អ្នក​ការពារ​សិទ្ធិមនុស្ស​ទទូច​ឱ្យ​ក្រសួង​កិច្ចការ​នារី​ការពារ​យុត្តិធម៌​សម្រាប់​ស្ត្រី​គ្រប់គ្នា ដោយ​គ្មាន​ការ​រើសអើង

0:00 / 0:00

ក្រុម​ស្ត្រី​អ្នក​តវ៉ា និង​អ្នកការពារ​សិទ្ធិមនុស្ស​ទទូច​ឱ្យ​ក្រសួង​កិច្ចការ​នារី​ចេញមុខ​ការពារ​យុត្តិធម៌​សម្រាប់​ស្ត្រី​គ្រប់គ្នា ដែល​រង​អំពើ​ហិង្សា​គ្រប់​រូបភាព ដោយ​គ្មាន​ការរើសអើង បក្សពួក ឋានៈ​មាន​ក្រ និង​និន្នាការ​នយោបាយ ដើម្បី​ធានា​ថា ពុំ​មាន​ស្ត្រី​ណា​ម្នាក់​ត្រូវ​មើល​រំលង ឬ​ទុកចោល។

សំណើ​នេះ​បន្ទាប់​ពី​ក្រសួង​កិច្ចការ​នារី​បាន​ចេញមុខ​ថ្កោលទោស​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​របស់ ឧកញ៉ា ដួង ឆាយ ប៉ុន្តែ​ក្រសួង​កិច្ចការ​នារី ហាក់​មើល​រំលង​ករណី​អំពើ​ហិង្សា ដែល​កើតមាន​នៅ​តាម​ដងផ្លូវ​ទៅលើ​ក្រុម​ស្ត្រី ដែល​ចេញ​តវ៉ា​ទាមទារ​យុត្តិធម៌​សង្គម និង​សុំ​អោយ​ដោះលែង​ប្ដី ដែល​កំពុង​ជាប់ឃុំ​ជាដើម។

ក្រុម​ស្ដ្រី​ដែល​ធ្លាប់​ត្រូវ​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​វាយ​ទាត់​ធាក់​នៅ​តាម​ផ្លូវ​ជាពិសេស​នៅ​ខាងមុខ​តុលាការ​ក្រុងភ្នំពេញ ចាត់ទុក​ក្រសួង​កិច្ចការ​នារី​ថា ជា​ស្ថាប័ន ដែល​រើសអើង ឬ​លំអៀង​ទៅ​ខាង​ក្រុម​អ្នក​មាន​អំណាច មាន​ឥទ្ធិពល។

ប្រពន្ធ​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ លោក ស៊ុន ធន់ គឺ​លោកស្រី សេង ចាន់ថន ខកចិត្ត​នៅ​ពេល​ឃើញ​ក្រសួង​កិច្ចការ​នារី​ចេញ​លិខិត​ថ្កោលទោស អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឧកញ៉ា ដួង ឆាយ ដោយ​មិន​យកចិត្តទុកដាក់​ករណី​អំពើ​ហិង្សា​លើ​រូប​អ្នក​ស្រី ដែល​បង្ក​ដោយ​ក្រុម​សន្តិសុខ​ទៅវិញ៖ «កន្លង​មក​ហ្នឹង​ក៏​ក្រសួង​កិច្ចការ​នារី មិនដែល​អើពើ​អី​ដែរ រឿង​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ ដែល​ពួក​ខ្ញុំ​មិន​អាច​ទទួលយក​បានទេ ហើយ​ពួក​ខ្ញុំ​ឈឺចាប់​កាន់តែ​ខ្លាំង​ឡើង​ដោយ​ឮ​ថា​គេ​យកចិត្តទុកដាក់​ទៅលើ​បុគ្គល​តែ​ម្នាក់»។

