ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ស្នើតុលាការខេត្តរតនគិរីឱ្យទម្លាក់ចោលបទចោទលើរូប លោកនិងក្រុមការងារ២នាក់ផ្សេងទៀត ខណៈតុលាការនឹងប្រកាសសាលក្រមសំណុំរឿង អ្នកទាំងបី នៅពាក់កណ្ដាលខែនេះ។
សង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស សង្ឃឹមថា តុលាការនឹងទម្លាក់បទចោទប្រកាន់លើអ្នកទាំងបីដើម្បីឱ្យពួកគេធ្វើការងារជួយដល់កសិករកម្ពុជាដោយ
មានសេរីភាពពេញលេញឡើងវិញ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន អះអាងជា ថ្មី ថារូបលោកនិងក្រុមការងារ មិនបានប្រព្រឹត្តអំពើ «រួមគំនិតក្បត់និង ញុះញង់» ដូចការចោទប្រកាន់ឡើយ។
សាលាដំបូងខេត្តរតនគិរីកាលពីថ្ងៃទី ៨ មករា បានបើកសវនាការជំនុំជម្រះ ក្តីសំណុំរឿងលោក ថេង សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ និងបទញុះញង់ ឱ្យប្រព្រឹត្តអំពើបង្កឱ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការរៀបចំសិក្ខាសាលា បណ្ដុះបណ្ដាលមួយនៅខេត្តនេះ កាលពីខែឧសភា ឆ្នាំ២០២៣។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ប្រាប់វិទ្យុ អាស៊ីសេរី នៅថ្ងៃទី ៩ មករា ថា ភស្តុតាងដែលចៅក្រមលើកយកមកដាក់បន្ទុក លើលោក និងក្រុមការងារ២រូបទៀត គឺពាក់ព័ន្ធនឹងការពិភាក្សា គ្នានៅក្នុងក្រុម រវាងគ្រូ និងសិក្ខាកាមចូលរួម ហើយដែលចៅក្រមថា មានឯកសារមួយ បានសរសេរដោយប្រើប្រាស់ភាសាមួយចំនួនប៉ះពាល់ដល់រាជរដ្ឋាភិបាល ហើយឯកសារខ្លះតុលាការថា ប៉ះពាល់ដល់អង្គព្រះមហាក្សត្រ។
ទោះជាយ៉ាងណា លោក ថេង សាវឿន ថា នៅក្នុងសវនាការក្រុមលោក បានបញ្ជាក់ទៅកាន់ចៅក្រមជម្រះ ថាពួកគាត់ គ្មានគោលបំណងឬក៏មិនមាន ចេតនាណាមួយ រួមគំនិតក្បត់ និងញុះញង់ដូចការចោទប្រកាន់ ឡើយ ពីព្រោះ ការធ្វើសិក្ខាសាលានេះឈរទៅលើការងារវិជ្ជាជីវៈ ប៉ុន្តែលោកទទួលស្គាល់ចំពោះ កំហុសនូវការឆកល្វែង រួមជាមួយការគិតមិនដល់ ដែលធ្វើឱ្យមានការប្រើប្រាស់ ភាសា និងកិច្ចពិភាក្សាជ្រុលជ្រោះ ហើយកំហុសទាំងនេះ លោកថា លោក និង ក្រុមការងារបានសុំទោសជាសាធារណៈរួចហើយ។
លោកថា៖«ខ្ញុំសំណូមពរយ៉ាងទទូចដល់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងចៅក្រមសាលាដំបូងខេត្តរតនគិរីមេត្ដាពិនិត្យលទ្ធភាពដូចអ្វីដែលពួកខ្ញុំបានបំភ្លឺថា ពួកខ្ញុំគ្មានចេតនាទេ ធ្វើម៉េចពួកខ្ញុំអាចរួចផុតបទចោទដែលត្រូវបានចោទពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គមនេះ ពីព្រោះថាពួកខ្ញុំមិនបានមានគំនិតណាមួយឬក៏មិនមានចេតនាឬគោលបំណងដូចទៅនឹងបទចោទដែលបានលើកឡើងដែលធ្ងន់ធ្ងរនោះទេ»។
រីឯជនជាប់ចោទលោក ញ៉ិល ភាព បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីបញ្ចប់សវនាការ ថា តុលាការបានបើកសវនាការ នៅថ្ងៃទី ៨ មករា ម្សិលមិញនេះ មានសាក្សីចូលរួម ចំនួន ១២ រូប។
លោកបន្ថែមថា ក្រោយបើកសវនាការសួរដេញដោលមួយថ្ងៃ សេចក្តីសន្និដ្ឋានចុង ក្រោយរបស់តំណាងអយ្យការ ស្នើសុំប្រធានអង្គជំនុំជម្រះ ឱ្យពិចារណាទៅលើការបន្ធូរបន្ថយទោស ប៉ុន្តែឱ្យរក្សាបទចោទលើពួកគាត់ទាំង ៣ រូបដដែល ខណៈមេធាវី ការពារក្ដី ស្នើសុំឱ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះទម្លាក់ចោលបទប្រកាន់លើពួកគាត់ជាកូនក្ដីទាំង ៣ រូបឱ្យមានសេរីភាព។
