ក្រសួងមហាផ្ទៃនៅថ្ងៃសុក្រ ទី២៦ សីហានេះ បានចេញសេចក្ដីអំពាវនាវមួយ ឱ្យស្ថាប័នតំណាងបរទេស និងភាគីពាន់ព័ន្ធនានាសហការផ្ដល់ព័ត៌មាន និងចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាប អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗក្នុងប្រទេសកម្ពុជា។ មន្ត្រីសង្គមស៊ីវិលយល់ថា សេចក្ដីអំពាវនាវនេះ គឺជារឿងល្អ ព្រោះវាបានបង្ហាញថា រដ្ឋាភិបាលទទួលស្គាល់ អំពើជួញដូរមនុស្សនៅកម្ពុជាមានការកើនឡើង និងមានផែនការទទួលយកកិច្ចសហការពីភាគីពាក់ព័ន្ធផ្សេងៗ បង្ក្រាបអំពើជួញដូរមនុស្សនៅកម្ពុជា។
ក្រសួងមហាផ្ទៃអំពាវនាវ ឱ្យស្ថានតំណាងបរទេស និងភាគីពាក់ព័ន្ធនានា សហការផ្ដល់ព័ត៌មាន និងចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាប អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ នៅថ្ងៃទី២៦ ខែសីហានេះ។ សេចក្ដីអំពាវនាវ ដែលបានផ្សព្វផ្សាយតាមហ្វេសប៊ុកផេក របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ច បានជួយជនរងគ្រោះពីការជួញដូរមនុស្ស និងរត់ពន្ធមនុស្សចំនួន៨៧ករណី ស្មើនឹង៨៦៥នាក់ ដោយឡែកនៅក្នុងសប្ដាហ៍ទី៤ នៃខែសីហា ក្រសួងបានជួយជនរងគ្រោះ ២៥នាក់ ក្នុង៧ករណីបន្ថែមទៀតដែរ។ ជនរងគ្រោះត្រូវបានចាញ់បោកក្រុមឧក្រិដ្ឋជន តាមរយៈការសន្យាផ្ដល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់ ប៉ុន្តែជាក់ស្ដែងជនរងគ្រោះទាំងនោះត្រូវបានបង្ខំឱ្យធ្វើការងារល្បែងស៊ីសងខុសច្បាប់ និងត្រូវបានផ្ទេរពីក្រុមហ៊ុនមួយ ទៅក្រុមហ៊ុនមួយទៀតដោយមិនបានព្រមព្រៀងពីសាមីខ្លួនឡើយ ហើយមានករណីខ្លះទៀតក្រុមឧក្រិដ្ឋជនបានប្រើអំពើហិង្សា និងគំរាមកំហែងទៀតផង ប្រសិនបើជនរងគ្រោះមិនអនុវត្តតាមការបង្គាប់បញ្ជារបស់ពួកគេ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានបង្កើត គណៈបញ្ជាការដឹកនាំប្រតិបត្តិការ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ផងដែរ។
សេចក្ដីអំពាវនាវនេះ ត្រូវបានក្រសួងធ្វើឡើងត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស ខេង បានជួបពិភាក្សាជាមួយ អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) កាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅ ដែលនៅក្នុងកិច្ចពិភាក្សានោះ លោក វីទិត មុនតាប៊ន បានលើកឡើងបញ្ហាសិទ្ធិមនុស្សសំខាន់ៗ រួមមាន សិទ្ធិពលរដ្ឋ និងនយោបាយ ការគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌនិងការជួញដូរមនុស្ស ការជួញដូរពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម។ នៅក្នុងជំនួបនោះដែរ លោក ស ខែង អះអាងថា កម្ពុជាក៏ជាប្រទេសដែលរងគ្រោះដោយសារការជួញដូរមនុស្សដែរ ដោយក្រុមឧក្រិដ្ឋជនបានយកកម្ពុជាធ្វើជាកន្លែងឆបោក ប្រព្រឹត្តិអំពើជួញដូរ រត់ពន្ធមនុស្សជាដើម។
ជុំវិញការចេញសេចក្ដីអំពាវនាវនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីថា លោករីករាយដែលក្រសួងមហាផ្ទៃប្រកាសស្វែងរកកិច្ចសហការជាមួយតំណាងប្រទេសនានា ជាពិសេសប្រទេសជិតខាង និងភាគីពាក់ព័ន្ធ ដើម្បីកាត់លុបបំបាត់អំពើជួញដូរមនុស្ស។ លោក អំ សំអាត យល់ឃើញថា ការកើនឡើងយ៉ាងគំហុកនៃអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជាកន្លងមកនេះ គឺបណ្ដាលមកពីការអនុវត្តច្បាប់នៅកម្ពុជាទន់ខ្សោយ ដែលបណ្ដាលឱ្យជនបរទេសអាចយកប្រទេសកម្ពុជា ធ្វើជាទីតាំងបង្កើតល្បែងអនឡាញ និងថែមទាំងបង្កជាបញ្ហាជួញដូរមនុស្សទៀត។ ជាមួយគ្នានេះ លោក អំ សំអាត បន្ថែមថា រដ្ឋាភិបាលកម្ពុជាត្រូវចាត់វិធានការលុបបំបាត់អំពើជួញដូរឱ្យបានឆាប់ ព្រោះវាមិនត្រឹមតែធ្វើឱ្យប្រទេសកម្ពុជាបាត់បង់កិត្តិយសនោះទេ តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដែរ។ «»
កាលពីពេលកន្លងទៅថ្មីៗនេះ មានករណីឧក្រិដ្ឋកម្មជួញដូរមនុស្ស និងចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម បង្ខំឱ្យធ្វើការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ដែលប្រតិបត្តិការដោយក្រុមហ៊ុនចិននៅលើទឹកដីខ្មែរ។ ស្ថាប័នអន្តរជាតិមួយចំនួន បានលាតត្រដាងថា ក្រុមហ៊ុនចិនឆបោកនៅកម្ពុជាដំណើរការទៅបានសេរី ដោយសារក្រុមហ៊ុនចិនទាំងនោះ សុទ្ធសឹងតែមានទំនាក់ទំនងគ្នាស្អិតល្មួតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមមន្ត្រី ព្រមទាំងឧកញ៉ា ដែលមានឥទ្ធិពលក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ ចេញផ្សាយកាលពីខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាចុះមកលំដាប់ទី៣ ដែលមានន័យថា អាក្រក់បំផុត និងពុំធ្លាប់មានទេ ចាប់តាំងពីឆ្នាំ២០១៥ មក។ របាយការណ៍អាមេរិកបង្ហាញថា កម្ពុជាដើរថយក្រោយ និងគ្មានឆន្ទៈក្នុងការលុបបំបាត់ការជួញដូរមនុស្ស ដោយសារតែបញ្ហាអំពើពុករលួយជាប្រព័ន្ធ បានរារាំងដល់ការអនុវត្តច្បាប់លើក្រុមជនល្មើស ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។