មន្រ្តីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រាយការណ៍ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថាលំហសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជា កាន់តែរួមតូច និងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងប្រទេសបែបឯកបក្ស។ មន្រ្តីរូបនេះ អំពាវនាវឲ្យអាជ្ញាធរទាំងអស់នៅកម្ពុជា គោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជារដ្ឋភាគី រួមទាំងសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបប្រជុំ។
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា នៅតែបង្កការព្រួយបារម្ភលើវិស័យជាច្រើន ជាពិសេសក្នុងពេលដែលកាន់តែខិតជិតដល់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅ នៅខែមិថុនា ខាងមុខនេះ។
ទោះជាលោកទទួលស្គាល់ថា កម្ពុជាបានកែលម្អទាក់ទងទៅនឹងសេចក្តីព្រាងច្បាប់ថ្មីៗ ដើម្បីការពារជនងាយរងគ្រោះ កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការ និងវឌ្ឍនភាពឆ្ពោះទៅរកការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាជាដើមក្ដី ក៏លោកថា កម្ពុជានៅមានបញ្ហាជាច្រើន ទាក់ទងនឹងការបិទលំហសេរីភាពពលរដ្ឋ និងសេរីភាពនិងសិទ្ធិនយោបាយ បញ្ហាសវនាការលើសំណុំរឿងដែលមានចរិតនយោបាយ និងការចាប់ខ្លួនអ្នកនយោបាយ និងសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារជាដើម។
សេចក្តីរាយការណ៍របស់លោក វិទិត មុនតាប៊ន ថ្លែងនៅចំពោះមុខស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ(Geneva) នៅប្រទេសស្វ៊ីស (Switzerland) កាលពីថ្ងៃទី២៩ ខែមីនា សង្កត់ធ្ងន់ជាពិសេសទៅលើបរាជ័យរបស់កម្ពុជា ដែលខកខានមិនបានអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
ឆ្លើយតបទៅនឹងចំណុចអវិជ្ជមានទាំងនេះ មន្រ្តីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានច្រានចោលការលើកឡើងនោះភ្លាមៗ។ អ្នកនាំពាក្យនៃគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាលោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ខែមីនា ថានៅកម្ពុជាគ្មានការរំលោភសិទ្ធិមនុស្សនោះទេ គឺមានតែអ្នកនយោបាយ និងសកម្មជនរំលោភច្បាប់។
លោកចោទអ្នករាយការណ៍សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិរូបនេះ ថាយល់ច្រឡំន័យនៃពាក្យរំលោភសិទ្ធិមនុស្ស និងការរំលោភច្បាប់៖ « អ្វីដែលជាការលើកឡើង គឺជាការយល់ច្រឡំ។ អ៊ីចឹងសកម្មជនអង្គការសង្គមស៊ីវិល សកម្មជនគណបក្សនយោបាយផ្សេងៗ ដែលប្រព្រឹត្តល្មើសច្បាប់ គឺជាជនល្មើសនៅក្នុងក្របខណ្ឌច្បាប់ ជាអ្នកនយោបាយប្រព្រឹត្តល្មើសច្បាប់ មិនមែនជាអ្នកនយោបាយប្រព្រឹត្តបទនយោបាយទេ។ អ៊ីចឹងច្បាប់មានភាពស្មើគ្នាណាស់ នៅក្នុងការអនុវត្ត។ យើងមិនអាចអនុវត្តច្បាប់ស្ដង់ដារពីរ និងសិទ្ធិមនុស្សស្ដង់ដារពីរទេ»។
