផ្ទះ​លោកស្រី និង​ថតរូប​លោកស្រី​ទៅវិញ។

លោកស្រី ផាវ ញ៉ើង៖ «ពួក​ខ្ញុំ​ចង់បាន​យុត្តិធម៌ ពួក​ខ្ញុំ​ត្រូវ​ការ​ហូបចុក​គ្រប់គ្រាន់​ដូច​គេ​ដែរ ព្រោះ​ខ្ញុំ​ក៏​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​គេ​ដែរ ទោះបីជា​ខ្ញុំ​គ្មាន​ឋានៈ បុណ្យ​ស័ក្ដិ ប៉ុន្តែ​ក៏​មាន​ជីវិត​ដូច​បងប្អូន​ដទៃទៀត​ដែរ សូមកុំ​ឲ្យ​អាជ្ញាធរ​រើសអើង​ខ្ញុំ​អ៊ីចឹង​អី កុំ​ប្រកាន់​បក្សពួក​សម្រាប់​ខ្ញុំ​អី»។

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​ដីធ្លី​ម្នាក់ទៀត គឺ​លោកស្រី សេង លីន ថ្លែង​ថា លោកស្រី​នឹង​មិន​បញ្ឈប់​ការ​ទាមទារ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ដីធ្លី​នេះ​ទេ ហើយនឹង​បន្ត​ធ្វើ​រហូត​ទាល់តែ​តុលាការ​ទម្លាក់​ការចោទប្រកាន់​លើ​តំណាង​សហគមន៍​ទាំងអស់ និង​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ។

លោកស្រី សេង លីន៖ «សំណូមពរ​ដល់ ហ៊ុន ម៉ាណែត ឲ្យ​ចាត់ការ​ពួក​ចោរ​យក​ដី​រដ្ឋ​លក់​រក​យុត្តិធម៌​ជូន​ពួក​ខ្ញុំ ពួក​ខ្ញុំ​អត់​សុខចិត្ត​ទេ​បើសិនជា​មិន​រក​យុត្តិធម៌​ជូន​ពួក​ខ្ញុំ ពួក​ខ្ញុំ​នឹង​ដើរ​តវ៉ា​រហូត​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ រក​ចោរ​ឲ្យ​ឃើញ​ឲ្យ​ពួក​ខ្ញុំ»។

សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះកុង អះអាង​ថា ចាប់តាំង​ពី​តុលាការ​បាន​សម្រេច​ដោះលែង​ឲ្យ​ពួកគាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​មក ជា​រៀងរាល់ថ្ងៃ​តែងតែមាន​សមត្ថកិច្ច​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល តាម​ឃ្លាំមើល​សកម្មភាព​របស់​ពួកគាត់​។ ជាង​នេះ​ទៅ​ទៀត នៅពេល​មាន​តំណាង​សហគមន៍ ឬ​ពលរដ្ឋ​មក​សួរសុខទុក្ខ​ម្ដងៗ អាជ្ញាធរ​តែងតែ​សួរនាំ និង​ថតរូប​ពួកគេ​ថែម​ទៀត​ផង។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន និង​អធិការដ្ឋាន​នគរបាល​ស្រុក​បុទុមសាគរ លោក យេន តូច ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៨ តុលា។

ទោះជា​យ៉ាងណា មន្ត្រី​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ធុរកិច្ច​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា នៅពេល​អាជ្ញាធរ តាមដាន​ឃ្លាំមើល​សកម្មជន​ដីធ្លី​ទាំងនោះ​ជាប្រចាំ គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ​ដូចជា សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ដើរហើរ​ជាដើម​។ លោក​បន្ត​ថា អំពើ​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ ផ្ទុយ​ពី​ពាក្យ «អរគុណ​សន្តិភាព» របស់​រដ្ឋាភិបាល ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​រដ្ឋាភិបាល។

លោក វណ្ណ សូផាត៖ «អ៊ីចឹង​អាហ្នឹង​វា​ផ្ទុយ​ទៅ​នឹង​ពាក្យ​ថា អរគុណ​សន្តិភាព។ អរគុណ​សន្តិភាព​មាន​ន័យថា ប្រជាពលរដ្ឋ​គ្រប់​រូប​គាត់​រស់នៅ​មាន​សន្តិភាព សន្តិភាព​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ។ បើសិនជា​ដាក់​សម្ពាធ​ទៅលើ​គាត់​របៀប​ហ្នឹង​ថា អាហ្នឹង​គឺជា​សញ្ញា​ដែល អាជ្ញាធរ​ហ្នឹង​មិន​អនុវត្តន៍​តួនាទី ឬក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិសព្ទ​របស់​រាជរដ្ឋាភិបាល​ទៅវិញ​ទេ ដោយសារ​រាជរដ្ឋាភិបាល​ខ្ញុំ​យល់ថា ប្រហែលជា​លោក​មិនបាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ហ្នឹង​ទៅ​ធ្វើ​អ៊ីចឹង ទៅ​បង្ហាញ​នូវ​ការ​រឹតត្បិត​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​ទេ»។

កាលពី​ថ្ងៃទី​២៩ សីហា សាលាឧទ្ធរណ៍​ព្រះសីហនុ សម្រេច​ឲ្យ​សកម្មជន​ដីធ្លី ខេត្ត​កោះកុង​ទាំង​៩​នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​សកម្មជន​ត្រឹមតែ​៧​នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ពេលនោះ​។ ចំណែក​សកម្មជន​២​នាក់​ផ្សេងទៀត គឺ​លោកស្រី ផាវ ញ៉ើង និង​លោកស្រី​សេង លីន ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍​មួយ​បទ​ចោទ​ទៀត ហើយ​ត្រូវ​បាន​សាលាឧទ្ធរណ៍​ឲ្យ​នៅ​ក្រៅ​ឃុំ កាលពី​ថ្ងៃទី​០៥ តុលា។

សកម្មជន​ដីធ្លី និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រាំ រៃ​នេះ និង​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ៕

កំ ណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។