តំណាង​សហជីព​ថា ឆ្នាំ​២០២០ សិទ្ធិ​សេរីភាព​សហជីព និង​កម្មករ​កាន់តែ​យ៉ាប់

0:00 / 0:00

នៅ​ពេល​ដែល​ពិភពលោក នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ដែល​គេ​ធ្វើ​នៅ​ថ្ងៃទី១០ ខែ​ធ្នូ ជា​រៀងរាល់​ឆ្នាំ តំណាង​កម្មករ​នៅ​កម្ពុជា ត្អូញត្អែរ​ថា ទាំង​កម្មករ និង​មេ​សហជីព រង​ការ​ធ្វើទុក្ខបុកម្នេញ គ្រប់​រូបភាព និង​ឥត​ស្រាកស្រាន្ត​។ ក្នុង​ស្ថានភាព​បែប​នេះ សិទ្ធិ​សេរីភាព​របស់​ពួកគាត់​ក៏​បាត់ ឯ​ផលប្រយោជន៍​កម្មករ​ក៏​ថយ​ចុះ។

ក្នុង​រយៈពេល​ជិត ៨ ឆ្នាំ រាប់​ចាប់តាំង​ពី​ឆ្នាំ២០១៣ កញ្ញា ឈឹម ស៊ីថរ ដែល​ឥឡូវ​នេះ​មាន​វ័យ ២៧​ឆ្នាំ បាន​បន្ត​ចេញមុខ​តវ៉ា និង​តតាំង​ជាមួយ​នឹង​ក្រុមហ៊ុន​ដើម្បី​ការពារ និង​ទាមទារ​អត្ថប្រយោជន៍​ជូន​បុគ្គលិក​កម្មករ​ខ្មែរ ទាំង​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កាវើល​ដ៏ និង​ជួយ​តស៊ូ​មតិ ដើម្បី​ប្រយោជន៍​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ​។ កញ្ញា​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់ និង​ព្យួរ​ការងារ​យ៉ាងហោចណាស់​ចំនួន​ពីរ​ដង និង​បាន​ដាក់​ពាក្យ​ប្តឹង​កញ្ញា​ទារ​ប្រាក់​សំណង​ខូចខាត​យ៉ាង​ច្រើន​សន្ធឹក​ថែម​ទៀត​ផង។

ស្ត្រី​វ័យក្មេង ដែល​ជា​តំណាង​សហជីព​កម្មករ​រាប់​ពាន់​នាក់​រូប​នេះ ត្រូវ​ក្រុមហ៊ុន​ប្តឹង​តាំង​ឆ្នាំ២០១៣ គឺ​តាំងពី​កញ្ញា​នៅ​ជា​អនុប្រធាន​សហជីព និង​បាន​ចូលរួម​ដឹកនាំ​កូដកម្ម​តវ៉ា​ទាមទារ​ប្រាក់ខែ ១៥០ ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ពេល​នោះ​។ ក្នុង​បណ្ដឹង​នោះ កញ្ញា​ថា​ក្រុមហ៊ុន​ទារ​សំណង​ជំងឺ​ចិត្ត​ពី​កញ្ញា ជិត ២​លាន​ដុល្លារ (១,៧ លាន)។