ការ​លើកឡើង​នេះ​បន្ទាប់ពី​ក្រសួង​កិច្ចការ​នារី កាលពី​ថ្ងៃទី​១៧ ខែមីនា បាន​ថ្កោលទោស អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​កើត​លើ​អ្នកស្រី ដេ​ត ម៉ាលី​ណា ជា​ប្រពន្ធ​របស់ លោក ដួង ឆាយ​។ ក្រសួង​កិច្ចការ​នារី​លើកទឹកចិត្ត​ដល់​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ឲ្យ​ចេញមុខ​បំបែក​ភាព​ស្ងៀមស្ងាត់ ស្វែងរក​ជំនួយ​គាំទ្រ ដើម្បី​ទទួល​បាន​យុត្តិធម៌​។ ប្រភព​ដដែល​បញ្ជាក់​ថា អំពើ​ហិង្សា​គ្រប់​ទម្រង់ ជា​ទង្វើ​មិនអាច​អត់ឱន​ឱ្យ​បាន ហើយ​អ្នក​ប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន។

អ្នកស្រី ចាន់ថន បន្ត​ថា ប្រសិនបើ​ក្រសួង​កិច្ចការ​នារី​ពិត​ចង់​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី ក្រសួង​គួរតែ​យកចិត្តទុកដាក់​គ្រប់​ករណី មិនមែន​ជ្រើសរើស​ចោះៗ​តាមតែ​សាច់រឿង ដែល​ខ្លួន​ចង់​ធ្វើ​បែប​នេះ​ទេ៖ «ជា​មនុស្ស​ដូចគ្នា​មាន​សិទ្ធិ​ស្មើៗ​គ្នា ទោះជា​គេ​បោះឆ្នោត​ជាប់​មិន​ជាប់ក្ដី​ក៏​ត្រូវ​មើល​ការ​ខុស​ត្រូវ​គេ​ដែរ​។ មិន​ត្រូវ​ទុក​គេ​ចោល មិន​ត្រូវ​គិតថា​អ្នកឯង​បក្ស​ប្រឆាំង​ខ្ញុំ​មិន​ទៅ​មើល​ទេ។ បើសិន​គិត​អ៊ីចឹង​មិន​ចាំបាច់​បោះឆ្នោត មិន​ចាំបាច់​ប្រើ​ពាក្យ​ថា មាន​លទ្ធិប្រជាធិបតេយ្យ​អី​នៅ​ស្រុក​ខ្មែរ​ទេ ហើយក៏​មិន​ត្រូវ​មាន​ក្រសួង​កិច្ចការ​នារី​សម្រាប់​ការពារ​នារី​ដែរ»។

អ្នកស្រី សេង ចាន់ថន ត្រូវ​សន្តិសុខ​សាលា​ខណ្ឌ​៧មករា ម្នាក់ ឈ្មោះ ឆោម ប្រសិដ្ឋ បោក​ផ្ទប់​នឹង​ថ្នល់​របួសធ្ងន់​កាលពី​ខែកញ្ញា ឆ្នាំ​២០២០​។ អ្នកស្រី​បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ ប៉ុន្តែ​មិន​ទាន់​មាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ។ ស្របគ្នា​នោះ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​បាន​ដាក់​លិខិត​ទៅ​ក្រសួង​កិច្ចការ​នារី ឱ្យ​ជួយ​យកចិត្តទុកដាក់​ករណី​អំពើ​ហិង្សា​លើ​ពួកគាត់​តែ​ក៏​ស្ងាត់បាត់​ឈឹង​គ្មាន​ការ​ឆ្លើយ​តប។ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង​ម្នាក់ទៀត លោក កាក់ កុម្ភា គឺ​លោកស្រី ព្រំ ចាន់ថា មើលឃើញ​ថា​ទង្វើ​បែបនេះ​បង្ហាញថា ក្រសួង​កិច្ចការ​នារី​ជា​ស្ថាប័ន​បម្រើ​បក្ស មិនមែន​បម្រើ​ពលរដ្ឋ​ឡើយ៖ «ម៉េច​គេ​ហៅ​ក្រសួង​កិច្ចការ​នារី​ ? គឺ​ត្រូវ​ដឹង​សុខទុក្ខ​ស្ត្រី​ទាំងអស់​ទូទាំង​ប្រទេស​កម្ពុជា​ទាំងអស់​តែម្ដង ប៉ុន្តែ​រឿង​អត់​មាន​ទេ​។ អ៊ីចឹង​មាន​ន័យ​​ថា គាត់​ជា​ក្រសួង​ដែល​និយម​បក្សពួក ដែល​គេ​ថា ក្រសួង​បក្ស»។

