ក្រុម​​អ្នក​​ធ្វើការ​​ងារ​​សង្គម​ ​ជួបជុំ​គ្នា​​ហូប​​អាហារ​​សាមគ្គី​​ និង​​ប្ដេជ្ញា​​​បន្ត​​សកម្មភាព​​ដោយ​​គ្មាន​​​ការ​​ភ័យ​ខ្លាច​

0:00 / 0:00

សកម្មជន​​​សង្គម​ច្រើន​​ក្រុម​​​ ​​នឹង​​រួបរួមគ្នា​ជា​ក្រុម​ធំ​តែ​មួយ ​ដើម្បី​ធ្វើ​​សកម្មភាព​រួម​គ្នា​ជា​​ទ្រង់ទ្រាយ​​ធំ​ និង​​​ដោយ​គ្មាន​​ការ​ភ័យ​ខ្លាច។ ការ​តាំង​ចិត្ត​នេះ​ធ្វើ​ឡើង​ក្នុង​កម្មវិធី​ជួបជុំ​គ្នា​​​​​ហូប​អាហារ​សាមគ្គី​នៅ​​ថ្ងៃ​ទី​៦ ខែធ្នូ​។ សង្គម​ស៊ីវិល ​ថាការ​រួបរួម​គ្នា​ជា​ក្រុម​ធំ​នេះ នឹង​ជួយ​ឲ្យ​ការ​តវ៉ា​របស់​ពួកគាត់​មាន​ប្រសិទ្ធភាព​ល្អ។

ក្រុម​​​អ្នក​ធ្វើការ​សង្គម​​ប្រមាណ​ ៥០​ នាក់​ ដែល​ធ្លាប់​រង​គ្រោះ​ដោយ​សារ​ការ​​ចាប់​ឃុំ​ខ្លួន និង​ត្រូវ​អាជ្ញាធរ​​វាយ​ធ្វើ​បាប​ពេល​តវ៉ា​ បាន​ជួប​ជុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​ ក្នុង​គោល​បំណង​​ចែក​រំលែក​ពី​ការ​លំបាក​ និង​សកម្មភាព​តវ៉ា​កន្លង​មក។ ពួកគាត់​បាន​ជួប​ជុំ​គ្នា​នៅ​​ទីតាំង​មួយ​កន្លែង​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃទី៦ ខែធ្នូ។

សមាជិក​ក្រុម​ខ្មែរ​ថាវរៈលោក ហ៊ុន វណ្ណៈ ឲ្យ​ដឹង​ថា​ បណ្ដាញ​សកម្មជន​​ចេញ​មុខ​តវ៉ា​​ទាមទារ​រក​យុត្តិធម៌​គ្រប់​ក្រុម​​កន្លង​មក​ មិន​ដែល​បាន​ជួប​ជុំ​គ្នា​ទេ ហើយ​ពួកគាត់​​តែងតែ​ធ្វើ​សកម្ម​ភាព​តវ៉ា​តាម​ក្រុម​​រៀងៗ​ខ្លួន និង​សុទ្ធ​សឹង​តែ​ជា​ជន​រងគ្រោះ​ដូច​គ្នា។ លោក​​បន្ត​ថា សកម្មជន​ទាំង​អស់​ចង់​ជជែក​គ្នា​ជា​ក្រុម​ធំ​ម្ដង ហើយ​លោក​នឹង​ស្វះស្វែង​រក​ការ​​ចងក្រង​គ្នា​​​ជា​ក្រុម​ធំ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក៖ «ធ្លាប់​ចូលរួម​តស៊ូ​ជាមួយ​គ្នា​ហ្នឹង​ដើម្បី​​ឲ្យ​បាន​ស្គាល់​គ្នា ជជែក​គ្នា​ហ្នឹង​ឲ្យ​បាន​ស្និទ្ធស្នាល​បន្តិច​ ព្រោះ​អាច​ទៅ​ថ្ងៃ​មុខបន្តិច ​គឺ​អាច​យើង​ត្រូវ​រួម​សហការ​គ្នា​បន្ត​ទៀត»។

សមាជិក​ក្រុម​​​ស្ត្រី​ថ្ងៃ​សុក្រ​លោកស្រី សេង ចាន់ថន ឲ្យ​ដឹង​​ថា ពួកគាត់​តែងតែ​លឺ​ពី​សកម្មភាព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​ដែល​បាន​ជួប​គ្នា​ទេ ដោយសារ​អ្នក​ខ្លះ​ត្រូវ​​បាន​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ ឯ​អ្នក​ខ្លះ​ទៀត​រង​របួស​ក្នុង​ពេល​តវ៉ា​ជាដើម​។ ប្រពន្ធ​របស់​សកម្ម​ជន​នយោបាយ​ម្នាក់​នេះ មាន​ជំនឿ​ថា ពួកគាត់​នឹង​អាច​ស្វះស្វែង​រក​ការ​យល់​ចិត្ត​គ្នា​មួយ ហើយ​​រួបរួម​គ្នា​ជា​ក្រុម​ធំ​​​​ដើម្បី​​ពង្រីក​​សេរីភាព​បញ្ចេញ​មតិ​​ឲ្យ​​បាន​ទូលាយ និង​មាន​ប្រសិទ្ធភាព​៖ « គ្រាន់តែ​ជួប​ជុំ​គ្នា​​ដើម្បី​​ឲ្យ​ស្គាល់​គ្នា​ដោយសារ​យើង​ធ្វើការ​តស៊ូ​យូរ​ហើយ​ដើម្បី​ឲ្យ​ពួកគាត់​បាន​ចេញ​មក​អ៊ីចឹង​ណា​​។ ដល់​ពេល​គាត់​បាន​ចេញ​មក​ហើយ​ គាត់​ចង់​ជួប​ពួក​យើង​ដើម្បី​សំណេះ​សំណាល​គ្នា​​ សួរ​សុខ​ទុក្ខ​គ្នា​តែ​ប៉ុណ្ណឹង»។