បណ្ដឹង​នេះ កញ្ញា ឈឹម ស៊ីថរ ថា​ក្រុមហ៊ុន នៅតែ​យក​មក​លង​បន្លាច និង​ធ្វើទុក្ខបុកម្នេញ​កញ្ញា​មិន​ស្រាកស្រាន្ត។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៩ ពេល​កញ្ញា​កំពុង​ដឹកនាំ​ការ​តវ៉ា ដើម្បី​ប្រាក់ខែ​រស់នៅ​សមរម្យ​របស់​បុគ្គលិក​កម្មករ នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កាវើល​ដ៏​ដដែល ស្រាប់តែ​កញ្ញា​ទទួល​បាន​ដីកា​កោះហៅ​ពី​តុលាការ ក្នុង​រឿង​ក្តី​ដែល​អាយុកាល​ជិត ៧ឆ្នាំ​ហើយ​នោះ​ដែរ៖ «គេ​ព្យាយាម​សើរើ​រឿង​ហ្នឹង​ឡើងវិញ​។ និយាយ​ទៅ គេ​ប្រើ​ប្រព័ន្ធ​តុលាការ​តាម​គ្រប់​មធ្យោបាយ ដើម្បី​គំរាម​មិន​ឲ្យ​យើង​បន្ត​ហ៊ាន​ប្រើប្រាស់​សិទ្ធិ​របស់​យើង​ទៀត​។ ខ្ញុំ​ត្រូវ​បាន​គេ​ដាក់​ទិសដៅ​មួយ​សា​ទៀត​ដោយសារ​ខ្ញុំ​ហ៊ាន​និយាយ​អំពី​ប្រាក់​ឈ្នួល​ទាប និង​ការ​កេងប្រវ័ញ្ច​នៅ​ក្នុង​ហ្នឹង»។

ស្រប​ពេល​ជាមួយគ្នា​នោះ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ក្រុមហ៊ុន​ព្យួរ​ការងារ​ជា​លើក​ទី​ពីរ ដោយសារតែ​កញ្ញា​ហ៊ាន​តាម​សួរនាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន ឆែក​កាបូប​បុគ្គលិក​ម្នាក់ ហើយ​បាន​ឃើញ និង​បាន​ដកហូត​អាវយឺត ដែល​មាន​សរសេរ​ថា «​ក្រុមហ៊ុន​រីកចម្រើន​បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ​»​។ ក្រុមហ៊ុន​ចោទ​ថា កញ្ញា​ជា​មេខ្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​នេះ។

​ក្រោយ​មក​តាម​យន្តការ​តុលាការ បុគ្គលិក​ទាំ​អស់ រួម​ទាំង​កញ្ញា ឈឹម ស៊ីថរ ផង​ត្រូវ​បាន​ចាប់​បង្ខំ​ឲ្យ​បញ្ឈប់​ការ​តវ៉ា និង​វិល​ចូល​ធ្វើ​ការ​វិញ ក្នុង​រយៈពេល ៤៨ ម៉ោង ហើយ​បើ​មិន​ចូល​ធ្វើការ​វិញ​ទេ គឺ​ត្រូវ​ចាត់ទុកថា​ជា​កំហុស​ធ្ងន់​ទៅ​ទៀត​។ បុគ្គលិក​ដែល​ចេញ​តវ៉ា​ទាំងនោះ ត្រូវ​បង្ខំចិត្ត​វិល​ចូល​ធ្វើ​ការ​វិញ ទាំង​មិន​ពេញចិត្ត ប៉ុន្តែ​គ្មាន​ជម្រើស​។ កញ្ញា​ថា នេះ​ជា​រូបភាព​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​មួយទៀត តាម​មធ្យោបាយ​តុលាការ​ដែរ៖ «ការណ៍​ដែល​ចេញ​ដីកា​រក្សា​ការពារ​ហ្នឹង វា​ជា​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​នៅ​ក្នុង​ការ​ជួបជុំ​របស់​កម្មករ​ធ្ងន់ធ្ងរ​មែនទែន ពីព្រោះ​ទម្រាំ​តែ​ដល់​នីតិវិធី ដែល​យើង​សម្រេច​ជ្រើស​រើស​យក​វិធី​ធ្វើ​កូដកម្ម​ហ្នឹង គឺ​យើង​បោះឆ្នោត យើង​ប្រជុំ​បោះឆ្នោត​សម្រេច ហើយ​លទ្ធផល​ចេញ​មក បុគ្គលិក​ភាគច្រើន គឺ​លើស ៥០ ភាគរយ​បូក​មួយ សម្រេច​ថា​ធ្វើ​កូដកម្ម ទើប​យើង​ធ្វើ​កូដកម្ម​បាន។ អ៊ីចឹង​យើង​បាន​ដើរ​តាម​នីតិវិធី​អស់​ហើយ ប៉ុន្តែ ចុងក្រោយ​គេ​យក​ប្រព័ន្ធ​តុលាការ​ហ្នឹង យក​មក​រាំង​ខ្ទប់​កម្មករ អត់​ឲ្យ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ហ្នឹង»។

