​ប្រវត្តិ​តស៊ូ​របស់​​សកម្មជន​​ការពារ​​ព្រៃឈើ​​លោក វឿន វាសនា ដែល​​​លោក ​ហ៊ុន សែន ​ប្រកាស​​តាម​​ចាប់​​ខ្លួន​

0:00 / 0:00

អតីតព្រះ​សង្ឃ​ដែល​ជា​សកម្មជនការពារព្រៃ​ឡង់ ​និង​ជាសកម្មជន​នយោបាយ​ម្នាក់​ គឺ​លោក វឿន វាសនា ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេសថៃ ​រក្សា​ជំហរ​ថា​ នឹង​បន្ត​សកម្មភាព​សង្គម​ និង​ការពារ​ព្រៃឈើ ​ដើម្បី​ផលប្រយោជន៍​ជាតិ ​បើ​ទោះ​បី​ជាលោក ​ហ៊ុន សែន ​ប្រកាស​តាម​ចាប់​ខ្លួន​លោក​ក្តី​។ លោក​ វឿន វាសនា ​បាន​លាចាក​​សិក្ខាបទ​ (សឹក) ​ក្នុង​ពេល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេសថៃ ​ដោយសារព្រះសង្ឃ​នៅ​ប្រទេស​នេះ ​ពុំ​អនុញ្ញាត​ឱ្យ​គង់​ស្នាក់​នៅ​ក្នុង​វត្ត​ឡើយ ​ព្រោះ​ខ្លាច​ឆ្លង​ រាល​ដាល​​ជំងឺ​កូវីដ-​១៩ ​។ តើ​អតីតសង្ឃជាសកម្មជន​ព្រៃ​ឡង់​រូ​បនះ មាន​ប្រវត្តិ​តស៊ូ​បែប​ណា​ដើម្បី​ការពារព្រៃឈើ?

ជា​កូន​កំព្រា​ឪពុក​ម្ដាយ​តាំង​ពី​កុមារភាព មាន​ស្រុក​កំណើតក្នុងខេត្តស្ទឹងត្រែង ​គឺ​លោក​ វឿន វាសនា ​រស់​នៅ​ជា​មួយម្តាយ​អ៊ុំ ​និង​ឪពុកអ៊ុំ​បង្កើត​ នៅ​តំបន់​ដាច់​ស្រយាល​មួយ ​ជាប់​ដែន​ជម្រក​សត្វព្រៃឡង់​ស្រុក​ថាឡាបរិវ៉ាត់ ​ខេត្តស្ទឹងត្រែង​។ ​លោក​កើត​បាន​ ៧​ថ្ងៃ​ ម្តាយ​ស្លាប់​ចោល​ទាំង​គ្មាន​ទឹក​ដោះ​ឱ្យបៅ ​ហើយ​ម្តាយ​ធំរបស់​​​លោក​បាន​បំបៅ​ផ្លែ​ចេក​ទុំ​ជំនួស​ទឹកដោះ ​រហូត​ដល់​វ័យ​ ១៥​ឆ្នាំ​ ទើប​លោក​ដុះ​ធ្មេញ ​ដូច​កុមារ​ធម្មតា ​ដោយសារ​បៀម​ជញ្ជក់​តែ​ផ្លែចេក​។

Vourn_Veasna_CNRP_01.jpg
លោក វឿន វាសនា កាលនៅភេទជាព្រះសង្ឃសំដែងធម្មទេសនាជូនពុទ្ធបរិស័ទនាពេលកន្លងមក។ (រូប៖ ហ្វេសប៊ុកព្រៃឡង់ គ្រញូង)

