អ្នកការពារ​សិទ្ធិ​កម្មករ​លោក រ៉ុង ឈុន ជួប​អ្នក​រាយការណ៍​ពិសេស អ.ស.ប ពិភាក្សា​បញ្ហា​ប្រឈម​នៃ​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា

0:00 / 0:00

អ្នក​ការពារ​សិទ្ធិ​កម្មករ និង​អតីត​អ្នក​ជាប់​ឃុំ លោក រ៉ុង ឈុន បាន​ជួប​ជជែក​ជាមួយ អ្នករាយការណ៍​​ពិសេស​អង្គការ​សហប្រជាជាតិ នៅ​រសៀល​ថ្ងៃ​នេះ និយាយ​ពី​បញ្ហា​បោះ​ឆ្នោត លំហ​សេរីភាព​របស់​សហជីព និង​បញ្ហា​ប្រឈម​របស់​កម្មករ។ ជំនួប​ដែលមាន​​រយៈ​ពេល​ជាង ១មួយ​នេះ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​សួរនាំ​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បញ្ហា​ជា​ច្រើន រួមមាន ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ២០២២ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ២០២៣ ខាង​មុខ ការ​អនុវត្ត​សិទ្ធិ​សហជីព សង្គម​ស៊ីវិល និង​ករណី តុលាការ​ចោទ​ប្រកាន់​លើ​លោក រ៉ុង ឈុន ដែល​សំណុំរឿង​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​តុលាការ។

លោក រ៉ុង ឈុន ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ក្រោយ​ជំនួប នៅ​ល្ងាច​ថ្ងៃ​ទី២២ ខែសីហា លោក​បាន​ប្រាប់ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ថា កាល​ពី​ការ​បោះ​ឆ្នោត​ថ្មីៗ នេះ លំហ​សេរីភាព​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ មាន​ការ​រឹត​បន្តឹង។ លោក​បន្ត​ថា ការ​មាន​ការ​រារាំង​ការ​លើក​ស្លាក​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ការ​ប្រើប្រាស់​ហិង្សា ការ​គំរាមកំហែង និង​ការ​ប្ដឹង​ទៅ​តុលាការ​ជា​ដើម ដែល​ករណី​ទាំង​នោះ​ភាគ​ច្រើន​កើត​ឡើង​លើ​គណបក្ស​ភ្លើង​ទៀន។ លោក​ឲ្យ​ដឹង​ទៀត​ថា ទាក់ទង​សិទ្ធិ​ការងារ ការ​ប្រមូល​ផ្ដុំ ការ​បញ្ចេញ​មតិ​របស់​កម្មករ និង​ការ​ចងក្រង​សហជីព​នៅ​តាម​រោងចក្រ មាន​ភាព​តូច​ចង្អៀត៖ « គាត់​នឹង​លើក​បញ្ហា​ទាំង​អស់​នេះ ដាក់​បញ្ចូល​ក្នុង​របាយការណ៍ ហើយ​ប្រជុំ​គាត់​នឹង​សូត្រ ( ថ្លែង ) នៅ​ពេល​ប្រជុំ​ខែ១០ ( ខែតុលា ) ខាង​មុខ​នេះ។ អ៊ីចឹង​យើង​គិត​ថា វត្តមាន​របស់​គាត់ បេសកកម្ម​ប្រមាណ ១០ថ្ងៃ​នេះ មាន​សារ​សំខាន់​ណាស់ សម្រាប់​មក​សិក្សា ក៏​ដូច​ជា​មក​ខាង​មុខ​នេះ​ជា​ការ​ស្វែងរក​ព័ត៌មាន ពិត​ទាក់ទង​ដំណើរ​ការ ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាទ »

លោក រ៉ុង ឈុន ឲ្យ​ដឹង​ទៀត ក្នុង​ជំនួប​ពិសេស​នោះ ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ លោក​ក៏​បាន​បង្ហាញ​ការ​បារម្ភ ដោយ​ខ្លាច​កម្ពុជា​ដើរ​ជាន់​ចាស់​ទាក់ទង​ជម្លោះ​ក្នុង​តំបន់ និង​អន្តរជាតិ ខណៈ​រដ្ឋាភិបាល លោក ហ៊ុន សែន កំពុង​មាន​ទំនោរ​ខ្លាំង​ទៅ​ប្រទេស​កុម្មុយនិស្ត​ចិន។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២៦ ខែសីហា។ បេសកកម្ម​នេះ លោក វិទិត មុនតាប៊ន បាន​ជួប​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ចង​ជា​របាយការណ៍​សម្រាប់​ថ្លែង​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ នា​ខែតុលាការ​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។