​ក្រៅពី​ក្រុម​ស្ត្រី​ជា​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង ដែល​ចេញ​តវ៉ា​រាល់ថ្ងៃ​សុក្រ​នេះ ក៏​មាន​ក្រុម​ក្មេងស្រី​ឈឺឆ្អាល​បញ្ហា​សង្គម អ្នក​ស្រឡាញ់​បរិស្ថាន​ធនធានធម្មជាតិ ដែល​ក្លាហាន​ចេញ​តវ៉ា តាមផ្លូវ​ក៏​ត្រូវ​ក្រុម​សន្តិសុខ វាយ ទាត់ ធាក់ ក្ដិច លូក​ស្ទាប​កេរ្តិ៍ខ្មាស និង​ជេរប្រមាថ​ថែមទៀត​។ វីដេអូ​ខ្លីៗ​ជាច្រើន​ពី​ករណី​អំពើ​ហិង្សា​ទាំងនោះ​ត្រូវ​គេ​ចែកចាយ​ហូរហែ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ប៉ុន្តែ​ដំណឹង​នេះ​បែរជា​មិនបាន​ទៅ​ដល់​ក្រសួង​កិច្ចការ ឬ​ទំនង​ថា​មិន​ត្រូវ​ក្រសួង​យក​ភ្នែក​មើល។

អ្នក​សិក្សា​ច្បាប់​លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា ទង្វើ​បែបនេះ​បង្ហាញ​ថា ក្រសួង​កិច្ចការ​នារី​បាន​ដើរ​ចាក​ឆ្ងាយ​ពី​តួនាទី​ក្នុង​ការ​លើកស្ទួយ​សិទ្ធិ​ស្ត្រី៖ «ខាង​ក្រសួង​កិច្ចការ​នារី គឺ​អសកម្ម​មែនទែន ហើយ​សឹងតែ​គ្មាន អន្តរាគមន៍​អ្វី​ទាំងអស់​សូម្បីតែ​ស្ត្រី​ជា​សកម្មជន​ជា​អ្នក​គាំទ្រ​គណបក្សប្រឆាំង​ក៏ដោយ ក៏​យើង​ឃើញ​អាជ្ញាធរ​ប្រើប្រាស់​ហិង្សា​លើ​អី​គឺ​គ្មាន​អន្តរាគមន៍ ឬក៏​ការ​ចេញ​នូវ​សេចក្ដីថ្លែងការណ៍​ណាមួយ​ពី​ការប្រើប្រាស់​កម្លាំង​របស់​កង​សន្តិសុខ​ទៅលើ​ស្ត្រី​ហ្នឹង​ក៏​អត់​មាន​ដែរ​។ អ៊ីចឹង​យើង​ឃើញ​ថា វា​ដូចជា​អសកម្ម ហើយ​ចំណុច​ដែល​រដ្ឋាភិបាល​លើកកម្ពស់​ស្ត្រី​ហ្នឹង​ហាក់ដូចជា​អនុវត្ត​មិនល្អ»។

