លោក ថេង សាវឿន គឺជាសកម្មជនសិទ្ធិមនុស្សដ៏សកម្មម្នាក់ដែលលះបង់ពេលវេលា និងក្តីសុខផ្ទាល់ខ្លួន ដើម្បីធ្វើការងារលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ប្រជាកសិករ និងយុត្តិធម៌សង្គម។ បើទោះបីជាកិច្ចការងាររបស់លោក ថេង សាវឿន ធ្វើឲ្យប្រជាកសិករ គោរពស្រលាញ់រូបលោកក្តី ក៏ប៉ុន្តែសកម្មភាពរបស់សកម្មជនសិទ្ធិមនុស្សរូបនេះ ទំនងជាបន្លាក្នុងក្រសែភ្នែករបស់ក្រុមអ្នកកាន់អំណាច ទើបបានជាសមត្ថកិច្ច និងតុលាការ ចាប់ឃុំខ្លួនលោក និងសហការីពីរនាក់របស់លោកដាក់ក្នុងពន្ធនាគារ ពីបទញុះញង់ និងរួមគំនិតក្បត់។ តើលោក ថេង សាវឿន មានប្រវត្តិការងារដូចម្ដេចខ្លះ និងមានជោគវាសនាបែបណានៅពេលជាប់ឃុំក្នុងកាលៈទេសៈនេះ?
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលកំពុងជាប់ឃុំជាលើកទី២ជាមួយសហការីរបស់លោកពីររូបទៀត នៅពន្ធនាគារខេត្តរតនគិរី ត្រូវបានប្រជាកសិករ និងមន្ត្រីសង្គមស៊ីវិល ចាត់ទុកលោក គឺជា ''វីរបុរសកសិករខ្មែរ'' ក្នុងសតវត្សរ៍ទី២១ ។ លោកបានលះបង់ពេលវេលានិងក្ដីសុខផ្ទាល់ខ្លួន ដើម្បីចុះទៅបង្ហាត់បង្រៀនកសិករនៅតាមមូលដ្ឋានពីរបៀបធ្វើកសិកម្ម ចិញ្ចឹមសត្វ និងជួយបង្រៀនកសិករជាជនរងគ្រោះឲ្យចេះប្រើប្រាស់សិទ្ធិ ដើម្បីការពារដីធ្លីនិងទ្រព្យសម្បត្តិដែលត្រូវបានក្រុមអ្នកមានលុយមានអំណាច ដណ្តើមយកពីពួកគាត់ ប៉ុន្តែពេលនេះ លោកបែរជាទទួលរងភាពអយុត្តិធម៌ខ្លួនឯង។ លោក ថេង សាវឿន ធ្លាប់បានបញ្ជាក់ជំហរយ៉ាងមុតមាំថា លោកនឹងលះបង់ពេលវេលារបស់លោក ដើម្បីលើកកម្ពស់ជីវភាពកសិករ តាមរយៈការពង្រឹងសមត្ថភាពប្រជាកសិករឱ្យមានជំនាញកសិកម្មសុវត្ថិភាព ចេះស្វែងរកទីផ្សារ និងយល់ដឹងពីសិទ្ធិរបស់ខ្លួន។
បុរសដែលមានសម្បុរសណ្តែកបាយ រាងខ្ពស់ស្រឡះ និងមានទឹកមុខញញឹមរួសរាយរូបនេះ ជាមនុស្សក្លាហាន មិនញញើតចំពោះការគំរាមកំហែង និងតែងកាន់ក្បាលមេក្រូស្រែករិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទោះជាយ៉ាងណា លោក ថេង សាវឿន តែងអះអាងជាញឹកញយថា សកម្មភាពសមាគមរបស់លោក គឺគ្រាន់តែដើម្បីជួយលើកកម្ពស់សិទ្ធិ និងជីវភាពរបស់កសិករប៉ុណ្ណោះ មិនមានពាក់ព័ន្ធនយោបាយ ឬចង់ធ្វើបដិវត្តអ្វីនោះឡើយ។
លោក ថេង សាវឿន កើតនៅក្នុងឆ្នាំ១៩៨៧ ក្នុងត្រកូលកសិករ នៅខេត្តស្វាយរៀង ដោយលោកមានបងប្អូនចំនួន៤នាក់។ លោក ថេង សាវឿន មានប្រពន្ធឈ្មោះ លោកស្រី ញូង សុខហៀង ហើយមានកូនប្រុសម្នាក់។