បុរស​សម្បុរ​ខ្មៅ​ស្រអែម​ ជាម្ចាស់​ហ្វេស​បុក​ក្រញូង​ព្រៃឡង់ ​បាន​បួស​ជា​សង្ឃ​រយៈ​ពេល​២ដង​មក​ហើយ ​ដោយ​លើក​ទី​មួយ​បួស​នៅ​វត្ត​ចម្ការលើ ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់​នៅ​ឆ្នាំ ​២០០០​ រហូត​ដល់​ឆ្នាំ​២០០៨ ​លោក​បាន​លាចាក​សិក្ខាបទ។​លោក ​វឿន វាសនា ​មាន​វ័យ ​៤១​ឆ្នាំ ​មាន​បងប្អូន ​៤​នាក់​ហើយ​លោក​ជា​កូនពៅ ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​។​ឪពុក​បង្កើត​របស់​លោក​បានស្លាប់ ដោយជាន់​មីន​នៅ​ស្រុកថាឡាបរិវ៉ាត់​ កាល​ពី​ឆ្នាំ​១៩៩៥​ ក្នុង​ពេល​ធ្វើ​ទាហាន​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​។

​អតីត​ព្រះសង្ឃ ​និង​ជា​សកម្មជនព្រៃឡង់​លោក​ វឿន វាសនា ​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី១៩ ខែ​តុលាថា​ លោក​នៅ​តែក្រាញ​ននៀល ​តស៊ូ​មតិ​រិះគន់​រដ្ឋាភិបាល ​ដើម្បី​ស្ថាបនា​ចំណុច​ខ្វះ​ចន្លោះ​របស់​អាជ្ញាធរ​ក្នុង​ន័យ​ស្ទួយ​សង្គមជាតិ ​ដោយ​មិន​ចុះញ៉ម​នោះ​ឡើយ​។ ​លោកថា​ អាជ្ញាធរ​មូលដ្ឋាន​ខេត្តស្ទឹងត្រែង ​និង​នគរបាល ​បាន​មក​ចរចា​ជាមួយ​លោក​ម្ដង​ហើយ​ម្ដង​ទៀតដើម្បី​ឱ្យ​លោក​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ​ប៉ុន្តែ​លោក​បដិសេធ​រហូត​មាន​ការ​គំរាម​ចាប់​ខ្លួន​ជា​ញឹកញាប់​ទើប​លោក​បង្ខំ​ចិត្ត​រត់ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ។ ក្នុង​ពេល​លោក​ភៀស​ខ្លួន​រយៈ​ពេល​ជាង​ ១​ឆ្នាំ​កន្លង​ទៅ​នេះ ​លោក​បាន​ទទួល​អាហារ​ពី​ព្រះសង្ឃ​ខ្មែរ​នៅ​ប្រទេសថៃ ​ដើម្បី​ចិញ្ចឹមជីវិត​និង​ទទួល​ជំនួយ​មនុស្សធម៌​បន្តិច​បន្តួច ​ពី​សប្បុរសជន​ក្នុងនិង​ក្រៅ​ប្រទេស៖​ «ទោះ​ក្នុង​តម្លៃ​ណា ​ក៏​ខ្ញុំ​នៅ​តែ​ការពារ​ព្រៃឈើ​ និង​ការពារ​អាយុ​ជីវិត​ប្រទេស​ជាតិ​ខ្ញុំ​ដែរ​ ព្រោះ​ខ្ញុំ​មិន​ចង់​ឃើញ​ ពលរដ្ឋ​រង​គ្រោះ​ដូច​របប​សព្វថ្ងៃ​»។

Vourn_Veasna_CNRP.jpg
ព្រះតេជគុណ វឿន វាសនា ចូលរួមក្នុងសកម្មភាពការពារព្រៃឈើនាពេលកន្លងមក។ (រូប៖ ហ្វេសប៊ុកព្រៃឡង់ គ្រញូង)

​ដោយសារ​តែសម្លឹង​ឃើញ ​ពី​បទល្មើស​ព្រៃឈើ​កើត​ឡើង​ពេញ​ទំហឹង ​ក្នុង​ដែន​ជម្រកសត្វព្រៃឡង់ ​អតីត​ព្រះសង្ឃ​រូប​នេះ ​បាន​ចូល​ជា​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្តស្ទឹងត្រែង​នៅ​ឆ្នាំ​២០១៣ ​ដល់​ឆ្នាំ២០១៧​។​នៅ​កំឡុង​ឆ្នាំ​២០១៧ ​លោក​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​អន្លង់ភេ ​ស្រុក​ថាឡាបរិវ៉ាត់កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​ លោក​បាន​ទៅ​បួស​លើក​ទី២ ​នៅ​វត្តត្រពាំងធំ​ក្នុង​ខេត្តកំពង់ស្ពឺ ​រួច​ទៅ​សិក្សា​ព្រះ​វិន័យ ​នៅ​ពោធិព្រឹក្ស​ក្នុង​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល ​ហើយ​បាន​ចូលរួម​ជា​សមាជិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ​ដើម្បី​យុត្តិធម៌​សង្គម ​នៅ​ឆ្នាំ​២០១៧។​