ក្រសួង​កិច្ចការ​នារី​ធ្លាប់​ចេញ​មុខ​ថ្កោលទោស​អំពើ​ហិង្សា​លើ​ស្ត្រី​ជាច្រើន​ដង​ដែរ ដូចជា​កាលពី​ឆ្នាំ​២០១៥ ក្រសួង​បាន​ចេញ​មុខ​ទាមទារ​រក​យុត្តិធម៌​អោយ កញ្ញា ឯក សុជាតិ ហៅ​សាសា ពិធី​ការិនី​ទូរទស្សន៍​ល្បីឈ្មោះ និង​ជា​កូនស្រី​ឧកញ៉ា​មានទ្រព្យ​ម្នាក់​។ ក្នុង​ឆ្នាំ​២០១៦ ក្រសួង​នេះ​បាន​ចេញ​ផ្ដល់​ជំនួយ​ចាំបាច់​នានា អោយ​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ ក្នុង​បណ្ដឹង​ប្រឆាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​។ ក្នុង​ឆ្នាំ​២០១៨ ក្រសួង​ដដែល​នេះ​បាន​ចេញមុខ​ជួយ​រក​យុត្តិធម៌​អោយ​អ្នក​ចម្រៀង​ល្បីឈ្មោះ​កញ្ញា ទេព បូព្រឹក្ស ដែល​រង​អំពើ​ហិង្សា និង​ការប្រមាថ​ពេល​កំពុង​ច្រៀង​ភោជនីយដ្ឋាន​មួយ​។ រឿង​នេះ​ផ្ទុយគ្នា​ស្រឡះ​ពី​រឿងរ៉ាវ​របស់​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ តំបន់​បុរីកីឡា និង​មកពី​តាម​បណ្ដា​ខេត្ត ដែល​រង​អំពើ​ហិង្សា​ពី​ក្រុម​អាជ្ញាធរ​យ៉ាងដំណំ មិន​លួស​ពេល នៅ​ពេល​ពួកគេ​ចេញ​តវ៉ា​តាម​ដងផ្លូវ​។ រី​ក្រុម​ស្ត្រី​ជា​កម្មករ ដែល​ហ៊ាន​ចេញ​តវ៉ា ដើម្បី​សិទ្ធិ​សេរីភាព និង​ប្រាក់​ឈ្នួល​សមរម្យ ហើយ​រង​អំពើ​ហិង្សា និង​ការ​បាញ់​ប្រហារ​ក៏​មិន​បានការ​យកចិត្តទុកដាក់​ដែរ​។ លើស​ពី​នេះ​កាលពី​ឆ្នាំ​២០១៣ ស្ត្រី​អ្នកលក់​បាយ​ម្នាក់​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​កម្លាំង​ប្រដាប់​អាវុធ នៅពេល​ក្រុម​កម្មករ​នៅ​រោងចក្រ​អេសអិល (SL)​តវ៉ា ក៏​មិន​បានការ​យកចិត្តទុកដាក់​ពី​ក្រសួង​នេះ​ដែរ​។ ជាច្រើន​ឆ្នាំ​មកនេះ សព លោកស្រី ហេង សុខុម នៅ​តែ​មិន​ទទួល​បាន​យុត្តិធម៌​ពី​អំពើ​ហិង្សា​បង្ក​ដោយ​ក្រុម​សមត្ថកិច្ច​នោះ​ឡើយ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព ឱ្យ​ដឹង​ដែរ​ថា ក្រសួង​កិច្ចការ​នារី រួម​នឹង​ស្ថាប័នរដ្ឋ​ផ្សេងទៀត​គួរតែ​បំពេញ​តួនាទី​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ទូទៅ ពោល​គឺ​ត្រូវ​ឆ្លើយតប​ទៅ​ជនរងគ្រោះ​អោយ​បាន​ដូចៗ​គ្នា​មិន​ប្រកាន់​ឋានៈ​តួនាទី​ក្នុង​សង្គម៖ «បើ​ជនរងគ្រោះ​ជា​អ្នក​មាន​អំណាច ហាក់ដូច​ជា​មាន​វិធានការ​ឆ្លើយតប​ភ្លាមៗ ប៉ុន្តែ​បើ​ជនរងគ្រោះ​ជា​អ្នក​ក្រខ្សត់ ឬ​ជា​តួអង្គ ដែល​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ ដែល​មិន​សូវ​មាន​ឋានៈ ក្នុង​សង្គម ឬ​មិនសូវ​គេ​ស្គាល់​ហ្នឹង​ហាក់ដូចជា​មិន​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​នោះ​ទេ​។ នេះ​គឺជា​ទិដ្ឋភាព​មួយ ដែល​អាច​ពញ្ញាក់​អារម្មណ៍ ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង​ត្រូវ​ពិចារណា​ពី​ភាព​ស៊ី​សង្វាក់​នៃ​ការអនុវត្ត​ច្បាប់​របស់​ខ្លួន ការ​ឆ្លើយ​តប​របស់​ខ្លួន ដោយ​មិន​ប្រកាន់​នូវ​និន្នាការ ផ្សេងៗ​រាប់ទាំង​និន្នាការ​នយោបាយ ឬក៏​ឋានៈ​សង្គម​អី​ជាដើម»។

