មន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់របបក្រុងភ្នំពេញ ច្រានចោលការរកឃើញនៅក្នុងរបាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជារបស់សង្គមស៊ីវិល ដោយសម្អាងថា ជាការសន្និដ្ឋានមានលក្ខណៈចង្អៀតចង្អល់ផ្ដោតតែទៅលើទិដ្ឋភាពនយោបាយ ចៀសជាងទិដ្ឋភាពនៃការអនុវត្តច្បាប់។ ប្រតិកម្មនេះ កើតមានឡើង ក្រោយពេលសង្គមស៊ីវិលចំនួនបី ទើបបានចេញផ្សាយរបាយការណ៍ឆ្នាំទីបី នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដោយចាត់ទុកថាលំហសម្រាប់អនុវត្តសេរីភាពមូលដ្ឋាន នៅតែបន្តរងការរឹតត្បិត និងមានការឃ្លាំមើលជាប្រព័ន្ធពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញដដែល។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យល់ថា របាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជារបស់សង្គមស៊ីវិលនេះ ពុំបានឆ្លុះបញ្ចាំពីទិដ្ឋភាពទូទៅនៅកម្ពុជានោះទេ ដែលលោកអះអាងថា ពលរដ្ឋទូទៅកំពុងតែសប្បាយរីករាយក្នុងការសម្ដែងមតិទូទៅ និងការជួបជុំគ្នា។
ថ្លែងប្រាប់អាស៊ីសេរីតាមប្រព័ន្ធ WhatsApp កាលពីថ្ងៃទី១៨ កក្កដា លោកថា មានតែពលរដ្ឋមួយក្រុមតូចទេ ជាពិសេសគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល បានរងការរឹតត្បិតនេះ ដោយសារតែពួកគេបានបំពានច្បាប់ ហើយត្រូវសមត្ថកិច្ចអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់នោះ៖ «ជ្រុងដែលគាត់មើលហ្នុង គឺចង្អៀតមែនទែន ដោយមិនផ្អែកទៅលើទិដ្ឋភាពទូទៅនៃការអនុវត្តសេរីភាពជាមូលដ្ឋានហ្នឹងទេ។ បានន័យថា គាត់មើលតែទៅលើទិដ្ឋភាពនយោបាយទេ ... បានន័យថាឱ្យតែមានការអនុវត្តច្បាប់ទៅលើសកម្មជននយោបាយ ឬក៏សកម្មជនសិទ្ធិមនុស្ស គាត់ចាត់ទុកថាវាជាការរឹតត្បិតលំហនៃសេរីភាពជាមូលដ្ឋាន។ ប៉ុន្តែគាត់ពុំបានគិតទៅលើយន្តការច្បាប់នោះទេ ថាតើសកម្មភាពទាំងអស់នោះគឺជាការបំពានច្បាប់ដែរឬក៏អត់នោះទេ។ សម្រាប់រដ្ឋាភិបាលគឺយើងមើលជាទូទៅ»។
ផ្ទុយពីការលើកឡើងនេះ សម្រាប់អង្គការសង្គមស៊ីវិលចំនួនបី ក្នុងនោះរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមអាដហុក (ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ដែលធ្វើការរួមគ្នាលើគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ពួកគេរកឃើញថា លំហសម្រាប់ប្រើប្រាស់ សេរីភាពមូលដ្ឋាននៅតែបន្តរងការរឹតត្បិត និងមានការឃ្លាំមើលជាប្រព័ន្ធពីសំណាក់អាជ្ញាធររដ្ឋាភិបាល។ ;សង្គមស៊ីវិលទាំងបីនេះ បានឆ្លុះបញ្ចាំងការរកឃើញនេះ ទៅក្នុងរបាយការណ៍ឆ្នាំទី៣ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា របស់ខ្លួនទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៨ កក្កដា។ សង្គមស៊ីវិលទាំងបីនោះ កត់សម្គាល់ថា ការបន្តការរឹតត្បិតនេះ គឺដោយសារតែមានការធ្វើវិសោធនកម្មច្បាប់ថ្មីៗ បានធ្វើឱ្យសេរីភាពមូលដ្ឋានរួមតូចទៅ ការបន្តអនុវត្តដោយមិនត្រឹមត្រូវនៃច្បាប់ទាក់ទងនឹងសេរីភាពមូលដ្ឋាន និងការធ្លាក់ចុះថែមទៀតនូវលទ្ធភាពរបស់សាធារណជនក្នុងការអនុវត្តសេរីភាពជាមូលដ្ឋាន។
