ព្រះសង្ឃ សយ សាត កំពុង​គេច​ព្រះ​កាយ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ

0:00 / 0:00

ព្រះសង្ឃ សយ សាត កំពុង​គេច​ព្រះកាយ​ពី​ការប៉ុនប៉ង​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ដោយសារ​ព្រះអង្គ​បន្ត​ឈឺ​ឆ្អាល​បញ្ហា​សង្គម​។ មន្ត្រី​សិទ្ធិមនុស្ស លើកឡើង​ថា សកម្មភាព​របស់​ព្រះអង្គ សយ សាត ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ។

ព្រះតេជព្រះគុណ សយ សាត ទទូច​ឱ្យ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​បញ្ឈប់​ការ​លាប​ពណ៌ ចោទប្រកាន់ និង​គំរាមកំហែង​លើ​ព្រះអង្គ​ដែល​គ្រាន់តែ​ធ្វើ​ការងារ​ដើម្បី​ឱ្យ​សង្គម​មាន​យុត្តិធម៌ ចង់ឱ្យ​រដ្ឋាភិបាល​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ជំរុញ​ឱ្យ​អ្នកនយោបាយ​គ្រប់​ភាគី​ទាំងអស់​ងាក​មក​ផ្សះផ្សា​ជាតិ​ឡើងវិញ។

ព្រះតេជព្រះគុណ សយ សាត មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ វិច្ឆិកា ថា ព្រះអង្គ​តែង​និមន្ត​គង់នៅ​តាម​ព្រៃភ្នំ​ដោយសារ​អាជ្ញាធរ​រដ្ឋាភិបាល​តាម​ធ្វើទុក្ខបុកម្នេញ​ដោយ​គ្មាន​វត្ត​អារាម​ហ៊ាន​ទទួល​ឱ្យ​ព្រះអង្គ​គង់នៅ​នោះ​ទេ​។ ព្រះអង្គ​បន្ត​ថា កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា មាន​អាជ្ញាធរ​បី​នាក់​រក​ឃើញ​ទីតាំង​របស់​ព្រះអង្គ​គង់នៅ​ក្នុងស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​បាន​ដក​ហូត​យក​សម្ភារៈ​របស់​ព្រះអង្គ​ដូចជា​ទូរស័ព្ទ ចង្ហាន់ បាត្រ និង​ស្បង់​ចីវរ​ជាដើម​។ ជាង​នេះ​ទៅ​ទៀត​ព្រះអង្គ​ថា អាជ្ញាធរ​ទាំងនោះ​ក៏បាន​ជេរប្រមាថ គំរាម​បាញ់សម្លាប់​ព្រះអង្គ​ចោល​នៅក្នុង​ព្រៃ​ដោយ​ចោទ​ថា ជា​សង្ឃ​ក្លែងក្លាយ ហើយ​ព្រមាន​ឱ្យ​ព្រះអង្គ​ឈប់​ធ្វើ​សកម្មភាព​ក្នុង​សង្គម ជាពិសេស​គាំទ្រ​គណបក្ស​ភ្លើងទៀន​តទៅទៀត​។ ព្រះអង្គ​ឱ្យ​ដឹង​ថា ហេតុការណ៍​នោះ​គឺ​កើតឡើង​មួយថ្ងៃ​ក្រោយ​ពេល​ព្រះអង្គ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​គ្រោង​រៀបចំ​ធ្វើ​ធម្មយាត្រា​ពី​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែធ្នូ​ដើម្បី​លើកកម្ពស់​សីលធម៌​សង្គម និង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។

ព្រះតេជព្រះគុណ សយ សាត៖ «បញ្ឈប់​ចាប់​ផ្សឹក​អាត្មា​ទៅ ឈប់​ចងកម្ម​អាត្មា​ទៅ ឈប់​ប្តឹង​ទៅ​តុលាការ​ទៅ អាត្មា​អត់​មាន​កំហុស​អ្វី​ទេ។ ពរ!អាត្មា​ធ្វើ​នេះ​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រួច​ស្រេច​ហើយ​ចំពោះ​ការប្រើ​សិទ្ធិ​នេះ ហើយ​ក្នុងនាម​អាត្មា​ជា​ព្រះសង្ឃ​ឃើញ​ការ​កាប់​សម្លាប់ ការ​បៀតបៀន​គ្នា​ជា​ទុក្ខ ចងពៀរ​គ្នា​មិន​ចេះ​ចប់ ម្ល៉ោះ​ហើយ​ឈប់​លាប​ពណ៌​គ្នា​ទៅ ធ្វើ​មិច​ប្រទេស​របស់​យើង​មាន​អស្ថិរភាព​យូរហើយ ចង់​ធ្វើ​មិច​អ្នកនយោបាយ​ជំនាន់​ក្រោយ​ស្តារ​សង្គម​របស់​យើង​ឱ្យ​មាន​សុខ​សន្តិភាព​តែ​ប៉ុណ្ណឹង​ទេ​អាត្មា​មិន​ចង់​បាន​អ្វី​ទេ»។

