សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិ និងក្មួយប្រុសរបស់លោក រ៉ុង ឈុន ចូលសួរសុខទុក្ខជនជាប់ឃុំនៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៦ធ្នូ។ ពួកគេឱ្យដឹងថា អ្នកជាប់ឃុំ នៅតែព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ ចូលក្នុងមន្ទីរឃុំឃាំង និងស្នើសុំឱ្យតុលាការដោះលែងពួកគាត់នៅក្រៅឃុំជាបណ្ដោះអាសន្នឱ្យបានឆាប់។
នេះជាលើកទី១ហើយដែលសាច់ញាតិរបស់អ្នកទោសមនសិការ និងអ្នកទោសនយោបាយ បានចូលសួរសុខទុក្ខគ្រួសាររបស់ពួកគាត់នៅក្នុងពន្ធនាគារព្រៃស បន្ទាប់ពីត្រូវអាក់ខានជាង២សប្ដាណ៍ ដោយសារការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ កាលពីថ្ងៃទី២៨ វិច្ឆិកា។
ក្មួយប្រុស លោក រ៉ុង ឈុន គឺ លោក រ៉ុង វិជ្ជា ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៦ ធ្នូថា លោក រ៉ុង ឈុន បារម្ភអំពីសុវត្ថិភាពយ៉ាងខ្លាំងនៅក្នុងពន្ធនាគារព្រៃស ព្រោះនៅក្នុងបន្ទប់ឃុំឃាំង មិនមានអនាម័យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។ លោកបន្ថែមថា ឪពុកមារបស់ លោក និងជនជាប់ឃុំដទៃទៀត រស់នៅក្នុងបន្ទប់ចង្អៀតណែន ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ១៩៖ «ជាពិសេសនៅខាងពន្ធនាគារអ្នកជាប់ឃុំមិនមានបានធ្វើតេស្ត មិនមានអនាម័យត្រឹមត្រូវរកជំងឺកូវីដអីទេ។ គឺវាកង្វះអនាម័យអីចឹង ហើយបានជាគាត់ស្នើឱ្យដោះលែងគាត់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន » ។
ដូចគ្នានេះដែរ ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ លោក ឃឹម ភាណា គឺ លោកស្រី សុខ បូលីម៉ា ឱ្យដឹងថា ប្ដីរបស់លោកស្រី បានប្រាប់គាត់ក្នុងពេលចូលសួរសុខទុក្ខថា អ្នកទោសមនសិការជាង៤០នាក់នៅក្នុងពន្ធនាគារព្រៃស បន្តស្នើយ៉ាងទទូចឱ្យតុលាការដោះលែងពួកគាត់នៅក្រៅឃុំជាបណ្ដោះអាសន្នឱ្យបានឆាប់។លោកស្រីបន្តថា អ្នកទោសមនសិការទាំងនោះនៅតែព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ ឈឺស្លាប់នៅក្នុងពន្ធនាគារ៖ «ដឹងថា មានជំងឺកូវីដហើយ សុំឱ្យអ្នកចាប់គាត់ដោះលែងគាត់ទៅ គាត់ក៏ជាខ្មែរអស់លោកក៏ជាខ្មែរ ជីវិតតែមួយដូចគ្នាទេ។ ខ្ញុំសំណូមពរឱ្យដោះលែងអ្នកទោសនយោបាយជាង ៤០នាក់ហ្នឹងទៅ គាត់អត់មានខុសអីទេ កុំទុកគាត់បន្តទៀត ខ្លាចមានបញ្ហាដល់សុខភាពពួកគាត់។ ខ្ញុំបារម្ភគាត់ឆ្លងកូវីដណាស់នៅពេលខាងមុខ » ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និងអ្នកទោសមនសិការមួយចំនួនទៀត បានសរសេរលិខិតដោយផ្ទាល់ដៃចេញពីពន្ធនាគារព្រៃស ចំនួន ២លើករួចមកហើយ ដើម្បីស្នើសុំឱ្យតុលាការដោះលែងពួកគេនៅក្រៅឃុំជាបណ្ដោះអាសន្ន។ ប៉ុន្តែរហូតមកដល់ពេលនេះមន្ត្រីតុលាការមិនទាន់ឆ្លើយតបនឹងការស្នើសុំនេះនៅឡើយទេ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងក្រុងភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញសំណើនេះបានទេនៅថ្ងៃទី១៦ ធ្នូ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ចំណែកអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា មន្ត្រីពន្ធនាគារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយបានតាមដានសុខភាពអ្នកជនជាប់ឃុំជារៀងរាល់ថ្ងៃ៖ «មើលថាស្ថានភាពអ្នកណាមានអាការដែលមានសង្ស័យមានបញ្ហាអីមួយគឺយើងត្រូវយកសំណាកភ្លាមៗ។ អីចឹងយើងធ្វើជារឿងរាល់ថ្ងៃការងារយកសំណាកយកអីហ្នឹង អ្នកណាដែលសង្ស័យគឺ យើងពិនិត្យហើយយកសំណាកភ្លាមៗ តែមកដល់ពេលនេះយើងអត់ទាន់ជួបបញ្ហាអីទេ។ មានតែអ្នកមានអាការផ្ដាសសាយធម្មតាចូលខែរងាអីកាលណាវាប្ដូរអាកាសធាតុទៅវាតែងមានហើយ » ។
ទោះជាយ៉ាងណា ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា នៅតែយល់ថា វិធានការនេះមិនអាចទប់ស្កាត់មិនឱ្យឆ្លងជំងឺកូវីដ១៩ បានឡើយ ពីព្រោះលោកថា នៅក្នុងពន្ធនាគារចង្អៀតណែន ហើយប្រសិនបើមានជនជាប់ឃុំណាម្នាក់ឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ នឹងប្រឈមការឆ្លងរាលដាលជំងឺនេះយ៉ាងឆាប់រហ័សក្នុងពន្ធនាគារ៖ «យើងកុំថាបញ្ហាឆ្លងជំងឺកូវីដសូម្បីតែរឿងមេរោគរមាស់មួយនៅក្នុងពន្ធនាគារ គឺថាកើតរមាសមួយបន្ទប់ ដូច្នេះឆ្លងគ្នាពេញបន្ទប់ហ្នឹង។ហើយបើថាមានអ្នកណាមួយក្អកផ្ដាសសាយអីគឺក្អកឆ្លងតៗគ្នាទាំងអស់ អានេះជាបទពិសោធដែលខ្ញុំធ្លាប់នៅក្នុងពន្ធនាគារហ្នឹងខ្ញុំបានដឹងរឿងហ្នឹង។ដូច្នេះសួរតើបើសិនជាមានការឆ្លងជំងឺកូវីដអី ខ្ញុំគិតថា វិធានការនៅក្នុងពន្ធនាគារហ្នឹងមិនអាចការពារបានទេ » ។
គិតពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ នេះ អាជ្ញាធរបានចាប់ខ្លួនសកម្មជនគណបក្សនយោបាយ សកម្មជនសង្គម អ្នកការពារបរិស្ថាន ព្រះសង្ឃ និងយុវជនជាង ៤០នាក់ហើយ យកទៅឃុំឃាំងនៅពន្ធនាគារព្រៃស។ តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថថ្នាក់ដឹករដ្ឋាភិបាល។
ក្រុមស្ត្រីប្រពន្ធសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំចាត់ទុករឿងនេះថា ជាអំពីអយុត្តិធម៌ ហើយថា ពួកគេនឹងបន្តការតស៊ូមតិទាមទារឱ្យមានយុត្តិធម៌សង្គមក្នុងពេលឆាប់ៗ នៅពេលដែលរដ្ឋាភិបាលបើកឱ្យពលរដ្ឋអាចប្រមូលផ្ដុំគ្នាបានឡើងវិញ។ ក្រុមស្ត្រីទាំងនេះ បានផ្អាកតវ៉ាចាប់តាំងពីចុងខែវិច្ឆិការហូតមក ដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការបង្ការជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។