អ្នក​រងគ្រោះ​ដោយ​ការ​បង្ក្រាប​នៅ​មុខ​រោងចក្រ​យ៉ាកជីន និង​ផ្លូវ​វ៉េងស្រេង ថា យុត្តិធម៌​នៅ​ជើងមេឃ

0:00 / 0:00

ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​ដែល​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ហិង្សា​របស់​កងកម្លាំង​ចម្រុះ​រដ្ឋាភិបាល នៅមុខ​រោងចក្រ​យ៉ាកជីន (Yak Jin Cambodia) និង​នៅ​ផ្លូវ​ វ៉េង ស្រេង កាល​ពី ​៧​ឆ្នាំមុន អះអាង​ថា ពួកគាត់​នៅតែ​មិន​អាច​បំភ្លេច​ការ​ឈឺចាប់​បាន​ឡើយ ខណៈ​យុត្តិធម៌​នៅ​ឆ្ងាយ​ដូច​ជើងមេឃ​។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា ការ​បណ្ដែតបណ្ដោយ​ឱ្យ​សមត្ថកិច្ច​វាយដំ និង​បាញ់សម្លាប់​កម្មករ​ ហើយ​គ្មាន​ទោសពៃរ៍​នោះ ជា​គំរូ​ដ៏​អាក្រក់​នៅ​ក្នុង​សង្គម ហើយ​រដ្ឋាភិបាល​នឹង​នៅតែ​រង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។

ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​ដែល​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដ៏​ហិង្សា​របស់​កងកម្លាំង​ចម្រុះ​រដ្ឋាភិបាល​នៅមុខ​រោងចក្រ​យ៉ាកជីន (Yak Jin Cambodia) និង​នៅ​ផ្លូវ​វ៉េងស្រេង​នោះ នឹង​ជួបជុំគ្នា​ប្រារព្ធ​ខួប​ ៧​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា នៅ​សហភាព​ផ្ទះ​សាមគ្គី ក្នុង​គោលបំណង​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់ និង​រំលឹក​ការឈឺចាប់ ព្រមទាំង​ការ​បន្ត​ទាមទារ​យុត្តិធម៌ ដោយសារតែ​ឃាតក​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​ជា​ជនរងគ្រោះ​មួយ​រូប គឺ​លោក ថេង សាវឿន មាន​ប្រសាសន៍ថា លោក​នៅតែ​មិន​អាច​បំភ្លេច​បាន និង​ចងចាំ​នៅ​ក្នុង​ខួរក្បាល​ជា​រៀង​រហូត​នូវ​ភាព​នៃ​ការ​ការប្រើប្រាស់​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​របស់​ទាហាន​ឆ័ត្រ​យោង ៩១១ មក​លើ​រូបលោក ហើយ​ចាប់ខ្លួន​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​អស់​រយៈពេល​ជិត ៥​ខែ និង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ ព្រមទាំង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល​។ លោក​បន្ត​ថា ការ​កាត់ទោស​របស់​តុលាការ គឺ​គ្មាន​យុត្តិធម៌​សោះឡើយ​សម្រាប់​លោក ព្រោះ​លោក គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​ទាហាន​ឆ័ត្រ​យោង វាយដំ​ស្ទើរ​បាត់បង់​ជីវិត​ដោយ​គ្រាន់តែ​ចុះ​ឃ្លាំមើល​ការ​តវ៉ា​របស់​កម្មករ​ដែល​នៅមុខ​រោងចក្រ​យ៉ាកជីន ឋិត​ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន​១៦០​ដុល្លារ៖ «​ខ្ញុំ​នៅតែ​ប្រើប្រាស់​អ្វី​ដែល​ខ្ញុំ​បាន​ជួប​ផ្ទាល់​នេះ​ជា​ការ​ដាស់តឿន​នូវ​អារម្មណ៍​និង​ធ្វើ​យ៉ាងម៉េច​គិតពិចារណា ស្វះស្វែង​រកនូវ​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​ដើម្បី កែប្រែ​ឬ​លុបបំបាត់​អំពើ​ហិង្សា​បែបនេះ​ទៅ​ថ្ងៃមុខ ព្រោះ​យើង​មិន​ចង់​ឱ្យ​អ្នក​ក្រោយៗ​ ទៀត ​ជួប​នូវ​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​យង់ឃ្នង​បែប​នេះ​ទេ។ យើង​ចង់​ឱ្យ​លើ​កម្ពស់​នូវ​ប្រព័ន្ធ​យុត្តិធម៌ ព្រមទាំង​លើកកម្ពស់​ និង​ការ​ការពារ​នូវ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​ស្រប​តទៅ​តាម​បទដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ជា​ជន​គ្រោះ​នៃ​ព្រឹត្តិការណ៍​ហិង្សា​ដែរ​នោះ ថ្លែង​ថា ៧​ឆ្នាំ​មកនេះ​ស្នាមរបួស ការឈឺចាប់ និង​ជំងឺ​របស់​លោក​ដោយ​ទាហាន​ឆ័ត្រ​យោង​ ៩១១ វាយដំ​ទាត់​ធាក់​លើ​រាងកាយ​លោក​នោះ មិន​ទាន់​ជាសះស្បើយ​នៅឡើយ​ទេ។ លោក​ថា យុត្តិធម៌​សម្រាប់​លោក ប្រៀប​ដូចជា​ការ​រាវ​ម្ជុល​ក្នុង​បាតសមុទ្រ​ដូច្នោះ​ដែរ៖ « អ្វី​ដែល​យើង​មិន​អាច​បំភ្លេច​បាន ជាពិសេស​រូប​ខ្ញុំ ក៏ដូចជា​អ្នកដទៃ​ទៀត ត្រូវ​បាន​គេ ( ទាហាន​ឆ័ត្រ​យោង ) វាយដំ​ធ្វើ​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ស្ទើរតែ​ស្លាប់​បាត់បង់​ជីវិត ហើយ​ចាប់​យើង​ដាក់​ពន្ធនាគារ ព្រមទាំង​តុលាការ កាត់​ក្តី​ឱ្យ​យើង​មានទោស ៤ឆ្នាំ ៦​ខែ ពិន័យ​ជា​ប្រាក់ ​៨​លាន​រៀល​ថែមទៀត​។ ចំណុច​ទាំងអស់​នេះ​យើង​ឃើញ​ថា មិន​អាច​បំភ្លេច​បាន នូវ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​របស់​ទាហាន​ឆ័ត្រ​យោង​៩១១ ហើយ​អ្វី​ដែល​យើង​មិន​ភ្លេច​ទៀត​នោះ គឺ​អ្នក​ដែល​បង្ក​ហិង្សា​ដូចជា​បាញ់​កម្មករ​ឱ្យ​ស្លាប់​បាត់​បង់ជីវិត​នៅ​ផ្លូវ​វ៉េងស្រេង​អី​ជាដើម មិន​មាន​អ្នកណា​ចាប់​មក​ដាក់​ទោស​ទណ្ឌ ឬ​ផ្ដន្ទាទោស​ដោយ​ប្រការ​ណាមួយ​ឡើយ»។

កាលពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ កម្មករ​-​កម្មការិនី​រាប់​ម៉ឺន​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​នៅមុខ​រោងចក្រ ​យ៉ាក ​ជីន និង​នៅ​កំណាត់​ផ្លូវ​ វ៉េង ស្រេង ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ ១៦០​ដុល្លារ ក្នុង​មួយ​ខែ ស្រប​ពេល​កំពុង​មាន​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ លុះ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤ កងទ័ព​ឆ័ត្រ​យោង ៩១១ ដឹកនាំ​ដោយ​លោក ចាប ភក្តី បាន​បើក ប្រតិបត្តិការ​វាយ​បង្ក្រាប​ដ៏​ហិង្សា​ទៅលើ​ក្រុម​កម្មករ រួម​ទាំង​អ្នកការពារ​សិទ្ធិមនុស្ស​នៅមុខ​រោងចក្រ​ យ៉ាក ​ជីន ហើយ​ថែមទាំង​ចាប់ខ្លួន​កម្មករ​ ៧​នាក់ និង​អ្នកការពារ​សិទ្ធិមនុស្ស​ ៣​នាក់ គឺ​លោក ថេង សាវឿន លោក វ៉ន ពៅ និង​លោក ចាន់ ពុទ្ធិស័ក្កិ ទៅ​ធ្វើ​ទារុណកម្ម និង​ដាក់គុក​ជិត​ ៥​ខែ​។ រហូតដល់​នៅ​ថ្ងៃ​ទី​៣ ខែ​មករា កងកម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​បន្ត​បើក​ការ​បង្ក្រាប​ដោយ​បាញ់​គ្រាប់កាំភ្លើង​ពិត​ទៅលើ​កម្មករ​នៅ​លើ​ផ្លូវ​ វ៉េង ស្រេង បណ្ដាល​ឱ្យ​កម្មករ​ ៤​នាក់​ស្លាប់ យុវជន ខឹម សុផាត បាត់​ខ្លួន​ដល់​សព្វថ្ងៃ និង​របួស​ជាង ៤០​នាក់​ព្រមទាំង​ចាប់ខ្លួន​កម្មករ​ជាង​ ១០​នាក់​ថែមទៀត​។​

