កូដករ​ចោទ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ថា បន្ត​យាយី និង​ដាក់​សម្ពាធ​លើ​សមាជិក​សហជីព ដែល​កំពុង​ធ្វើការ

កូដករ​ចោទ​ប្រកាន់​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ (NAGAWORLD) ថា នៅតែ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​គំរាមកំហែង​លើ​សមាជិក​សហជីព ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន។ ពួក​គាត់​អះអាង​ថា ថៅកែ​ណាហ្គាវើលដ៍ ដាក់​សម្ពាធ​លើ​សមាជិក​សហជីព​ឱ្យ​លាលែង​ចេញ​ពី​សហជីព និង​បង្ខំ​ឱ្យ​ពួក​គាត់​សរសេរ​លិខិត​ស្នើសុំ​ដក​វិភាគទាន ដែល​ក្រុមហ៊ុន​បាន​បង្កក​រយៈ​ពេល​ជិត ២ឆ្នាំ ដោយ​ខុស​នីតិវិធី​ច្បាប់។

សមាជិក​សហជីព​ណាហ្គាវើលដ៍​ប្រមាណ ៤០០នាក់ ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ ត្រូវ​បាន​ថៅកែ​បង្ខំ​ឱ្យ​លាលែង​ពី​សមាជិក​សហជីព និង​គំរាម​បណ្ដេញ​ពី​កន្លែង​ការងារ។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម សុខន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២០ ខែកុម្ភៈ ថា សមាជិក​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្រមាណ ៤០០នាក់ ត្រូវ​បាន​ថៅកែ​ហៅ​ឱ្យ​លាលែង​ពី​សមាជិក​សហជីព​ទាំង​បង្ខំ និង​បង្គាប់​បញ្ជា​ឱ្យ​ពួក​គាត់​ដក​ប្រាក់​វិភាគទាន​របស់​ក្រុម​សហជីព​ថែម​ទៀត។

កញ្ញា ឈឹម សុខន៖«ចង់​ឱ្យ​ក្រុមហ៊ុន​គិត​សា​ឡើង​វិញ ក្នុង​ការ​កាត់​លុយ​វិភាគទាន​ពី​សមាជិក ហើយ​ផ្ដល់​ប្រាក់​បង្កក​ហ្នឹង​មក​ឱ្យ​សហជីព​វិញ មិនមែន​ផ្ដល់​ឱ្យ​សមាជិក​សហជីព​ទេ ពីព្រោះ​នេះ​ជា​ការ​ជ្រៀតជ្រែក ហើយ​ពាក្យ​ស្នើសុំ​ឈប់​ពី​សមាជិក​សហជីព ជាក់ស្ដែង​គាត់​អត់​មាន​យាយី គាត់​ត្រូវ​ដឹង​ហើយ។ ប្រសិន​បើ​សមាជិក​គាត់​លា​ឈប់ គេ​ទៅ​លា​ឈប់​យូរ​ហើយ មិន​បាច់​ដល់​ក្រុមហ៊ុន​កោះហៅ​ទេ​អា​ហ្នឹង ទោះ​ចង់ ឬ​មិន​ចង់ ក៏​យើង​មើល​ឃើញ​ថា ក្រុមហ៊ុន​យាយី​ដែរ»។

កញ្ញា ឈឹម សុខន បន្ថែម​ថា សកម្មភាព ដែល​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ហៅ​បុគ្គលិក​ទៅ​គំរាមកំហែង​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ការងារ និង​ជ្រៀតជ្រែក​ក្នុង​ការងារ​របស់​ថ្នាក់​ដឹកនាំ​សហជីព។ ចំណែក ប្រាក់​វិភាគទាន ដែល​ក្រុមហ៊ុន​បាន​បង្កក​ទុក គឺ​ក្រុមហ៊ុន​គ្មាន​សិទ្ធិ​ចាត់ចែង​ឱ្យ​ទៅ​បុគ្គលិក​រូប​ណា​មួយ​ឡើយ ពីព្រោះ​វិភាគទាន​នេះ គឺ​ជា​ប្រាក់​រួម​របស់​សមាជិក​សហជីព​ទាំង​អស់។

