ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលើកឡើងពីកង្វល់ទាក់ទងទៅនឹងបញ្ហាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ ស្ថាប័នដដែលនេះសង្កត់ធ្ងន់ថា គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលត្រូវតែដើរទន្ទឹមគ្នានឹងបទដ្ឋានសិទ្ធិមនុស្ស។
រដ្ឋាភិបាលទាំងឡាយ ក្នុងនោះរួមទាំងកម្ពុជាផង ត្រូវតែធានាថា មនុស្សគ្រប់រូបទទួលបាននូវបទដ្ឋានរស់នៅសមរម្យ ទោះជាស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ក៏ដោយ ព្រោះនេះជាកាតព្វកិច្ចដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។
ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាលើកឡើងក្នុង សេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៥ ខែមីនា ដោយស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់នៃស្ថាប័ននេះប្រចាំនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ថាគោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាយសិទ្ធិមនុស្សមានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយមិនអាចមានដំណើរការទៅតែម្ខាងៗបាននោះទេ។ ក្នុងបរិបទកូវីដ-១៩ រដ្ឋាភិបាលត្រូវស្វែងយល់អំពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះទៅលើថវិកា និងអាយុជីវិតរបស់ពលរដ្ឋ ហើយត្រូវគណនាថា តើការចំណាយសង្គមប៉ុន្មានដែលចាំបាច់ក្នុងគ្រាមានវិបត្តិនេះ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលត្រូវរៀបចំគម្រោងសម្រាប់ពេលដែលជំងឺនេះផុតរលត់ទៅ ថាតើនឹងត្រូវការការវិនិយោគប៉ុន្មានទៀត។
តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលោក ប្រាឌីប វ៉ាគ្លេ (Pradeep Wagle) មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា បទដ្ឋានទាំងនេះគួរតែត្រូវបានដាក់ចេញ និងអនុវត្តនៅប្រទេសកម្ពុជា។ លោកបន្តថា ពិតជារឿងសំខាន់ដែលពលរដ្ឋរងផលប៉ះពាល់ក្នុងអំឡុងវិបត្តិជំងឺរាតត្បាត និងជួបការលំបាកផ្នែកសេដ្ឋកិច្ចសង្គម ត្រូវទទួលបានការថែទាំយ៉ាងត្រឹមត្រូវពីរដ្ឋាភិបាល។ លោកសង្កត់ធ្ងន់ថា ការជួយគាំទ្រនេះទៀតសោតត្រូវផ្ដល់ឱ្យដល់អ្នកដែលមានតម្រូវការចាំបាច់ ដោយមិនប្រកាន់ពីគោលជំហរនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់ពួកគេឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី១៦ ខែមីនា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជិត ១ពាន់លានដុល្លារសម្រាប់ទប់ទល់នឹងវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២២ នេះ ខណៈកាលពីឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលប្រើប្រាស់កញ្ចប់ថវិកាជិត ១ពាន់ ៥រយលានដុល្លារ ($១.៤៥៤ billion) ដើម្បីការពារអាយុជីវិត រក្សាលំនឹងជីវភាពពលរដ្ឋ និងទ្រទ្រង់សកម្មភាពអាជីវកម្មក្នុងស្រុក។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់ថា ក្នុងវិបត្តិជំងឺកូវីដ-១៩ នេះ រដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ និងអនុវត្តកម្មវិធីជំនួយសាច់ប្រាក់សម្រាប់ពលរដ្ឋក្រីក្រ។ ទោះជាយ៉ាងនេះក្ដី លោកថា កម្មវិធីជំនួយសាច់ប្រាក់នេះនៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការរបស់ពលរដ្ឋនៅឡើយ ខណៈពលរដ្ឋមានបញ្ហាធំមួយទៀត គឺជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុដែលត្រូវបង់សងជាទៀងទាត់។ លោកបន្ថែមថា បញ្ហាបំណុល និងការបាត់បង់មុខរបរ ឬប្រាក់ចំណូលនេះ ធ្វើឱ្យពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តធ្វើចំណាកស្រុកដោយប្រថុយប្រថានទៅក្រៅប្រទេស៖ « ការមានវិបត្តិកូវីដ-១៩ នេះ គេមើលទៅលើសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ហ្នឹង គឺវាមានបញ្ហា។ អ៊ីចឹងហើយបានជាគេលើកឡើងជាកង្វល់ ដើម្បីធ្វើយ៉ាងម៉េចឱ្យរដ្ឋាភិបាលជួយស្ដារឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩ ហ្នឹង ឱ្យមានភាពប្រក្រតីសម្រាប់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសវាពាក់ព័ន្ធនឹងជីវភាពរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋតែម្ដង»។
កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្សចែងថា «មនុស្សគ្រប់រូបមានសិទ្ធិទទួលបានបទដ្ឋាននៃការរស់នៅសមរម្យសម្រាប់សុខភាព និងសុខុមាលភាពផ្ទាល់ខ្លួន និងគ្រួសារ រួមទាំងអាហារ សម្លៀកបំពាក់ ផ្ទះសម្បែង និងការថែទាំសុខភាព ព្រមទាំងសេវាសង្គមដែលចាំបាច់នានា»។ រដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នដល់លិខិតបទដ្ឋានគតិយុត្តិអន្តរជាតិទាំងនេះ ដូច្នេះមានន័យថា រដ្ឋាភិបាលមានកាតព្វកិច្ចអនុវត្តតាមខ្លឹមសារទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។