​អតីត​ព្រះសង្ឃ​រូបនេះ​បន្ថែម​ថា ​ការ​បួស​លើក​ទី២​នេះ ​លោក​មាន​ឱកាស​ច្រើន​បន្តការ​សិក្សា​រហូត​ចប់​បរិញ្ញា​ប័ត្រ​រង​នៅ​សកវិទ្យាល័យ​មួយ ​ក្នុង​ក្រុងភ្នំពេញ ​ប៉ុន្តែ​ដោយសារ​លោក​រិះគន់​រដ្ឋាភិបាល​តាម​បណ្តាញ​សង្គម​ និង​ចូលរួម​សកម្មភាព​ការពារ​ព្រៃឈើ​អាជ្ញាធរ​តាម​គំរាម​ចាប់​ខ្លួន​លោក ​ដល់​ផ្ទះ​នៅ​ខេត្តស្ទឹងត្រែង​ហើយ​លោកក៏​បង្ខំ​ចិត្ត​រស់ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​នៅ​ដើម​ឆ្នាំ២០២០​។

Vourn_Veasna_CNRP_022.jpg
ព្រះតេជគុណ វឿន វាសនា ចូលរួមក្នុងសកម្មភាពការពារព្រៃឈើនាពេលកន្លងមក។ (រូប៖ ហ្វេសប៊ុកព្រៃឡង់ គ្រញូង)

កាល​ពី​ថ្ងៃទី​៩ ​ខែ​តុលាកន្លងទៅ ម្ចាស់​ហ្វេសប៊ុក​គ្រញូងព្រៃឡង់​លោក​ វឿន វាសនា បាន​ចូលទៅបញ្ចេញ​មតិជាអត្តបទកំណាព្យ ​(Comment)លើ​ហ្វេសប៊ុក​លោក​ ហ៊ុន​ សែន​ ដោយ​សរសេរកំណាព្យ​​រិះគន់​​ថា ​លោក​ ហ៊ុន​ សែន ​​កែ​ច្បាប់​​បំផ្លាញ​ជាតិ​​និង​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​​រលាយទឹក​ដី​ព្រៃ​ឈើ៖ «សំណូមពរ​ទៅ​លោក ​ហ៊ុន សែន ​ការ​កាន់​អំណាច ​រស់​ក្នុង​ភាព​មាន​បាន​ ស្ដុកស្ដម្ភ​ស្កឹមស្កៃ ​ប្រសើរ​ជាង​រាស្ត្រ​ ដើរ​សុំទាន​តាម​ចិញ្ចើម​ថ្នល់​វា​លើស​លុប​ទៅ​ហើយ។​ អ៊ីចឹង​គួរ​ណាស់​តែ ​លោក ហ៊ុន សែន ​ហ្នឹង​យក​អំណាច ​និង​មាសប្រាក់​ ទ្រព្យ​របស់​ខ្លួន​ ចែក​រំលែក​ឱ្យ​ពលរដ្ឋ​រស់​ផង​។ លោក​ត្រូវ​ចេះ​ទទួល​ភាព​រិះគន់ ​របស់​ប្រជារាស្ត្រ​»។

​ក្រោយ​មក​លោក ​ហ៊ុន សែន ​បាន​ប្រកាស​តាម​ចាប់ខ្លូន​អតីត​ព្រះសង្ឃ​រូប​នេះ។​ លោក ​ហ៊ុន សែន​ ចាត់​ទុកកំណាព្យ​របស់​សកម្មជន​រូប​នេះ​ពោរពេញ​ដោយ​ហិង្សា​ ហើយត្រូវ​តែ​ផ្ដាច់​ប្ដូរ​​បំបាត់ចោល​ទ្រឹស្ដី​ និង​សកម្មភាព​ជ្រុល​និយម​នេះ​ឲ្យ​ខាង​តែ​បាន​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ ​​លោក​បញ្ជា​ឲ្យ​​នគរបាល​​ស្វែងរក​​លោក​ វឿន​ វាសនា ​​​នៅ​​​​​ប្រទេសថៃ​។

