ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ កាលពីថ្ងៃទី២២ ខែសីហា បានបញ្ជាឱ្យសមត្ថកិច្ចចុះបិទទីតាំងផ្ទះជួលបុគ្គលិក នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន និងចាប់ខ្លួនយុវជន ២នាក់ ដោយគ្មានមូលហេតុ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកដាក់ចាប់ខ្លួនយុវជនតាមអំពើចិត្តនេះ គឺជាផ្ទុយពីច្បាប់។
សមត្ថកិច្ចក្រុងភ្នំពេញបានចាប់ខ្លួនបុគ្គលិក នៃអង្គការអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP ម្នាក់ទៀត គឺលោក ឈាង រិទ្ធី និងសមាជិកយុវជនអ្នកស្ម័គ្រចិត្តក្រុមអ្នកបន្តដំណើរ កញ្ញា ចៀន សុណា ព្រមទាំងបិទបន្ទប់ជួលរបស់លោក ឈាង រិទ្ធី នៅសង្កត់ទឹកថ្លា ខណ្ឌសែនសុខ។
ការចាប់ខ្លួនយុវជន ២នាក់បន្ថែមទៀតនេះ គឺសមត្ថកិច្ចមិនបានបញ្ជាក់មូលហេតុឱ្យបានច្បាស់លាស់នោះទេ និងបន្សល់ទុកលិខិតបញ្ជាក់ពីការបិទផ្ទះជួលបិតជាប់នឹងទ្វារដូចករណីចាប់ខ្លួនយុវជនមុនៗ ដែរ ។
ឪពុករបស់កញ្ញា ចៀន សុណា គឺលោក ជូ ចៀន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែសីហា ថា លោកស្លុតចិត្តនៅពេលដឹងសមត្ថកិច្ចចាប់ខ្លួនកូនស្រីលោក ពីព្រោះកូនរបស់លោកជាមនុស្សស្លូតបូត និងគិតគូរពីរឿងសង្គមជាតិ។
លោក ជូ ចៀន៖«ខ្ញុំវាឆ្ងល់ ឃាត់ខ្លួនហ្នឹង វាខុសអំពីអី?ដល់តែឮព័ត៌មានអ៊ីចឹងមក និយាយពីសឹងតែសន្លប់ស្មារតីអស់ហើយ។ វាមិនដឹងថាវារឿងអ្វីឱ្យពិតប្រាកដ»។
ពាក់ព័ន្ធនឹងការបាត់ខ្លួនយុវជន ២នាក់នេះ គឺក្រោយពេលពួកគាត់បង្ហោះសារនៅលើបណ្ដាញសង្គមពីបញ្ហាសង្គម ដែលថ្មីនេះៗ រដ្ឋាភិបាលបានបង្កើនការចាប់ខ្លួនយុវជនដាក់ពន្ធនាគារទាំងគ្មានកំហុសដោយគ្រាន់តែពួកគាត់មិនគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការCLV និងភាពអសកម្មរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។ មុនបាត់ខ្លួនប៉ុន្មានថ្ងៃ លោក ឈាង រិទ្ធី បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា របបផ្ដាច់ការឡើងដល់កំពូលថ្ងៃអវសានគង់នឹងចូលមកទល់ឆាប់ៗ។ រីឯកញ្ញា ចៀន សុណា គឺជាយុវតីវ័យ ១៩ឆ្នាំមួយរូប ដែលតែងឈឺឆ្អាលពីបញ្ហាសង្គមតាមរយៈការចូលរួមទាមទារឱ្យតុលាការដោះលែងសកម្មជនបរិស្ថាន និងសកម្មជនសង្គមទាំងអស់ឱ្យមានសេរីភាពឡើងវិញ។ លើសពីនេះ កញ្ញា ចៀន សុណា ក៏ជាអ្នករាំរបាំម្នាក់ផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៣ ខែសីហា។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការណ៍សមត្ថកិច្ចចាប់ខ្លួនយុវជនទាំង ២នាក់ ដោយមិនជូនដំណឹងដល់ក្រុមគ្រួសាររបស់ពួកគាត់គឺជារំលោភលើនីតិវិធីច្បាប់ និងជាចាប់ខ្លួនដោយបង្ខំ។ លោកបន្តថា ការចាប់ខ្លួនយុវជន ដែលគ្មានកំហុសយកទៅសាកសួរ ឬដាក់ពន្ធនាគារនេះ នឹងធ្វើឱ្យពលរដ្ឋលែងមានជំនឿលើប្រព័ន្ធយុត្តិធម៌។