ឥឡូវ​បើ​ទោះ​បី ក្រុមហ៊ុន​ព្រម​ឲ្យ​កញ្ញា​ចូល​ធ្វើ​ការ​វិញ​តាំងពី​ដើម​ឆ្នាំ២០២០ នោះ​ក៏ដោយ ក៏​កញ្ញា​នៅតែ​រង​ការ​ធ្វើទុក្ខបុកម្នេញ និង​រើសអើង​ពី​ក្រុមហ៊ុន ដោយសារតែ​កាត់​សម្គាល់​បុគ្គលិក ដែល​គេ​ដកហូត​ពី​កញ្ញា​តាំងពី​ខែ កញ្ញា ឆ្នាំ ២០១៩ នោះ ខាង​ក្រុមហ៊ុន​មិនទាន់​ប្រគល់​ឲ្យ​កញ្ញា​វិញ​នៅឡើយ​។ កញ្ញា ឈឹម ស៊ីថរ ថា​នេះ​ជា​ទម្រង់​នៃ​ការ​ធ្វើទុក្ខបុកម្នេញ និង​បង្ក​ការ​លំបាក​ដល់​កញ្ញា៖ «គេ​ធ្វើ​អ្វី​ខ្ញុំ​មិន​កើត ដល់ពេល​អ៊ីចឹង​ទៅ​គេ​ចេះតែ​រក​លេស​ធ្វើទុក្ខបុកម្នេញ​ខ្ញុំ ពេល​ដែល​ខ្ញុំ​ចេញចូល​ធ្វើការ​រាល់ថ្ងៃ​ហ្នឹង គឺ​ខ្ញុំ​ត្រូវ​ឈរ​ចាំ​នៅ​កន្លែង​ច្រក​សន្តិសុខ ឲ្យ​គេ​តេ​ប្រាប់​មេ​គេ​សិន​បាន​ខ្ញុំ​អាច​ចេញចូល​បាន​។ អ៊ីចឹង​វា​ជា​រូបភាព ចង់​និយាយ​ថា ធ្វើ​អ្វី​យើង​មិន​បាន ចេះតែ​រក​នឹក​នេះ​រក​នឹក​នោះ ធ្វើទុក្ខបុកម្នេញ​យើង​អ៊ីចឹង»។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​កាស៊ីណូ​វើល​ដ៏ ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ​។​

ចំណែក​ឯ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ យល់​ឃើញ​ថា មកពី​កត្តា​ច្រើនយ៉ាង ជាពិសេស​កត្តា​ខ្វះ​ភាព​តំណាង​ក្នុង​ឆាក​នយោបាយ ដែល​ធ្វើ​ឲ្យ​កម្មករ​រង​ទុក្ខ​ឥត​ល្ហែ​បែបនេះ​។ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់ត្រាល់​លោក មឿន តុលា យល់​ឃើញ​ថា ស្ថានភាព​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយសារតែ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​បែប​ឯក​បក្ស ខ្វះ​សំឡេង​គណបក្សប្រឆាំង​ក្នុង​រដ្ឋសភា ដើម្បី​តតាំង​គ្នា ពេល​អនុម័ត​ច្បាប់​ដែល​ប៉ះពាល់​ដល់​សិទ្ធិ និង​ប្រយោជន៍​កម្មករ​និយោជិក។ លោក​ថា ច្បាប់​ដែល​អនុមតិ​ដោយ​រដ្ឋសភា​មានតែ​មួយ​បក្ស​បែបនេះ គឺ​ខ្វះ​តំណាង​សំឡេង​សហជីព និង​ប្រជាពលរដ្ឋ​ពលរដ្ឋ​ទូទៅ។