លោកញ៉ិលភាពសរសេរលើហ្វេសប៊ុក៖ «តំណាងអយ្យការ មើលឃើញថា យើងខ្ញុំ ទាំង៣នាក់ ក្នុងអំឡុងពេលដាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន គឺយើងខ្ញុំបាន អនុវត្តតាមវិធាននិងគោលការណ៍របស់តុលាការ បានយ៉ាងល្អប្រសើរហាក់ មិនមាន បញ្ហាណាមួយគួរឱ្យកត់សម្គាល់នោះឡើយ»។
ក្រោយបើកសវនាការសួរដេញដោលពេញមួយថ្ងៃ ចៅក្រមជំនុំជម្រះសម្រេចប្រកាសសាលក្រមសំណុំរឿងនេះ នៅថ្ងៃទី១៥ ខែមករា។
ជុំវិញសំណុំរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត យល់ថា ការបើកសិក្ខាសាលាតែងតែមានការជជែក និង ពិភាក្សាគ្នា គឺជាការរៀនសូត្រស្វែងយល់ ហើយការពិភាក្សានេះ ជាលក្ខណៈ ឯកជនទៅទៀត មិនមែនជាលក្ខណៈសាធារណៈនោះទេ។
លោកថា ការជជែក និងពិភាក្សាគ្នារបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏មិនមានចេតនាណាមួយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ឬក៏ គ្មានចេតនាទៅប្រព្រឹត្តបទល្មើសនោះទេ ប៉ុន្តែលោកសោកស្ដាយ ដែលថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវបានតុលាការចោទប្រកាន់និង ឃុំខ្លួន អស់មួយរយៈពេលកន្លងទៅ។
លោក អំ សំអាត៖«ខ្ញុំមើលឃើញថានៅក្នុងសវនាការហ្នឹង ទាំងមេធាវីក៏ដូចជាអ្នកទាំងបី ក៏បានស្នើសុំឱ្យមានការទម្លាក់បទចោទប្រកាន់ទៅលើរូបគាត់ហ្នឹង ដើម្បីធ្វើម៉េចឱ្យគាត់ធ្វើការងារហើយនឹងបន្តដំណើរសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបន្តទៀត ដើម្បីរួមចំណែកការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាជួយទៅដល់កសិករ។ អ៊ីចឹង យើងជាអង្គការសង្គមស៊ីវិលយើងនៅតែទទូច និងសង្ឃឹមថា តុលាការនឹងទម្លាក់បទចោទប្រកាន់លើអ្នកទាំងអស់គ្នាឱ្យមានសេរីភាពដើម្បីធ្វើការងារពេញដៃពេញជើងដើម្បីជួយទៅដល់កសិករកម្ពុជាឡើងវិញ»។
នគរបាលខេត្តក្រចេះ កាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣ បានឃាត់ខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសមាជិករបស់លោក ១៦នាក់ផ្សេងទៀត នៅពេលពួកគេធ្វើដំណើរពីខេត្តរតនគិរី ឆ្ពោះទៅរាជធានីភ្នំពេញ ក្រោយបញ្ចប់កម្មវិធីសិក្ខាសាលានៅទីនោះ។ តុលាការខេត្តរតនគិរី ចោទប្រកាន់ថា លោក ថេង សាវឿន និងក្រុមរបស់លោក បានលួចជួបជុំគ្នានៅខេត្តរតនគិរី ក្នុងគោលដៅនយោបាយ ញុះញង់ឱ្យកសិករបះបោរ ឈានទៅដល់ការផ្ដួលរំលំរដ្ឋាភិបាល។
បន្ទាប់មកតុលាការបានសម្រេចដោះលែងអ្នកផ្សេងទៀត ឱ្យមានសេរីភាព លើកលែងតែលោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច ត្រូវបានតុលាការសម្រេចឃុំខ្លួនមួយរយៈពេលខ្លី ប៉ុន្តែពួកគេក៏ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន និងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងហាមធ្វើដំណើរចេញទៅក្រៅប្រទេសរហូតដល់ពេលនេះ។
ទោះជាយ៉ាងណា ការដោះលែងនេះ ក្រោយពេលលោក ថេង សាវឿន បានបង្ហោះសារជាលិខិត និងវីដេអូចេញពីពន្ធនាគារ សុំទោស និងទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះការចោទប្រកាន់មកលើរូបលោក។
ក្រោយពេលចេញពីពន្ធនាគារ លោក ថេង សាវឿន និងក្រុមការងារទាំងបីនាក់ ក៏បានទៅជួបអតីត នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