ប្រធាន និងសមាជិកសហជីពឯករាជ្យនៅតាមបណ្ដារោងចក្រកាត់ដេរមួយចំនួនរងការរើសអើង និងប្រឈមបណ្ដេញចេញពីកន្លែងធ្វើការ ហើយអ្នកខ្លះកំពុងជាប់ពាក្យបណ្ដឹងនៅតុលាការ ដោយសារចេញមុខការពារអត្ថប្រយោជន៍ឱ្យកម្មករ។ ពួកគាត់ប្ដេជ្ញាចិត្តថា នៅតែការពារសិទ្ធិការងារឱ្យកម្មករ បើទោះបីជារងការគំរាមកំហែងពីសំណាក់ថៅកែក្ដី។
សហជីពឯករាជ្យដែលគេស្គាល់ថា ជាក្រុមការពារ និងតវ៉ាទាមទារឱ្យថៅកែគោរពសិទ្ធិការងារកម្មករនៅតាមរោងចក្រអះអាងថា ពួកគាត់រងការធ្វើទុក្ខបុកម្នេញ ការតាមឃ្លាំមើលគ្រប់រូបភាព ការលួចវាយពីជនមិនស្គាល់មុខ និងការគំរាមរំលាយសហជីពនៅកន្លែងធ្វើការពីសំណាក់ថៅកែក្រុមហ៊ុន។
ប្រធានសហជីពប្រជាធិបតេយ្យកម្មករនៃរោងចក្រកាត់ដេរដាប់ប៊ែលយូ អែន ឌី ខេមបូឌា ( W&D Cambodia ) នៅសង្កាត់ស្ទឹងមានជ័យ លោក សឿង ប្រុស ឱ្យវិទ្យុអាស៊ីសេរីដឹងថា ចាប់តាំងពីលោកក្លាយជាប្រធានសហជីពមក លោកធ្លាប់មានជនមិនស្គាល់មុខលួចវាយ និងគំរាមកំហែងឱ្យឈប់ធ្វើជាប្រធានសហជីពជាច្រើនលើក។ ប៉ុន្តែថា គោលបំណងដែលលោកចងក្រងសមាជិកសហជីពនេះគឺដើម្បីការពារអត្ថប្រយោជន៍ឱ្យកម្មករ ពីព្រោះលោកមើលឃើញពីការរំលោភសិទ្ធិ និងការបង្ខំឱ្យធ្វើកម្មករធ្វើការលើសកម្លាំងនៅក្នុងរោងចក្រ។
លោក សឿង ប្រុស៖ «ធ្វើជាថ្នាក់ដឹកនាំសហជីពហ្នឹងក្នុងលក្ខខណ្ឌមួយយើងអាចកែតម្រូវ កែលម្អនៅកន្លែងការងារយើងកុំឱ្យមានវិវាទកើតឡើងកាន់តែច្រើន កុំឱ្យថៅកែក្រុមហ៊ុនមួយចំនួនមានការគាបសង្កត់កម្លាំងញើសឈាមកម្មករអ៊ីចឹង ពីព្រោះជាទូទៅប្រសិនបើជាអត់មានសហជីពឯករាជ្យដែលការពារសិទ្ធិឱ្យកម្មករ ការប្រើកម្មករ បំបិទសិទ្ធិកម្មករ ប្រើកម្មករដូចគំរាមសម្លុត កំហែងប្រើកម្មករខុសតួនាទី ខុសមុខជំនាញ ប្រើកម្មករលើសកម្លាំងពលកម្ម ហើយផ្ដល់អត្ថប្រយោជន៍ឱ្យកម្មករទាប»។
ក្រៅពីប្រឈមនឹងការបាត់បង់ការងារហើយនោះ នៅមានប្រធានសហជីពមួយចំនួនទៀតកំពុងជាប់ពាក្យបណ្ដឹងនៅតុលាការ និងខ្លះទៀតកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារពួកគាត់ចេញមុខទាមទារឱ្យថៅកែរោងចក្រគោរពសិទ្ធិកម្មករ។
ប្រធានសហជីពស្មារតីកម្មករនៃរោងចក្រសិនតៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) នៅរាជធានីភ្នំពេញ លោក គឹម សុភេន ថ្លែងថា បច្ចុប្បន្នលោកជាប់ពាក្យបណ្ដឹងនៅតុលាការក្រោមបទចោទ ធ្វើកូដកម្មខុសច្បាប់ និងញុះញង់ឱ្យកម្មករធ្វើកូដកម្ម បន្ទាប់ពីលោកទាមទារឱ្យថៅកែទទួលកម្មករចូលធ្វើការវិញ។ លោកបន្តថា ប្រសិនជាថៅកែគោរពច្បាប់ការងារ និងផ្ដល់ប្រាក់អត្ថប្រយោជន៍ឱ្យកម្មករ ពួកគាត់ក៏មិនចេញតវ៉ានោះដែរ។