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ថ្លែង​ការពារ​អំពើ​ហិង្សា និង​ការ​បាញ់​បង្ក្រាប​របស់​កងកម្លាំង​សមត្ថកិច្ច​ទៅលើ​ក្រុម​កម្មករ​ និង​អ្នកការពារ​សិទ្ធិមនុស្ស​ថា គឺជា​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ ហើយ​ជា​ភ័ព្វសំណាង​របស់​កម្ពុជា​។ ទន្ទឹម​គ្នា​នេះ លោក ផៃ ស៊ីផាន បាន​ចោទប្រកាន់​ទាំង​គ្មាន​ភស្តុតាង​ថា គណបក្ស​ប្រឆាំង គឺជា​អ្នក​ញុះញង់​ឱ្យ​កម្មករ​ធ្វើ​បដិវត្ត​ពណ៌ ផ្តួល​រំលំ​រដ្ឋាភិបាល៖ «យើង​ធ្វើ​ស្របតាម​ច្បាប់​ដើម្បី​ធានា​នូវ​ផលប្រយោជន៍​សាធារណៈ​ដែល​ភាគច្រើន​នោះ យើង​មិន​អនុញ្ញាត​ឱ្យ​ពួក​ហ្នឹង​វាយកម្ទេច​អាគារ​របស់​គេ ឬ​ទ្រព្យសម្បត្តិ​របស់​ឯកជន ឬ​មិនមែន​ជា​សិទ្ធិ ធ្វើ​ការ​បំផ្លាញ។ ដូច្នេះ​អានេះ​យើង​ធ្វើ យើង​ចាត់ការ រឿង​ដទៃ​ផ្សេងៗ​ គេ​មិន​ពេញចិត្ត គេ​ឡើង​ទៅ​តុលាការ​ទៅ»។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ លោក វន់ ពៅ អះអាង​ថា ពេល​នោះ ក្រុម​កម្មករ​នាំគ្នា​តវ៉ា​ដោយ​សន្តិ​ធី ដើម្បី​ទាមទារ​ប្រាក់ខែ​គោល ​១៦០ដុល្លារ ដោយ​មិន​បាន​ប្រើ​ហិង្សា ឬ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ឡើយ​។ លោក​ចាត់​ទុក​ថា ការ​ចោទ​កម្មករ​ថា មានបំណង​បះបោរ​ប្រឆាំង​រដ្ឋាភិបាល រឹតតែ​មិន​សមរម្យ ព្រោះ​ធាតុ​ពិត​កម្មករ​ទាំងអស់​គ្រាន់តែ​ទាមទារ​ប្រាក់ខែ ​ដើម្បី​រស់នៅ​សមរម្យ​ប៉ុណ្ណោះ៖ «ខ្ញុំ​គិត​ថា មិនមែន​ជា​ការអនុវត្ត​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ បើ​អនុវត្ត​ច្បាប់ គឺ​គេ​មិន​​ទៅ​បាញ់សម្លាប់​មនុស្ស គេ​មិន​ទៅ​ចាប់​វាយដំ​អំពើ​ឃោរឃៅ​ទៅលើ​កម្មករ​ស្លូតត្រង់ ដែល​គ្រាន់តែ​ទាមទារ​ដើម្បី​ឆ្នាំងបាយ​របស់​ខ្លួន​ឡើយ»។

ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​ចោទប្រកាន់​របស់​ក្រុម​លោក ហ៊ុន សែន មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​គេចវេះ​ពី​ការទទួលខុសត្រូវ ព្រោះថា​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​ក្រុម​កម្មករ កើតឡើង​តាំងពី​យូរ​គ្មាន​ការ​ញុះញង់​ពី​គណបក្សប្រឆាំង​នោះ​ទេ ។ ពួកគេ​សោកស្ដាយ​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​ដោះស្រាយ​ជូន​កម្មករ ប៉ុន្តែ​បែរជា​ប្រើ​អាវុធ​ទំនើបៗ ​បាញ់សម្លាប់​ពួកគេ​ទៅវិញ​។ លើស​ពី​នេះ ពួកគេ​យល់​ថា សំណុំរឿង​ផ្លូវ ​វ៉េង ស្រេង និង​នៅ​រោងចក្រ ​យ៉ាក ជីន គឺជា​ឈុត​ឆាក​នយោបាយ​ដែល​គណបក្ស​កាន់អំណាច​រៀបចំឡើង ​ដើម្បី​បង្អាក់​បាតុកម្ម​របស់​បក្ស​ប្រឆាំង ដែល​ទាមទារ​សន្លឹកឆ្នោត ព្រោះថា បន្ទាប់​ពី​កងកម្លាំង​ប្រើ​ហិង្សា​និង​បាញ់​បង្ក្រាប​កម្មករ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​រួច រដ្ឋាភិបាល​ក៏​ស្រាប់​តែ​មាន​លេស​បង្ក្រាប​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​បន្ត​ទៀត។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទិ្ធមនុស្ស ​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​ចេះតែ​បកស្រាយ ឬ​ចោទប្រកាន់​ទាំង​គ្មាន​ភស្តុតាង​នោះ​ទេ ហើយ​ម្យ៉ាងទៀត​ប្រសិនបើ​រដ្ឋាភិបាល បាន​ដឹង​ថា ជន​ណា ​ឬ​ក្រុម​ណា ប្រព្រឹត្ត​ខុសច្បាប់​នោះ គួរតែ​ចាប់ខ្លួន​ឱ្យ​តុលាការ​ជា​អ្នក​កាត់ទោស ដោយ​មិន​អាច​ប្រើប្រាស់​កងកម្លាំង​ទៅ​ប្រើ​អំពើ​ហិង្សា​ និង​បាញ់សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​បាន​ទេ។ លោក​បន្ត​ថា ការ​បណ្ដែតបណ្ដោយ​ឱ្យ​សមត្ថកិច្ច​បាញ់​សម្លាប់​កម្មករ​ហើយ​គ្មាន​ទោសពៃរ៍​នោះ ជា​គំរូ​ដ៏​អាក្រក់​ក្នុង​សង្គម ហើយ​ជនរងគ្រោះ​នៅតែ​រង​ភាព​អយុត្តិធម៌ ដោយសារតែ​ហេតុផល​នយោបាយ៖ «យើង​មើល​ឃើញ​ហើយ​ថា វប្បធម៌​និទ្ទណ្ឌភាព​នេះ បើសិនជា​ក្រុម​ណាមួយ​ដែល​មាន​ឥទ្ធិពល​នយោបាយ ឬ​មាន​ឥទ្ធិពល​នៅ​ក្នុង​តួនាទី​ប្រតិបត្តិ​ច្បាប់ គឺ​ក្រុម​នោះ តែង​រួច​ផុត​ពី​ការ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ដូច្នេះ​ហើយ​បានជា​សង្គម​ស៊ីវិល​យើង​ទទូច​ថា រាល់​ការ​ករណី​បង្ក្រាប ធ្វើ​ឱ្យ​ប៉ះពាល់​ច្បាប់​និង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​នេះ គឺ​ត្រូវតែ​មានការ ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​មិន​គិត​ថា ក្រុម​ហ្នឹង​មាន​ឥទ្ធិពល​ផ្នែក​នយោបាយ​ណាមួយ​ទេ បើ​មិន​អ៊ីចឹង​ទេ វា​ជា​គំរូ​អាក្រក់​មួយ​ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​កម្ពុជា អត់​មាន​ខ្លាចរអា​ក្នុង​ការ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​បាន​ប្រព្រឹត្ត​ជា​ដដែលៗ​នោះ​ទេ»។

ជា​រៀងរាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ថ្ងៃ​ទី​៣ ខែ​មករា ក្រុម​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ក្រុម​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ តែងតែ​ជួបជុំគ្នា​ប្រារព្ធ​ខួប​នៃ​ការ​បាញ់​សម្លាប់​កម្មករ​នៅ​ទីតាំង​កើតហេតុ​លើ​ដង​ផ្លូវ​វ៉េងស្រេង និង​ស្រែក​សុំ​យុត្តិធម៌​។ ទោះ​យ៉ាង​ណាក្តី​ការ​ជួបជុំ​ប្រារព្ធ​ពិធី​បែប​សាសនា​របស់​ពួកគេ មិន​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ទេ តែងតែ​ទទួលរង​ការ​បង្ក្រាប និង​ការ​បំបែក​ពី​សំណាង​កម្លាំង អាជ្ញាធរ​សមត្ថកិច្ច ព្រោះ​កងកម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​ទាំងនោះ មិន​ចង់​ឱ្យ​រំលឹក​រឿង​បែបនេះ​នោះ​ទេ​។ ប៉ុន្តែ​ក្រុម​ជនរងគ្រោះ នៅតែ​ប្ដេជ្ញា​ប្រារព្ធ​ខួប​ជា​រៀងរាល់​ឆ្នាំ ​ដើម្បី​ជំរុញ​ឱ្យ​មាន​យុត្តិធម៌ និង​ការ​គោរព​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។