អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) ថ្កោលទោសករណីឃាត់ខ្លួនដោយហិង្សាលើអ្នកសារព័ត៌មាន និងសកម្មជនចំនួន ៩នាក់នៅតំបន់ព្រៃភ្នំតាម៉ៅ ពីសំណាក់មន្ត្រីកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ផ្សាយកាលពីថ្ងៃទី២២ ខែសីហា ថា អង្គការអន្តរជាតិមួយនេះចូលរួមជាមួយក្រុមអង្គការសង្គមស៊ីវិលចំនួន ៣៩ស្ថាប័នផ្សេងទៀត ក្នុងការថ្កោលទោសករណីឃាត់ខ្លួនដោយហិង្សាមកលើក្រុមអ្នកកាសែត និងសកម្មជនពីរក្រុមដែលបានចុះទៅយកព័ត៌មានពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅ។ អង្គការនេះ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យធានានូវសេរីភាពសារព័ត៌មាន។
កាលពីថ្ងៃទី១៦ ខែសីហា អ្នកសារព័ត៌មានចំនួន ៥នាក់មកពីអង្គភាពសារព័ត៌មានវីអូឌី (VOD) និងយុវជនខ្មែរថាវរៈចំនួន ៤នាក់ត្រូវបានឃាត់ខ្លួនអស់រយៈពេលប្រមាណ ៧ម៉ោង នៅក្នុងតំបន់ព្រៃភ្នំតាម៉ៅ ដោយមន្ត្រីកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ។ ពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅល្ងាចថ្ងៃដដែល ក្រោយពីអាជ្ញាធរបានតម្រូវឱ្យពួកគេផ្តិតមេដៃលើ «កិច្ចសន្យា» ដែលសរសេរថា អ្នកសារព័ត៌មានបានបង្ហោះដ្រូនដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។ ក្នុងចំណោមអ្នកសារព័ត៌មានរបស់ វីអូឌី ទាំង៥នាក់នោះ មានអ្នកសារព័ត៌មានម្នាក់ជាជនជាតិអាមេរិកាំង។
នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន លោក ដានីញែល បាស្តាត (Daniel Bastard) មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា យើងអំពាវនាវដល់ឧទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យចេញបញ្ជាដាក់ទណ្ឌកម្មតឹងរ៉ឹងទៅលើក្រុមមន្ត្រីសន្តិសុខដែលបានឃាត់ខ្លួនអ្នករាយការណ៍ព័ត៌មាន និងសកម្មជនទាំង៩នាក់នេះ។ លោកបន្តថា ការគោរពច្បាប់ ឬនីតិរដ្ឋនៅកម្ពុជា កំពុងប្រឈមនឹងហានិភ័យ។ អង្គការនេះ ហៅទង្វើរបស់មន្ត្រីកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាជ្ញាធរពាក់ព័ន្ធក្នុងរឿងនេះ ថាជាអំពើរំលោភអំណាច ជាការបង្ខិតបង្ខំ យាយី និងបំភិតបំភ័យដល់ក្រុមអ្នកកាសែត និងសកម្មជនសិទ្ធិមនុស្ស។
កាលពីថ្ងៃទី១៩ ខែសីហា ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិចំនួន៤០ស្ថាប័ន ក្នុងនោះរួមទាំងអង្គការអ្នករាយការណ៍គ្មានព្រំដែនផង បានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសករណីនេះ។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ សង្កត់ធ្ងន់ថា សិទ្ធិរបស់អ្នកកាសែតឯករាជ្យក្នុងការរាយការណ៍ព័ត៌មានដោយសេរីនៅកម្ពុជា ត្រូវតែមានការការពារ ជាពិសេសនៅពេលរាយការណ៍អំពីបញ្ហាផលប្រយោជន៍សាធារណៈ ដូចជាករណីកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅនេះជាដើម។ ក្រុមអង្គការសង្គមស៊ីវិលដដែល លើកឡើងថា អ្នកសារព័ត៌មាន និងសកម្មជន មានសិទ្ធិក្នុងការចងក្រងឯកសារ និងត្រួតពិនិត្យដោយសេរី ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញបរិស្ថាន និងការរំលោភសិទ្ធិ និងមានសិទ្ធិបញ្ចេញមតិជាសាធារណៈ ដូចដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។