លោក គឹម សុភេន៖ «ពាក់ព័ន្ធបញ្ហាដែលធ្វើឱ្យកម្មករ ឬសហជីពគាត់តវ៉ាគឺបណ្ដាលមកពីថៅកែក្រុមហ៊ុន ដែលគាត់មិនគោរពច្បាប់ស្ដីពីការងារគឺគាត់តែងបំពានច្បាប់ បំពានសិទ្ធិសេរីភាពមកលើកម្មករអ៊ីចឹងបានជាចេះតែមានការតវ៉ាកើតឡើង និយាយទៅកើតឡើងជាហូរហែ ប៉ុន្តែមួយរយៈចុងក្រោយ ដោយសាររងការគាបសង្កត់ពីក្រុមហ៊ុនដែរ អ៊ីចឹងការតវ៉ាមានការថយចុះ»។
កាលពីពេលថ្មីនេះៗ ប្រធានសហជីពប្រចាំរោងចក្រ វីងស្តារ ស៊ូ (Wing Stars Shoes Cambodia Co.,LTD.) លោក ជា ចាន់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួន ដោយចោទប្រកាន់ ពីបទសមគំនិតលួចសម្ភារៈនៅក្នុងរោងចក្រ ក្រោយលោកព្យាយាមបង្កើតសហជីពការពារកម្មករនៅកន្លែងការងារ ។ ប៉ុន្តែប្រពន្ធ លោក ជា ចាន់ គឺលោកស្រី ឆែ ចាន់រ៉ា និងសហជីព ចាត់ទុកករណីនេះជារឿងអយុត្តិធម៌ និងជារូបភាពគំរាមកំហែង និងរំលោភលើសេរីភាពសហជីព។
កន្លងទៅក្រុមសហជីពមួយចំនួនធ្លាប់លើកឡើងថា ពួកគាត់ពិបាកក្នុងការបំពេញការងារជួយការពារប្រយោជន៍កម្មករ ស្របពេលការតវ៉ា ការចងក្រងសហជីពនៅតាមរោងចក្រ និងកន្លែងផ្សេងទៀតរងការរឹតត្បិត និងគាបសង្កត់ពីសំណាក់ថៅកែរោងចក្រ។
ទោះជាបែបនេះក្ដី ក៏រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ នៅតែធ្វើមិនដឹងមិនលឺចំពោះបញ្ហារបស់ពួកគាត់ឡើយ។ កាន់តែអាក្រក់ជាងនេះទៅទៀតនោះ រដ្ឋមន្ត្រីក្រសួងការងារ ដែលអួតអាងថា កម្ពុជាគឺជាឋានសួគ៌ាដែលបង្កើតសហជីពឡើងដើម្បីការពារប្រយោជន៍ដល់កម្មករ កាលពីថ្ងៃទី២៨ ខែកញ្ញា ក្នុងកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លោក ហេង សួរ បានបោះឆ្នោតគាំទ្រតួលេខដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យកម្មករ ២០២ដុល្លារ ដែលកើនឡើងតែ ២ដុល្លារប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៤។ បញ្ហាប្រាក់ឈ្នួលតិចនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មករ ដោយសារតែតម្លៃទំនិញគ្រប់មុខនៅលើទីផ្សារឡើងថ្លៃកប់ពពក។
ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រខេនស្ព័តស៊ូ (Can sports shoes) នៅខេត្តកំពង់ឆ្នាំងលោក កាន សុខវី កត់សម្គាល់ថា នៅក្នុងរោងចក្រដែលមានកម្មករជាសមាជិកសហជីពតែងរងការព្យួរការងារ និងបញ្ឈប់កម្មករខុសពីនីតិវិធីច្បាប់ជាបន្តបន្ទាប់ ប៉ុន្តែគ្មានមន្ត្រីក្រសួងការងាររូបណាចេញមុខដោះស្រាយឡើយ។