លោក ស៊ឹង សែនករុណា៖«គ្រាន់តែការអនុវត្តច្បាប់ត្រឹមតែនីតិវិធីឃាត់ខ្លួនហ្នឹង មិនអនុវត្តឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ផងហ្នឹង[ដូចជា]ការគោរពទៅតាមសិទ្ធិរបស់ជនជាប់ចោទ ដែលគេត្រូវមានសិទ្ធិទទួលបានយុត្តិធម៌នោះ។ នេះ គឺជាការបំពានតាំងពីនីតិវិធីឃាត់ខ្លួន ចាប់ខ្លួនបាត់ទៅហើយហ្នឹង។ អ៊ីចឹង ខ្ញុំយល់ថា វាមិនដឹងជាត្រូវនិយាយពីច្បាប់អីទៀត។ ចាត់ទុកថា ករណីដែលអនុវត្តច្បាប់មកលើសកម្មជន បច្ចុប្បន្ន គឺជាការធ្វើឡើងតាមអំពើចិត្តដោយមិនគោរពតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិឱ្យបានត្រឹមត្រូវទេ»។
ក្រៅពីសមត្ថកិច្ចចាប់ខ្លួនយុវជនសកម្មការងារសង្គម ២នាក់ហើយនោះ នៅថ្ងៃដដែលនេះ តុលាការខេត្តប៉ៃលិនបានចោទប្រកាន់សកម្មជនបក្សភ្លើងទៀនចំនួន ៣នាក់ អំពីបទរួមគំនិតក្បត់ និងឃុំខ្លួនបណ្ដោះអាសន្ន។ សកម្មជនបក្សភ្លើងទៀនចំនួន ៣នាក់នោះ រួមមាន ស៊ុន ពិសិដ្ឋ លោក ឡោ ធន់ និងលោក មាស កុល។ ប៉ុន្តែលោក មាស កុល ត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយលោក យល់ព្រមថតវីដេអូតាមការបង្ខំរបស់សមត្ថកិច្ច ដោយអានលិខិតសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។
ការបង្កើនការចាប់ខ្លួនក្រុមយុវជន និងសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារនេះ គឺស្របពេលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គំរាមបង្ក្រាបប្រជាពលរដ្ឋ ដែលហ៊ានតវ៉ាមិនគាំទ្រគម្រោងកិច្ចប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
បងស្រីរបស់ ស៊ុន ពិសិដ្ឋ គឺលោកស្រី ស៊ុន ថាវី ឱ្យវិទ្យុអាស៊ីសេរីដឹងថា គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាននៅពេលតុលាការចោទប្រកាន់ប្អូនប្រុសលោកស្រីពីបទរួមគំនិតក្បត់ទាំងដែលប្អូនប្រុសលោកស្រីមិនបានប្រព្រឹត្តអ្វីខុសទាល់តែសោះ។ លោកស្រីចាត់ទុកការចោទប្រកាន់របស់តុលាការគឺជាការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង។
លោកស្រី ស៊ុន ថាវី៖«កន្លងមកគឺគាត់អត់ដែលមានថា បង្ហោះបង្ហើរ ឬមួយក៏ស្អីៗ ទេ។ និយាយទៅ គឺអត់ត្រូវនឹងតុលាការចោទប្រកាន់មកលើរូបគាត់ទេ គឺខ្ញុំបដិសេធអត់ទទួលយកទេ ព្រោះអយុត្តិធម៌ចំពោះប្អូនខ្ញុំខ្លាំងណាស់។ ខ្ញុំអត់ទទួលយកបានទេ ព្រោះបទចោទធ្ងន់ខ្លាំងពេក យើងអត់អាចទទួលយកបាន សុទ្ធតែរួមគំនិតក្បត់អីៗ ចឹង។ ពាក្យហ្នឹងធ្ងន់ណាស់»។
សាច់ញាតិ និងមន្ត្រីអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ខ្លួនក្រុមយុវជន និងមន្ត្រីបក្សប្រឆាំងដាក់ពន្ធនាគារ ហើយដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ពីព្រោះការចាប់ខ្លួនមនុស្សតាមអំពើចិត្ត គឺជាការរំលោភច្បាប់ជាតិ និងអន្តរជាតិដ៏ធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។