លោក កត្តា អ៊ន បន្តអះអាងថា កម្ពុជាមានលំហសេរីភាពសម្រាប់ពលរដ្ឋទូទៅ និងសម្រាប់អ្នកនយោបាយ ដោយលោកសម្អាងថា មានគណបក្សនយោបាយ៤៥ គណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងមានគណបក្សនយោបាយចំនួន ១៧ ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។ មិនតែប៉ុណ្ណោះ លោកថា មន្រ្តីគណបក្សសង្គ្រោះជាតិ យ៉ាងហោចណាស់៣០នាក់ ក្នុងចំណោម១១៨នាក់ ដែលជាប់បម្រាមនយោបាយ បានទទួលនីតិសម្បទាផ្នែកនយោបាយឡើងវិញ និងបើកគណបក្សថ្មីជាហូរហែរ។ លោកអះអាងថា នោះគឺជារូបភាពនៃការបើកចំហរសេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា សម្រាប់គ្រប់គ្នា។
ផ្ទុយពីការលើកឡើងនេះ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ថាមន្រ្តីដែលជាក្បាលម៉ាស៊ីនដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនរូប នៅតែជាប់បម្រាមនយោបាយ និងមន្រ្តីរួមទាំងសកម្មជនបក្សប្រឆាំងជាច្រើន ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ និងរឿងក្តីជាច្រើនទៀតពាក់ព័ន្ធនឹងមន្រ្តីបក្សប្រឆាំង កំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។
ស្របពេលដែលមន្រ្តីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលកម្ពុជាមិនបានរំលោភសិទ្ធិមនុស្ស រូបភាពនៃការធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតសិទ្ធិសេរីភាពចំពោះអ្នកតវ៉ាសិទ្ធិការងារ និងសហជីព ដូចជាកូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ នៅតែបន្តកើតមានរាល់ថ្ងៃ។ ក្នុងពេលជាមួយគ្នានេះ អ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាព និងការគោរពសិទ្ធិមនុស្ស ដូចជាកញ្ញា សេង ធារី ក៏បន្តរងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងការគំរាមកំហែងគ្រប់រូបភាពពីអាជ្ញាធរ និងមន្រ្តីបក្សកាន់អំណាច។
នៅក្នុងថ្ងៃដែលអ្នករាយការណ៍ពិសេស ថ្លែងសារនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវនៅ នៅកម្ពុជាឯណោះ អាជ្ញាធរកំពុងធ្វើទុក្ខបុកម្នេញពលរដ្ឋ។ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាកូដករ ត្រូវក្រុមអាជ្ញាធរធ្វើបាប និងរារាំងមិនឲ្យធ្វើកូដកម្មតវ៉ាទាមទារសិទ្ធិការងារ និងសហជីព។
កញ្ញា សេង ធារី ដែលហ៊ានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ឥតសំចៃមាត់ និងជាសកម្មជនសង្គម និងធ្លាប់គាំទ្រគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ នោះ ត្រូវមន្រ្តីបក្សកាន់អំណាច គំរាមចាត់ការជាចំហរតាមហ្វេសប៊ុក។
រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាមន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចផងនោះ គឺលោក ជុំ កុសល ដែលជាឧបករណ៍ឃោសនារបស់លោក ហ៊ុន សែន លោកបានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៩ ខែមីនា ដោយប្រដូចកញ្ញា សេង ធារី ទៅនឹងមេរោគកូវីដ-១៩ ដែលលោកចោទថា ជាមេរោគសង្គម ដែលគួរតែរកវិធីការពារកុំឲ្យរីកសាយភាយធំបាន។
