តុលាការ​ខេត្តតាកែវ​ផ្ដន្ទាទោស​លោក ភុន យុទ្ធ ឱ្យ​ជាប់ ពន្ធនាគារ ១៨ខែ រឿង​រិះគន់​មេ​ដឹកនាំ​ក្រុងភ្នំពេញ

0:00 / 0:00

តុលាការ​ខេត្តតាកែវ​កាត់ក្ដី​ជន​ពិការ​ម្នាក់ គឺ​លោក ភុន យុទ្ធ ឱ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ ៦ខែ រឿង​លោក​បញ្ចេញ​មតិ​រិះគន់​មេដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ នៅ​លើ​ប្រព័ន្ធ​ហ្វេសប៊ុក​កន្លងទៅ។ ប៉ុន្តែ​សង្គម​ស៊ីវិល គ្រួសារ​សោកស្ដាយ និង​ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ហើយ​ទាមទារ​ឱ្យ​តុលាការ​ពិចារណា​ដោះលែង​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​ឡើងវិញ។

សាលាដំបូង​ខេត្តតាកែវ នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​លោក ភុន យុទ្ធ ជាប់​ពន្ធនាគារ ១៨ខែ ពី​បទ «ញុះញង់​ឱ្យ​មាន​ការរើសអើង» រឿង​លោក​និយាយ​រិះគន់​ភាព​អសកម្ម​របស់​មេដឹកនាំ​រដ្ឋាភិបាល និង​ការ​រីក​រាលដាល​គ្រឿងញៀន។ សាលក្រម​នេះ​ប្រកាស​នៅ​ចំពោះ​មុខ​លោក ភុន យុទ្ធ ហើយ​បន្ទាប់មក​ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​លោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តតាកែវ​វិញ។

ប្រពន្ធ​របស់​លោក ភុន យុទ្ធ គឺ​លោកស្រី មុំ វិត ដែល​ជា​ជន​ពិការ​រស់នៅ​ជាមួយ​កូនស្រី​អាយុ ១០ឆ្នាំ​ នៅ​ក្នុង​ខ្ទម​មួយ​នៅ​ក្នុង​ឃុំស្រឡាច ខេត្តតាកែវ យំ​រៀបរាប់​ថា​ លោកស្រី​ឈឺចាប់ និង​មិន​អាច​ទទួល​យក​សាលក្រម​របស់​តុលាការ​ខេត្តតាកែវ​បាន​ទេ។ លោកស្រី​យល់​ថា ​តុលាការ​សម្រេច​ក្តី​លម្អៀង​ក្នុង​គោលបំណង​ធ្វើ​ទុក​បុក​ម្នេញ និង​ការ​ដាក់​សម្ពាធ​ផ្លូវចិត្ត​លើ​ប្តី​លោកស្រី​បន្ត​ទៀត។ លោកស្រី​ថា ​នឹង​ពិភាក្សា​ជាមួយ​មេធាវី​របស់​សមាគម​អាដហុក ប្ដឹង​ឧទ្ធរណ៍​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្ដីលោកស្រី។

លោកស្រី មុំ វិត៖ «តុលាការ​កាត់ទោស​ឱ្យ​ប្តី​របស់​ខ្ញុំ ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​កន្លះ ខ្ញុំ​នឹក​ឃើញ​ប្តី​ខ្លោច​ចិត្ត​ណាស់ ហើយ​ណាមួយ​គាត់​ជា​ជន​ពិការ​ទៀត គាត់​ត្រូវ​ជាប់​រាប់​ឆ្នាំ​បែក​ពី​គ្រួសារ ហើយ​វេទនា​ទៀត។ និយាយ​រួម​ទៅ​ វា​ជា​សម្ពាធ​លើ​គ្រួសារ​ផង ដាក់​សម្ពាធ ធ្វើបាប​លើ​ប្ដី​របស់ខ្ញុំ​ផង និយាយ​រួម​ទៅ​ដាក់​សម្ពាធ​លើ​គាត់​ គឺ​ខ្ញុំ​ទទួលយក​អត់​បាន​ទេ»។

