ស្ត្រី​មួយ​ចំនួន​នៅ​កម្ពុជា​រង​អំពើ​ហិង្សា​ធ្ងន់ធ្ងរ ដោយ​គ្មាន​ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព

0:00 / 0:00

គណៈកម្មាធិការ​នៃ​អង្គការក្រៅរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រីភេទ​ហៅ​កាត់​ថា ស៊ី-ដ (NGO-CEDAW)បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ដោយ​រក​ឃើញ​ថា ក្រុម​ស្ត្រី​ភាគច្រើន​នៅ​កម្ពុជា រង​អំពើ​ហិង្សា​ជា​ញឹកញាប់ ដោយ​ពុំ​មាន​ការ​អើពើ​ទប់ស្កាត់​ពី​សំណាក​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ ជាពិសេស​ស្ត្រី​ដែល​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌​សង្គម។

របាយការណ៍​របស់​ក្រុម​អង្គការ​ស៊ី​- ដ កម្រាស់​៤២​ទំព័រ បាន​រក​ឃើញ​ថា អត្រា​នៃ​អំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ​បន្ត​កើនឡើង​ខ្ពស់ ចំណែក​ការ​ទទួល​បាន​យុត្តិធម៌ សម្រាប់​ជនរងគ្រោះ​នៅ​មាន​កម្រិត​នៅឡើយ​។ ពួកគាត់​ថា បញ្ហា​នេះ​ធ្វើ​ឱ្យ​ស្រី​ភាគច្រើន​រស់នៅ​ក្នុង​ការ​ភ័យខ្លាច។

របាយការណ៍​ដដែល​បង្ហាញ​ថា ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ បាន​ប៉ះពាល់​ជាង ១១​ភាគរយ (១១%) ដែល​មាន​អាយុ​ចាប់ពី ១២ ដល់​១៧​ឆ្នាំ​។ ចំណែក ស្ត្រី​ពេញវ័យ ក៏​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល និង​ងាយ​រងគ្រោះ​ដោយ​ការ​គំរាមកំហែង​បញ្ចេញ​រូប​អាសអាភាស​តាម​អនឡាញ់ ដោយ​ក្រុម​អ្នកផ្ដល់​កម្ចី​អនឡាញ់។

របាយការណ៍​បាន​បញ្ជាក់​ថា ក្នុង​ចំណោម កម្មករ​រោងចក្រ​ជាង ១​ពាន់​នាក់​(១.១០០នាក់) មាន​ជាង​៩០​ភាគរយ (៩៣.៦៥) ពួកគេ​ធ្លាប់​ឮ និង​ឃើញ​ករណី​រំលោភបំពាន​ផ្លូវភេទ​នៅក្នុង​កន្លែងធ្វើការ។ដោយឡែក ក្រុម​ស្ត្រី​ជនជាតិ​ដើម​ភាគតិច អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ស្ត្រី​មាន​ពិការភាព​ធ្លាប់​ឆ្លងកាត់​អំពើ​ហិង្សា​កម្រិត​ខ្ពស់ ហើយ​ពុំ​ទទួល​បាន​យុត្តិធម៌​ត្រឹមត្រូវ​នោះ​ទេ។

ការ​បង្ហាញ​របាយការណ៍​នេះ ធ្វើឡើង​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍ ក្រោម​ចំណងជើង​ថា​«​ពិនិត្យ​តាមដាន​ការ​អនុវត្ត​អនុសញ្ញា ស៊ី-ដ ឆ្នាំ​២០២២» ដែល​មាន​អ្នក​ចូល​ជាង ៦០​នាក់ មក​ពី​តំណាង​ក្រសួង​កិច្ចការ​នារី អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ។

ស៊ីដ.jpg
កម្មវិធីចេញផ្សាយរបាយការណ៍ស្តីពី ការតាមដានលើការអនុវត្តអនុសញ្ញាស៊ី-ដសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក NGO CEDAW - The Cambodian NGO Committee on CEDAW

អគ្គលេខាធិការ នៃ​អង្គការ​ស៊ី-ដ លោកស្រី ជឹម ចាន់នាង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែធ្នូ​ថា ការ​ផ្សព្វផ្សាយ​របាយការណ៍​នេះ ក្នុង​គោល​បំណង់​ដើម្បី​តាមដាន​ការអនុវត្ត​អនុសញ្ញា ស៊ី​-​ដ ឆ្នាំ​២០២២ របស់​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព និង​មាន​វិធានការ​ទប់ស្កាត់​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី ក្មេងស្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។

