តុលាការក្រុងភ្នំពេញកំពុងបន្តសាកសួរអ្នកប្រឆាំងតវ៉ាឥទ្ធិពលចិននៅកម្ពុជាចំនួនបីនាក់នៅល្ងាចថ្ងៃទី២៤ ខែតុលា បន្ទាប់ពីសមត្ថកិច្ច ចាប់ខ្លួនក្នុងពេលពួកគេព្យាយាមទៅប្រមូលផ្តុំតវ៉ាជាមួយពលរដ្ឋជាច្រើននាក់ផ្សេងទៀត នៅមុខស្ថានទូតចិន ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន និងរដ្ឋាភិបាលលោក ហ៊ុន សែន គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ គណបក្សសង្គ្រោះជាតិ និងមន្ត្រី សង្គមស៊ីវិល ចាត់ទុកថា ចំណាត់ការរបស់អាជ្ញាធរ និងតុលាការ គឺជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ និងទាមទារឲ្យដោះលែងជាបន្ទាន់។
នគរបាលរាជធានីភ្នំពេញ បានចោទប្រកាន់អ្នកតវ៉ាទាំងបីនាក់នោះ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយបានបញ្ជូនពួកគេទៅតុលាការក្រុងភ្នំពេញ នៅម៉ោងពីរកន្លះរសៀល ដើម្បីបន្តនីតិវិធី។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់អាស៊ីសេរីយ៉ាងខ្លី ថា ការចោទប្រកាន់នេះ ដោយសារសមត្ថកិច្ចរកឃើញភស្តុតាងមួយចំនួន នៅក្នុងទូរស័ព្ទរបស់ពួកគេ តែលោកសុំមិនបញ្ជាក់លម្អិតនោះទេ៖ «ចាំមើលនីតិវិធីរបស់តុលាការទៅបង ដូចខ្ញុំបានបញ្ជាក់អ៊ីចឹងថា យើងមានបានភស្តុតាំងគ្រប់គ្រាន់ដែលប្រមូលបានពីការទាក់ទងគ្នាផ្សេងៗទៀត ប្រព័ទ្ធឆាតអីផ្សេងៗទៀត ហើយក៏មានសារភាពខ្លះដែរ អ៊ីចឹងក៏យើងអាចដាក់បន្ទុកលើការងារហ្នឹង ដូច្នេះការងារបន្តទៀត សូមបងអាចព្យាយាមទាក់ទងទៅខាងតុលាការទៅ»។
ទោះជាយ៉ាងណានៅមុននេះមួយថ្ងៃ លោក សាន សុខសីហា អះអាងថា ការបំបែកការតវ៉ា និងការចាប់ខ្លួននេះ ដោយសារពលរដ្ឋទាំងនោះ តវ៉ាដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតពីអាជ្ញាធរក្រុងភ្នំពេញ។ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអំពីរឿងនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គីមឡុង និង លោក អ៊ី រិន្ទ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
អាជ្ញាធររបបក្រុងភ្នំពេញ បានបង្ក្រាបដោយហិង្សា និងចាប់ខ្លួនអ្នកតវ៉ា និងជាសកម្មជនបក្សប្រឆាំងទាំង ៣នាក់នៅមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ក្នុងពេលពួកគេរួមនឹងពលរដ្ឋជិត២០នាក់ផ្សេងទៀត ព្យាយាមចូលទៅប្រមូលផ្តុំគ្នាតវ៉ា និងដាក់ញត្តិ ដើម្បីសម្ដែងក្តីបារម្ភពីឥទ្ធិពលចិននៅកម្ពុជា និងទាមទាររដ្ឋាភិបាលចិន និងរដ្ឋាភិបាលក្រុងភ្នំពេញ គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អ្នកដែលចាប់ខ្លួននោះរួមមាន លោកស្រី លឹម សាន អាយុ ៥៧ឆ្នាំ លោក ស្រី យ៉យ ស្រីមុំ អាយុ ៥២ឆ្នាំ និង លោក តុន និមល អាយុ ៤០ឆ្នាំ ហើយពួកគេទាំងបីនាក់មានទីលំនៅក្នុងខេត្តកណ្ដាល។ ក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សានោះ បណ្ដាឱ្យស្ត្រី ដែលជាអ្នកតវ៉ាបីនាក់ទៀតរងរបួសធ្ងន់ធ្ងរ ខណៈអ្នកកាសែត ៦នាក់ទៀត ត្រូវបានយាយី និងគំរាមកំហែងមិនឲ្យថតសកម្មភាព នៃការបង្ក្រាបនោះ។