​លោក​បន្ថែម​ថា សិទ្ធិ​ក្នុង​ការ​ចងក្រង និង​ពង្រីក​សហជីព ត្រូវ​បាន​រឹតត្បិត​ដោយសារតែ​ច្បាប់​សហជីព​ថ្មី​។ ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​កម្ពុជា​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូវីដ​-១៩ និង​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​រោងចក្រ​ជាច្រើន​បិទ ឬ​ព្យួរ​នេះ រដ្ឋាភិបាល​យក​លេស​នៃ​បញ្ហា​នេះ ទៅ​កាត់បន្ថយ​សិទ្ធិ និង​អត្ថប្រយោជន៍​និយោជិក​ជាច្រើន ដូចជា​ការ​ធ្វើ​វិសោធនកម្ម​ដើម្បី​កាត់​បន្ថយ​ប្រាក់​ឈ្នួល​វេន​យប់ ឲ្យ​ស្មើនឹង​វេន​ថ្ងៃ និង​ការលុបចោល​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​មួយ​ចំនួន​ធំ ធ្វើ​ឲ្យ​កម្មករ​មិន​អាច​ទទួល​បាន​ប្រាក់​សំណង​នៃ​ការ​ធ្វើ​ការ​ថែម​ម៉ោង ក្នុង​ថ្ងៃ​បុណ្យជាតិ ដែល​ជា​ចំណូល​សំខាន់​មួយ​ដែរ សម្រាប់​ប៉ះប៉ូវ​ប្រាក់​ឈ្នួល​ដែល​ស្ដួចស្ដើង​នេះ៖ «មួយ​រយៈ​ពេល​ចុង​ក្រោយនេះ នៅ​ពេល​ដែល​មាន​បញ្ហា​កូវីដ​ផង មាន​បញ្ហា EBA ផង នៅ​ពេល​ដែល​រោងចក្រ​បិទ យើង​ឃើញ​ថា តួនាទី​របស់​សហជីព ក៏​មិនសូវ​ហ៊ាន​ដឹកនាំ​ខ្លាំងក្លា​ប៉ុន្មាន​ដែរ​។ យើង​ឃើញ​ថា ដោយសារ​សម្ពាធ​ច្រើន​ទៅលើ​សហជីព​បែប​នេះ ធ្វើ​ឲ្យ​កម្មករ​និយោជិត មានការ​ផ្ទុះ​ការ​តវ៉ា ដោយ​ខ្លួនឯង»។

ការ​ផ្ទុះ​ការ​តវ៉ា​ដោយ​ខ្លួនឯង​បែបនេះ មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ ព្រោះ​ម្ចាស់​ក្រុមហ៊ុន ឬ​រោងចក្រ មិន​ដោះស្រាយ​បញ្ហា​របស់​កម្មករ​ដោយ​ស្មោះ​ត្រង់​។ មិនតែប៉ុណ្ណោះ ពេល​តំណាង​សហជីព​ឯករាជ្យ​មួយ​ចំនួន ចង់​ចូល​ជួយ​កម្មករ ដើម្បី​រក​ដំណោះស្រាយ ក៏​ត្រូវ​រង​ការព្រមាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ពី​ក្រសួង​ការងារ​។ ករណី​នេះ​កើតមានឡើង ក្នុង​អំឡុង​ខែ កក្កដា នៅ​ពេល​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ចូល​ទៅ​ជួយ​កម្មករ​រោងចក្រ វ៉ៃយូឡែ​ត អាប់ប៉ារ៉ែល (Violet Apparel) ដែល​ក្រុមហ៊ុន​ព្យួរ​ការងារ​កម្មករ​ពីរ​ខែ ប៉ុន្តែ​មិន​បាន​ទូទាត់​ប្រាក់​សំណង​ដល់​កម្មករ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ គឺ​លោក ហេង សួរ បាន​ទេ​ដោយសារ​តែ​លោក​មិន​ឆ្លើយ​ទូរស័ព្ទ។ ចំណែក​ឯ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​លើ​បញ្ហា​របស់​ពលរដ្ឋ​ទូទៅ រួម​ទាំង​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​កម្មករ​ផង។

