ថ្នាក់​ដឹកនាំ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ហៅ​និស្សិត​ថតរូប​ឱ្យ​លោក កែវ សុវណ្ណឫទ្ធិ ដែល​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ​ទៅ​សួរនាំ

0:00 / 0:00

និស្សិត​ម្នាក់​ដែល​ជា​អ្នក​គាំទ្រ និង​ថត​សកម្មភាព​តស៊ូ​មតិ របស់​អតីត​គរុសិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ បារម្ភ​ពី​ការ​លុប​ឈ្មោះ​ពី​សាកលវិទ្យាល័យ ក្រោយ​ពេល​ថ្នាក់​ដឹកនាំ​សាលា​សួរ​លោក​អំពី​មូលហេតុ ដែល​លោក​ចូលរួម​តស៊ូ​មតិ​នៅ​មុខ​ក្រសួង​អប់រំ និង​ស្ថាប័ន​រដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​សាកសួរ​ពី​ថ្នាក់​ដឹកនាំ សាលា​មក​លើ​យុវជន ដែល​ហ៊ាន​អនុវត្ត​សិទ្ធិ​សេរីភាព​តាម​ផ្លូវច្បាប់ គឺ​ជា​ទម្រង់ នៃ​ការ​រឹតត្បិត​សេរីភាព។

ក្ដី​បារម្ភ​របស់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លោក ឡាន ប្រាថ្នា ដែល​ត្រូវ​ជា​មិត្តភ័ក្ដិ​របស់​លោក កែវ សុវណ្ណឫទ្ធិ គឺ​ក្រោយ​ពី​សកលវិទ្យាធិការ​រង​បាន​ហៅ​ទូរស័ព្ទមកសួរកាលពីថ្ងៃទី២៨ និង២៩ ខែតុលា ពី​មូលហេតុ​ដែល​លោក​ទៅ​ចូលរួម​ធ្វើ​សកម្មភាព​តស៊ូមតិ​ជាមួយ លោក កែវ សុវណ្ណឫទ្ធិ ក្នុង​ពេល​កន្លង​ទៅ​នេះ។

លោក ឡាន ប្រាថ្នា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ តុលា​ថា ការ​សួរ​នាំ​របស់​ថ្នាក់​ដឹកនាំ​សាលា​នៅ​ពេល​នេះ ធ្វើ​ឱ្យ​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា សាកលវិទ្យាល័យ​នឹង​លុប​ឈ្មោះ​លោក​មិន​ឱ្យ​រៀន​បន្ត​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ឡាន ប្រាថ្នា ថា អ្នក​ដែល​ហៅ​ទូរស័ព្ទ​មក​លោក​នោះ​មិន​បាន​ប្រាប់​ឈ្មោះ​ទេ គឺ​គ្រាន់តែ​ប្រាប់​ថា គឺ​គាត់​ជា​សកលវិទ្យាធិការ​រង ហើយ​គ្រាន់តែ​សួរ​លោក​អំពី​មូលហេតុ​លោក​ទៅ​ចូលរួម​ទៅ​ថត​សកម្មភាព​តវ៉ា ប៉ុន្តែ​សកលវិទ្យាធិការ​រង​រូប​នោះ ក៏​មិន​បាន​ហាម​ឱ្យ​ឈប់​សកម្មភាព​នោះ​ដែរ។ លោក ឡាន ប្រាថ្នា ប្រាប់​ថា បើ​ទោះ​ជា​លោក​នឹង​មិន​អាច​ទៅ​ថត​សកម្មភាព​តវ៉ា​ឱ្យ​លោក កែវ សុវណ្ណឫទ្ធិ ដូច​មុន​ក្ដី តែ​លោក​នឹង​នៅ​តែ​ទៅ​តាមដាន និង​គាំទ្រ​លោក កែវ សុវណ្ណឫទ្ធិ ពី​ចម្ងាយ។