របាយការណ៍ឆ្នាំទីបីរបស់សង្គមស៊ីវិលទាំងបីនេះ ពិនិត្យមើលលើព្រឹត្តិការណ៍ដែលបានកើតឡើងពីថ្ងៃទី១ មេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០១៩ ផ្អែកលើហេតុការណ៍ជាក់លាក់សរុបចំនួន ៨២៥ ករណី ដែលទាក់ទងនឹងការអនុវត្តសេរីភាពមូលដ្ឋាន ក្នុងនោះ ១៦៧ករណី ទទួលបានពីការរាយការណ៍ពីហេតុការណ៍របស់គម្រោង និង ៦៥៨ករណីទៀត តាមរយៈការតាមដានលើប្រព័ន្ធផ្សព្វផ្សាយ។ ក្រៅពីនោះ របាយការណ៍ ក៏ផ្អែកលើការស្ទង់មតិសាធារណជនជិត ១ពាន់នាក់ ថ្នាក់ដឹកនាំសង្គមស៊ីវិល និងសហជីពជាង២០០នាក់។
សង្គមស៊ីវិលទាំងបីរកឃើញថា ក្នុងចំណោម ៨២៥ករណី ដែលខ្លួនបានកត់សម្គាល់នេះ មាន ៤៨១ករណី ត្រូវចាត់ទុកថាជាការរឹតត្បិតលើសេរីភាពមូលដ្ឋាន ហើយដែលក្នុងការរឹតត្បិតនេះជាង ៨២% រាប់ថា ជាការរំលោភបំពាន ដោយសារតែមិនបានគោរពតាមបទដ្ឋានអន្តរជាតិ។ សង្គមស៊ីវិលដដែល ក៏រកឃើញដែរថា ភាគច្រើននៃករណីរំលោភបំពានទៅលើសេរីភាពមូលដ្ឋាននេះ បានកើតមានឡើងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ខែកក្កដា ឆ្នាំ២០១៨ ដែលព្រឹត្តិការណ៍រងការរិះគន់ថា ជាការបោះឆ្នោត «ក្លែងក្លាយ»។
របាយការណ៍កត់សម្គាល់ថា ក្នុងសេរីភាពមូលដ្ឋានដែលខ្លួនបានធ្វើការឃ្លាំមើលនេះ មានសេរីភាពខាងការបង្កើតសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ សម្រាប់សេរីភាពខាងការបង្កើតសមាគម សង្គមស៊ីវិលទាំងនេះថា រួមទាំងឆ្នាំមុនផង សេរីភាពនេះនៅតែបន្តធ្លាក់ចុះរហូត ហើយមូលហេតុចម្បងគឺដោយសារតែមានការតាមដានឃ្លាំមើលយ៉ាងហ្មត់ចត់ជាប្រព័ន្ធពីសំណាក់អាជ្ញាធររដ្ឋាភិបាលលើសកម្មភាពអង្គការសង្គមស៊ីវិល និងសហជីព។ ដោយឡែក សម្រាប់សេរីភាពខាងការបញ្ចេញមតិវិញ សង្គមស៊ីវិលទាំងបីថា ការរឹតត្បិតកើតមានឡើងតាមរយៈការគំរាមកំហែងតាមវិធានការច្បាប់ថ្មី លើសេរីភាពខាងការបញ្ចេញមតិ និងកំណើនឡើងថែមទៀតក្នុងការកម្រិតនូវសេរីភាពខាងការបញ្ចេញមតិលើខ្លួនឯង។ ចុងក្រោយសម្រាប់សេរីភាពខាងការជួបប្រជុំវិញ សង្គមស៊ីវិលទាំងបីថា មានការរឹតត្បិតតាមអំពើចិត្តទៅលើសេរីភាពខាងការជួបប្រជុំ ដោយរដ្ឋាភិបាលបានប្រើវិធានការផ្លូវច្បាប់ជាច្រើនប្រឆាំងនឹងអ្នកចូលរួមតវ៉ាបញ្ហាដីធ្លី ខណៈថ្នាក់ដឹកនាំសង្គមស៊ីវិល និងសហជីពជាច្រើនរាយការណ៍ថា មិនមានសេរីភាពទាល់តែសោះទៅលើការអនុវត្តសេរីភាពខាងការជួបប្រជុំ។
