អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ អះអាងថា បាតុកម្មតវ៉ានៅហុងកុង គឺជាគំរូនៃការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ។ ពួកគេចង់ឃើញកម្ពុជាក្លាយជាសង្គមមួយដែលរដ្ឋាភិបាលឱ្យតម្លៃដល់មតិយោបល់របស់ប្រជាពលរដ្ឋ ដូចជារដ្ឋាភិបាលហុងកុងដែរ។ ទោះជាយ៉ាងណា របបលោក ហ៊ុន សែន ថា បាតុកម្ម ឬការតវ៉ាណាមួយ អាចកើតមានទៅបាន លុះត្រាតែមានការអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា សកម្មភាពតវ៉ារបស់ពលរដ្ឋហុងកុងនៅពេលនេះ គឺជាការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនដែលមានចែងនៅក្នុងគោលការណ៍ប្រជាធិបតេយ្យ។ លោកកោតសរសើរពលរដ្ឋហុងកុង ដែលហ៊ានងើបតវ៉ាប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន។ លោកបន្តថា បាតកុម្មនេះអាចផ្ដល់មេរៀនពីរសំខាន់ដល់កម្ពុជា គឺទីមួយ ការចេះប្រើសិទ្ធិរបស់ខ្លួនក្នុងនាមជាពលរដ្ឋសកម្ម និងភាពអត់ធ្មត់របស់អាជ្ញាធរក្នុងការទប់ទល់នឹងក្រុមបាតុករ។ ម្យ៉ាងវិញទៀត លោកថា នេះក៏ជាការដាស់តឿនដល់អ្នកដឹកនាំរដ្ឋនីមួយៗ ឱ្យគិតពីប្រយោជន៍ពលរដ្ឋខ្លួនឯង មុននឹងបង្កើតច្បាប់អ្វីមួយផងដែរ៖ «កម្ពុជាយើង ការធ្វើបាតុកម្ម ធ្វើអីកន្លងមកនេះ គឺអាជ្ញាធរតែងតែប្រើប្រាស់អំពើហិង្សាដើម្បីបង្ក្រាប ដើម្បីជាការទប់ស្កាត់ រហូតដល់មានការបាត់បង់ជីវិត។ អ៊ីចឹងយើងមើលរបៀបនៃការទប់ស្កាត់ របៀបនៃការអនុវត្តច្បាប់របស់ហុងកុងហ្នឹង វាជាគំរូមួយដែរ ដើម្បីឱ្យកម្ពុជាយើងកាត់បន្ថយហានិភ័យ ឬគ្រោះថ្នាក់ដោយសារការបង្ក្រាបទៅលើការធ្វើបាតុកម្ម»។
កាលពីដើមខែមិថុនានេះ ប្រជាពលរដ្ឋហុងកុងជាងមួយលាននាក់បានផ្ទុះការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័ន ឬការបញ្ជូនជនសង្ស័យពីហុងកុងទៅកាន់ប្រទេសចិន ដែលស្នើឡើងដោយប្រមុខដឹកនាំហុងកុង អ្នកស្រី ការី ឡាំ (Carrie Lam)។ ពលរដ្ឋហុងកុងបានរិះគន់ថ្នាក់ដឹកនាំរបស់ខ្លួនថា ព្យាយាមបំពេញតាមបំណងរបស់រដ្ឋាភិបាលចិនប៉េកាំង ជាជាងការស្ដាប់កង្វល់របស់ពលរដ្ឋខ្លួនឯង។ ការតវ៉ានេះបានឈានដល់ការប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រឆាំងកុប្បកម្ម បណ្តាលឱ្យមានអ្នករបួសជិត១០០ នាក់ កាលពីថ្ងៃទី១២ មិថុនាកន្លងទៅ។
ក្រោយហេតុការណ៍នេះ សភាហុងកុងបានសម្រេចលើកពេលពិនិត្យសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះទៅថ្ងៃក្រោយវិញ ហើយស្ថានការណ៍ហាក់បានស្ងប់ស្ងាត់ជាងមុនបន្តិច ក៏ប៉ុន្តែក្រុមបាតុករបានព្រមានពីលទ្ធភាពនៃការផ្ទុះការតវ៉ាទ្រង់ទ្រាយធំជាថ្មីទៀត ប្រសិនបើថ្នាក់ដឹកនាំហុងកុងនៅតែចិញ្ចឹមចិត្តលើកយកសេចក្ដីព្រាងច្បាប់នេះទៅពិភាក្សាតទៅទៀតនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា លោកមិនចាប់អារម្មណ៍ ហើយក៏មិនវាយតម្លៃចំពោះបាតុកម្មតវ៉ានេះដែរ ព្រោះមិនស្ថិតក្នុងរង្វង់អធិបតេយ្យរបស់កម្ពុជា។ លោកបន្ថែមថា ប្រសិនបើពលរដ្ឋខ្មែរចង់ធ្វើបាតុកម្ម ចាំបាច់ត្រូវតែសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដីជាមុនសិន ជាពិសេសគឺត្រូវតែអនុវត្តតាមច្បាប់ស្ដីពីបាតកម្ម៖ «ខ្ញុំអត់បានចាប់អារម្មណ៍នឹងការងារនៅក្រៅប្រទេសខ្មែរផង ពីព្រោះមិនចង់វាយតម្លៃទៅលើកិច្ចការងារអ្នកដទៃទៀតទេ។ យើងប្រកាន់ជំហរមិនជ្រៀតជ្រែក»។