លោក កាន សុខវី៖ «ពេលដែលកម្មករគាត់បង្កើតសហជីពពេលដែលកម្មករគាត់បញ្ជូនឈ្មោះទៅក្រសួង ពេលដែលធ្វើបញ្ជិកា ពេលដែលបញ្ជូនឈ្មោះទៅឱ្យក្រុមហ៊ុន សូមកុំឱ្យគាត់រើសអើងដោយសារអីប្រសិនបើក្រុមហ៊ុនអ្នកឯងគោរពច្បាប់នៅកម្ពុជាកម្មករអ្នកណាគ្មានអ្នកចង់បង្កើតទេ គ្មានអ្នកណាចង់បង្កើតសហជីពទេ ដោយសារអីបានគេចង់បង្កើតគឺដោយសារតែ រោងចក្រអ្នកឯងមិនគោរពច្បាប់ ទី១ ការថែមម៉ោងបង្ខិតបង្ខំ ថ្ងៃបុណ្យថ្ងៃអាទិត្យកម្មករមិនមកគំរាមគេមិនផ្ដល់កិច្ចសន្យា បញ្ហាទី៣ គាត់បង្កើតសហជីពបញ្ឈប់គាត់រើសអើងគាត់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លោក ខេន លូ និងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២០ ខែកុម្ភៈ។
ជុំវិញរឿងនេះប្រធានគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ សង្កេតឃើញថា លំហសិទ្ធិសេរីភាពរបស់សហជីពកាន់តែតូចចង្អៀតនៅពេលដែលពួកគាត់ធ្វើការដើម្បីប្រយោជន៍រួម។ លោកបន្តថា រដ្ឋាភិបាលគួរតែពិចារណាធ្វើវិសោធនកម្មច្បាប់ការងារដែលធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិសហជីព និងលុបបំបាត់អំពើនិទ្ទណ្ឌភាពនៅកន្លែងការងារ។
លោក ឃុន ថារ៉ូ៖ «ដូចជាករណីបញ្ឈប់មេដឹកនាំសហជីពដែលគាត់បង្កើតសហជីព ហើយគាត់មានការការពារពិសេសមិនត្រូវការទទួលបាននូវសិទ្ធិធានាដោយសារ រដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីសហជីព និងអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ អ៊ីចឹងវាជាលក្ខណៈប្រព័ន្ធ ហើយផលជះ ពីបញ្ហាប្រឈមទាំងអស់នោះ វាធ្វើឱ្យមានការកើតអំពើអយុត្តិធម៌ ការរំលោភសិទ្ធិការងារ នៅតាមបណ្តាលសហគ្រាស ក្រុមហ៊ុន រោងចក្រច្រើនណាស់»។
កាលពីថ្ងៃទី០៥ ខែកុម្ភៈ អង្គការ សមាគមដែលធ្វើការលើវិស័យសិទ្ធិការងាររកឃើញថា មេដឹកនាំសហជីព និងសកម្មជនសហជីពនៅតាមរោងចក្រ ប្រមាណជាង៦រយនាក់ (៦២៧ ) មកពីរោងចក្រចំនួន៤៩កន្លែង ត្រូវបានថៅកែរោងចក្របញ្ឈប់កិច្ចសន្យាការងារ និងមានសកម្មជនសហជីពជិត២ពាន់នាក់ (១.៧២៥) ផ្សេងទៀតជាប់ពាក្យបណ្ដឹងនៅតុលាការ និងខ្លះទៀតជាប់ពន្ធនាគារ ដោយសារក្រសួងការងារ ញែកវិវាទរួមរវាងថៅកែរោងចក្រ និងកម្មករឱ្យទៅវិវាទបុគ្គល។
ក្រុមសហជីពលើកឡើងដូចៗគ្នា ថា មូលហេតុប្រធានសហជីព និងសមាជិកសហជីពឯករាជ្យមួយចំនួនប្រឈមនឹងការបណ្ដេញចេញ ឬព្យួរការងារពីថៅកែក្រុមហ៊ុនគឺដោយសារតែ ថៅកែក្រុមហ៊ុនទាំងនោះមិនចង់ឱ្យមានសហជីពនៅកន្លែងការងារដើម្បីការពារសិទ្ធិឱ្យកម្មករ។ ទោះបីជាយ៉ាងណា ក្រុមសហជីពប្ដេជ្ញាចិត្តនៅបន្តការពារសិទ្ធិការងារកម្មករ បើទោះបីជាពួកគាត់ប្រឈមនឹងបញ្ហាផ្លូវច្បាប់ និងបាត់បង់ការងារក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។