ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់វិទ្យុអាស៊ីសេរីថា លោក រ៉ុង ឈុន បានទូរស័ព្ទប្រាប់អ្នកស្រីនៅព្រឹកថ្ងៃទី៦ កញ្ញាថា អាជ្ញាធរបានបញ្ជូនលោកទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារហើយ គឺនៅមន្ទីរពេទ្យរុស្ស៊ី។ អ្នកស្រីបញ្ជាក់ថា គ្រូពេទ្យបានឱ្យថ្នាំមួយចំនួន និងប្រាប់លោក រ៉ុង ឈុន ថា ជំងឺភ្នែកនេះមានអាការៈធ្ងន់ធ្ងរដែលត្រូវទទួលការពិនិត្យព្យាបាលជាប្រចាំ ទើបអាចបានប្រសើរឡើងវិញ៖ « អ្វីដែលលោក រ៉ុង ឈុន គាត់ផ្ដាំផ្ញើ គឺគាត់អរគុណដល់ពលរដ្ឋទាំងអស់ដែលបារម្ភពីគាត់។ ហើយខ្ញុំក៏សូមអរគុណដល់ពន្ធនាគារ និងក្រសួងមហាផ្ទៃដែលបានអនុញ្ញាតឱ្យលោក រ៉ុង ឈុន ទៅព្យាបាលជំងឺ ហើយក៏សុំឱ្យ ( អាជ្ញាធរ ) នៅតែបន្តធ្វើអំពើល្អដល់ពលរដ្ឋគ្រប់រូប » ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ឱ្យដឹងថា លោក រ៉ុង ឈុន មានបញ្ហាភ្នែកជាច្រើនឆ្នាំមកហើយ ហើយលោកតែងទៅពិនិត្យព្យាបាលជាទៀងទាត់។ ប៉ុន្តែនៅក្រោយពេលជាប់ឃុំជាង ១ឆ្នាំមកនេះ គាត់ខកខានទទួលការពិនិត្យព្យាបាល ទើបធ្វើឱ្យអាការៈប្រែជាធ្ងន់ធ្ងរដូចពេលនេះ។ អ្នកស្រីអះអាងថា ភ្នែករបស់លោករងរបួសដោយសារតែសកម្មភាពបង្ក្រាបរបស់អាជ្ញាធរ នៅពេលលោកដឹកនាំការប្រមូលផ្ដុំទាមទារអត្ថប្រយោជន៍ឱ្យកម្មករកាត់ដេរ។
អ្នកការពារសិទ្ធិមនុស្ស និងជាសកម្មជនព្រំដែនលោក រ៉ុង ឈុន បានជាប់ទោសដោយសារតែលោកបានបញ្ចេញមតិអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលជារឿងដ៏រសើបសម្រាប់របបលោក ហ៊ុន សែន។ តុលាការក្រុងភ្នំពេញបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ដែលជាកម្រិតខ្ពស់បំផុតនៃទោស ក្នុងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ទន្ទឹមនឹងនេះ តុលាការបានបង្គាប់ឱ្យលោកបង់សំណងរួមគ្នាជាមួយសកម្មជនពីរនាក់ទៀត សរុបជាទឹកប្រាក់ ១សែនដុល្លារអាមេរិក ទៅដល់ភាគីដើមបណ្ដឹង គឺគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលដឹកនាំដោយលោក វ៉ា គឹមហុង មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។
ទោះជាយ៉ាងណា ការផ្ដន្ទាទោសនេះ បាននាំមកនូវការថ្កោលទោសពីគ្រប់មជ្ឈដ្ឋាន ពីព្រោះវាមានន័យស្មើនឹងការដាក់ទោសលើសេរីភាពបញ្ចេញមតិយ៉ាងដូច្នេះដែរ។ សហគមន៍ជាតិ និងអន្តរជាតិនៅតែទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក រ៉ុង ឈុន រួមទាំងអ្នកទោសមនសិការដទៃទៀតឱ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។