បងប្រុសបង្កើតលោក ថេង សាវឿន គឺលោក ប៊ុត កុសល្យ ឱ្យដឹងថា លោក ថេង សាវឿន បានចូលរួមការងារតស៊ូមតិដើម្បីប្រយោជន៍សហគមន៍ តាំងពីលោកកំពុងសិក្សានៅវិទ្យាល័យស្វាយជ្រុំ ដោយកាលនោះ លោក ថេង សាវឿន បានធ្វើជាយុវជនស្ម័គ្រចិត្តរបស់អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា ហៅកាត់ថា YCC។ លោកបន្តថា លោក ថេង សាវឿន ធ្លាប់បានចូលរួមទាមទារឱ្យអាជ្ញាធរមូលដ្ឋានអភិរក្សព្រៃឈើទាល ក្នុងឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលមានទំហំជាង១០ហិកតារ កុំឱ្យមានការកាប់ទន្ទ្រានពីជនខិលខូច និងទាមទារឱ្យអាជ្ញាធរមូលដ្ឋានទប់ស្កាត់បទល្មើសឆក់ត្រី ក្នុងសហគមន៍ផងដែរ។
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងឆ្នាំ២០០៨ លោក ថេង សាវឿន បានបន្តការសិក្សារបស់ខ្លួននៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងបានបញ្ចប់ការសិក្សាបរិញ្ញាប័ត្ររងផ្នែក នីតិសាស្ត្រនៅវិទ្យាស្ថាននេះក្នុងឆ្នាំ២០១០។ ឆ្លៀតពេលក្នុងការសិក្សាបន្តនៅភ្នំពេញ លោក ថេង សាវឿន ក៏នៅតែបន្តការងារស្ម័គ្រចិត្តជាមួយសមាគមផ្សេងៗ ដែលភាគច្រើនសមាគមទាំងនោះគឺជាផ្នែកនៃសហភាពការងារកម្ពុជា (CLC Cambodia) ក្នុងនោះក៏មាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ តាមរយៈការចូលរួមការងារស្ម័គ្រចិត្តនេះលោក ថេង សាវឿន ក៏បានចូលរួមទាមទារឱ្យរដ្ឋាភិបាលតំឡើងប្រាក់ខែដល់កម្មកររោងចក្រ យ៉ាងតិច១៦០ដុល្លារ ក្នុងមួយខែផងដែរ កាលពីខែមករា ឆ្នាំ២០១៤ នៅផ្លូវវេងស្រេង។ កាលណោះ សមត្ថកិច្ចប្រើអំពើហិង្សាលើលោក ថេង សាវឿន និងលោក វន់ ពៅ រួមទាំងកម្មករ២០នាក់ទៀតឲ្យរងរបួសត្រង់ក្បាលឈាមហូរស្រោចខ្លួន និងបានបញ្ជូនខ្លួនលោកដាក់ពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ អស់រយៈពេលជិត៥ខែ។
ក្រោយពីមានសេរីភាពវិញនៅចុងខែឧសភា ឆ្នាំ២០១៤ លោក ថេង សាវឿន ត្រូវបានសមាជិកសមាគមសម្ពន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា CCFC បោះឆ្នោតឱ្យក្លាយទៅជាប្រធានសមាគមនេះរហូតមកដល់ពេលបច្ចុប្បន្ន។ លោក ថេង សាវឿន ក៏ធ្លាប់ទទួលបានការលើកទឹកចិត្ត និងការបណ្តុះបណ្តាលច្រើនពីបណ្ឌិត កែម ឡី លើជំនាញផ្សេងៗ ក្នុងការដឹកនាំស្ថាប័ន ហើយបណ្ឌិត កែម ឡី ក៏បានជួយរៀបចំផែនការយុទ្ធសាស្ត្ររបស់សមាគមសម្ពន្ធសហគមន៍កសិករកម្ពុជាផងដែរ។
មន្ត្រីគម្រោងសមាគមសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ម៉ឺន រតនា ដែលធ្វើការជាមួយលោក ថេង សាវឿន ជិត១០ឆ្នាំមកហើយនោះ ឱ្យដឹងថា លោក ថេង សាវឿន គឺជាមនុស្សម៉ឺងម៉ាត់ ម៉ត់ចត់នឹងការងារ និងមានជំនាញទំនាក់ទំនងល្អជាមួយប្រជាកសិករ និងអង្គការដៃគូការងារផ្សេងៗទៀត។
សកម្មភាពការងាររបស់ក្រុមលោក ថេង សាវឿន មិនត្រឹមតែជួយបណ្តុះបណ្តាលវិស័យកសិកម្មដល់ប្រជាកសិករនៅតាមបណ្តាខេត្តនានាជាពិសេសដល់សហគមន៍ក្រីក្រ និងរងគ្រោះដោយការបណ្តេញចេញពីដីធ្លីប៉ុណ្ណោះទេ ក្រុមរបស់លោក ក៏ជួយគាំទ្រដល់ប្រជាសហគមន៍ឲ្យយល់ដឹងពីសិទ្ធិ និងការតស៊ូមតិ ដើម្បីការស់នៅល្អប្រសើរ និងសិទ្ធិដីធ្លី សម្រាប់កសិករទាំងអស់នៅទូទាំងប្រទេស។ ជារឿយៗ ក្រុមប្រជាកសិករដែលរងគ្រោះដីធ្លីដោយក្រុមហ៊ុនរបស់អ្នកមានលុយ មានអំណាច តែងតែលក់មាន់ទាយកលុយមកតវ៉ានៅទីក្រុងភ្នំពេញម្តងៗរាប់ពាន់នាក់ ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់។ ការដែលប្រជាពលរដ្ឋចេះប្រើសិទ្ធិ និងហ៊ានជួបជុំតវ៉ាកាន់តែច្រើនឡើងនេះ ប្រហែលជាធ្វើឲ្យអ្នកដឹកនាំសម្រាន្តមិនលក់បក់មិនល្ហើយនោះទេ ស្របពេលជម្លោះនយោបាយកំពុងឡើងកម្ដៅ។ ដូច្នេះតាមមើលទៅ លោក ថេង សាវឿន និងបុគ្គលិកជាន់ខ្ពស់របស់លោកពីរនាក់ទៀត ទំនងជាមុខសញ្ញាដែលសមត្ថកិច្ច ប៉ុនប៉ងចាប់ខ្លួនតាំងពីយូរហើយផងក៏មិនដឹង។
សមត្ថកិច្ចខេត្តក្រចេះ បានឃាត់ខ្លួនលោក ថេង សាវឿន ជាមួយបុគ្គលិករបស់លោករាប់សិបនាក់ទៀត ក្នុងពេលធ្វើដំណើរទៅភ្នំពេញ កាលពីថ្ងៃ១៧ ឧសភា ក្រោយចូលរួមកម្មវិធីនៅឯខេត្តរតនគិរី។ មួយថ្ងៃក្រោយមក សមត្ថកិច្ចខេត្តក្រចេះ បញ្ជូនលោក ថេង សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច ទៅស្នងការខេត្តរតនគិរីវិញ ខណៈអ្នកផ្សេងទៀត ត្រូវបានដោះលែង។
លុះដល់ថ្ងៃទី២២ ឧសភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី លោក សាយ គួហាវ បានសម្រេចឃុំខ្លួនសកម្មជនទាំង៣នាក់ពីបទញុះញង់ និងរួមគំនិតក្បត់។
ក្រោយការចាប់ឃុំខ្លួននេះ ប្រជាកសិករ បានផ្ទុះការតវ៉ាទ្រង់ទ្រាយធំ ដើម្បីទាមទារឲ្យដោះលែងលោកសកម្មជនទាំង៣នាក់។ ពួកគាត់ បានស្ពាយចានឆ្នាំងឡើងមកតវ៉ានៅមុខក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ជាងមួយសប្តាហ៍ហើយ បើទោះបីជាក្រុមអាជ្ញាធរ ព្យាយាមរារាំងនិងគំរាមកំហែងបែបណាក្តី។ រីឯក្រុមអង្គការ សមាគមជាតិ និងអន្តរជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់ ដោយចាត់ទុកថា ការចាប់ខ្លួននេះ មានចរិតនយោបាយ និងទាមទារឲ្យដោះលែងអ្នក៣ជាបន្ទាន់វិញ។