បើ​ទោះ​ជា​យ៉ាងណា​ចំពោះ​ស្ត្រី​ជា​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី សេង ចាន់ថន គ្មាន​ជំនឿ​ថា ក្រសួង​កិច្ចការ​នារី​អាច​យកចិត្ត​ទុក​ស្ត្រី​ពិតប្រាកដ​តាម​តួនាទី​របស់​ខ្លួន​ឡើយ​ដរាបណា​សង្គម​កម្ពុជា​មិនបាន​ប្រកាន់​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​ត្រឹមត្រូវ៖ «បើសិន​យក​ច្បាប់​ជាធំ ទោះ​ស្ត្រី​នៅ​ក្នុង​បក្ស​ណាក៏ដោយ​ក៏​គាត់​យកចិត្តទុកដាក់​ដែរ អ៊ីចឹង​សូម​អោយ​គាត់​យក​ច្បាប់​ជាធំ​ផង»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី និង​អ្នកនាំពាក្យ​ក្រសួង​នេះ​តាម​ទូរស័ព្ទ​ជាច្រើន​សា ប៉ុន្តែ​នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​បាន​នៅឡើយ​។ កន្លង​ទៅ​ខាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ឆ្លើយតប​នឹង​ការប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​តាម​ដងផ្លូវ​នេះ​ថា ជា​ការ​រក្សា​សណ្ដាប់ធ្នាប់ ហើយ​ទង្វើ​របស់​សមត្ថកិច្ច​អាច​ត្រឹម​ជា​ការ​ជ្រុល​ជ្រួល​ដៃជើង​ពេល​មានការ​ប្រទាញប្រទង់ រុញច្រាន​ជាមួយ​ស្ត្រី​អ្នក​តវ៉ា​ជាដើម។

យ៉ាងនេះ​ក្ដី​លោកស្រី ព្រំ ចាន់ថា ឆ្លើយតប​ថា ស្ត្រី​ថ្ងៃ​សុក្រ​ចង់​ត្រឹម​អោយ​ដោះលែង​ប្ដី​គ្មាន​បំណង​អ្វី​ផ្សេង​ឡើយ ហើយ​ជា​ការ​តវ៉ា​ដោយ​អហិង្សា៖ «មក​វាយ​មក​ទាញ មក​តប់ មក​ធ្វើបាប មក​ក្ដិច មក​លូកលាន់​កេរ្តិ៍​ភេទ​ពួក​ខ្ញុំ ហើយ​សូម្បីតែ​ក្មេង​កូន​ខ្ញុំ​សោះ ចាប់​បោច​សក់ ខោក ធាក់ សួរ​ថា អ៊ីចឹង​យ៉ាងម៉េច​ដែរ​ ? សួរ​ថា ពួក​ខ្ញុំ​ទៅ​តដៃ​មែន​ ? ពួកគាត់​និយាយ​មក​ដូច​បើក​តែ​មាត់​អត់​បើកភ្នែក»។

ទោះជា​រង​អំពើ​ហិង្សា និង​គ្មាន​ការ​អើពើ​រក​យុត្តិធម៌​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នៅតែ​ប្រកាន់​ជំហរ​តវ៉ា​តទៅទៀត ដើម្បី​សេរីភាព​របស់​ប្ដី ដែល​ពួកគេ​ចាត់ទុកថា​ត្រូវ​ចាប់​ឃុំ​ខ្លួន ដោយ​អយុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។