ភ្លាមៗក្រោយពីបញ្ជា​របស់​មេដឹក​នាំ​របប​ឯកបក្ស ចៅក្រម​អម​​​សាលាដំបូង​​រាជធានី​ភ្នំពេញ​លោក​​ ពេជ្រ វិជ្ជាធរ​ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​លោក​ វឿន វាសនា​​ ដោយចោទប្រកាន់​ជា​បទល្មើស​តម្រូវ​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​​ឲ្យ​បាន​ពេញ​លេញ។​ ចៅក្រម​ស៊ើបសួរ​បញ្ជា​ឲ្យ​កម្លាំង​​សាធារណៈ​ស្រាវជ្រាវ​រក​ចាប់ ​​និង​នាំ​ខ្លួន​លោក​ វឿន​ វាសនា​ មក​​​ប្រគល់​ជូន​សាលាដំបូង​រាជធានី ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។

​បើ​ទោះ​បី​ជាមាន​ដីកា​បញ្ជា​ឱ្យ​ចាប់ខ្លួន​លោកក្តីក៏​លោក​នៅ​តែ​មិន​បោះបង់​ភារកិច្ច​បម្រើ​សង្គមជាតិ​និង​បរិស្ថាន ​ក្នុងនាម​ជា​យុវជន​ខ្មែរ។ លោក​ វឿន វាសនា ​ប្តេជ្ញា​ថា​ក្នុង​នាម​កូន​ខ្មែរ​មិន​ត្រូវ​ឈរ​ឱបដៃ​មើលប្រទេស​ជាតិ​ជួប​គ្រោះ​ថ្នាក់​នោះ​ទេ ​ហើយ​លោក​នៅ​តែ​បន្ត​រិះគន់រដ្ឋាភិបាល ​ដើម្បី​ស្ថាបនា​ប្រទេស​ជាតិ។​ លោក​បន្ថែម​ថា ​ក្នុង​ពេល​លោក​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ជិត​ ២​ឆ្នាំ​កន្លង​ទៅ​នេះ ​លោក​មាន​ជំងឺ​ដុះសាច់​តម្រង​នោម ​ដែល​តម្រូវ​ឱ្យ​វះ​កាត់​២​ដង​មក​ហើយ​ហើយ​មក​ទល់​ពេល​នេះ ​ស្ថានភាព​ជំងឺ​របស់​លោក ​បាន​ធូរស្រាល​ហើយ៖ «យើង​នៅ​តែ​ខ្លាច​គឺ​អត់​បាន​ជោគជ័យ​ទេ ​អត់​បាន​ផល​ប្រយោជន៍​អី​ល្អ​សម្រាប់​ប្រទេស​ជាតិ​ទេ !​ ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប ​ឃើញ​ពលរដ្ឋ​រងគ្រោះ​ ឃើញ​ប្រទេសជាតិ​រងគ្រោះ ​យើង​មិន​ត្រូវ​ឈរ​ឱបដៃ​មើល​ទេ ​ទោះ​បី​ជា​យើងគ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មើល​ទេ​ បើ​យើង​មាន​ឱកាស ​មាន​ពេល​វេលា ​យើង​ត្រូវ​តែ​ធ្វើ»។

Vourn_Veasna_CNRP_02.jpg
ព្រះតេជគុណ វឿន វាសនា ចូលរួមក្នុងសកម្មភាពការពារព្រៃឈើនាពេលកន្លងមក។ (រូប៖ ហ្វេសប៊ុកព្រៃឡង់ គ្រញូង)

