លោក ហ៊ុន សែន ព្រមាន​ដាក់​ទោស​ធ្ងន់​លើ​អ្នក​រិះគន់​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ខណៈ​សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​៣នាក់

0:00 / 0:00

ប្រធាន​ព្រឹទ្ធសភា និង​ជា​មេ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ប្រើ​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ចំពោះ​អ្នកណា​ដែល​រិះគន់​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (កម្ពុជា ឡាវ និង​វៀតណាម )។ ការ​ព្រមាន​នេះ​បន្ទាប់​ពី​សមត្ថកិច្ច បាន​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ៣នាក់​នៅ​ព្រឹក​ថ្ងៃទី២៣ ខែ​កក្កដា បន្ទាប់​ពី​ពួកគាត់​បញ្ចេញ​មតិ​ព្រួយ​បារម្ភ​អំពី​គម្រោង​អភិវឌ្ឍន៍​រួម​គ្នា​លើ​តំបន់​ត្រីកោណ​ពិសេស​នេះ។ អ្នក​ឃ្លាំ​មើល​ចាត់ទុក​ថា ការ​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នេះ គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី២៣ ខែ​កក្កដា បាន​ចេញ​មុខ​ថ្លែង​សារ​ជំនួស​កូន​ប្រុស​របស់​លោក​គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​បាន​ព្រមាន​ធ្ងន់ៗ​ទៅ​កាន់​អ្នក​ទាំងឡាយ​ណា​ដែល​ហ៊ាន​បញ្ចេញមតិ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ផល​ប្រយោជន៍ ឬ​បាត់បង់​បូរណភាព​ទឹកដី​របស់​កម្ពុជា​ដោយសារ​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV) ឬ​ហៅថា តំបន់មុំ៣ ដែល​ស្ថិត​នៅ​ភាគ ឦសាន​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ឡាវ។

លោក ហ៊ុន សែន ថ្លែង​ទាំង​កំហឹង​ថា លោក​គឺ​ជា​អ្នក​បញ្ជា​ឱ្យ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស៊្រុន ស្រ៊ន និង​យុវជន​ផ្សេង​ទៀត​ដែល​រិះគន់​រឿង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក។ មេ​បក្ស​កាន់​អំណាច​រូប​នេះ សង្កត់​ធ្ងន់​ថា លោក​នឹង​មិន​អត់​ឱវាទ​ដាច់ខាត​ចំពោះ​អ្នក​រិះគន់​រឿង​នេះ ដោយ​សម្រាប់​អ្នក​រិះគន់​នៅ​ក្នុង​ស្រុក នឹង​ត្រូវ​ប្រឈម​ការ​ចាប់​ខ្លួន​ដាក់​គុក ហើយ​អ្នក​រិះគន់​ពី​ក្រៅ​ស្រុក​នឹង​ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក ស្រាវជ្រាវ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បញ្ជា​ឱ្យ​តុលាការ ហាម​បន្ធូរបន្ថយ​ទោស ឫ​លើក​លែងទោស​ដល់​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​អំពី​គម្រោង​តំបន់​ត្រីកោណ​ពិសេស​នេះ។

លោក ហ៊ុន សែន៖«ពេល​នេះ​ប្រហែល​ជា​ចាប់ ថ្ងៃ​មុន​ចាប់​យក​ម្នាក់​មក​រឿង​ហ្នឹង​ដដែល​រឿង​ហ្នឹង​ដដែល​ថ្ងៃ​នេះ​ចាប់​ពីរ​នាក់​ពី​សៀមរាប​មក​ប្រហែល​កំពុង​ដឹក​មក​ភ្នំពេញ។ បងប្អូន​នឹង​អាច​បាត់​អា​គ្រូ​២៣ តុលា ១៩៩១ គ្រូ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​បើ​ហែង​និយាយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីសហែង​និយាយ​ទៅ​ហែង​និយាយ​ស្អី​រឿង​ហ្នឹង ហែង​និយាយ​ទាំង​បំពាន​ហែង​រក​ផ្លូវ​ច្បាប់ ហើយ​ក្រសួង​ពាណិជ្ជកម្ម​រៀបចំ​បញ្ជូន​ឯកសារ ទាំងអស់​ទៅ​ឱ្យ​តុលាការ​មិន​អាច​ឱ្យ​អ្នក​ឯង​បំពាន​ទេ»។

