សហគមន៍​ការពារ​ព្រៃ​នៅ​ខេត្ត​ឧត្ដរមានជ័យ​ចោទ​ប៉ូលិស​មូលដ្ឋាន​ថា​ រារាំង​មិន​ឱ្យ​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ព្រៃឈើ

0:00 / 0:00

សហគមន៍​ការពារ​ព្រៃឈើ​រតនៈរុក្ខា នៅ​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ចោទ​ប្រកាន់​ប៉ូលិស​សង្កាត់​កូនក្រៀល​ថា បាន​បិទ​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​មិន​ឱ្យ​ជួប​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ព្រៃឈើ​ដល់​ប្រជាពលរដ្ឋ​។មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ការ​អនុវត្ត​ខុស​ពី​ច្បាប់​ចែង។

សហគមន៍​ព្រៃឈើ​រតនៈរុក្ខា ខេត្ត​ឧត្ដរមានជ័យ​​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​នឹង​ទង្វើ​របស់​ប៉ូលិស​សង្កាត់​កូនក្រៀល​នេះ​ថា​ ជា​ការ​ធ្វើ​ឱ្យ​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​​ហិនហោច​ចាប់​រហ័ស​ ព្រោះ​មិន​អាច​ដល់​ផ្សព្វផ្សាយ​ច្បាប់​ព្រៃឈើ​ដល់​ពលរដ្ឋ​ ដើម្បី​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ឡើយ​។​​

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​រតន រុក្ខា​ លោក ស្មិន តិ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៥​សីហា​ថា ពួកគាត់​នាំ​គ្នា​បញ្ឈប់​ការងារ​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ព្រៃឈើ​ទាំង​កណ្ដាល​ទី ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​សីហា​ បន្ទាប់​ពី​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កូន​ក្រៀល​បញ្ជា​ឱ្យ​មេភូមិ​បញ្ឈប់​ពួកគាត់​​ ក្រោម​ហេតុផល​មិន​បាន​សុំ​ច្បាប់​ពី​ប៉ូលិស។​តំណាង​សហគមន៍​រូប​នេះ​ បន្ត​ថា ​សមត្ថកិច្ច​ធ្វើ​បែប​នេះ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​សហគមន៍​ក្នុង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ៖ «គាត់​ថា​អត់​បាន​ទេ​ ទាល់​មក​ជម្រាប​គាត់​ឬ​មាន​ជា​លាយលក្ខណ៍អក្សរ ហើយ​គាត់​ថា​ការ​ប្រជុំ​ចាប់​ពី​៣នាក់​ឡើង​ក៏​ត្រូវ​ធ្វើ​ពាក្យ​ស្នើ​សុំ​។ចំពោះ​ខ្ញុំ​វា​អត់​ត្រូវ​តាម​ច្បាប់​ទេ​ គាត់​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​មិន​ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​ដឹង​ឮ​ច្បាប់​ព្រៃឈើ »

អាស៊ី​សេរី​មិន​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កូនក្រៀល លោក ប៉ាត គីម ដើម្បី​ឆ្លើយតប​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៥ សីហា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ប៉ុន្តែ​មេភូមិ​ខ្ទុំ អ្នក​ស្រី​ ថន សាលួត ប្រាប់​អាស៊ី​សេរី​ថា ប្រជា​ពលរដ្ឋ​ប្រមាណ​១០០​នាក់​ចូល​រួម​ប្រជុំ​ស្វែង​យល់​អំពី​ច្បាប់​ការពារ​ព្រៃឈើ​នៅ​ក្នុង​ភូមិ​ដែល​អ្នក​ស្រី​គ្រប់គ្រង​។មេភូមិ​រូប​នេះ​ បន្ត​ថា​​ លោក​ប្រធាន​ប៉ុស្តិ៍​បាន​បញ្ជា​ឱ្យ​អ្នក​ស្រី​បញ្ឈប់​កិច្ចប្រជុំ​នេះ​​ ដោយសារ​សហគមន៍​មិនបាន​សុំ​ច្បាប់​ពី​ប៉ូលិស ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ព្រៃឈើ​ដល់​ពលរដ្ឋ៖ «ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ ស្រាប់​តែ​គាត់​ទូរស័ព្ទ​មក​ ខ្ញុំ​ប្រាប់​មេ​ឃុំ​ហើយ​ គាត់​ក៏​យល់​ព្រម​ឱ្យ​ពលរដ្ឋ​ប្រជុំ​ហើយ​ ប៉ុន្តែ​ប៉ូលិស​ប្រាប់​ឱ្យ​ផ្អាក​ទៅវិញ​។ ខ្ញុំ​យល់​ឃើញ​ថា​ល្អ​បាន​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​យល់​ដឹង​ពី​ច្បាប់​ព្រៃឈើ »

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិមនុស្ស​លើក​ឡើង​​ថា​ សកម្មភាព​នេះ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ជុំ​ប្រជុំ​របស់​សហគមន៍​ឱ្យ​កាន់​តែ​រួញ​តូច។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ឧត្ដរមានជ័យ​លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ជួប​ជុំ​ផ្សព្វផ្សាយ​ច្បាប់​ព្រៃឈើ​ និង​ការ​អប់រំ​បណ្ដុះបណ្ដាល​ផ្សេង​ៗ​ដោយ​មិន​បាច់​សុំ​ច្បាប់​ពី​សមត្ថកិច្ច​នោះ​ទេ។មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ចាត់​ទុក​ការរារាំង​របស់​ប៉ូលិស​នេះ ថា ​បំភិតបំភ័យ​និង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់៖ «ប្រហែល​ជា​គាត់​ភ័យ​ខ្លាច​ទាក់​ទង​នឹង​ការ​ជួប​ជុំ​របស់​ប្រជាពលរដ្ឋ​​ខ្លាច​ពួកគាត់​មាន​និន្នាការ​ទៅ​គាំទ្រ​គណបក្ស​នយោបាយ​​។តាម​ពិត​រដ្ឋធម្មនុញ្ញ​សរសេរ​ច្បាស់​និយាយ​ពី​សិទ្ធិ​របស់​ពលរដ្ឋ​ ប៉ុន្តែ​គ្រាន់​តែ​ថា​អាជ្ញាធរ​គាត់​មាន​ការ​ព្រួយបារម្ភ​ហើយ​ដាក់​ការ​តាម​សកម្មភាព​របស់​ពលរដ្ឋ »

លោក​បន្ត​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ​ប៉ូលិស​ខេត្ត​ឧត្ដរមានជ័យ​បាន​រឹតត្បិត​សិទ្ធិ​សេរី​ការ​ជួប​ប្រជុំ​របស់​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​លំបាក​ដល់​ការ​បំពេញ​ការងារ​របស់​ខ្លួន​មិន​បាន​ពេញលេញ។ កាល​ពី​ឧសភា​កន្លែង​ទៅ សហគមន៍​អូរ​បាត់​មាន់​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​ក៏​ត្រូវ​ប៉ូលិស​រារាំង​​ពួក​គាត់​មិន​​ផ្សព្វផ្សាយ​ការពារ​ព្រៃឈើ​ដល់​ពលរដ្ឋ​ដូច​គ្នា​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់​ថា បញ្ហា​នេះ​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ឆាប់​ចាត់​វិធានការ​លើ​មន្ត្រី​ប៉ូលិស​ទាំង​នោះ​ទេ ធ្វើ​ឱ្យ​សហគមន៍​មាន​ការ​ភ័យ​ខ្លាច ហើយ​នាំ​គ្នា​បោះ​បង់​ការ​ងារ​នៅ​ជួយ​សង្គម​ចោល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។