ព្រះសង្ឃអ្នក​ស្រឡាញ់​បរិស្ថាន ដែល​ធ្លាប់​ធ្វើ​ការងារ​ជាមួយលោក វឿន វាសនា គឺព្រះតេជគុណ បូរ បេត មាន​ថេរ​ដីកា​ថា ​អតីត​ព្រះ​សង្ឃ​រូបនេះ ​មាន​ភាព​ក្លាហាន ​រឹងមាំ​មោះមុត​ហាន​ចេញ​មុខ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ដែល​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ខេត្តក្រចេះ​កាល​ពី​ពេល​កន្លង​ទៅ​។ ​ព្រះអង្គ​បន្ថែម​ថា ​លោក វឿន វាសនា​ ​បាន​លះបង់​ច្រើន​ណាស់ ​ដើម្បី​អាយុ​ជីវិត​ជាតិ​និង​ព្រៃឈើ ​បើ​ទោះ​បី​ជា​គណបក្ស​កាន់​អំណាចផ្តល់​តួនាទី ​និង​តំណែង​ជូន​លោក​ក្តី​ក៏​លោក​មិន​ត្រូវ​ការ​ដែរ​។លើស​ពី​នេះ ​អតីត​ព្រះសង្ឃ​រូប​នេះ ​មាន​ភាព​សកម្ម​ក្នុង​ការ​ការពារ​ព្រៃឈើ​និង​សម្តែង​មតិ​រិះគន់​អាជ្ញាធរ​ដែលបណ្តោយ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធំធេង​៖ «គាត់​មោះមុត​មែនទែន ​សូម្បី​ជីវិត​របស់​គាត់ ​គឺ​គាត់​អត់​ខ្លាច​ស្លាប់​។ គាត់​ហ៊ាន​ពលី​តវ៉ា​ទាមទារ​ជាមួយ​អាត្មា​ជាមួយ​នឹង​ព្រះសង្ឃ​និង​សកម្មជន​ព្រៃឈើ​ដទៃ​ទៀត។​ ថែម​ទាំង​នាំគ្នា​ចុះ​ការពារ​ព្រៃឡង់​ និង​ព្រៃ​ព្រះរកា ​គឺ​មោះមុត ​ទោះ​បី​គេ​រារាំង​មិន​ឱ្យ​ចូល ​ក៏​គាត់​នៅ​តែ​មោះ​មុត​ធ្វើ​»។

Vourn_Veasna_CNRP_04.jpg
(រាប់ពីឆ្វេងទី៣) លោក វឿន វាសនា ដែលបានលាចាកសិក្ខាបទ ឬ សឹកពីព្រះសង្ឃដែលកំពុងភៀសខ្លួននៅក្នុងប្រទេសថៃកំពុងតស៊ូនយោបាយជាមួយសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀតនៅក្នុងប្រទេសថៃ។ (រូប៖ ហ្វេសប៊ុកព្រៃឡង់គ្រញូង)

លោក វឿន វាសនា រំពឹងថា ថ្ងៃ​ណា​មួយ លោក​នឹង​មាន​ឱកាស​បម្រើ​សង្គមជាតិ​ក្នុង​ប្រទេស​ឡើង​វិញ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​បក្ខ​ពួក​និយម ​ហើយ​​លោក​ស្អប់​បំផុត​គឺអំពើ​ពុក​រលួយ​បំផ្លាញ​សង្គមជាតិ​។ ​លើសពី​នេះ​លោក​ប្រកាស​មិន​ដក​ថយ​ភារកិច្ច​ការពារ​ព្រៃ​ឈើ ដែល​ច្បាប់​ផ្តល់​សិទ្ធិ​ឱ្យ​នោះ​ទេ បើ​ទោះ​បី​ជា​រង​ការ​រឹតត្បិត និង​គំរាម​ចាប់ខ្លួន​ពី​លោក ​ហ៊ុន សែន ​ក្តី​។ លោក​ចាំ​ថា ​ទឹកដី​ព្រៃឈើ ​គឺ​ជា​ទី​ជម្រក​សុខសាន្ត​របស់​លោក​ហើយ​ផ្តល់​ជា​សន្តិសុខ​ស្បៀង​ដល់​ពលរដ្ឋ​ជាច្រើន​ជំនាន់​មក​ហើយ ​ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ព្រៃឈើ​ត្រូវ​បាន​ជនល្មើស​កាប់​បំផ្លិច​បំផ្លាញ​ហិនហោច ​ក្រោម​ការ​ដឹកនាំរបស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។