"រដ្ឋាភិបាល​ខកខាន​មិន​បាន​ការពារ​ស្ត្រី និង​ក្មេងស្រី​ពី​ការ​បៀតបៀន​ពេល​បុណ្យ​ចូលឆ្នាំថ្មី"

0:00 / 0:00

សង្គម​ស៊ីវិល និង​ពលរដ្ឋ​មើលឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ខកខាន​មិនបានការ​ពារ​ស្ត្រី និង​ក្មេងស្រី​ពី​ការ​បៀតបៀន ដូចជា ការ​ចាប់​ថើប និង​បន្លំ​ប៉ះពាល់​រាងកាយ​ជាដើម ខណៈ​និន្នាការ​បែបនេះ​តែងតែ​កើតឡើង​អំឡុង​ពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ពួកគេ​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​គិត​គូ​បញ្ហា​នេះ​ឡើងវិញ ដើម្បី​លើក​កម្ពស់​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ចាត់ទុក​អំពី​បៀតបៀន​លើ​ស្ត្រី​ដែល​កំពុង​ផ្ទុះឡើង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ថា បាន​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី និង​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ ជាពិសេស​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ថ្លែង​ថា ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ បុគ្គល​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើ​អសីលធម៌​លើ​ស្ត្រី និង​ក្មេងស្រី ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពួកគាត់ ជាពិសេស​ករណី​ជា​ការ​រំលោភបំពាន​សិទ្ធិ និង​ច្បាប់។ លោក​បន្ត​បញ្ហា​ទាំងនេះ​កើត​ឡើង​ដោយសារ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ហាក់​ខ្វះ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ស្កាត់ និង​ចាត់វិធានការ​ម៉ឺងម៉ាត់​ទាក់ទង​អំពើ​ខុសឆ្គង​ទាំងនោះ៖ «អ្នកខ្លះ​គាត់​មាន​ចេតនា​មិនល្អ​ធ្វើអំពើ​អ្វី​ដែល​ហួស​ទៅ​នឹង​ទំនៀម​ទំលាប់​ប្រពៃណី​យើង អាហ្នឹង​មិនមែន​ជា​ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការគោរព​ប្រពៃណី​ទំនៀម​ទំលាប់​ទេ មានន័យ​អាហ្នឹង​ជា​ការ​ឆ្លៀត​យក​ឱកាស​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​នេះ ជា​រឿង​មួយ​បង្ក​ឱ្យ​មាន​បញ្ហា និង​រំលោភ​លើ​គោលការណ៍​សិទ្ធិមនុស្ស​ទៅ​វិញ​បាទ»។

ស្រដៀង​គ្នា​នេះ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក លើកឡើង​ថា ល្បែង​ប៉ាត​ម្សៅ និង​ការ​ជះ​ទឹក អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ បាន​នាំ​ឱ្យ​ស្ត្រី​មួយចំនួន​ងាយ​រងគ្រោះ​ពី​ការ​បៀតបៀន​លើ​រាងកាយ​ពី​សំណាក់​ជនខិលខូច​។ លោក​បន្ត​ថា និន្នាការ​បែបនេះ ភាគច្រើន​កើត​លើ​យុវតី ខណៈ​អាជ្ញាធរ​ហាក់​មិន​អើពើ និង​ណែនាំ អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ​។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធាន​ទប់ស្កាត់​ការ​អំពើ​បៀតបៀន​លើ​ស្ត្រី​គ្រប់​ទម្រង់​ទាំងអស់ ដើម្បី​ថែរក្សា​ទំនៀម​ទំលាប់ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពួកគេ៖ «អំពើ​អសីលធម៌​នឹង​ប្រែក្លាយ​ជា​អំពើ​មួយ​ដែល​យុវជន​ទូទៅ​និយម​ប្រើ នេះ​មិនមែន​ជា​ផល​ល្អ​សម្រាប់​សង្គម​កម្ពុជា​នោះ​ទេ ពោល​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ទៅដល់​ការ​រីកចម្រើន​វប្បធម៌​ខ្មែរ​ទាំង​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ»។

ពលរដ្ឋ​មួយ​រូប​រស់នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កញ្ញា សុម៉ាលី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​បាញ់​ទឹក ប៉ាត​ម្សៅ​តែងតែ​កើត​ឡើងលើ​អ្នកដំណើរ​តាម​ដងផ្លូវ​ក្នុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ តែ​គ្មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​ឡើយ​។ កញ្ញា​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​ឃាត់​កញ្ញា​ដោយ​បាញ់​ទឹក និង​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ ខណៈ​យុវតី​មួយ​ចំនួន​ត្រូវ​ក្រុម​បុរស​ចោមរោម និង​លូកលាន់ ។ កញ្ញា​ចាត់ទុក​ទង្វើ​បៀតបៀន​លើ​ស្ត្រី​បែបនេះ គឺ​ជា​អំពើ​រំលោភបំពាន​សិទ្ធិ​ស្ត្រី ដែល​មិន​អាច​ទទួលយក​បាន​ឡើយ៖ «តាម​ពិត​ការ​បាញ់​ទឹក និង​ការ​ប៉ាត​ម្សៅ​មាន​យូរហើយ ក៏ប៉ុន្តែ​មិន​ទាក់ទង​នឹង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ទេ តែ​ឥឡូវ​ខ្ញុំ​ជួប​ផ្ទាល់​ខ្លួនឯង ហើយ​ពួកគាត់​បង្ហាញ​អាកប្បកិរិយា​អត់​គប្បី ចំពោះ​ខ្ញុំ​ទទួល​យក​អត់​បាន​ទេ ព្រោះ​វា​ឈ្លើយ​ហើយ​ម្យ៉ាងទៀត​វា​ក៏​អត់​ល្អ​ដែរ»។

