សមត្ថកិច្ចថៃបន្តឃុំខ្លួនជនភៀសខ្លួនបីនាក់ និងប្រពន្ធកូនរបស់ពួកគេ ក្រោយសមត្ថកិច្ចសម្រុកចុះចាប់ពួកគេដល់កន្លែងស្នាក់នៅកាលពីថ្ងៃទី២ ខែកុម្ភៈ។ អ្នកការពារសិទ្ធិមនុស្សថា គួរដល់ពេលអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ជជែកជាមួយរដ្ឋាភិបាលថៃ ដើម្បីឱ្យរដ្ឋាភិបាលប្រទេសនេះគោរពសិទ្ធិជនភៀសខ្លួនហើយ។
សមត្ថកិច្ចថៃសម្រុកចុះចាប់ជនភៀសខ្លួនជាបន្តបន្ទាប់នៅពេលនេះ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោងមកបំពេញទស្សនកិច្ចនៅប្រទេសថៃនៅសប្ដាហ៍ក្រោយ។ ជនភៀសខ្លួនខ្មែរនៅប្រទេសថៃបារម្ភថា ប្រសិនUNHCR អន្តរាគមន៍មិនទាន់ពេលទេ សមត្ថកិច្ចថៃ អាចនឹងបញ្ជូនជនភៀសខ្លួនទាំងនោះទៅប្រទេសកម្ពុជាវិញ។
កាលពីថ្ងៃទី២ កុម្ភៈ ថា ប៉ូលិសថៃបានចូលចាប់ខ្លួន លោក ផន ផាន់ណា នៅបន្ទប់ស្នាក់នៅក្នុងខេត្តរាក់យ៉ង (Rayorng) ដោយសមត្ថកិច្ចបានបញ្ជូនលោក ផន ផាន់ណា និងប្រពន្ធរបស់លោក រួមទាំងកូនតូចៗពីរនាក់យកទៅឃុំខ្លួន។ នៅថ្ងៃដដែលនោះសមត្ថកិច្ចក៏បានទៅព័ទ្ធបន្ទប់ស្នាក់របស់អតីតសកម្មជនគណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា និងនាំខ្លួនលោក គង់ រ៉ៃយ៉ា ប្រពន្ធ និងកូនតូចពីរនាក់ទៅឃុំខ្លួន។ ចំណែកសកម្មជនបក្សប្រឆាំង និងជាតំណាងភៀសខ្លួនម្នាក់ទៀត គឺលោក លឹក សុខា ក៏ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅម្ដុំស្ថានីយរថយន្តអនុស្សាវរីយ៍ នៅក្នុងទីក្រុងបាងកក នៅយប់ទី២ ខែកុម្ភៈ។
មន្ត្រីគណបក្សភ្លើងទៀនដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក លី ម៉េងឃៀង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែកុម្ភៈថា នៅពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីលើជនភៀសខ្លួនទាំងនោះ។ លោកឱ្យដឹងទៀតថា អតីតសកម្មជនគណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា និងប្រពន្ធ ត្រូវសមត្ថកិច្ចបញ្ជូនកាត់ក្ដីនៅតុលាការថៃរួចហើយ ហើយពេលនេះ សមត្ថកិច្ចកំពុងឃុំខ្លួនលោក គង់ រ៉ៃយ៉ា នៅពន្ធនាគារបាងខែ នៅជាយទីក្រុងបាងកក។ ចំណែក សកម្មជនគណបក្សភ្លើងទៀន លោក ផន ផាន់ណា និងសកម្មជនបក្សប្រឆាំងមួយរូបទៀត គឺលោក លឹម សុខា ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារស៊ូនភ្លូ នៅទីក្រុងបាងកក។ «»
លោក លី ម៉េងឃៀង ឱ្យដឹងថា សមត្ថកិច្ចថៃចុះចាប់ខ្លួនក្រុមជនភៀសខ្លួនទាំងនោះ ព្រោះមានគេប្ដឹងទៅសមត្ថកិច្ចថៃ តែលោកមិនដឹងថា ម្ចាស់បណ្ដឹងនោះជាអ្នកណាឡើយ។ លោកបន្តទៀតថា ក្រុមជនភៀសខ្លួនដែលបានផ្ដល់ដំណឹងមកលោកថា សមត្ថកិច្ចថៃ កំពុងតាមរកចាប់ខ្លួនរូបលោក និងមន្ត្រីគណបក្សភ្លើងទៀនម្នាក់ទៀតគឺលោក ខឹម មុន្នីកុសល ដែលកំពុងភៀសខ្លួននៅថៃដែរ។ «»
វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពីមន្ត្រីអនុព័ន្ធការងារអមស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក លោក ឈឹម វិបុល បានទេនៅថ្ងៃទី៣ ខែកុម្ភៈ។ ប៉ុន្តែ លោក ឈឹម វិបុល សរសេរលើទំព័ររបស់លោកថា ស្ទូចក៏បានចាប់ក៏បាន បឹងធំយ៉ាងណាក៏រត់មិនរួចដែលអាកូនត្រី។ មន្ត្រីស្ថានទូតរូបនេះ តែងតែរងការរិះគន់ថា យកពេលវេលាបំពេញការងាររដ្ឋទៅបម្រើប្រយោជន៍បក្សកាន់អំណាច ដូចជាសហការជាមួយសមត្ថកិច្ចថៃក្នុងការចាប់ខ្លួនជនភៀសខ្លួនជនភៀសខ្លួន ដើរកៀរគរឱ្យពលករគាំទ្រគណបក្សកាន់អំណាច ឬកៀរគរពលករឱ្យរង់ចាំទទួលស្វាគមន៍លោក ហ៊ុន ម៉ាណែត មកបំពេញទស្សនកិច្ចនៅប្រទេសថៃជាដើម។
ជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត សង្កេតឃើញថា សមត្ថកិច្ចថៃសម្រុកចុះចាប់ខ្លួនជនភៀសខ្លួននៅពេលនេះ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោងមកបំពេញទស្សនកិច្ចនៅប្រទេសថៃ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បារម្ភពីសុវត្ថិភាពជនភៀសខ្លួន។ លោក អំ សំអាត ចង់ឃើញអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន គួរបន្តជែកជាមួយរដ្ឋាភិបាលថៃ ឱ្យមានគោរពសិទ្ធិ និងធានាសុវត្ថិភាពជនភៀសខ្លួនដែលកំពុងរស់នៅប្រទេសថៃ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើឲ្យអាជ្ញាធរថៃ ដោះលែងជនភៀសខ្លួនខ្មែរ៣នាក់ និងត្រូវបញ្ឈប់ការតាមចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលបានរត់គេចខ្លួនពីកម្ពុជាមកនៅប្រទេសថៃ។
នាយករងនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៣ ខែកុម្ភៈ ថា ការចាប់ខ្លួនជនភៀសខ្លួនខ្មែរ ៣នាក់ មុនទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅសប្តាហ៍ក្រោយនេះ មិនមែនជាទង្វើល្អសំរាប់ប្រទេសថៃ ដើម្បីទទួលបានអាសនៈជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះឡើយ។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បន្តថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងដឹកនាំប្រទេសតាមរបៀបផ្ដាច់ការ គាបសង្កត់ និងរំលោភសិទ្ធិមនុស្ស ដូចជាឪពុករបស់ខ្លួនដែរ ហើយរដ្ឋាភិបាលថៃ មិនគួរសហការជាមួយអាជ្ញាធរខ្មែរ ដើម្បីពង្រីកកិច្ចប្រឹងប្រែងបង្ក្រាបឆ្លងដែន ដល់ជនភៀសខ្លួនខ្មែរទាំងនោះឡើយ។
សមត្ថកិច្ចថៃ កាលពីចុងឆ្នាំ២០២៣ បានឃាត់ខ្លួនជនភៀសខ្លួនខ្មែរចំនួន១០នាក់ ក្នុងពេលពួកគាត់ចូលរួមវគ្គសិក្សាស្វែងយល់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា នៅក្នុងទីក្រុងបាងកក តែក្រោយមកសមត្ថកិច្ចដោះលែងមនុស្សពួកគេខ្លះទៅវិញ និងជនភៀសខ្លួនខ្លះទៀតត្រូវបានUNCHR បញ្ជូនទៅប្រទេសទី៣ ដែលនៅពេលនេះមានជនភៀសខ្លួនកំពុងជាប់ឃុំនៅសល់ចំនួន៦នាក់។ ចំណែកការសម្រុកចាប់ជនភៀសខ្លួនពីក្រុមសមត្ថកិច្ចថៃនៅពេលនេះ គឺលក្ខណៈជាគ្រួសារ ដោយគ្រួសារលោក គង់ រ៉ៃយ៉ា ត្រូវជាប់ឃុំទាំងប្រពន្ធ និងកូនតូចសរុបទាំងអស់ ៤នាក់ គ្រួសារលោក ផន ផាន់ណា ទាំងប្រពន្ធ និងកូនតូចសរុបទាំងអស់៤នាក់ ចំណែកលោក លឹម សុខា គឺជាប់ឃុំតែម្នាក់ឯងទេ ដែលធ្វើឱ្យជនភៀសខ្លួនខ្មែរជាប់ឃុំនៅប្រទេសថៃ ក្នុងនៅរយៈពេលចុងក្រោយមានចំនួន១៥នាក់រួមទាំងមនុស្សចាស់ និងកូនក្មេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។