ជនជាតិ​អាមេរិកាំង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង ២ឆ្នាំ​ពី​បទ​រំលោភ​ផ្លូវ​ភេទ

0:00 / 0:00

តុលាការ​ខេត្ត​សៀមរាប កាត់​ទោស​បុរស​ជន​ជាតិ​អាមេរិកាំង​ម្នាក់​ជា​មេធាវី ឲ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ​កន្លះ ពី​បទ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារី​ខ្មែរ ៣នាក់។ តុលាការ ក៏​បាន​បង្គាប់​ឲ្យ​ទណ្ឌិត​រូប​នេះ បង់ប្រាក់ផាកពិន័យចំនួនជិត ៤ពាន់​ដុល្លារ​អាមេរិក សម្រាប់​កុមារី​ម្នាក់ៗ។ ប៉ុន្តែ​ជន​ជាប់​ចោទ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក យីង ស្រាំង (Yin, Srang) ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន អេភី ដក​ស្រង់​សំដី កាល​ពី​ថ្ងៃ​ទី១ ខែវិច្ឆិកាថា លោក រ៉ាស់ ហ្យេម ក្លែន (Rough James Cline) ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ជាង ២ឆ្នាំ ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារី​ខ្មែរ​ចំនួន ៣នាក់ អាយុ​ក្រោម ១៥ឆ្នាំ ដោយ​បាន​ផ្តល់​ប្រាក់​ចំនួន ១២០ដុល្លារអាមេរិក ជា​ថ្នូរ​នឹង​ការ​រួម​ភេទ នៅ​ពេល​ទណ្ឌិត​រូប​នេះ បាន​មក​លេង​កម្ពុជា​ ចន្លោះ​ពី​ខែ​កុម្ភៈ ដល់​ខែ​ឧសភា ឆ្នាំ២០១៩ នេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ Action Pour Les Enfants ហៅ​កាត់​ថា APLE ដែល​បាន​តាម​ដាន​សកម្មភាព របស់​ជន​បរទេស​សង្ស័យ​ទិញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ បាន​ប្រាប់​ប៉ូលិស អំពី​សកម្មភាព​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារី​ខ្មែរ របស់ លោកមេធាវី Cline។ ភាព​ក្រីក្រ និង​បញ្ហា​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​ទាប​នេះ​ហើយ គឺ​ជា​កត្តា​ចំបង ដែល​នាំ​ឲ្យ​កម្ពុជា​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផ្លូវ​ភេទ។មន្ត្រី​សង្គម​ស៊ីវិល ទទូច​ឲ្យ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បញ្ជូន​ឧក្រិដ្ឋ​ជន​ជួញដូរ​ផ្លូវ​ភេទ​ចេញ​ពី​កម្ពុជា ក្រោយ​ពី​បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​រួច ដើម្បី​ទប់​ស្កាត់​ការ​ជួញដូរ​ផ្លូវ​ភេទ​នេះ​ទៅ​លើ​កុមារ​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។