អង្គការសមាគមធាងត្នោត នៅថ្ងៃទី១៤ ខែធ្នូ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ ស្ដីពីសិទ្ធិមានលំនៅឋានសមរម្យ និងការអភិវឌ្ឍទីក្រុងប្រកបដោយបរិយាប័ន្ន ឬប្រកបដោយការចូលរួមគ្រប់ជ្រុងជ្រោយ និងទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
ការប្រារព្ធកម្មវិធីនេះ មានការចូលរួមពីតំណាងអង្គការដៃគូ និងតំណាងសហគមន៍រងគ្រោះដោយការបណ្ដេញចេញពីលំនៅឋាន ក្រោមគម្រោងអភិវឌ្ឍន៍មួយចំនួនរបស់រដ្ឋាភិបាល។ អង្គការសមាគមធាងត្នោត និងតំណាងសហគមន៍រងគ្រោះដីធ្លី លើកឡើងថា កន្លងមក រដ្ឋាភិបាល ហាក់មិនបានផ្តល់តម្លៃសំខាន់ដល់សិទ្ធិមានលំនៅឋានសមរម្យនោះទេ ដែលតែងតែកើតមានព្រឹត្តិការណ៍បណ្ដេញពលរដ្ឋចេញពីលំនៅឋាន ឬដីធ្លីដោយបង្ខំ និងហិង្សា ដើម្បីយកដីសម្រាប់អភិវឌ្ឍន៍។
ទោះជាយ៉ាងណាក្ដី អង្គការដែលធ្វើការជាមួយសហគមន៍រងគ្រោះដីធ្លីក្នុងទីក្រុងភ្នំពេញនេះ កត់សម្គាល់ថា ការបណ្ដេញចេញដោយបង្ខំនៅក្នុងទីក្រុងភ្នំពេញមានការថយចុះ។ និយមន័យនៃពាក្យ "សិទ្ធិមនុស្សមានលំនៅឋានសមរម្យ គឺជាសិទ្ធិមនុស្សរបស់ស្ត្រី បុរស យុវជន និងកុមារគ្រប់រូប ក្នុងការទទួលបានលំនៅឋាន និងសហគមន៍មួយ ដែលគត់មត់ និងមានសុខសុវត្ថិភាព ដែលអាចរស់នៅប្រកបដោយសន្តិភាព និងសេចក្ដីថ្លៃថ្នូរ"៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។