គ្រួសារ​សកម្មជន​ខ្មែរ​ក្រោម​ជាប់​ឃុំ​ថា អាជ្ញាធរ​វៀតណាម​​មិន​អនុញ្ញាត​​ឱ្យ​ពួកគាត់​ជួប​សកម្មជន

0:00 / 0:00

គ្រួសារ​សកម្មជន​​ខ្មែរ​​ក្រោម​អះអាង​​ថា អាជ្ញាធរ​​​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ទៅ​ជួប​ផ្ទាល់​ជាមួយ​សកម្មជន​ខ្មែរក្រោម​ទាំង ៤នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៣ខែ​មក​ហើយ​នោះ​ទេ។ ពួកគាត់​ព្រួយបារម្ភ​ថា​អាជ្ញាធរ​វៀតណាម​ធ្វើ​បាប​សកម្មជន​ទាំង​នោះ និងបន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់។

គ្រួសារ​សកម្មជន​ខ្មែរ​ក្រោម​​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​ទាំង​បួន​នាក់​​ គឺ​ជា​យុទ្ធនាការ​បង្ក្រាប​របស់​អាជ្ញាធរ​វៀតណាម​​​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ មិន​ឱ្យ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ និង​វប្បធម៌​ខ្មែរ។ គ្រួសារ​សកម្មជន​​ក៏​ស្នើ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​​​ និង​ក្រៅ​ប្រទេស ចូលរួម​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះ​លែង​សកម្មជន។

ម្ដាយ​សកម្មជន​ខ្មែរ​ក្រោម​​​លោក ថាច់ កឿង គឺ​លោកស្រី​ ថាច់ យឿង ថា លោក​ស្រី​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ដោយ​សារ​​អស់​រយៈ​ពេល​ជាង ៣ខែ​មក​នេះ​ លោក​ស្រី​មិន​ទាន់​បាន​ជួប​មុខ​កូន​ ហើយ​តុលាការ​ក៏​មិន​ទាន់​បញ្ជាក់​កាល​បរិច្ឆេទ​ជាក់លាក់​ថា ត្រូវ​ថ្ងៃ​បើក​សវនា​ជំនុំជម្រះ ឬ​ក៏​ត្រូវ​ដោះលែង​កូន​លោកស្រី​វិញ បើ​ទោះ​ជា​លោក ថាច់ កឿង និង​សកម្មជន​ផ្សេង​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​ដល់​ពេល​វេលា ៣​ខែ​រួច​ហើយ​ក្តី កាល​ពី​ថ្ងៃ​ទី២៨ តុលា ជា​កាល​កំណត់​ដែល​អាជ្ញាធរ​វៀតណាម​អះអាង​ថា នឹង​ត្រូវ​ដោះលែង ឬ​ត្រូវ​បញ្ជូន​ពួក​គេ​ទៅ​ជំនុំ​ជម្រះ។ លោកស្រី ថាច់ យឿង ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​កូន​លោក​ស្រី​មិន​បាន​ធ្វើ​ខុស​ច្បាប់​ប្រទេស​វៀតណាម​នោះ​ទេ គឺ​គ្រាន់​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​អំពី​វប្បធម៌ និង​សិទ្ធិ​ជនជាតិ​ដើម​ ដូច​ជា​ការ​ចែក​រំលែក​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​ និង​ចូល​រួម​រៀប​ចំ​កម្មវិធី​បុណ្យ​ក្នុង​វត្ត​ប៉ុណ្ណោះ​​ គឺ​មិន​បាន​ធ្វើ​សកម្មភាព​ណាមួយ​​ដែល​ជា​បទល្មើស​​ដូច​អាជ្ញាធរ​វៀតណាម​ចោទ​ប្រកាន់​នោះ​ឡើយ។