អាជ្ញាធររបបលោក ហ៊ុន សែន ធ្លាប់មានប្រវត្តិបង្ក្រាបបាតុកម្មដោយប្រើអំពើហិង្សា និងអាវុធពិត ដែលបណ្ដាលឱ្យបាតុករជាច្រើននាក់ បាត់បង់ជីវិត និងរងរបួសធ្ងន់-ស្រាល។ ករណីទាំងនោះមានជាអាទិ៍ ការបង្ក្រាបបាតុកម្មទាមទារឱ្យមានការកែប្រែប្រព័ន្ធយុត្តិធម៌ដឹកនាំដោយលោក សម រង្ស៊ី កាលពីឆ្នាំ១៩៩៧ ការបាញ់បង្ក្រាបក្រុមកម្មករដែលតវ៉ាដំឡើងប្រាក់ខែ និងការបង្ក្រាបក្រុមបាតុករគណបក្សសង្គ្រោះជាតិដែលតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅទីលានប្រជាធិបតេយ្យ នៅដើមឆ្នាំ២០១៤ ជាដើម។ មកដល់ពេលនេះ អាជ្ញាធររបបក្រុងភ្នំពេញលែងអនុញ្ញាតឱ្យមានការប្រមូលផ្តុំ ឬការដង្ហែក្បួនទ្រង់ទ្រាយធំណាមួយនៅរាជធានីភ្នំពេញទៀតហើយ បើទោះបីជាអ្នករៀបចំកម្មវិធីនោះ គឺជាក្រុមឯករាជ្យមិនពាក់ព័ន្ធគណបក្សនយោបាយ ដូចជា អង្គការ សមាគម សហជីព ឬប្រជាពលរដ្ឋក៏ដោយ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែងថា ចំណាត់ការរបៀបនេះ គឺជាការអនុវត្តផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់របស់កម្ពុជា។ លោកបន្តថា អាជ្ញាធរកម្ពុជាគួរតែបើកសិទ្ធិសេរីភាពឱ្យបានទូលំទូលាយដល់ការជួបប្រជុំ និងការតវ៉ាផ្សេងៗរបស់ពលរដ្ឋ ដូចករណីអាជ្ញាធរហុងកុងនេះដែរ៖ «កាលណាគេសម្ដែងមតិហើយ គេមានគោលការណ៍ គេមានការស្នើសុំ គេមានអនុសាសន៍ផ្សេងៗ គេប្រគល់អាហ្នឹងទៅឱ្យអាជ្ញាធរ ឬក៏ភាគីពាក់ព័ន្ធហ្នឹង ហើយយើងយកអាហ្នឹងទៅ។ អាជ្ញាធរធ្វើការការពារទៅ ធ្វើការសម្រួលឱ្យគាត់ទៅ អាហ្នឹងវាចប់ការងារទាំងអស់ហ្នឹងហើយ។ ពេលដែលគេបើកឱ្យមានការជជែក ការតវ៉ាអីហ្នឹង វាជាចំណុចល្អក្នុងការសម្ដែងមតិដោយសន្តិវិធី ហើយយើងទម្លាប់ក្នុងការអនុវត្តទាំងអស់គ្នាទៅ កិច្ចការងារហ្នឹងវាបានប្រសើរតទៅមុខទៀតហើយ»។
ដែនដីហុងកុង ទើបតែត្រូវបានចក្រភពអង់គ្លេសប្រគល់ឱ្យប្រទេសចិនវិញ កាលពីឆ្នាំ១៩៩៧ កន្លងទៅនេះប៉ុណ្ណោះ បន្ទាប់ពីបានកាប់កាប់អស់រយៈពេល១៥៦ ឆ្នាំ។ ក៏ប៉ុន្តែតំបន់ដែនកោះមួយនេះ នៅស្ថិតក្រោមលក្ខន្តិកៈជាតំបន់រដ្ឋបាលពិសេសនៅឡើយ ពោលគឺមានសភា រដ្ឋាភិបាល និងតុលាការ ក្នុងទម្រង់ជាប្រជាធិបតេយ្យ ដាច់ចេញពីអំណាចកណ្ដាលនៅប៉េកាំង។ រដ្ឋាភិបាលចិនត្រូវរង់ចាំរហូតដល់ឆ្នាំ២០៤៧ ខាងមុខ ទើប អាចគ្រប់គ្រងតំបន់ស្វយ័តនេះបានពេញដៃ។
ទោះជាយ៉ាងណា ជាច្រើនឆ្នាំមកនេះ ក្រុងប៉េកាំងមិនបានបណ្ដោយឱ្យហុងកុងធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ ដោយពួកគេបានបញ្ជ្រាបឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចកាន់តែខ្លាំងលើតំបន់នេះ។ បញ្ហានេះហើយដែលធ្វើឱ្យពលរដ្ឋហុងកុង ជាពិសេសយុវជន តែងតែក្រោកតវ៉ាជាញឹកញាប់ដើម្បីប្រឆាំងនឹងមហិច្ឆតារបស់រដ្ឋាភិបាលកុម្មុយនិស្តចិន ពីព្រោះពួកគេមិនចង់ឱ្យហុងកុងក្លាយជាអាណាខេត្តរបស់ចិនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។