លោកស្រី ជឹម ចាន់នាង៖ «វា​ជា​រឿង​មួយ​ដែល​ព្រួយបារម្ភ​មែនទែន ព្រោះ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​របស់​យើង​លោក​បាន​ទទួល​ស្គាល់​ក៏ដោយ​ថា បញ្ហា​នៃ​ការប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​វា​ជា​បញ្ហា​របស់​សង្គម ហើយ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ការ​អភិវឌ្ឍ​សង្គម​ក៏ដោយ ប៉ុន្តែ​យើង​ឃើញ​ជាក់ស្ដែង​គឺ​ដំណោះស្រាយ​ជាក់លាក់​ដើម្បី​ឈាន​ទៅ​រក​ការ​បញ្ចប់​ការប្រើ​អំពើ​ហិង្សា​ទាំងនោះ​គឺ នៅ​មាន​កម្រិត​នៅ​ឡើយ»។

របាយការណ៍​ដដែល​បង្ហាញ​ថា នៅ​ឆ្នាំ​២០២២ បាន​រក​ឃើញ​ក្ដី​ព្រួយបារម្ភ​ជាច្រើន​ជុំវិញ​ការ​បង្ក្រាប​ដោយ​អយុត្តិធម៌​មក​លើ​ក្រុម​កូដករ​ជា​ស្ត្រី ដែល​ពួកគាត់​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន គោរព​ច្បាប់​ការងារ ។ ជាក់ស្ដែង ករណី​ក្រុម​កូដករ​ណាហ្គាវើល៍ រង​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​មក​លើ​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅ​ដោះ​កូន និង​ស្ត្រី​ជា​សហជីព​ជាដើម។

ប្រធាន​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​(CFSWF) អ្នកស្រី អ៊ូ ទេពផល្លីន លើកឡើង​ថា ករណី​អំពើ​ហិង្សា​មក​លើ​ក្រុម​កម្មករ​សហជីព​ជា​ស្ត្រី នៅពេល​បច្ចុប្បន្ន និង​ឆ្នាំ​២០២២​កន្លងទៅ ពុំ​មាន​ការ​ថយ​ចុះ​នោះ​ទេ​។ លោកស្រី​ថា ទម្រង់​នៃ​អំពើ​ហិង្សា​ទាំងនោះ តាមរយៈ​ការ​រំលោភបំពាន​ផ្លូវភេទ អំឡុង​ពេល​ពួកគាត់​ធ្វើ​កូដកម្ម និង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​រឹតត្បិត ហើយ​ឈាន​ដល់​ការ​បញ្ឈប់​ពួកគាត់​ពី​ការងារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «តួយ៉ាង​ឃើញ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដដែល​អត់​មាន​អ្វី​ថ្មី ហើយ​មាន​ការ​ចាប់​ដាក់​ពន្ធនាគារ ជា​ការ​គំរាមកំហែង ទៅដល់​កម្មករ​និយោជិក​ដទៃ​ទៀត កុំឱ្យ​ប្រើប្រាស់​សិទ្ធិ​។ រឿង​នឹង​កើតឡើង​ដដែល តែ​ក៏​មិនអាច​បញ្ឈប់​ការ​ទាមទារ​របស់​កម្មករ​និយោជិក​បាន​ដែរ ទោះបី​មានការ​បញ្ឈប់ មានការ​រឹតត្បិត»។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អន និង អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស ស៊ីណែត ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ។

របាយការណ៍​ដដែល​ក៏បាន​អំពាវនាវ និង​ផ្ដល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែ​ចាត់វិធានការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ឱ្យ​មាន​ប្រសិទ្ធភាព តាមរយៈ​ការ​ទទួល​បាន​ការ​កាត់​ក្ដី​នៅ​តុលាការ។ បន្ថែម​ពី​នេះ រដ្ឋាភិបាល ក៏​គួរតែ​អនុម័ត​ជា​បន្ទាន់​នូវ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ លេខ​១៩០ ស្ដីពី​អំពើ​ហិង្សា និង​ការ​បៀតបៀន​នៅក្នុង​ពិភព​ការងារ ហើយ​បញ្ចប់​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ និង​ការ​រឹតត្បិត​ប្រឆាំង​មក​លើ​ស្ត្រី​ពពោះ​ជំនួស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។