ផ្ទុយ​ពី​ការ​អះអាង​នេះ បើ​តាម​របាយការណ៍​របស់​សហភាព​អឺរ៉ុប កាលពី​ខែ​កុម្ភៈ រក​ឃើញ​ថា កម្ពុជា​បាន​រំលោភ​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ដែល​មាន​ធានា​ក្នុង​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា​ជាប់​កាតព្វកិច្ច​ត្រូវ​គោរព។

ចំណែក​ក្នុង​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​វិញ បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក​ដល់​ពេល​នេះ មាន​បណ្ដឹង​ប្រឆាំង​សហជីព​ចំនួន​ជាង ១៣០​ករណី​ហើយ ក្នុង​នោះ​មាន​ទាំង​ករណី​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី។

នៅ​ឯ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កាវើលដ៏ឯណោះ ការ​គំរាម​ចាត់ការ​តាម​ផ្លូវ​ច្បាប់ និង​ការ​ព្រងើយកន្តើយ មិន​យកចិត្តទុកដាក់​លើ​បញ្ហា​​លំបាក​របស់​កម្មករ​ពី​ភាគី​ពាក់ព័ន្ធ​នេះ កញ្ញា ឈឹម ស៊ីថរ ថា មក​ពី​ប្រព័ន្ធ​តុលាការ មាន​ភាព​ទន់ខ្សោយ និង​រេ​តាម​និយោជក​ចង់បាន ជា​ជាង​គិតគូរ​ពី​សុខទុក្ខ​របស់​កម្មករ។ កញ្ញា​បន្ថែម​ថា តុលាការ​ចូលរួម​ធ្វើទុក្ខបុកម្នេញ​ដល់​កម្មករ ស្រប​ពេល​ដែល​ម្ចាស់​ក្រុមហ៊ុន​រំលោភ​ក្រមសីលធម៌ និង​ការទទួលខុសត្រូវ​របស់​ខ្លួន ដោយ​កេងប្រវ័ញ្ច និង​មិន​ចែក​ផល​ចំណេញ ឲ្យ​បាន​សមស្រប​ទៅដល់​កម្មករ៖ «កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រហែល​តែមួយ​ភាគរយ​នៃ​ចំណូល​ជា​មធ្យម​ដែល​គាត់​រក​ឲ្យ​ក្រុមហ៊ុន​ក្នុង​មួយ​ខែ​ទេ។ ៩៩​ភាគរយ ត្រូវ​បាន​ថៅកែ​យក​ទៅ​ទាំងស្រុង ដែល​គាត់​យក​ទៅ​ហ្នឹង វា​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៅ​ស្រុក​ខ្មែរ​បាន​ដើរ​ដែរ ប៉ុន្តែ​នេះ​សុទ្ធតែ​ជា​ថៅកែ​បរទេស គឺ​វេច​ខ្ចប់​ទាំងអស់​តែម្ដង​ទៅ​ក្រៅ​ប្រទេស​។ អ៊ីចឹង​សេដ្ឋកិច្ច​ខាងក្នុង​ស្រុក​ក៏​មិនបាន​ដើរ កម្មករ​ធ្វើការ​ក្នុង​ហ្នឹង​ប្រាក់ខែ ក៏​មិនបាន​រស់នៅ​សមរម្យ»។

ប្រទេស​កម្ពុជា ចាប់​ផ្តើម​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ ភាគរយ ក្នុង​ទំហំ​ទឹកប្រាក់​នាំចេញ ប្រមាណ ១,២ លាន​ដុល្លារ ចាប់ពី​ខែ​សីហា ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​។ លោក មឿន តុលា ព្រមាន​ថា កម្ពុជា​អាច​នឹង​រង​ទណ្ឌកម្ម​ធ្ងន់​ជាង​នេះ បើ​នៅតែ​មិន​ព្រម​ស្តារ​ស្ថានភាព​អាក្រក់​នេះ​ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។