ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន គ្រោងនឹងស្នើសុំឱ្យអង្គការអន្តរជាតិខាងការងារ (ILO) ធ្វើអន្តរាគមន៍រដ្ឋាភិបាលកម្ពុជា ដោះលែងដោះលែងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ជាបន្ទាន់ ក្រោយសមត្ថកិច្ចឃាត់ខ្លួន និងឃុំខ្លួនលោកជិតកន្លះឆ្នាំមក។
លោក រ៉ុង ឈុន បញ្ជាក់ថា លោក ក៏មានគម្រោងស្នើសុំឱ្យអង្គការអន្តរជាតិមួយនេះជួយអន្តរាគមន៍គ្រូបង្រៀនចំនួន ១១នាក់ ដែលត្រូវបានក្រសួងអប់រំលុបឈ្មោះពួកគេចេញពីក្របខ័ណ្ឌបានចូលបំពេញការងារវិញ។
ការលើកឡើងរបស់លោក រ៉ុង ឈុន នេះបានកើតមានឡើងនៅមុនពេលដែលលោក នឹងមេដឹកនាំសហជីពចំនួន១០ផ្សេងទៀត ទៅចូលរួមសន្និសីទស្ដីពីការងារនៅក្នុងទីស្នាក់ការកណ្ដាលនៃអង្គការអន្តរជាតិខាងការងារ (ILO) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនាខាងមុខនេះ។
លោក រ៉ុង ឈុន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៥ មិថុនាថា លោកសង្ឃឹមថា អង្គការអន្តរជាតិមួយនេះនឹងជួយដល់សំណុំរឿងលោក រ៉ាត់ រត្នមុនី និងករណីក្រុមគ្រូបង្រៀនទាំង ១១នាក់៖ «យើងធ្លាប់ធ្វើការជាមួយអង្គការ ILO ជាយូរឆ្នាំមកហើយ នៅរាល់ករណីដែលយើងបានដាក់ យើងបានលើកឡើង ពេលនោះអង្គការ ILO គេនឹងយកចិត្តទុកដាក់គេនឹងតាមដានគេជំរុញម្ដងហើយម្ដងទៀត ទោះបីយន្តការនៃការអន្តរាគមន៍យឺតក៏ដោយ ប៉ុន្តែរឿងក៏គេមិនងាយទម្លាក់ចោលហើយក៏គេមិនងាយបំភ្លេចដែរ»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានរងការចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង” ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ប្រសិនបើតុលាការសម្រេចឱ្យលោកមានទោស។ ដើមហេតុនៃការចោទប្រកាន់តាមផ្លូវច្បាប់នេះ គឺដោយសារលោកបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្តាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
ចំណែកពាក់ព័ន្ធនឹងសំណុំរឿងក្រុមគ្រូបង្រៀនវិញ ក្រសួងអប់រំ យុវជន និងកីឡា បានលុបឈ្មោះក្រុមគ្រូបង្រៀនចំនួន ១៣នាក់ ចេញពីក្របខ័ណ្ឌ កាលពីដើមឆ្នាំ២០១៨ កន្លងទៅ ក្រោមហេតុផលថា ពួកគេបានបោះបង់ចោលការងារ និងមួយចំនួនទៀត អវត្តមានដោយគ្មានច្បាប់អនុញ្ញាត។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មេសាកន្លងទៅ បានចេញសាលក្រមរដ្ឋប្បវេណីស្របទៅតាមសំណើរបស់តំណាងក្រសួងអប់រំ ដោយបានលើកចោលបណ្ដឹងរបស់ក្រុមគ្រូបង្រៀន ក្រោមហេតុផលថា បណ្ដឹងនេះធ្វើឡើងហួសកាលកំណត់នៃច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។