លោក ឡាន ប្រាថ្នា៖«និយាយ​រួម​ទៅ​ខ្លាច​ទាំង​អស់ ដូច​ថា ខ្លាច​ខាង​សាលា​គេ​រក​រឿង គេ​អាច​លុប​ឈ្មោះ​យើង​ចេញ​ពី​សាលា ក៏​ខ្លាច​បែប​អ៊ីចឹង​ដែរ ដូច​ទៅ​ខាង​លោក កែវ សុវណ្ណឫទ្ធិ ចូលរួម​ម្ដងៗ សុទ្ធតែ​មាន​ការ​ភ័យ​ខ្លាច​ជាប់​ខ្លួន​ទាំង​អស់​បង ដូច​ថា យក​ទៅ​ប្រថុយ។ ខ្ញុំ​គិត​ថា ជា​សកម្មភាព​មួយ ដែល​ត្រឹមត្រូវ​អត់​ខុស​ច្បាប់​អី​ទេ ធ្វើ​ក្នុង​គោលបំណង គឺ​ទាមទារ​រក​យុត្តិធម៌ មិនមែន​ធ្វើ​បំផ្លាញ ធ្វើ​ឱ្យ​ប៉ះពាល់​នរណា​គេ​ឡើយ»។

លោក ឡាន ប្រាថ្នា ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​លោក​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ វាយ​លោក​លើក​ទី​មួយ​រហូត​ដល់​សន្លប់ និង​លើក​ទី​២ អាជ្ញាធរ ក៏​បាន​ព្រួត​វាយ​លោក​ឱ្យ​មាន​របួស​ផង​ដែរ។ លោក ឡាន ប្រាថ្នា ចាត់​ទុក​ការ​ប្រើ​ហិង្សា​មក​លើ​លោក និង​លោក កែវ សុវណ្ណឬទ្ធិ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។

អតីត​គរុសិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ ថា ការ​សាកសួរ​មិត្តភ័ក្ដិ​របស់​លោក​ពី​សំណាក់​ថ្នាក់​ដឹកនាំ​សាកលវិទ្យាល័យ គឺ​ជា​ការ​រឹតត្បិត​សេរីភាព និង​បំបិទ​សិទ្ធិ​ពលរដ្ឋ​មិន​ឱ្យ​ចេញ​មុខ​តវ៉ា​រក​យុត្តិធម៌។

លោក កែវ សុវណ្ណឫទ្ធិ៖«សកលវិទ្យាធិការ​គ្រប់​សាកលវិទ្យាល័យ​ទាំង​អស់​មេត្តា​ពិចារណា​ឡើង​វិញ ការ​ចោទ​សួរ​ជា​សំណួរ​បែប​នេះ ធ្វើ​ឱ្យ​យុវជន​មាន​ភាព​ភ័យខ្លាច ការ​សួរ​នេះ គឺ​ជ្រៀតជ្រែក​ទៅ​ដល់​សិទ្ធិ​បុគ្គល​ឯកជន​ផង​ដែរ ដឹង​ហើយ​ថា បុគ្គល​អាច​មាន​សិទ្ធិ​ធ្វើអ្វី​ខ្លះ​នៅ​លើ​រឿង​អ្វី​ផ្សេងៗ អីចឹង​យើង​មិន​ចាំបាច់​សួរ​ពី​គាត់​ទេ»។

នៅព្រឹកថ្ងៃទី៣០ ខែតុលា លោក កែវ សុវណ្ណឫទ្ធិ បន្តសកម្មភាពតស៊ូមតិសប្ដាហ៍ទី១២ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​លោក​ទទូច​សា​ជា​ថ្មី​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​អប់រំកាយ និង​កីឡា ផ្ដល់​ក្របខ័ណ្ឌ​ឱ្យ​លោក និង​អតីត​គរុសិស្ស​ផ្សេង​ទៀត។ ក្រោយ​ការ​ឈរ​ស្រែក​តវ៉ា​មិន​ទទួល​បាន​លទ្ធផល​អ្វី លោក កែវ សុវណ្ណឫទ្ធិ បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​សាកសួរលទ្ធផលពាក្យបណ្ដឹង ដែល​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​ប្រើ​អំពើ​ហិង្សា​ម្ដង​ហើយ​ម្ដង​ទៀត​លើ​រូប​លោក និង​អ្នក​ថត​រូប​លោក។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក កែវ សុវណ្ណឫទ្ធិ ថា បណ្ដឹង​របស់​លោក​នៅ​មិន​មាន​ចំណាត់​ការ​នៅ​ឡើយ ហើយ​មន្ត្រី នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​អះអាង​ថា បណ្ដឹង​របស់​លោក ត្រូវ​បាន​បញ្ជូន​ទៅ​ថ្នាក់​លើ។ លោក កែវ សុវណ្ណឫទ្ធិ សោកស្ដាយ ដែល​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​ដោះ​ស្រាយ​បណ្ដឹង​របស់​លោក ខណៈ​ដែល​លោក​បាន​ដាក់​បណ្ដឹង​ច ប់​តាំង​ពី​ថ្ងៃ​ទី១២ តុលា មក​ម្ល៉េះ។

