អាជ្ញាធរថៃបានដោះលែងពលករខ្មែរម្នាក់ និងបញ្ជូនជនភៀសខ្លួនខ្មែរ២នាក់ទៅឃុំខ្លួននៅមន្ទីរឃុំឃាំងប៉ូលិសអន្តោប្រវេសន៍នៅទីក្រុងបាងកក នៅយប់ថ្ងៃទី៦ កុម្ភៈ។ ជាមួយគ្នានេះជនភៀសខ្លួនខ្មែរមួយចំនួនទៀតបានគេចខ្លួនទៅរកកន្លែងសុវត្ថិភាពដោយខ្លាចអាជ្ញាធរថៃចាប់ពួកគេបញ្ជូនទៅកម្ពុជាវិញ។
អាជ្ញាធរថៃបានបញ្ជូនជនភៀសខ្លួនខ្មែរ២នាក់ដែលទើបចាប់ខ្លួនរួមមាន លោក ឆន សុឃឿន និងលោក ឆន ចន្នី ទៅឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់ប៉ូលិសអន្តោប្រវេសន៍ថៃនៅទីក្រុងបាងកកភ្លាមៗ ក្រោយពេលចាប់ខ្លួន ដោយចោទប្រកាន់ពីបទស្នាក់នៅប្រទេសថៃខុសច្បាប់។
មន្ត្រីគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ម៉េង សុធារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី៦ កុម្ភៈ ថា អាជ្ញាធរថៃដោះលែងពលករខ្មែរម្នាក់វិញ ដោយសារពលកររូបនេះមានឯកសារធ្វើការងារស្របច្បាប់។ លោកបន្តថា នៅពេលនេះជនភៀសខ្លួនដទៃទៀតបានគេចខ្លួនទៅរកកន្លែងសុវត្ថិភាព ដោយសារខ្លាចអាជ្ញាធរថៃចាប់ពួកគេបញ្ជូនទៅកម្ពុជាវិញ។
លោក ម៉េង សុធារ៉ា៖ «យើងដឹងហើយ ការតាមចាប់ និងការសហការពីអាជ្ញាធរ វាមានគ្រប់រូបភាពជាច្រើន បើសិនជាអាជ្ញាធរចាប់បានគឺគ្រាន់តែយកទៅដាក់ក្នុងពន្ធនាគារប៉ុណ្ណោះ។ ប៉ុន្តែបើអាជ្ញាធរខ្មែរសហការជាមួយអាជ្ញាធរថៃ គឺត្រូវតែបញ្ជូនទៅស្រុកខ្មែរ ដោយអត់មានអង្គការសហប្រជាជាតិអីដឹងលឺទេ។ មុននឹងទៅដល់ស្រុកខ្មែរ ក៏មានការធ្វើទុក្ខបុកម្នេញដូចជាការវ៉ៃធ្វើទារុណកម្មអីជាដើម»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៦ កុម្ភៈ។
ប៉ុន្តែមន្ត្រីស្ថានទូតខ្មែរ លោក ឈឹម វិបុល សរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ស្ទូចក៏បានចាប់ក៏បាន បឹងធំយ៉ាងណាក៏រត់មិនរួចដែរ។
ជុំវិញរឿងនេះ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា អាជ្ញាធរថៃចាប់ខ្លួនជនភៀសខ្លួនខ្មែរនេះជារឿងមិនត្រឹមត្រូវឡើយ ព្រោះពួកគេជាជនភៀសខ្លួនដែលគេចចេញពីការតាមយាយីរបស់រដ្ឋាភិបាលខ្មែរ។
លោក ឌី ថេហូយ៉ា៖ «សូមអំពាវនាវដល់អង្គការជាតិ អន្តរជាតិហើយនឹងប្រទេសមហាអំណាចធំៗលោកសេរីនឹងធ្វើយ៉ាងណា តាមឃ្លាំមើលចំពោះទង្វើរបស់រដ្ឋាភិបាលថៃ ហើយនឹងថ្កោលទោសចំពោះការអនុវត្តទាំងឡាយណាដែលរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ជាពិសេសសិទ្ធិមនុស្សដែលជាសិទ្ធិ សកលហ្នឹង ប្រសិនបើរដ្ឋាភិបាលនៅតែធ្វើទុក្ខបុកម្នេញបែបនេះ ក៏ត្រូវដាក់ទណ្ឌកម្មឱ្យស័ក្ដិសមទង្វើដែលរំលោភសិទ្ធិមនុស្ស»។
ចាប់តាំងពីចុងឆ្នាំ២០២៣ រហូតមកដល់ពេលនេះសមត្ថកិច្ចថៃ បានឃាត់ខ្លួនជនភៀសខ្លួនខ្មែរចំនួន១៨នាក់ហើយ ក្នុងនោះមានកុមារអាយុក្រោម ៨ឆ្នាំ ចំនួន៤នាក់ផងដែរ។ ចំណែកជនភៀសខ្លួនម្នាក់គឺលោកស្រី សំ សុខា ត្រូវបានបញ្ជូនទៅប្រទេសទី៣។ បច្ចុប្បន្នមានជនភៀសខ្លួនខ្មែរជាង១០០នាក់កំពុងភៀសខ្លួននៅប្រទេសថៃ ដោយសារអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញធ្វើទុក្ខបុកម្នេញពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។