អាជ្ញាធរវៀតណាមចាប់ផ្សឹក និងឃុំព្រះកាយព្រះតេជព្រះគុណ ថាច់ ចន្ទតារា និងលោក គឹម ឃីម ជាសកម្មជនសិទ្ធិខ្មែរក្រោម នៅថ្ងៃទី២៦ ខែមីនា។
ភ្នាក់ងារស៊ើបអង្កេតសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្ត វិញ ឡុង (Vinh Long) បានចោទប្រកាន់អ្នកទាំងពីរ ពីបទ រំលោភសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ រំលោភផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គល ដោយប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីបង្ហោះ ចែកចាយវីដេអូ និងផ្សាយព័ត៌មានក្លែងក្លាយ និងបង្កាច់បង្ខូចឈ្មោះស្ថាប័ន អង្គការ និងភាពថ្លៃថ្នូររបស់បុគ្គលនានា។
ទោះបីជាយ៉ាងណាក្ដី ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ធ្លាប់មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរវៀតណាមចង់ចាប់ផ្សឹកព្រះអង្គ ដោយសារតែព្រះអង្គតស៊ូមតិ ដើម្បីទាមទារសិទ្ធិស្វ័យសម្រេច និងដាក់ទង់ជាតិខ្មែរក្រោមនៅក្នុងវត្ត។
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ជាព្រះចៅអធិការវត្តប្រជុំពលមង្គលបុរី ឬហៅថា វត្តទ្រនំសេក។
សមាគមពុទ្ធសាសនារបស់រដ្ឋាភិបាលវៀតណាម ធ្លាប់មានគម្រោងទៅដកហូតសិទ្ធិ ឬចាប់ផ្សឹកព្រះអង្គ និងព្រះសង្ឃផ្សេងទៀត នៅវត្តនេះម្ដងរួចមកហើយ កាលពីចុងឆ្នាំ២០២៣ ដោយសារព្រះសង្ឃខ្មែរក្រោមបានយកទង់កម្ពុជាក្រោមមកដោតក្នុងវត្ត ហើយអាជ្ញាធរវៀតណាមបានព្យាយាមមករឹបអូស និងប្រើអំពើហិង្សាលើព្រះសង្ឃខ្មែរក្រោមថែមទៀតផង។
ការចាប់ខ្លួនសកម្មជនសិទ្ធិខ្មែរបន្ថែមទៀតនេះ ស្របពេលដែលពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម នៅក្រៅប្រទេស បន្តជួបជុំគ្នាធ្វើបាតុកម្មទូទាំងពិភពលោក ទាមទារតុលាការវៀតណាម ឱ្យដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ៤នាក់ ដែលកំពុងជាប់ឃុំនៅវៀតណាម ដោយសារតែការទាមទារសិទ្ធិជនជាតិដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។