UN៖ កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស ដែល​ជា​មណ្ឌល​សម្រាប់​បោកប្រាស់​តាម​អ៊ីនធឹណិត និង​ការ​ជួញដូរ​មនុស្ស

0:00 / 0:00

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ចេញ​ផ្សាយ​របាយការណ៍​គោល​នយោបាយ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ដោយ​បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​បោកប្រាស់​តាម​អនឡាញ (Online) និងការ​ជួញដូរ​មនុស្ស​ដោយ​បង្ខំ​ឲ្យ​ធ្វើ​ឧក្រិដ្ឋកម្ម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ គួរតែ​ទទួល​ស្គាល់​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ និង​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ជា​អន្តរជាតិ ដើម្បី​បង្ក្រាប​ឧក្រិដ្ឋជន​ទាំង​នោះ។

ការិយាល័យ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ កាល​ពី​ចុង​ខែកញ្ញា ដែល​បង្ហាញ​​ថា កម្ពុជា ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​រួមមាន ​ឡាវ (Laos) និង​មីយ៉ាន់ម៉ា ឬ​ភូមា (Myanmar) ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​ដោយ​បង្ខំ​ឲ្យ​ធ្វើ​ឧក្រិដ្ឋកម្ម។

ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​ទាំង​នេះ គឺ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ជ្រើសរើស​បុគ្គលិក ជាមួយ​នឹង​ការ​សន្យា​ថា ទទួល​បាន​ប្រាក់​ខែ​ច្រើន និង​អត្ថប្រយោជន៍​ផ្សេងៗ ទៀត ដើម្បី​ធ្វើការ​នៅ​តាម​បនល្បែង​កាស៊ីណូ សណ្ឋាគារ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មិនសូវ​មាន​ការ​គ្រប់គ្រង។ របាយការណ៍​ឲ្យ​ដឹង​ថា គោលដៅ​ជន​រងគ្រោះ រួម​មាន​ទាំង​បុរស ស្ត្រី និង​ក្មេង​ជំទង់ រួម​ទាំង​និស្សិត ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា ដែល​មាន​ចំណេះ​ដឹង​ស្ទាត់ជំនាញ​ភាសា​បរទេស បច្ចេកទេស​ផ្នែក​ព័ត៌មាន​វិទ្យា (IT) ស្គាល់​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​យល់​ដឹង​អំពី​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency)។

របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ដដែល​ឲ្យ​ដឹង​ថា វិធីសាស្ត្រ​របស់​ក្រុម​ឧក្រិដ្ឋជន​ក្នុង​ការ​គ្រប់គ្រង​ជនរងគ្រោះ​ទាំង​នោះ រួមមាន ​ការ​មិន​ឲ្យ​ដើរហើរ​​ទៅ​​ណា ការ​ដកហូត​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន ការ​រំលោភ​បំពាន​រាងកាយ និង​ការ​ផ្ទេរ​ជនរងគ្រោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត​ជាដើម ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ភាគ​ច្រើន នៃ​ជនរងគ្រោះ មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍ រួមមាន ប្រទេស​​ឥណ្ឌូណេស៊ី (Indonesia) ឡាវ (Laos) ម៉ាឡេស៊ី (Malaysia) មីយ៉ាន់ម៉ា ឬ​ភូមា (Myanmar) ហ្វីលីពីន (Philippines) ថៃ (Thailand) សិង្ហបុរី (Singapore) ថៃ និង​វៀតណាម (Vietnamese) ជាដើម។ ក្រៅ​ពី​នេះ ក៏​មាន​​ប្រទេស​ចិន​ដីគោក (Chinese) ហុងកុង (Hong Kong) និង​តៃវ៉ាន់ (Taiwan) ដែរ។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​អនឡាញ​ច្រើន​បំផុត​នៅ​កម្ពុជា គឺ​នៅ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ហើយ​ទីតាំង​ផ្សេង​ទៀត​ មាន​នៅ​ខេត្ត​កណ្ដាល កោះកុង ប៉ោយប៉ែត ពោធិ៍សាត់ កំពត និង​នៅ​តំបន់​ទន្លេបាសាក់​ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង ហើយ​ទីតាំង ដែល​ល្បីល្បាញ​ជាង​គេ​នោះ​គឺ អគារ​ខ្ពស់​កប់​ពពក​មួយ​កន្លែង​នៅ​ឆ្នេរ​អូរត្រេះ ក្នុង​ខេត្ត​ព្រះសីហនុ។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង​មានប្រសាសន៍​​ថា រដ្ឋាភិបាល គួរតែ​មាន​វិធានការ និង​ការ​បកស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​ ចំពោះ​ការ​រក​ឃើញ​នេះ។