កញ្ញា សេង ធារី ចាត់ទុកចេតនានៃការគំរាមកំហែងជាចំហរនេះ មិនមែនធ្វើឡើងដោយចៃដន្យនោះទេ។ កញ្ញាថា លោក ជុំ កុសល ចេញសារគំរាមនេះ ក្នុងថ្ងៃដែលអ្នករាយការណ៍ពិសេស ថ្លែងសារអំពីស្ថានភាពអាក្រក់ ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។ កញ្ញាយល់ថា សាររបស់មន្រ្តីបក្សកាន់អំណាចនេះ គឺជាចេតនាចង់បំបិទមាត់អ្នកហ៊ានចេញមុខតវ៉ាទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌សង្គម ដែលនៅសល់ពីក្រុម គឺក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមរបស់កញ្ញា៖ «ខ្ញុំឮថាមិនមែនត្រឹមតែគាត់ទេ។ ប៉ុន្តែមានមន្រ្តីគណបក្សប្រជាជនផ្សេងៗទៀត បានប្រើភាសាស្រដៀងៗគ្នាក្នុងការបង្ហោះរូបភាពខ្ញុំ នៅក្នុងពេលវេលាតែមួយដែលទាក់ទិនជាមួយសាររបស់អ្នករាយការណ៍ពិសេសយូអិន (UN)»។
ទោះជារងការបំភិតបំភ័យ និងគំរាមកំហែងយ៉ាងនេះក្តី ក៏កញ្ញា សេង ធារី អះអាងថា កញ្ញាមិនញញើត និងចុះញ៉មនោះឡើយ ព្រោះអ្វីដែលកញ្ញាកំពុងធ្វើគឺជាទង្វើស្របច្បាប់ និងជាសិទ្ធិសេរីភាពស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ៖ «របបផ្ដាច់ការយើងដឹងហើយពួកគាត់ខ្លាចពន្លឺ ហើយពន្លឺហ្នឹងជាការពិត ជាសេរីភាព ជាការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ។ ចុងក្រោយគាត់ខ្លាចប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋត្រឹមត្រូវ ប្រជាពលរដ្ឋអង់អាចក្លាហាន ហើយចេះរបៀបនៅក្នុងការតស៊ូដោយសន្តិវិធី។ ខ្ញុំនឹងនៅបន្តសកម្មភាពរបស់ខ្ញុំនៅក្នុងការតស៊ូមតិ នៅក្នុងការឆ្លើយតបទៅនឹងភាពអយុត្តិធម៌ ពីព្រោះខ្ញុំមិនអាចអត់ធ្វើបាន។ ខ្ញុំត្រូវតែធ្វើ !»។
ការគំរាមកំហែងពីមន្រ្តីបក្សកាន់អំណាច និងការប្រើប្រាស់តុលាការជាឧបករណ៍នយោបាយ ដើម្បីធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង និងសកម្មជនសង្គម បានក្លាយជារឿងសាមញ្ញនៅក្នុងសង្គមខ្មែរ ក្រោមការគ្រប់គ្រងប្រទេសតាមបែបឯកបក្សនេះ។
មន្រ្តីសិទ្ធិមនុស្សក្នុងស្រុក ក៏យល់ថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាមិនមានភាពល្អប្រសើរនោះឡើយ។
អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែន ករុណា សោកស្ដាយដែលមន្រ្តីរដ្ឋាភិបាលកម្ពុជា តែងតែទាត់ចោលរបាយការណ៍រំលោភសិទ្ធិមនុស្ស ដែលស្រាវជ្រាវ និងចងក្រងដោយអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស និងរកវិធីឆ្លើយដោះសារ ជាជាងដោះស្រាយបញ្ហា។ លោកថា វិធីសាស្រ្តដោះសារបែបនេះ លែងមានប្រសិទ្ធភាពហើយ នៅក្នុងសម័យបច្ចេកវិទ្យាទំនើប ដែលពលរដ្ឋជាច្រើនចេះប្រើប្រាស់បណ្តាញសង្គម ដើម្បីទទួលបានព័ត៌មានអំពីបញ្ហាសង្គមនោះ។ លោកស្នើឲ្យមន្រ្តីរដ្ឋាភិបាល កែប្រែឥរិយាបទបែបនេះ ដើម្បីចេះទទួលយកការពិត និងរកវិធីដោះស្រាយ ដើម្បីប្រយោជន៍ពលរដ្ឋខ្មែរទូទៅ៖ «គេមើលឃើញអំពីអ្វីដែលជាការរំលោភសិទ្ធិមនុស្សហ្នឹងឯង ! ហើយគាត់ចេះតែគេសវេសអ៊ីចឹង វាមិនមែនជាដំណោះស្រាយទេ។ ខ្ញុំទទូចឲ្យមានការសិក្សាឡើងវិញ ហើយចេះទទួលយក ហើយធ្វើការកែលម្អឲ្យប្រសើរឡើង ដែលជារឿងត្រឹមត្រូវ និងគួរធ្វើ» ។
កម្ពុជារងទណ្ឌកម្មជុំទិសពីសហគមន៍អន្តរជាតិ រឿងមិនព្រមស្តារសិទ្ធិសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ក្រោយរម្លាយគណបក្សសង្គ្រោះជាតិ ចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបណ្ដេញអង្គការសង្គមស៊ីវិលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។