ប្រតិកម្ម​របស់​សកម្មជន​សហជីព​រូប​នេះ គឺ​ក្រោយ​ពី​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​កាល​ពី​ថ្ងៃ​ទី១៦ ខែកុម្ភៈ បាន​ហៅ​បុគ្គលិក​មក​ប្រជុំ​ដាក់​លក្ខខណ្ឌ​ឱ្យ​បុគ្គលិក​ត្រូវ​សរសេរ​ពាក្យ​លា​ឈប់​ពី​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ ដែល​មាន​កញ្ញា ឈឹម ស៊ីថរ ជា​ប្រធាន។ លើស​ពី​នេះ ថៅកែ​ក្រុមហ៊ុន​ក៏​បាន​បង្ខំ​ឱ្យ​បុគ្គលិក​សរសេរ​លិខិត​ស្នើសុំ​ដក​វិភាគទាន​របស់​ក្រុម​សហជីព ដែល​ក្រុមហ៊ុន​បាន​បង្កក​ទុក កាល​ពី​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០២២។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ចេញ​លិខិត​ចំហ​មួយ​បង្ហាញ​ពី​ការ​បន្ត ធ្វើទុក្ខបុកម្នេញ ការ​គំរាមកំហែង និង​ការ​បញ្ឈប់​កម្មករ​ពី​កន្លែង​ការងារ។ ក្រុម​សហជីព​បញ្ជាក់​ថា ការ​យាយី​បុគ្គលិក និង​ការ​រង​នូវ​ភាព​អយុត្តិធម៌​ផ្ទួនៗ គ្នា ពី​សំណាក់​ថៅកែ​ណាហ្គាវើលដ៍ ក៏​មាន​ការ​ជ្រៀតជ្រែក​ពី​ក្រសួង​ការងារ​ផង​ដែរ ដោយ​ក្រសួង​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​ថៅកែ​បរទេស​រំលោភ​សិទ្ធិ​កម្មករ​បាន​តាម​អំពើ​ចិត្ត។

គិត​មក​ទល់​ពេល​នេះ តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ឱ្យ​ដឹង​ថា ពួក​គាត់​មិន​ទាន់​ទទួល​បាន​ចំនួន​តួលេខ ដែល​សមាជិក​សហជីព​ទាំង​នោះ​ដក​ខ្លួន​ចេញ​ពី​សមាជិក​សហជីព និង​បង្ខំ​ឱ្យ​សរសេរ​លិខិត​ស្នើសុំ​វិភាគទាន​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែកុម្ភៈ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកស្រី ទូច សេរី មាន​ប្រសាសន៍​ថា ការ​បង្ខំ​ឱ្យ​កម្មករ​លាលែង​ចេញ​ពី​សមាជិក​សហជីព គឺ​រំលោភបំពាន​សិទ្ធិ និង​ជា​ការ​រើសអើង​សហជីព។ អ្នកស្រី​បារម្ភ​ថា បញ្ហា នេះ នឹង​ធ្វើ​ឱ្យ​បុគ្គលិក​មួយ​ចំនួន​ប្រឈម​នឹង​សម្ពាធ​ផ្លូវចិត្ត​នៅ​កន្លែង​ការងារ។

អ្នកដ្រី ទូច សេរី៖«យើង​មើល​ឃើញ​ហើយ ប្រទេស​គេ​នៅ​ជិត​ខាង គេ​តែងតែ​មាន​សហជីព ដើម្បី​មាន​ដំណោះស្រាយ ដើម្បី​រក​យុត្តិធម៌​ឱ្យ​កម្មករ ប៉ុន្តែ​ចំណែក​នៅ​កម្ពុជា​វិញ យើង​មើល​ហើយ​កាល​ណា​មាន​អ្នក​បង្កើត​សហជីព ដូចជា​ប្រឈម​ថ្នាក់​ដឹកនាំ យើង​បង្កើត​ហើយ​គេ​ដេញ​ចេញ ហើយ​កម្មករ​ណា​តវ៉ា​ច្រើន គេ​ឱ្យ​លាលែង​ឈប់​ពី​សហជីព កុំ​ឱ្យ​ចូល​សហជីព ខ្ញុំ​គិត​ថា មិន​ល្អ។ ត្រង់​ហ្នឹង ដែល​ធ្វើ​ឱ្យ​កម្មករ​នៅ​ស្រុក​ខ្មែរ​មិន​ហ៊ាន ចេះ​តែ​នឹក​ឃើញ​ខ្លាច»។

នេះជាលើកទី៣ ហើយ ដែល​ថៅកែ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សមាជិក​សហជីព បន្ទាប់​ពី​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ ដែល​ក្រុម​កម្មករ​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌ និង​បំពាន​ច្បាប់​ការងារ ព្រោះតែ​មាន​ការ​រើសអើង​សហជីព ដែល​ដឹកនាំ​ដោយ​កញ្ញា ឈឹម ស៊ីថរ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។