លោកស្រី ថាច់ យឿង៖ «បារម្ភ​ដែរ​ អាណិត​កូន​ដែរ ចេះ​តែ​ទន្ទឹង​ដែរ​ថា គ្រប់​៣ខែ​ គេ​ហៅ​ឡើង​តុលាការ​ដើម្បី​ជួប​កូន​យើង​ ថា​កូន​យើង​រួច​ ឬ​ក៏​កូន​យើង​ជាប់ ដើម្បី​ឱ្យ​យើង​ដឹង​ទៅ​មុខ​ទៀត​ អីចឹង​យើង​គ្មាន​ដឹង​អី​សោះ​ អ៊ីចឹង​បារម្ភ​​ណាស់»។

លោកស្រី​ ថាច់ យឿង ស្នើ​​ឱ្យ​ពលរដ្ឋ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​ចូល​រួម​​ធ្វើ​យុទ្ធនាការ​​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​កូន​លោកស្រី​ និង​សកម្មជន​ផ្សេង​ទៀត​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ចំណែក​បងថ្លៃ​​របស់​សកម្មជន​ខ្មែរ​ក្រោម​ លោក តោ ហ្វាងចឿង គឺ​លោក​ ចៅ អ៉ិនតាំ​ ថាលោក​សោក​ស្ដាយ​ដែល​អាជ្ញាធរ​វៀតណាម​មិន​ឱ្យ​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​ជួប​សួរសុខទុក្ខ លោក តោ ហ្វាង​ចឿង​ ក្នុង​ពន្ធនាគារ​ ហើយ​អាជ្ញាធរ​ហាក់​ព្យាយាម​បិទ​​​មិន​ឱ្យ​សាច់ញាតិ​ដឹង​ព័ត៌មាន​​​ពី​សកម្មជន​ដែល​កំពុង​ជាប់​ឃុំឃាំង។ លោក​ ចៅ អ៊ិនតាំ បន្ត​ថា ក្នុង​របប​កុម្មុយនិស្ត​ អាជ្ញាធរ​វៀតណាម​បាន​បង្ក្រាប​ទៅ​លើ លោក តោ ហ្វាងចឿង​ និង​សកម្មជន​ផ្សេង​ទៀត​មិន​ឱ្យ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ជនជាតិ​ដើម​នោះ​ឡើយ។

លោក ចៅ អ៊ិនតាំ៖ «គាត់​មិន​បាន​ធ្វើ​អី​ឱ្យ​ខុស​ឆ្គង​អី​ទេ​ គ្រាន់​តែ​គាត់​ជា​អ្នក​ចែក​ចាយ​នូវ​សៀវភៅ​​សិទ្ធ​ជនជាតិ​ដើម​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​ហ្នឹង​ ហើយ​វៀតណាម​យើង​ក៏​ទទួល​ស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ដែរ​ ហើយ​បាន​ចែក​រំលែក​នូវ​អាវ​យឺត​ដែល​មាន​មាន​ស្លាក​​បាត់​បង់​ទឹក​ដី​ដូច​ជា​ ១០ ធ្នូ​ សិទ្ធិ​មនុស្ស​ សិទ្ធិ​នារី​ គេ​ឃើញ​សកម្មភាព​ហ្នឹង​ទៅ​ គេ​ខ្លាច​យើង​បំផុស​បំផុល​បះបោរ​ក៏​គេ​ចាប់​យើង​ទៅ»។

លោក ចៅ អ៊ិនតាំ ឱ្យ​ដឹង​ទៀត​ថា លោក តោ ហ្វាងចឿង មាន​ប្រពន្ធ​ និង​កូន​ចំនួន​ពីរ​នាក់​ដែល​កំពុង​​ទន្ទឹង​​រង​ចាំ​ផ្លូវ លោក តោ ហ្វាងចឿង ​ត្រលប់​មក​ផ្ទះ​វិញ​ ចំណែក​ឪពុកម្ដាយ លោក តោ ហ្វាងចឿង​ ក៏​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​ដែរ។ លោក ចៅ អ៊ិនតាំ ទទូច​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ប្រើ​ប្រាស់​សិទ្ធិ​​ និង​ជួយ​ចូលរួម​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​អាជ្ញាធរ​វៀតណាម​ដោះ​លែង​សកម្មជន​ខ្មែរ​ក្រោម​ដែល​កំពុង​ជាប់​ឃុំ​ទាំង​អស់។

អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះត្រពាំង និង​ខេត្ត​ឃ្លាំង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ បាន​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​៣​នាក់​រួម​មាន​លោក​ តោ ហ្វាងចឿង លោក ថាច់ កឿង និង​លោក យ័ញ មិញក្វាង ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​ បំពាន​លើ​ផល​ប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់ នៃ​អង្គការ​ចាត់​តាំង និង​បុគ្គល» តាម​មាត្រា​៣៣១ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម។ ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី៣​ ខែ​សីហា អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃុំ​ខ្លួន សកម្មជន​ខ្មែរ​ក្រោម​ជា​ស្ត្រី​ម្នាក់​ទៀត គឺ​លោក​ស្រី ឌិន ធីហ្វិន រស់​នៅ​ខេត្ត​ឃ្លាំង ក្រោម​បទ​ចោទ «មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ» ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី។ ទោះ​ជា​យ៉ាង​ណា ខ្មែរ​ក្រោម​អះ​អាង​ថា ការ​ចាប់​ខ្លួន​សកម្មជន​ទាំង ៤​នាក់​នេះ ​ដោយ​សារ​តែ​អាជ្ញាធរ​វៀតណាម​មិន​សប្បាយ​ចិត្ត​ចំពោះ​សកម្មភាព​ផ្សព្វផ្សាយ​សៀវភៅ​ប្រវត្តិសាស្ត្រ សិទ្ធិមនុស្ស​ សិទ្ធិ​ជន​ជាតិ​ដើម និង​ការ​បោះ​ពុម្ព​អាវ​យឺត​ដែល​មាន​ទង់​ជាតិ​ខ្មែរ​ក្រោម​ចែក​ចាយ​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ដើម។

កម្មករ​រោង​ចក្រ​នៅ​ខេត្ត​ទួលតាមោក និង​ជា​សកម្មជន​ខ្មែរ​ក្រោម លោក ថាច់ ង៉ា​ លើក​ឡើង​ថា​លោក​បាន​ចូល​រួម​ផ្សព្វផ្សាយ​សៀវភៅ​សិទ្ធិ​មនុស្ស​ និង​ទង់ជាតិ​ខ្មែរ​ក្រោម​ឱ្យ​ពលរដ្ឋ​ផ្សេង​យល់​ដឹង​ក្នុង​រយៈ​ពេល​ជាង ៣ឆ្នាំ​មក​។ លោក ថាច់ ង៉ា ថា ទោះ​ជា​អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​ទុក្ខបុកម្នេញ​ និង​បាន​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​ទាំង ៤នាក់​ហើយ​ក្ដី​ ក៏​លោក​នៅ​តែ​បន្ត​សកម្មភាព​ផ្សព្វផ្សាយ​ពី​សិទ្ធិមនុស្ស​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដដែល។

លោក ថាច់ ង៉ា៖ «ទោះ​បី​ការ​កៀប​សង្កត់​បិត​បាំង​យ៉ាង​ណា​ក៏​ដោយ​ យើង​ខ្ញុំ​ជា​សកម្មជន​ខ្មែរ​ក្រោម​គ្រប់​រូប​នេះ​ តែង​តែ​ធ្វើ​ដើម្បី​ឱ្យ​ពិភពលោក​គេ​បាន​ស្គាល់​ថា យើង​ខ្ញុំ​ជា​ខ្មែរ​ក្រោម​​ជន​ជាតិ​ដើម​ សិក្សា​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ជនជាតិ​ដើម​នេះ​ឱ្យ​វៀតណាម​ត្រូវ​ទទួល​ការ​ពិត»។