លោក​ថ្លែង​ថា សមត្ថកិច្ច បាន​ដឹក​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ពី​ខេត្ត​សៀមរាប ដើម្បី​បញ្ជូន​មក​កាត់​ទោស​នៅ​តុលាការ​ក្រុង​ភ្នំពេញ។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​សៀមរាប​បាន​ឃាត់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស ៣នាក់ រួម​មាន​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​សាន សិទ្ធិនៅ​ស្រុក​វ៉ាវិន ខេត្ត​សៀមរាប បន្ទាប់​ពី​ពួកគាត់ បាន​ផ្សព្វផ្សាយ​វីដេអូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា តើ​ការ​បញ្ចូល​ខេត្ត​ទាំង ៤ របស់​ខ្មែរ​ដើម្បី​អភិវឌ្ឍ​ជាមួយ​វៀតណាម និង​ឡាវ (CVL) មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​អ្វី​ខ្លះ? ហើយ​តើ​មាន​ដំណោះស្រាយ​បែប​ណា​ចំពោះ​រឿង​នេះ?

ប្រពន្ធ លោក សាន សិទ្ធិ គឺ​លោកស្រី ស្វាយ ពៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៣ ខែ​កក្កដា ថា សមត្ថកិច្ច​បាន​ចុះ​មក​ឃាត់​ខ្លួន​ប្ដី​លោកស្រី និង​សកម្មជន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ២នាក់​ទៀត នៅ​ក្នុង​ផ្ទះ​លោកស្រី បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ឡើយ។ លោកស្រី​បន្ត​ថា លោកស្រី​បាន​ទៅ​សាកសួរ​អាជ្ញាធរ​ឃុំ ស្រែណូយ​ពី​ករណី​ឃាត់​ខ្លួន​ប្ដី​លោកស្រី​នេះ ដោយ​អាជ្ញាធរ​ឃុំ​បាន​ប្រាប់​លោកស្រី​ថា ការ​ឃាត់​ខ្លួន​ទាំង៣នាក់​នេះ គឺ​ដោយសារ លោក ស្រ៊ុន ស្រ៊ន បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​លោក​ដែល​និយាយ​ប៉ះពាល់​ដល់​រដ្ឋាភិបាល។

លោកស្រី ស្វាយ ពៅ៖«អត់​អូន​អត់​បាន​សោះ​គាត់​ធ្វើ​នេះ​គឺ​ដូច​ថា បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ហើយ​បើ​រឿង​ហ្នឹង​ធំ​តូច​ម៉េច​ក៏​ដោយ​ក៏​ត្រូវ​ខល​ជួប​ប្រពន្ធ​សិន​ដែរ។ ពីព្រោះ​អ្នក​ផ្ទះ​ក៏​ខ្វល់ខ្វាយ​ឱ្យ​ប្ដី​ខ្ញុំ​ជួប​ម៉ាត់​មក​ថា រឿង​ហ្នឹង​វា​យ៉ាង​ម៉េច​ឯង​មិន​បាច់​ភ័យ​ទេ​រក​ស៊ី​អី​ធម្មតា ឬ​មួយ​ម៉េច​ឯង​កុំ​ភ័យ​អី​ចេះ​ដល់​អ៊ីចឹង​ខ្ញុំ​មាន​អារម្មណ៍​មួយ​ភ័យ​ដែរ ប្រសិនបើ​យើង​ធ្វើ​អី​ខុស​គាត់​ត្រូវ​ជូន​ដំណឹង​ឱ្យ​ពលរដ្ឋ​ដឹង​ពី​កំហុស​ខ្លួន​ឯង»។

សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ដែល​បាន​លើកឡើង​នៅ​ក្នុង​វីដេអូ​ជាង ១១នាទី​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃទី២៣ ខែ​កក្កដា ថា រដ្ឋាភិបាល​បាន​ដាក់​ខេត្ត​ចំនួន​៤ រួម​មាន ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ក្នុង​គ្រោង​តំបន់​ត្រីកោណ​ពិសេស​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​រួម​ជាមួយ​វៀតណាម និង​ឡាវ។ ប៉ុន្តែ​លោក ស្រ៊ុន ស្រ៊ន មើល​ឃើញ​ថា កម្ពុជា​នឹង​បាត់បង់​ទឹកដី​ឱ្យ​ទៅ​វៀតណាម​គ្រប់គ្រង​ពីព្រោះ​ពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅ​ចំនួន​៤ខេត្ត​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​តិច​ជាង​ពលរដ្ឋ​វៀតណាម​ពោល​គឺ​កម្ពុជា​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៥សែន​នាក់ និង​ប្រទេស​វៀតណាម​មាន​ពលរដ្ឋ​ប្រមាណ​ជាង៧លាន់​នាក់ ហើយ​ប្រទេស​ឡាវ​មាន​ពលរដ្ឋ​ប្រមាណ៥សែន​នាក់ ដែល​ប្រទេស​ឡាវ​បច្ចុប្បន្ន​ចំណុះ​ឱ្យ​ប្រទេស​វៀតណាម ដូច្នេះ​ប្រទេស​វៀតណាម​នឹង​ដាក់​បញ្ចូល​ពលរដ្ឋ​របស់​ខ្លួន​ក្នុង​ទឹកដី​កម្ពុជា។ ក្រៅ​ពី​នេះ​លោក​ថ្លែង​ថា កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​សង្គ្រាម​ប្រសិនបើ​ពលរដ្ឋ​វៀតណាម​មក​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​កាន់​តែ​ច្រើន ជាពិសេស​បញ្ហា​អត់​ការងារ​ធ្វើ និង​បាត់បង់​ធនធាន​ធម្មជាតិ​ជាដើម។

លោក ស្រ៊ុន ស្រ៊ន៖«៤ខេត្ត​នេះ​មាន​កន្លះ​លាន ហើយ​ភាគ​ច្រើន​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​អត់​មាន​ចំណេះដឹង​ទេ​ខាង​សង្គម នយោបាយ ខាង​យោធា ខាង​វប្បធម៌​អ៊ីចឹង​យួន នឹង​បញ្ជូន​ប្រជាជន​៧លានជាង​អាច​នឹង ១០លាន​នាក់​នោះ​ចូល​មក​ដល់​ទឹក​ដី​តំបន់​ត្រីកោណ​មុន និង​ក្រោយ​គេ​នឹង​កាត់​យក​ខេត្ត​ទាំង៤។ ហើយ​ពង្រីង​ចូល​​មក​ដល់​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ​ក៏​មិន​នៅ​ដែរ រីក​ហើយ​ពីព្រោះ​គេ​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​ពលរដ្ឋ​គេ​ចូល​មក​រស់នៅ​ក្នុង​ទឹក​យើង​បាន»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប លោក ហួត សុធី និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី២៣ ខែ​កក្កដា។

ទាក់ទង​នឹង​រឿង​នេះ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ចំនួន៣​នាក់​នេះ គឺជា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ធ្វើ​ឱ្យ​កម្ពុជា​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ។

លោក ស៊ឹង សែនករុណា៖«ការ​គំរាមកំហែង​ទៅ​លើ​ការ​បញ្ចេញ​មតិ​ហើយ​ក្នុង​ករណី​ធ្វើ​អ្វី​ទៅ​តាម​អំពើ​ចិត្ត​បែប​នេះ វា​ហានិភ័យ​ទៅ​ដល់​ប្រទេស​ជាតិ​ពីព្រោះ​ថា រឿង​ទាំងអស់​នេះ​គឺជា​រឿង​ទឹក​ដី ជា​រឿង​វាសនា​របស់​ប្រទេសជាតិ មិន​ឱ្យ​ប្រជាពលរដ្ឋ ឬ​មិន​ឱ្យ​អ្នក​ដែល​ធ្វើ​កិច្ច​ការងារ​សង្គម និង​នយោបាយ​គេ​បញ្ចេញ​មតិ​អា​ហ្នឹង​គឺជា​ការ​រឹតត្បិត ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ អ៊ីចឹង​ប្រសិនបើ​អ្នក​ដឹក​នាំ​ប្រទេស​មាន​ទស្សន​បែប​ហ្នឹង​វា​ជា​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ការងារ​សង្គម​ជាតិ»។

ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​រួម​គ្នា​ជាមួយ​ប្រទេស​វៀតណាម និង​ឡាវ ដែល​មាន​លោក ហ៊ុន សែន ជា​មេ​គំនិត​នេះ បាន​រង​ការ​រិះគន់​ជា​យូរ​ឆ្នាំ​មក​ហើយ​ពី​ប្រជាពលរដ្ឋ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល ដោយ​ថា គម្រោង​នេះ នឹង​អាច​នាំ​ឱ្យ​កម្ពុជា​បាត់បង់​ធនធាន​ធម្មជាតិ និង​ទឹកដី​របស់​ខ្លួន​ដ៏​ធំធេង​ទៅ​ឱ្យ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។