​ប្រធាន​សហភាព​​សហជីព​កម្ពុជាលោក រ៉ុង ឈុន ស្វាគមន៍​ចំពោះ​​ជំនួប​​នេះ។ ​លោក​មាន​មោទនភាព​ចំពោះ​​សកម្មភាព​ការ​ចូលរួម​ក្នុង​សង្គម​របស់​យុវជន និង​ពលរដ្ឋ​កន្លង​មក។

មន្ត្រី​រដ្ឋាភិបាល​ ថា​ការ​ជួប​ជុំ​គ្នា​​ក្នុង​ន័យ​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​​ គឺ​ជា​រឿង​ត្រឹមត្រូវ​​របស់​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​​​​​។ សមាជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក កត្តា អ៊ន ​ជឿជាក់​ថា សកម្មជន​សង្គម​ភាគ​ច្រើន​​​ធ្លាប់​អនុវត្ត​ទោស​​ និង​កំពុង​ស្ថិត​ក្នុង​ផ្លូវ​តុលាការ ដូច្នេះ​ពួកគាត់​លែង​ហ៊ាន​ល្មើស​ច្បាប់​ត​ទៅ​ទៀត​ហើយ៖ ​« ពួកគាត់​មួយ​ចំនួន​ធ្លាប់​បាន​ប្រព្រឹត្តខុស​ ធ្លាប់​បាន​ត្រូវតុលាការ​ផ្ដន្ទាទោស​ ​ធ្លាប់​បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​។ ដូច្នេះ​ហើយ​គាត់​​ពិត​ជា​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​​សេរី​ភាព​របស់​ខ្លួន មិន​ឲ្យ​បំពាន​ច្បាប់​ត​ទៅ​ទៀត​ទេ»។

​ប៉ុន្តែ​សម្រាប់​ក្រុម​​អ្នក​​ការពារ​សិទ្ធិ​មនុស្ស​ជាតិ ​​អន្តរជាតិ​ និង​ក្រុម​​អ្នក​ជំនាញ​សិទ្ធិ​​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ផង​នោះ ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​កន្លង​មក​ថា​ ​អាជ្ញាធរ​បំពាន​ច្បាប់​។​

ពាក់ព័ន្ធ​នឹង​ការ​ជួបជុំ​​​របស់​សកម្មជន​សង្គម​នេះ​ដែរ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុកលោក ស៊ឹង សែន​ករុណា យល់​ថា គឺ​ជា​​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ចង​ក្រង​គ្នា​។ លោក​បន្ត​ថា​ ការ​ចង​ក្រង​គ្នា​ជា​ក្រុម​ធំ ឬ​ច្រើន​ នឹង​អាច​​ជួយ​ឲ្យ​ការ​តស៊ូ​មតិ​នោះ​​មាន​ប្រសិទ្ធភាព​ខ្ពស់។

ក្រុម​សកម្មជន​​សង្គម​ដែល​ជួប​ជុំ​គ្នា​នេះ មាន​ដូចជា ប្រធាន​សហភាព​សហជីព​កម្ពុជាលោក​ រ៉ុង ឈុន​ បណ្ដាញ​គ្រូ​បង្រៀន​ ក្រុម​យុវជន​ខ្មែរ​ថាវរៈ ក្រុម​ស្ត្រី​ក្លាហាន ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ចលនា​មាតា​ធម្មជាតិ និង​យុវជន​ផ្សេងៗ​ទៀត។ ពួកគាត់​​សុទ្ធ​សឹង​តែ​ជា​អ្នក​ហ៊ាន​ចេញ​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ សកម្មជន​​សង្គម និង​តវ៉ា​ប្រឆាំង​ភាព​អយុត្តិធម៌​​ក្នុង​សង្គម​កន្លង​មក។ ពួកគាត់​មួយ​ចំនួន​ធំ​ ទើប​ត្រូវ​បាន​ដោះ​លែង​ និង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។​ តែ​យ៉ាង​ណា ពួកគេ​ប្ដេជ្ញា​មិន​តក់​ស្លុត​នឹង​ការ​ចាប់​ខ្លួន​នេះ​ឡើយ ហើយ​ពួកគាត់​នៅ​តែ​តាំង​ចិត្ត​ថា បន្ត​ការ​ចូលរួម​​ស្វែង​រក​យុត្តិធម៌​ក្នុង​សង្គម​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។