លោក យង់ គិមអេង៖ «គួរតែ​ចាត់​វិធានការ​របស់​ខ្លួន​ឲ្យ​បាន​ជាក់លាក់​ដែរ​បាទ! បើ​មិន​អ៊ីចឹង​ទេ គឺ​ទាល់តែ​យើង​បក​ស្រាយ​ការពារ​ខ្លួន អត់​គ្រប់គ្រាន់​ទេ​បាទ។ ត្រូវ​តែ​ធ្វើការ​បង្ហាញ​អំពី​ភាព​ជាក់លាក់ នៃ​ផែនការ ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្ក្រាប​នូវ​ការ​ជួញដូរ​មនុស្ស ក៏​ដូចជា​អំពើ​ឆបោក​តាម​អនឡាញ​អី​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង និង​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២ តុលា។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ខៀវ សុភ័គ មានប្រសាសន៍ថា លោក​មិន​អាច​បកស្រាយ​បាន​បញ្ហា​នេះ​ទេ ព្រោះ​លោក​កំពុង​សុំ​ច្បាប់​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេ​សន្តរ​ប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា បារម្ភ​ដល់​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ នៅ​ពេល​កម្ពុជា នៅ​មិន​ទាន់​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​បណ្ដោយ​ឲ្យ​ឧក្រិដ្ឋជន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស។ លោក​បន្ត​ថា បញ្ហា​នេះ នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​អ្វី ដែល​អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ និង​ស្នើសុំ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​បង្ក្រាប​បទល្មើស​ទាំង​នោះ។

លោក ឌី ថេហូយ៉ា៖ « បើសិនជា​យើង​ជា​អ្នកជំងឺ វា​ទាល់​តែ​យើង​ទទួល​ស្គាល់​ថា យើង​ឈឺ ប្រសិន​ជា​យើង​ក្បាល​ទំពែក ឬ​ឆក​អីចឹង ហើយ​យើង​បដិសេធ​ថា យើង​អត់​អី​ទេ អញ្ចឹង​យើង​នឹង​មិន​មាន​ចេតនា​ចង់​បណ្ដុះ​សក់​ទេ »

របាយការណ៍​អង្គការ​សហប្រជាជាតិ លើក​ឡើង​ថា ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ជួញ​ដូរ​មនុស្ស​នេះ រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ រួម​មាន ការ​កំណត់​អត្តសញ្ញាណ ការ​ការពារ​​ជន​រងគ្រោះ ការ​ធ្វើ​មាតុភូមិ​និវត្តន៍ ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់ ការ​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​ជន​ល្មើស​ជា​ដើម។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) រក​ឃើញ​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ អាច​រក​លុយ​បាន​ចន្លោះ​ពី​ជាង ៧ពាន់ ៥រយ​លាន​ដុល្លារ ទៅ​ដល់​ជាង ១២ពាន់ ៥រយ​លាន​ដុល្លារ នៅ​ក្នុង​មួយ​ឆ្នាំ។ ចំនួន​នេះ គឺ​ស្មើ​នឹង​ពាក់​កណ្ដាល នៃ​ផលិតផល​ជាតិ​សរុប GPD របស់​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ នៅ​កម្ពុជា​តែ​ឯង មាន​ការ​ប៉ាន់​ស្មាន​ថា យ៉ាង​ហោច​ណាស់​មាន​ជន​រងគ្រោះ​ប្រមាណ​មួយ​សែន​នាក់ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ។

ការ​រីក​ដុះដាល​នៃ​វិស័យ​កាស៊ីណូ និង​សកម្មភាព​ពាណិជ្ជកម្ម​ដទៃ​ទៀត នៅ​ខេត្ត​ព្រះសីហនុ បាន​នាំ​ឲ្យ​កើន​ឡើង​ករណី​ជួញដូរ​ផ្លូវ​ភេទ និង​ការ​ធ្វើការ​ដោយ​បង្ខំ​ក្នុង​ចំណោម​ស្ត្រី និង​ក្មេង​ស្រី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។