សកម្មជន​សង្គម​លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ក្រោយ​ជាប់ឃុំ​១៨ខែ

សកម្មជន​សង្គម​លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ហើយ នៅថ្ងៃទី១៦ ខែ​កក្កដា បន្ទាប់​ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល​រយៈពេល ១៨​ខែ នៅ​ក្រោយ​ពេល​លោក​តវ៉ា​ប្រឆាំង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​វៀតណាម​នៅ​កម្ពុជា។

ក្រោយ​ចេញ​ពី​ពន្ធនាគារ​សកម្មជន​សង្គម​រូប​នេះ​ថ្លែង​ថា ការ​ឃុំ​ខ្លួន​រូប​លោក​គឺ​អំពើ​អយុត្តិធម៌ ព្រោះ​លោក​ជា​ជន​រងគ្រោះ​នៃ​សំណុំ​រឿង​ដីធ្លី​ជាមួយ​សាច់ញាតិ ហើយ​អចលនទ្រព្យ​របស់​លោក​​ក៏​ត្រូវ​បាន​គេ​រឹបអូស​ថែម​ទៀត។
សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក ធែល ធីលែន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ តុលាការ​ខេត្ត​កណ្ដាល​បាន​ចោទ​ប្រកាន់​លោក​ពី​បទ «លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ» ដែល​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​នោះ​បាន​ចោទ​យុវជន​រូប​នេះ​ថា បាន​ប្រព្រឹត្ត​បទល្មើស​តាំង​ពី​៦​ឆ្នាំមុន​ពេល​ចាប់​ខ្លួន។

ការ​ចាប់​ខ្លួន​លោក ធែល ធីលែន ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ប្រកាស​កៀរគរ​ប្រជាពលរដ្ឋ​ឱ្យ​មក​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​លោក​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២២ ដើម្បី​តវ៉ា​ប្រឆាំង​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម និង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនអន្តោប្រវេសន៍​ដែល​ស្នាក់នៅ​កម្ពុជា។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។