​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន ចិន្តា ដើម្បី​បកស្រាយ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​១៥ ខែ​មេសា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល។

ករណី​បៀតបៀន​លើ​ស្ត្រី និង​ក្មេងស្រី​ពី​សំណាក់​ជនខិលខូច​នេះ តែង​កើតមាន​ជា​ហូរហែ​នៅ​ក្នុង​កាស​បុណ្យចូលឆ្នាំ​ខ្មែរ ប៉ុន្តែ​រដ្ឋាភិបាល លោក ហ៊ុន សែន ហាក់​មិន​បាន​អើពើ​ដោះស្រាយ​បញ្ហា​នេះ​ឡើយ​។ រដ្ឋាភិបាល​មិន​បាន​ចេញ​វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​ការពារ ឬ​ទប់ស្កាត់​អំពើ​បៀតបៀន​លើ​ស្ត្រី​ទាំង​នោះ​ទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាល​ហាក់​បើកដៃ​ទូលំទូលាយ​ក្នុង​ការ​លេងល្បែង​ទាំងនោះ​ដោយ​សេរី ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជនខិលខូច​។ ម្យ៉ាងវិញទៀត ជនរងគ្រោះ​ដោយ​ការ​បៀតបៀន​ទាំងនេះ​ក៏​ទំនងជា​ពិបាក​ប្ដឹង ឬ​ស្វែងរក​យុត្តិធម៌​តាមផ្លូវ​ច្បាប់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ផង​ដែរ ហើយ​ពេលខ្លះ​ពួកគាត់​អាច​នឹង​រង​ការ​ស្ដី​បន្ទោស​ថែមទៀត។

ពលរដ្ឋ​រស់នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប លោកស្រី ឈុន ថុន ថ្លែង​ថា ដើមឡើយ​រាល់​ពិធីបុណ្យ​ចូលឆ្នាំ​ពលរដ្ឋ​ខ្មែរ​ម្តងៗ ពលរដ្ឋ​ខ្មែរ​នាំគ្នា​លេងល្បែង​ប្រជាប្រិយ ដូចជា​ចោល​ឈូង បោះ​អង្គញ់ ទាញព្រ័ត្រ​ជាដើម ហើយ​ពួកគាត់​តែងតែ​គោរព និង​ឱ្យ​តម្លៃ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​។ ប៉ុន្តែ​លោកស្រី​សោកស្តាយ​រដូវ​កាល​បុណ្យ​ឆ្នាំ​ថ្មី​បច្ចុប្បន្ន យុវជន​បែរជា​នាំគ្នា​លេង​ប៉ាត​ម្សៅ និង​គប់​ទឹក ដែល​ធ្វើ​ឱ្យ​អ្នកដំណើរ​រងគ្រោះថ្នាក់ ហើយ​ស្ត្រី​មួយចំនួន​ត្រូវ​រងគ្រោះ​ដោយសារ​បុរស​កេង​ចំណេញ​ក្នុង​ឱកាស​នេះ​​ទៀត​ផង៖ «អត់​ចង់ឱ្យ​លេង​ជ្រុលជ្រួស​លើ​ស្ត្រី ឬ​ក្មេងៗ​ ដែល​គ្នា​កំពុង​ដើរលេង​ដោយ​មិន​សមរម្យ វា​ខាតបង់ ព្រោះ​ស្ត្រី​ត្រូវ​ការពារ​កិត្តិយស​របស់​គ្នា ប៉ុន្តែ​បុរស​ខ្លះ​មិន​គិតការ​ពារ​ស្ត្រី​ទេ គិត​ឃើញ​ចាប់​យក​តែម្តង វា​ធ្វើ​ឱ្យ​ខុស​ប្រពៃណី​ខ្មែរ​ហើយ​ហ្នឹងឯង»។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​លេងល្បែង​កំសាន្ត​ទាំងនោះ​ក៏​ពិតមែន ប៉ុន្តែ​ពួកគេ​ត្រូវ​គោរព​សិទ្ធ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ដែរ។ លោក​មើល​ឃើញ​ថា ស្ត្រី​ងាយ​រង​ការ​រំលោភបំពាន​ចេញពី​ទម្រង់​ល្បែង​កំសាន្ត​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នេះ ដោយសារ​ការ​ធ្លាក់ចុះ​ក្រមសីលធម៌​សង្គម និង​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​។ លោក​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ទប់ស្កាត់​បញ្ហា​ឱ្យ​ទាន់​ពេលវេលា​នោះ​ទេ ស្ត្រី​នឹង​ទទួល​នឹង​ទទួលរង​គ្រោះ​បន្ថែម​ទៀត៖ «ទៅជា​រឿង​បៀតបៀន ទៅជា​រឿង​អី​ទៅ​អាហ្នឹង​វា​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​វិញ ចំណុច​ទាំងអស់​ហ្នឹងហើយ​ដែល​អាជ្ញាធរ​គួរតែ​មាន​ការអប់រំ​ធ្វើ​យ៉ាង​មិច​កុំ​ការ​លេង​ហ្នឹង​ក្លាយជា​ការ​ប៉ះពាល់​ដល់​ប្រពៃណី​ជាតិ ប៉ះពាល់​ទៅដល់​ការ​បៀតបៀន​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ទៅ​ដល់​ប្រជាពលរដ្ឋ»។

អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យន្តការ​ឆ្លើយតប និង​ទប់ស្កាត់​ករណី​បៀតបៀន​លើ​ស្ត្រី និង​ក្មេងស្រី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ឱ្យ​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។