លោក កែវ សុវណ្ណឫទ្ធិ៖«ខ្ញុំ​ក៏​ស្នើសុំ​ដដែលៗ ក៏​ដូច​ជា បញ្ហា​ទាំង​អស់​នេះ គឺ​ខ្ញុំ​ស្នើសុំ​ឱ្យ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ក្រសួង​អប់រំ គាត់​មេត្តា​ចេញ​បកស្រាយ​នូវ​បញ្ហា ដែល​បោក​ឱ្យ​ខ្ញុំ​ចូល​រៀន​អស់​រយៈ​ពេល​មួយ​ខែ នៅ​ពេល ដែល​ប្រើ​អស់​សាច់ ហើយ​បែរ​ជា​លុប​ចេញ​វិញ»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក កាន់ ពុទ្ធី និង អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន បាន​ទេ នៅ​ថ្ងៃ​ទី៣០ ខែតុលា។

ចំណែក​សកលវិទ្យាធិការ​រង នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លោក សេង ប៊ុនធឿន បាន​ឱ្យ​ដឹង​ថា លោក​ពុំ​បាន​ដឹង​ថា ថ្នាក់​ដឹកនាំ​សាកលវិទ្យាល័យ​រូប​ណា ដែល​បាន​សួរនាំ​លោក ឡាន ប្រាថ្នា នោះ​ឡើយ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​ករណី​ដែល​លោក ឡាន ប្រាថ្នា ចូលរួម​តស៊ូ​មតិ​ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់ តែ​ថ្នាក់​ដឹកនាំ​សកលវិទ្យាល័យ​ហៅ​ទៅ​សួរនាំ គឺ​ជា​ទម្រង់​នៃ​ការ​រឹតត្បិត​សេរីភាព។

លោក អំ សំអាត៖«សាលា​ធ្វើ​ការ​សួរ​នាំ អា​ហ្នឹង​វា​ប៉ះពាល់​ទៅ​ដល់​សេរីភាព​របស់​គាត់ ពីព្រោះ​លើកលែង​តែ​គាត់​ទៅ​ធ្វើ​អី ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ តែ​បើ​គាត់​គ្រាន់តែ​អនុវត្ត​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​គាត់ ហើយ​គាត់​គាំទ្រ​មិត្តភ័ក្ដិ​គាត់​ដោយ​សន្តិវិធី វា​អត់​មាន​អី ដែល​ប៉ះពាល់ ឬ​ទៅ​សួរ​នាំ​អី​គាត់ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព»។

លោក អំ សំអាត បន្ត​ថា មន្ត្រី​ពាក់ព័ន្ធ​គួរ​ពន្លឿន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ដែល​អាជ្ញាធរ​ខណ្ឌដូន​ពេញ​បាន​ប្រើ​អំពើ​ហិង្សា​លើ លោក កែវ សុវណ្ណឫទ្ធិ និង​មិត្តភ័ក្ដិ​របស់​លោក ជៀសវាង​កុំ​ឱ្យ​មាន​អំពើ​និទ្ទណ្ឌភាព​បន្ត​កើន​ឡើង​ដូច​ការ​វាយដំ​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេង​ទៀត។

លោក កែវ សុវណ្ណឫទ្ធិ អាយុ ២០ឆ្នាំ គឺ​ជា​អតីត​គរុសិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ដែល​បាន​ប្រឡង​ជាប់​ស្ថាពរ នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក កែវ សុវណ្ណឫទ្ធិ និង​អតីត​គរុសិស្ស ១១នាក់​ផ្សេង​ទៀត ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​កាល​ពី​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០២១។ លោក កែវ សុវណ្ណឫទ្ធិ និង​លោក ឡាន ប្រាថ្នា ធ្លាប់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ ប្រើ​អំពើ​ហិង្សា​ចំនួន​ពីរ​ដង កាល​ពី​ថ្ងៃ​ទី២១ ខែសីហា និង​ថ្ងៃ​ទី៩ ខែតុលា កន្លង​ទៅ បណ្ដាល​ឱ្យ​សន្លប់ និង​មាន​របួស​ខ្លួន​ប្រាណ​មួយ​ចំនួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។