ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្តព្រួយបារម្ភចំពោះការចាប់ខ្លួន ការឃុំខ្លួន និងការធ្វើទុក្ខបុកម្នេញទៅលើសកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់នៅកម្ពុជា។ ការព្រួយបារម្ភនេះ ធ្វើឡើងតាមរយៈលិខិតរួមគ្នា ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៩ ខែមករា ។ មន្ត្រី រដ្ឋាភិបាលចាត់ទុកថា ក្ដីព្រួយបារម្ភនេះ មិនឆ្លុះបញ្ចាំងពីការពិតនោះទេ។
អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ៦រូប សម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះករណីអាជ្ញាធរកម្ពុជា ដែលបានចាប់ឃុំខ្លួន ចោទប្រកាន់ បំភិតបំភ័យ ឈ្លបមើល គំរាមកំហែង និងប្រើប្រាស់កម្លាំងហួសហេតុបង្ក្រាបទៅលើសកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ រួមទាំងស្ត្រីជាអ្នកការពារសិទ្ធិមនុស្ស ដោយសារតែការអនុវត្តសិទ្ធិសេរីភាព ជួបប្រជុំដោយសន្តិវិធី និងការបញ្ចេញមតិជាដើម។
ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ ដែលចូលរួមសម្ដែងកង្វល់នោះ មានដូចជា អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក្រុមការងារស្ដីពីការឃុំខ្លួនតាមទំនើងចិត្ត អ្នករាយការណ៍ពិសេសផ្នែកលើកកម្ពស់ និងការពារសិទ្ធិបញ្ចេញមតិ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិជួបជុំដោយសន្តិវិធី និងការចងក្រងជាសមាគម ព្រមទាំងអ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកស្ថានភាពអ្នកការពារសិទ្ធិមនុស្ស និងក្រុមការងារស្ដីពីការរើសអើងប្រឆាំងនឹងស្ត្រី និងក្មេងស្រី។
ក្នុងលិខិតរួមគ្នានោះ ក្រុមអ្នកជំនាញ អ.ស.ប ទាំងនេះ លើកឡើងអំពីករណីចាប់ឃុំខ្លួនតាមទំនើងចិត្ត លើសកម្មជនសិទ្ធិការងារ និងព្រំដែន លោក រ៉ុង ឈុន និងករណីបង្ក្រាបដោយហិង្សា ព្រមទាំងការចាប់ឃុំខ្លួនក្រុមសកម្មជន អ្នកនយោបាយ និងយុវជនយ៉ាងហោចណាស់ ២០នាក់ផ្សេងទៀត។ ពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយសារតែការតវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងគម្រោងប្រមូលផ្ដុំធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គមនៅទីលានប្រជាធិបតេយ្យ និងការធ្វើសកម្មភាពការងារបរិស្ថានជាដើម។ ក្រុមអ្នកជំនាញ អ.ស.ប ទទូចជាថ្មីទៀតឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់ភស្តុតាង និងពន្យល់អំពីមូលដ្ឋានច្បាប់នៃការចាប់ខ្លួនអ្នកទាំងនេះ ដោយសារតែការស្នើសុំនាពេលកន្លងទៅមិនទាន់ឃើញមានការឆ្លើយតបពីក្រសួងការបរទេសកម្ពុជានៅឡើយទេ គិតត្រឹមថ្ងៃទី៨ មករា។
ចំណែក អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន វិញ លោកបន្តការពារវិធានការរបស់រដ្ឋាភិបាលកន្លងមកថា ជាការអនុវត្តច្បាប់។ លោកចាត់ទុកថា ក្ដីព្រួយបារម្ភរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ ធ្វើឡើងដោយខ្វះការស្រាវជ្រាវព័ត៌មានឲ្យបានច្បាស់លាស់៖ « ដូច្នេះហើយយើងឃើញថា កង្វល់នេះ វាគ្រាន់តែជាកង្វល់មួយ ដែលពុំទាន់មានមូលដ្ឋានគតិយុត្តិនៅឡើយ សម្រាប់ដំណើរការប្រព្រឹត្តទៅ ចំពោះអ្នកទាំងនោះ » ។
ផ្ទុយពីការលើកឡើងនេះ អ្នកជំនាញសិទ្ធិមនុស្ស ជានាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្ស នៃអង្គការ លីកាដូ លោក អំ សំអាត ជឿជាក់ថា ក្តីព្រួយបារម្ភរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នេះ ឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ព្រោះអ្នកជំនាញទាំងនេះ បានតាមដានយ៉ាងដិតដល់ និងបានបង្ហាញក្តីព្រួយបារម្ភជាបន្តបន្ទាប់ ចាប់តាំងពីមានការចាប់ខ្លួនលោក រ៉ុង ឈុន៖ « យើងឃើញថា គេ ( អ្នកជំនាញអង្គការសហប្រជាជាតិ ) លើកឡើងម្ដងហើយម្ដងទៀត ហើយយើងឃើញថា តំណាងរដ្ឋាភិបាលតែងតែបដិសេធ និងអះអាងថា ជាការអនុវត្តច្បាប់របស់កម្ពុជា ប៉ុន្តែអ្នកជំនាញដែលគេលើកឡើងនេះ ផ្អែកទៅលើមូលដ្ឋាននៃបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដែលកម្ពុជាយើង បានផ្តល់សច្ចាប័ន ហើយក្លាយរដ្ឋជាភាគី ហើយរដ្ឋធម្មនុញ្ញ ក៏មានចែងទៅទៀត។ ដូច្នេះគេមើលឃើញថា ការអនុវត្តនេះប៉ះពាល់ទៅលើបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ជាពិសេស សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ » ។
ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១ នេះ របបលោក ហ៊ុន សែន បានចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គម សកម្មជនបរិស្ថាន និងសកម្មនយោបាយដាក់ពន្ធនាគារជាង ៥០នាក់ហើយ ក្រោមបទចោទញុះញង់ និងរួមគំនិតក្បត់។ ក្រុមអ្នកសង្កេតការណ៍បានចាត់ទុកករណីទាំងនេះថា ជារឿងនយោបាយ ដើម្បីបំបិទសិទ្ធិពលរដ្ឋ និងកម្ចាត់កម្លាំងគាំទ្រដែលនៅសេសសល់ចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ។
អ្នកការពារសិទ្ធិមនុស្ស លោក អំ សំអាត គូសបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាល នៅតែមិនព្រមកែប្រែឥរិយាបថតាមអនុសាសន៍របស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបនោះទេ គឺគ្មានផលចំណេញសម្រាប់ប្រជាជាតិកម្ពុជាឡើយ ព្រោះកន្លងមកបញ្ហាចម្រូងចម្រាសរឿងសិទ្ធិមនុស្សនេះ បានធ្វើឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ភាគរយពីកម្ពុជារួចទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។