លោក ថាច់ ង៉ា បន្ថែម​ទៀត​ថា​​ពលរដ្ឋ​ និង​សកម្មជន​នៅ​កម្ពុជា​ក្រោម​ក៏​បាន​ធ្វើ​យុទ្ធនាការ​​ផុលផុស​តាម​បណ្ដាញ​សង្គម​​រួមមាន​ការ​បង្ហោះ​ សារ​ និង​រូបភាព​ ក្នុង​គោលបំណង​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះ​លែង​សកម្មជន។ ទោះ​ជា​យ៉ាង​ណា​ លោក​ ថាច់ ង៉ា ថា ដើម្បី​ឱ្យ​ការ​ទាមទារ​​មាន​ប្រសិទ្ធិ​ភាព​ទាល់​តែ​មាន​ពលរដ្ឋ​ខ្មែរ​​ផ្សេង​ទៀត​ចូល​រួម​ឱ្យ​បាន​ច្រើន​ជាង​នេះ។

ជុំ​វិញ​រឿង​នេះ​ អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ លោក​បណ្ឌិត សឺន ជុំជួន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១ វិច្ឆិកា ថា​អង្គការ​ សមាគម​ និង​សកម្មជន​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា បាន​​ធ្វើ​យុទ្ធនាការ​ជា​រៀង​រាល់​កន្លះ​ខែ​ម្ដង​ ដោយ​បាន​ដាក់​ញត្តិ​ ឬ​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​​សកម្មជន​ខ្មែរ​ក្រោម​ទាំង​៤នាក់​ទៅ​កាន់​ទូត​បទេស​​ និង​អង្គការ​ការពារ​​សិទ្ធិ​មនុស្ស​នានា។ លោក​បណ្ឌិត សឺន ជុំជួន ថា​តាមរយៈ​យុទ្ធនាការ​ទាមទារ​នេះ អង្គទូត​នៃ​​​ប្រទេស​ប្រជាធិបតេយ្យ​​ខ្លះ​ បាន​​ទទួល​យក​ញត្តិ​ និង​សន្យា​ថា​ នឹង​លើក​ឡើង​ពី​​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​​ខ្មែរ​ក្រោម​ជា​មួយ​ទៅ​ប្រទេស​វៀតណាម។

លោក សឺន ជុំជួន៖ «យើង​ចាត់​ទុក​ថា​ការ​ដែល​ចាប់​ ការ​ដែល​ឃុំ​ខ្លួន​ហ្នឹង​គឺ​មិន​ត្រឹម​ត្រូវ​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ទេ​ ហើយ​អនុវត្ត​ទៅ​តាម​នីតិវិធី​ អនុវត្ត​ទៅ​តាម​ច្បាប់​វៀតណាម។ ច្បាប់​ដែល​យើង​មើល​ស្ថិត​មាត្រា ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​ទាំង ៤នាក់​​ គឺ​មិន​ឆ្លើយ​តាម​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ទេ​ ដូច្នេះ​ទើប​យើង​ចាត់​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​សកម្មជន​យើង​ដែល​នៅ​កម្ពុជា​ក្រោម​ហ្នឹង»។

ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ឈឺឆ្អាល​ពី​បញ្ហា​សង្គម​តែង​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខបុកម្នេញ តាម​រយៈ​ការ​ឃ្លាំ​មើល​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ការ​សម្លុត​បំភ័យ គំរាម​កំហែង​ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​ដើម​ រហូត​ពេល​ខ្លះ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​រត់ចោល​ស្រុក​កំណើត​ឡើង​មក​រស់​នៅ​ប្រទេស​កម្ពុជា ឬ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី៣​ផ្សេង​ទៀត​ក៏​មាន។ ពលរដ្ឋ​ខ្មែរ​ក្រោម​លើក​ឡើង​ថា អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម ៤នាក់​ដាក់​ពន្ធនាគារ​នៅ​ពេល​នេះ ​គឺ​ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្សេង​ទៀត កុំ​ឱ្យ​ឈឺឆ្អាល​ពី​បញ្ហា​សង្គម​ និង​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​នៅ​កម្ពុជា​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។