ថេរដីកា​របស់​ព្រះតេជព្រះគុណ សយ សាត នេះ​ស៊ីសង្វាក់​ទៅ​នឹង​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​យក​គណនី​ហ្វេសប៊ុក​របស់​ព្រះអង្គ​ផ្ញើ​សារ​គំរាម​អ្នកគាំទ្រ​របស់​ព្រះអង្គ​ជាច្រើន​នាក់​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​វិទ្យុ​អាស៊ីសេរី​បានឃើញ​ដែរ​នោះ​សរសេ​រថា "​ក្រុម​អា​ជើង​ខ្លាំង​អញ​ចាប់បាន​សង្ឃ​ក្លែងក្លាយ អញ​ទុក​ជីវិត​ហើយ អ្នកណា​ហ៊ាន​វ៉ៃ​ប្រហារ​សម្តេច ហ៊ុន សែន អញ​នឹង​តាម​កម្ទេច" ។

សកម្មជន​នយោបាយ និង​អ្នកគាំទ្រ​ព្រះអង្គ សយ សាត ទទួល​បាន​សារ​នោះ គឺ​បន្ទាប់​ពី​បាត់​ដំណឹង​ព្រះអង្គ​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លង​ទៅ​នេះ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភក៌ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន ប​ណា ដើម្បី​បកស្រាយ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​

ព្រះតេជព្រះគុណ សយ សាត ត្រូវ​បាន​សមត្ថកិច្ច​ខេត្តបាត់ដំបង ឃាត់​ព្រះ​កាយ និង​ចាប់​ផ្សឹក នៅ​ស្រុក​មោងឫស្សី នៅពេល​ព្រះអង្គ​និមន្ត​ធ្វើ​ធម្ម​យាត្រា​ផ្សាយ​មេត្តាធម៌ សុំ​សុខ​សន្តិភាព​ក្នុង​ប្រទេស និង​ទាមទារ​ដំណោះស្រាយ​ជាតិ កាលពី​ថ្ងៃទី​៩ ខែមីនា​។ ព្រះអង្គ​បួស​ជាថ្មី និង​ភៀស​ព្រះកាយ​ទៅ​ប្រទេស​ថៃ ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព​ដោយសារ អាជ្ញាធរ​រដ្ឋាភិបាល​តា​ម​ធ្វើទុក្ខបុកម្នេញ​ព្រះ​អង្គជា​បន្តបន្ទាប់ ប៉ុន្តែ​មួយ​ខែ​ក្រោយ​មក​ព្រះអង្គ​បាន​និមន្ត​មក​កម្ពុជា​វិញ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា មើល​ឃើញ​ថា សកម្មភាព​របស់​ព្រះអង្គ សយ សាត ចូលរួម​ចំណែក​ស្វែងរក​យុត្តិធម៌ និង​ផលប្រយោជន៍​សង្គម​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​យកមក​អនុវត្ត។

លោក នី សុខា៖ «វា​ជា​រឿង​មួយ​គួរ​ឱ្យ​សោកស្តាយ​ណាស់ ហើយ​រដ្ឋាភិបាល​យើង​គួរ​យកចិត្តទុកដាក់​ឱ្យ​មែនទែន​ចំពោះ​បញ្ហា​ទាំងអស់​ហ្នឹង អាជ្ញាធរ​ថ្នាក់ក្រោម​មួយចំនួន​ដែល​ដើរ​ផ្ទុយ​ពី​គោលនយោបាយ​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​សេរីភាព សិទ្ធិមនុស្ស​ទាំងអស់​ហ្នឹង​គួរ​មាន​វិធានការ​ឱ្យ​បាន​ទាន់ពេល និង​ម៉ឺងម៉ាត់ ដើម្បី​បង្ហាញ​ពីមុខ​មាត់​របស់​កម្ពុជា បង្ហាញ​ស្មារតី​មួយ​ថា កម្ពុជា​ជា​ប្រទេស​មួយ​តាំងចិត្ត​ខ្ពស់​ក្នុង​ការគោរព​សិទ្ធិមនុស្ស»។

ព្រះតេជព្រះគុណ សយ សាត ព្រះជន្ម ៧២​ព្រះវស្សា ជា​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ដែល​មិន​ខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ ដោយ​ព្រះអង្គ​ហ៊ាន​ចេញមក​ធ្វើ​ធម្ម​យាត្រា​និមន្ត​ដោយ​ថ្មើរជើង​ស្នើ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​ធ្វើការងារ​សង្គម និង​ទាមទារ​លើកកម្ពស់​សីល​ធម៌​សង្គម​។ ព្រះអង្គ​ត្រូវ​បាន​ព្រះចៅអធិការ​វត្ត​បណ្ដេញ​ចេញពី​វត្ត និង​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ​ចេញ​ដីកា​ចោទប្រកាន់​ព្រះអង្គ​ពី​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដោយសារតែ​ព្រះអង្គ​បាន​ចូលរួម​ធ្វើ​ធម្មយាត្រា ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​អ្នកតស៊ូ​មតិ​ផ្សេងទៀត។

​ព្រះអង្គ សយ សាត មាន​ថេរ​ដីកា​ថា បើ​ទោះបីជា​អាជ្ញាធរ​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​មក​លើ​ព្រះអង្គ​បែបនេះ​ក្ដី ក៏​ព្រះអង្គ​នៅតែ​បន្ត​ចូលរួម​ធ្វើ​សកម្មភាព​សង្គម​រហូត​សង្គម​មាន​សន្តិភាព ស្ថិរភាព និង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើងវិញ​។ ព្រះអង្គ​អំពាវ​ឱ្យ​ព្រះសង្ឃ អ្នក​ធ្វើ​ការងារ​សង្គម និង​ពលរដ្ឋ ចូលរួម​ធ្វើ​ធម្ម​យាត្រា​ជាមួយ​ព្រះអង្គ​នៅ​ដើមខែ​ធ្នូ​ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។