លោកស្រី មុំ វិត រៀបរាប់​ទៀត​ថា បច្ចុប្បន្ន​លោកស្រី​ពិបាកចិត្ត​ត្រូវ​រ៉ាប់រង​បន្ទុក​គ្រួសារ​ទាំង​ស្រុង ស្រប​ពេល​លោក ភុន យុទ្ធ មាន​ជំងឺ​កំពុង​រង​ទុក្ខ​លំបាក​ក្នុង​ពន្ធនាគារ។ លោកស្រី​ស្នើ​ដល់​តុលាការ​ឱ្យ​ពិចារណា​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​ឡើងវិញ ពីព្រោះ​ប្ដី​របស់​លោកស្រី​ជា​មនុស្ស​ស្អាតស្អំ​ដោយ​មិន​បាន​ធ្វើ​ខុស​ដូច​ការចោទប្រកាន់​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​ខេត្តតាកែវ​លោក ង៉ែត ដារុធ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា។

ជុំវិញ​រឿង​នេះ មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក គឹម ពិសិដ្ឋ ដែល​បាន​ឃ្លាំមើល​ដំណើរការ​សំណុំរឿង​នេះ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ១ឆ្នាំ ៦ខែ គឺ​ជា​ការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​លើ​លោក ភុន យុទ្ធ ដែល​ហ៊ាន​និយាយ​ពី​បញ្ហា​អសកម្ម​នៅ​ក្នុង​សង្គម។ លោក​បារម្ភ​ករណី​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដទៃ​ទៀត​ ដែល​ចង់​បញ្ចេញមតិ​រិះគន់​ពី​ភាព​អសកម្មភាព​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល។

លោក គឹម ពិសិដ្ឋ៖ «ជា​ករណី​អាជ្ញាធរ​គួរ​បើក​ការស៊ើបអង្កេត​លើ​អ្វី​ដែល​ជា​កង្វល់​របស់​ពលរដ្ឋ ដែល​ជា​ការ​បញ្ចេញ​មតិ​នេះ ជាជាង​យើង​ទៅ​ចាប់​កំហុស​លើ​ការ​បញ្ចេញ​មតិ​ទៅ​ជា​ការ​ផ្ដន្ទាទោស ឬ​ចាប់​កំហុស​ណា​មួយ​នេះ វា​មិន​មាន​ផល​វិជ្ជមាន​ណាមួយ​សម្រាប់​ពលរដ្ឋ​ចូលរួម​ក្នុង​ការ​បញ្ចេញ​មតិ ចូលរួម​អភិវឌ្ឍន៍​ឱ្យ​ស្របតាម​សង្គម​លទ្ធិប្រជាធិបតេយ្យ ក៏​ដូច​ជា រដ្ឋធម្មនុញ្ញ ដែល​មាន​ចែង​ទេ​បាទ»។

លោក ភុន យុទ្ធ បច្ចុប្បន្ន​វ័យ ៤០ឆ្នាំ ជា​ជន​ពិការ​ស្វិត​ជើង​ពី​កំណើត រស់នៅ​ក្នុង​ភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ លោក ភុន យុទ្ធ ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៥ខែ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​ពី២០១៩ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «ញុះញង់ និង​ជេរប្រមាថ​ជា​សាធារណៈ» ទាក់ទង​លោក​រិះគន់​​ភាព​អសកម្ម​រដ្ឋាភិបាល និង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​ដំណែង។

លោក ភុន យុទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​លើក​ទី២ កាល​ពី​ថ្ងៃ​ទី១៩ ខែមីនា ដោយ​តុលាការ​ខេត្តតាកែវ​បាន​ចោទប្រកាន់​លោក​ ពី​បទ «ញុះញង់​ឱ្យ​មាន​ការរើសអើង» បន្ទាប់ពី​លោក​​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ឈ្មោះ​«ខ្ញុំ​ចង់​បាន​អ្នកដឹកនាំ​ថ្មីៗ​» ដែល​និយាយ​រិះគន់​ខ្លាំងៗ ចំពោះ​ការដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

ទោះ​យ៉ាង​ណា​ក្ដី គ្រួសារ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់ ការ​ឃុំ​ខ្លួន និង​ការសម្រេច​ផ្ដន្ទាទោស​លោក ភុន យុទ្ធ ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​លំហ​​សេរីភាព​របស់​ពលរដ្ឋ ព្រមទាំង​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​អ្នកជាប់ឃុំ​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ៕

សម្រាប់លោក​អ្នកនាង​កញ្ញា ដែល​ចង់​អាន​ព័ត៌មាន​ទាក់ទង​នឹង​នេះ សូម​ចុច​លើ​តំណភ្ជាប់នេះ៖ Wheelchair-bound Cambodian man sentenced to 18 months in incitement case

A disabled man convicted of incitement for comments he posted on Facebook about Prime Minister Hun Manet was sentenced to 18 months in prison on Tuesday.

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។