កសិករម្នាក់នៅខេត្តស្វាយរៀង គឺលោកស្រី ខៀវ សារ៉ន ប្រាប់វិទ្យុអាស៊ីសេរីថា សមាគមសម្ពន្ធសហគមន៍កសិករកម្ពុជា បានជួយឱ្យប្រជាពលរដ្ឋក្នុងសហគមន៍របស់លោកស្រី មានជីវភាពល្អប្រសើរជាងមុន តាមរយៈទទួលបានជំនាញកសិកម្មដូចជា ការចិញ្ចឹមមាន់ ធ្វើជីធម្មជាតិ និងដាំបន្លែជាដើម។
លោកស្រីបន្ថែមថា លោក ថេង សាវឿន មិនដែលបង្រៀនឱ្យប្រជាកសិករចង់បះបោរផ្ដួលរំលំរដ្ឋាភិបាលនោះឡើយ ប៉ុន្តែសមាគមរបស់លោកបានដើរតួនាទីជាស្ពាន នាំឱ្យប្រជាកសិករមានទំនាក់ទំនងល្អជាមួយអាជ្ញាធរ តាមរយៈការស្វែងរកដំណោះស្រាយដោយអហិង្សាទៅវិញទេ។
ការចាប់ខ្លួនលោក ថេង សាវឿន និងមន្ត្រីជាន់ខ្ពស់សមាគម២នាក់ទៀតនេះ ធ្វើឡើងក្នុងពេលដែលរដ្ឋាភិបាល លោក ហ៊ុន សែន កំពុងព្រួយបារម្ភ និងព្រមានបង្ក្រាបចំពោះគណបក្សភ្លើងទៀន ប្រសិនបើដឹកនាំពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប ដែលរារាំងមិនឲ្យចូលរួមការបោះឆ្នោត។ អ្នកឃ្លាំមើលយល់ថា ការចាប់ខ្លួននេះ ប្រហែលជា លោក ហ៊ុន សែន ខ្លាច លោក ថេង សាវឿន ដឹកនាំកសិករធ្វើបាតុកម្មផង និងចង់ព្រមានដល់គណបក្សភ្លើងទៀនផង។ អ្នកឃ្លាំមើល យល់ថា វាសនារបស់លោក ថេង សាវឿន និងសហការីរបស់លោក នឹងមិនងាយត្រូវបានតុលាការ ដែលស្ថិតក្រោមឥទ្ធិពលរបស់លោក ហ៊ុន សែន ដោះលែងវិញឡើយ ប្រសិនបើជម្លោះនយោបាយនៅតែឡើងកម្តៅ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែងថា លោក ថេង សាវឿន គឺជាអ្នកធ្វើការសកម្មដោយមិនគិតថ្ងៃសម្រាកសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទានឡើយ ពោលគឺគាត់តែងចុះជួយដោះស្រាយបញ្ហារបស់កសិករដែលមានបញ្ហាដីធ្លីភ្លាមៗ នៅពេលគាត់ទទួលបានដំណឹងថាមានការរំលោភបំពានដីធ្លីរបស់ប្រជាសហគមន៍។
បើទោះបីជារដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានកេរ្តិ៍ឈ្មោះអាក្រក់ខាងការមិនគោរពសិទ្ធិមនុស្ស ព្យាយាមចោទប្រកាន់លោក ថេង សាវឿន បែបណាក្តី ក៏ប្រជាកសិករ នៅតែចាត់ទុកសកម្មជន សិទ្ធិមនុស្សរូបនេះ ជាមនុស្សស្អាតស្អំ និងជាវីរបុរសរបស់ពួកគាត់ដែរ។ កាលពីមិនទាន់ចាប់ខ្លួន លោក ថេង សាវឿន តែងបង្ហាញគោលបំណងរបស់ខ្លួនថា លោកចង់ឃើញកសិករខ្មែរ មានជីវភាព រស់នៅដោយសមរម្យ ថ្លៃថ្នូរ និងមានសិទ្ធិកាន់កាប់ដីធ្លីដែលជាតម្រូវការចាំបាច់ ហើយចង់ឃើញមានការគោរពសិទ្ធិមនុស្ស និងមានយុត្តិធម៌សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។