លោក សឹង សែនករុណា អ្នកនាំសមាគមអាដហុក (Adhoc) ថ្លែងប្រាប់អាស៊ីសេរីតាមទូរស័ព្ទ កាលពីថ្ងៃ ទី១៨ កក្កដា ថា សេរីភាពមូលដ្ឋានដែលរងការរឹតត្បិតខ្លាំង ជាងគេ គឺសេរីភាពខាងការ ជួបប្រជុំ និងសេរីភាពនៃការបញ្ចេញមតិ ផ្អែកតាមរបាយការណ៍ដែលសង្គមស៊ីវិលទាំងបីប្រមូលបាន។ ក៏ប៉ុន្តែលោកថា ករណីជាក់ស្ដែងអាចមានច្រើនជាងនេះទៅទៀត ដែលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននេះ មិនបានប្រមូលគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ លោកថា សេរីភាពរបស់សមាគម និងអង្គការសង្គមស៊ីវិលវិញ អាជ្ញាធររដ្ឋាភិបាលបានជ្រៀតជ្រែក និងធ្វើសកម្មភាពរឹតត្បិតតាមអំពើចិត្ត មិនអនុញ្ញាតឱ្យពួកគេបំពេញការងារបានដោយសេរីដោយពុំចាំបាច់ជូនដំណឹងទៅអាជ្ញាធរជាមុននោះទេ៖ «មានតែលិខិត ក៏ប៉ុន្តែយើងមើលឃើញការអនុវត្តជាក់ស្ដែង ក្រុមមន្ត្រី អាជ្ញាធរមូលដ្ឋានក្តី មន្ត្រីដែលមានសមត្ថកិច្ច ជាពិសេសនគរបាលជាដើម គឺគាត់តែងតែទៅលបស្ដាប់ ថតពីវត្តមានទាំងដែលពួកយើងមិនបានអញ្ជើញចូលរួម។ ប្រសិនបើករណីខ្លះ បើយើងមានការអញ្ជើញចូលរួម អាជ្ញាធរចូលរួម នោះវាមិនជាបញ្ហាអីទេ។ ប៉ុន្តែ កាយវិការទាំងអស់នេះ ហាក់ដូចជាទៅជ្រៀតជ្រែក ទៅលើកិច្ចការងារ សកម្មភាពរបស់អង្គការសមាគម ជាពិសេសអ្នកដែលគាត់ធ្វើការទៅលើផ្នែកសិទ្ធិមនុស្ស ការតស៊ូមតិជាមួយនឹង សកម្មជនសហគមន៍នៅតាមមូលដ្ឋាន និងខាងសហជីពជាដើម»។
លោក សឹង សែនករុណា ចង់ឃើញរដ្ឋាភិបាល ពិនិត្យមើលឡើងវិញ និងកែលម្អស្ថានភាពនៃការគោរពសេរីភាពមូលដ្ឋានទាំងនេះ ឱ្យបានខ្ជាប់ខ្ជួន ស្របតាមបទដ្ឋានអន្តរជាតិ៖ «យើងចង់ស្នើឱ្យការរកឃើញរបស់យើងទាំងឡាយនៅក្នុងរបាយការណ៍នេះ ខាងអាជ្ញាធររដ្ឋាភិបាល គឺធ្វើការពិនិត្យមើលឡើងវិញ ធ្វើការកែប្រែនូវរាល់ឥរិយាបថទាំងអស់នេះ ដើម្បីធ្វើការគោរពទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ការជួបប្រជុំ ប្រមូលផ្តុំទាមទារតវ៉ាអីហ្នុង ហើយនឹងការបង្កើតអង្គការសមាគមជាដើម»។
ការរកឃើញរបស់គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន ដែលជាគំនិតផ្ដួចផ្ដើមរបស់សង្គមស៊ីវិលទាំងបីនេះ គឺដូចគ្នាទៅនឹងអ្វីដែលអង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ដែលបានបន្តដាក់ចំណាត់ថ្នាក់ថា កម្ពុជាជាប្រទេសគ្មានសេរីភាពនៅឆ្នាំ២០១៩នេះ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏ធ្លាប់លើកឡើងដែរថា ជាការគួរឱ្យសោកស្ដាយដែលការបន្តធ្លាក់ចុះសេរីភាព ផ្នែកសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា ក្នុងនោះបូករួមទាំងកង្វះដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ព្រមទាំងដំណើរធាក់ថយក្រោយដ៏គំហុកនៃវិស័យសារព័ត៌មានឯករាជ្យ បានធ្វើឱ្យកម្ពុជាស្ថិតនៅលើគន្លងដាំក្បាលចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។