អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរដែលជាសកម្មជនសង្គមម្នាក់ត្រឡប់មកវិញនៅថ្ងៃទី៧ ខែមិថុនា ក្រោយអង្គការសិទ្ធិមនុស្សជួយអន្តរាគមន៍ទាន់ពេលវេលាក្រោយចាប់ខ្លួន។ មន្ត្រីសិទ្ធិមនុស្សមើលឃើញថា ជនភៀសខ្លួនខ្មែររស់នៅប្រទេសថៃនៅតែរងការរឹតត្បិតសិទ្ធិសេរីភាព និងប្រឈមពីបញ្ហាសុវត្ថិភាព។
ប៉ូលិសថៃ បានដោះលែងសកម្មជនសង្គមដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ឆេង ប៊ុនហាក់ ក្រោយចាប់ខ្លួនបានប៉ុន្មានម៉ោង។
ប៉ូលិសថៃស្លៀកពាក់ស៊ីវិលជាច្រើននាក់បានឃាត់ខ្លួនលោក ឆេង ប៊ុនហាក់ កាលពីម៉ោង៦ព្រឹកថ្ងៃទី០៧ ខែមិថុនា គឺអំឡុងពេលដែលលោកដើរចេញពីបន្ទប់ជួលតម្រង់ទៅទិញម្ហូបអាហារនៅជាយទីក្រុងបាងកក។ បន្ទាប់មកសមត្ថកិច្ចទាំងនោះបានបញ្ជូនលោកទៅប៉ុស្តិ៍នគរបាលមូលដ្ឋានដើម្បីសួរនាំ និងពិនិត្យឯកសារស្នាក់នៅជាច្រើនម៉ោងដោយគំរាមបញ្ជូនលោកទៅឃុំនៅពន្ធនាគារ ហើយបញ្ជូនទៅឱ្យអាជ្ញាធរកម្ពុជាវិញ។ ប៉ុន្តែប៉ូលិសបានសម្រេចដោះលែងលោកនៅម៉ោង១២ថ្ងៃត្រង់ដោយពុំមានលក្ខខណ្ឌអ្វីនោះទេ បន្ទាប់ពីអង្គការសិទ្ធិមនុស្សរួមជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅកម្ពុជានិងថៃសហការគ្នាជួយអន្តរាគមន៍ទាន់ពេល។
លោក ឆេង ប៊ុនហាក់ ប្រាប់ថា បើទោះបីនៅពេលនេះលោករួចផុតពីការឃុំខ្លួនក្តី ក៏លោករួមជាមួយជនភៀសខ្លួនដទៃទៀតនៅតែរស់នៅលាក់ខ្លួនពីកន្លែងមួយទៅកន្លែងមួយដោយសម្ងំរស់នៅក្នុងបន្ទប់ជួលដើម្បីគេចខ្លួនពីការធ្វើបាប ឬបារម្ភខ្លាចសមត្ថកិច្ចថៃចាប់ដាក់គុក និងបញ្ជូនទៅកម្ពុជាវិញ។
លោក ឆេង ប៊ុនហាក់៖«ខ្ញុំរងគ្រោះដោយសាររបប(ក្រុងភ្នំពេញ)ហ្នឹង ខ្ញុំត្រូវតែនិយាយត្រូវតែថា ខ្ញុំរត់ភៀសខ្លួនដើម្បីចង់បានសិទ្ធិសេរីភាព ការនិយាយការពិត។ ខ្ញុំជាមុខសញ្ញាដែលគេត្រូវតាមពីរនាក់លោក សាត អូន គឺគេកំពុងតាមរកដោយសារខ្ញុំឡាយវីដេអូ បង្ហោះ(Live Facebook)រិះគន់រដ្ឋាភិបាល ហើយខ្ញុំអត់បានកាត់(UNHCR)ជាប់ខ្លួនផង ខ្ញុំរកតែកន្លែងរត់ពូនអាត្មាម្តងទៅរស់នៅនោះម្តងទៅរស់នៅនោះគ្រប់បែបយ៉ាង ខ្ញុំនៅតែភិតភ័យនៅតែបារម្ភ»។
លោក ឆេង ប៊ុនហាក់ គឺជាប្រជាពលរដ្ឋដែលឈឺឆ្អាលបញ្ហាសង្គម និងជាតំណាងពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោករត់ភៀសខ្លួនទៅប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ២០២៣ ដោយសារប៉ូលិសនៅស្រុកម៉ាឡៃតាមចាប់លោក។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា សកម្មជនសង្គម និងនយោបាយបានបង្ខំចិត្តរត់ភៀសខ្លួនទៅរស់នៅប្រទេសថៃដើម្បីគេចពីការតាមយាយីពីសំណាក់រដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ ប៉ុន្តែចាប់តាំងពីដើមឆ្នាំ២០២៤មក អាជ្ញាធរថៃបានបង្កើនការចាប់ខ្លួនសកម្មជនធ្វើឱ្យជនភៀសខ្លួនផ្សេងទៀតដែលស្ថិតក្រោមការគ្រប់គ្រងដោយអង្គការសហប្រជាជាតិប្រចាំប្រទេសថៃនាំឱ្យពួកគេភ័យខ្លាចនិងព្រួយបារម្ភពីសន្តិសុខ សុវត្ថិភាព និងការអនុវត្តសិទ្ធិសេរីភាពពួកគេនៅទីនោះ។
លោក យិន ម៉េងលី៖«ទោះបីមានការដោះលែងខ្លះក៏ដោយ ក៏ជនភៀសខ្លួនអត់មានសុវត្ថិភាពស្ថិតក្រោមការគ្រប់គ្រងUNHCRហ្នឹង វាទល់តែមានការយោគយល់គ្នាមួយឱ្យបានច្បាស់លាស់ថែមទៀត បានជាសញ្ញាល្អសម្រាប់ជនភៀសខ្លួន។ ថៃជាប្រជាសេរីមួយដែរតែជនភៀសខ្លួននៅតែបារម្ភអំពីការចាប់ឃុំ ដូចជាការចាប់ខ្លួន ដោះលែង ចាប់ខ្លួនហើយឃុំដោះលែងវិញ នេះហើយវាជាសញ្ញាមិនល្អសម្រាប់ជនភៀសខ្លួនហ្នឹងបាទ»។
កាលពីពេលថ្មីៗនេះអាជ្ញាធរថៃបានដោះលែងជនភៀសខ្លួនដែលជាសកម្មជនសង្គម និងនយោបាយចំនួន៩នាក់ ក្នុងនោះមានប្រពន្ធកូនរបស់លោក ផន ផាន់ណា និងលោក គង់ រ៉ៃយ៉ា ឱ្យនៅក្រៅឃុំផងដែរ ចំណែកជនភៀសខ្លួនចំនួន ៨នាក់ទៀតបន្តជាប់ឃុំនៅពន្ធនាគារក្នុងប្រទេសថៃមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។