កូនស្រីរបស់លោកស្រី យ៉យ ស្រីមុំ គឺលោកស្រី ខុម ស្រីល័ក្ខ រៀបរាប់ថា វាជារឿងឈឺចាប់ និងអយុត្តិធម៌បំផុត ដែលអាជ្ញាធរប្រើហិង្សា និងចាប់ខ្លួនម្ដាយរបស់លោកស្រី ដែលមានវ័យចំណាស់ គ្រាន់តែចូលរួមតវ៉ាសម្ដែងមតិដោយសន្តិវិធី ក្នុងឱកាសប្រារព្ធខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកស្រីព្រួយបារម្ភយ៉ាងខ្លាំង ពីសុខភាពរបស់ម្ដាយដែលមានជំងឺក្រពះ និងចុករោយក។ លោកស្រី ទាមទារឲ្យអាជ្ញាធរដោះលែងពួកគាត់ទាំងបីនាក់ឲ្យមានសេរីភាពឡើងវិញ៖ «ពេលខ្ញុំមើលវីដេអូដែលគេបានវាយដុំច្រំធាក់លើម្ដាយរបស់ខ្ញុំ គឺខ្ញុំ ឈឺចាប់ហើយទប់ទឹកភ្នែកអត់ឈ្នះ។ ខ្ញុំសូមថ្កោលទោសទង្វើរបស់គាត់ ( អាជ្ញាធរ ) ជាខ្លាំងដែលគាត់ ធ្វើមកលើពលរដ្ឋខ្មែរ មើលដូចជាពលរដ្ឋខ្មែរខុសអី ហើយពលរដ្ឋខ្មែរអត់មានខុសអីទេ គ្រាន់តែ សម្ដែងមតិ ថ្ងៃទី២៣ តុលាទេ អត់មានទៅលួចប្លន់ ឬសម្លាប់គេទេ ហើយសូម្បីតែរំពាត់មួយក៏អត់ មាននៅក្នុងដៃផង គាត់មានគ្នាត្រឹម២០នាក់ហើយភាគច្រើនជាកម្លាំងមនុស្សស្រី ហេតុអីទើបដាក់ទ័ពមកច្រើនម្ល៉េះ ព្រៃផ្សៃយ៉ាងនេះ»។
ចំណែកកូនស្រីរបស់សកម្មជនបក្សប្រឆាំង លោកស្រី លឹម សាន វិញរៀបរាប់ទាំងទួញសោកថា ទង្វើរបស់អាជ្ញាធរ គឺជាការំលោភសិទ្ធិមនុស្សហួសថ្លែង ដែលប្រើហិង្សា និងចាប់ឃុំខ្លួនម្ដាយរបស់លោកស្រី មានវ័យចំណាស់ និងពិការជើងម្ខាង។
រីឯឪពុករបស់សកម្មជនបក្សប្រឆាំងលោក តុន និមល គឺលោក ចាន់ តុន ថាលោកមិនអាច ទទួលយកបានទេចំពោះទង្វើអាជ្ញាធរ ព្រោះសកម្មភាពកូនប្រុសរបស់លោក គឺធ្វើឡើងស្របតាមច្បាប់។ លោកប្ដេជ្ញាថា នឹងចូលរួមតវ៉ាទាមទារឲ្យរដ្ឋាភិបាលដោះលែងកូនប្រុសរបស់លោកវិញ៖ «រដ្ឋធម្មនុញ្ញ បានកំណត់ថា ពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួម ធ្វើបាតុកម្ម និងកូដកម្មអហិង្សា និងមានសិទ្ធិធ្វើនយោបាយ ហើយនៅពេលកូនខ្ញុំធ្វើតាមច្បាប់ហ្នឹង បែរជាអាជ្ញាធរមកចាប់និងធ្វើបាបកូនខ្ញុំទៅវិញ ដូច្នេះអំពើនេះ ខ្ញុំទទួលយកអត់បានទេ។ ខ្ញុំសូមឲ្យ រដ្ឋាភិបាលពិចារណាលើច្បាប់នេះឡើងវិញ កុំធ្វើអ៊ីចឹង ហើយបើចង់ធ្វើអ៊ីចឹង តាមការយល់ឃើញរបស់ខ្ញុំ គឺធ្វើវិសោធនកម្មលុបច្បាប់នេះចោលទៅ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការជួបជុំ និងការតវ៉ាដោយសន្តិវិធីរបស់ពលរដ្ឋទាំងនោះ គឺជាការអនុវត្តសិទ្ធិ ជាមូលដ្ឋានរបស់ខ្លួនស្របតាមច្បាប់ ហើយគ្មានសកម្មភាពឬអំពើណាមួយ ចាត់ចូលក្នុងបទល្មើសនោះទេ។ លោក យល់ថា វិធានការរបស់អាជ្ញាធរនេះ នឹងនាំឲ្យមានការរិះគន់ និងបារម្ភបន្ថែមទៀតជុំវិញការរំលោភសិទ្ធិមនុស្សពីសហគមន៍ជាតិនិងអន្តរជាតិ៖ «ការជួបជុំ និងការតវ៉ាណាមួយដោយសន្តិវិធី ទោះបីជាមិនបានជូនដំណឹងតាមច្បាប់បាតុកម្មដោយសន្តិវិធី ក៏វាមិនមែនជាបទល្មើសព្រហ្មទណ្ឌដែរ គឺតម្រូវឲ្យអាជ្ញាធរ អាចពីនិត្យមើលហើយនឹងធ្វើការចរចារដោយសន្តិវិធី ដើម្បីបញ្ចប់ឬក៏ការអនុញ្ញាតឲ្យបន្តទៅទៀត។ នេះគឺជាគោលការណ៍នៅក្នុងផ្លូវច្បាប់ លើកលែងតែការជួបជុំឬការតវ៉ានោះ ប្រើប្រាស់នូវអំពើហិង្សា បង្កឲ្យមានបទល្មើសកើតឡើងដែលសមត្ថកិច្ច ត្រូវតែធានា និងផ្ដល់កិច្ចការពារដល់សន្តិសុខសង្គម»។
ទាក់ទងនឹងករណីនេះ គណបក្សសង្គ្រោះជាតិ បានចេញលិខិតថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអាជ្ញាធររបបលោក ហ៊ុន សែន ដែលបានរារាំង បង្ក្រាបដោយហិង្សា និងចាប់ចងពលរដ្ឋខ្មែរទាំងបីនាក់នោះ ដែលពួកគេគ្រាន់តែសម្ដែងមតិ និងទាមទារឲ្យប្រទេសចិន គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ គណបក្សសង្គ្រោះជាតិ ចាត់ទុកថា ទង្វើរបស់អាជ្ញាធររបបលោក ហ៊ុន សែន គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ ដែលធានាការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសសេរីភាពសម្ដែងមតិ សេរីភាពក្នុងការជួបប្រជុំ និងសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី។ គណបក្សប្រឆាំង មួយនេះ ទាមទារឲ្យដោះលែងពលរដ្ឋទាំងបីនាក់នោះជាបន្ទាន់ និងឥតលក្ខខណ្ឌ។ លើសពីនេះ គណបក្សសង្គ្រោះជាតិ បង្ហាញនូវការគោរព និងការកោតសរសើរចំពោះឆន្ទៈមោះមុត និងភាពអង់អាចក្លាហានដែលបន្តប្រមូលផ្តុំសម្ដែងមតិ ទោះបីជាមានការរារាំង ការបង្ក្រាប និងការចាប់ខ្លួនបែប ណាក្តី។ ជាមួយគ្នានេះ គណបក្សប្រឆាំងដ៏ធំមួយនេះ នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស រួមគ្នាជាធ្លុងមួយដើម្បីដាក់សម្ពាធឲ្យរបបលោក ហ៊ុន សែន គោរព និងអនុវត្តឲ្យបានពេញលេញតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញក្នុងគោលបំណងស្ដារការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការពារអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាព អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជាពីការឈ្លានពានរបស់បរទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។