ពលរដ្ឋ​ស្នើ​អាជ្ញាធរ​រដ្ឋាភិបាល​ឈប់​សម្ដែង​ធ្វើ​ជា​គោរព​សិទ្ធិ​ស្ត្រី និង​ងាក​មក​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី

0:00 / 0:00

ក្រុម​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ចង់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​កិច្ចការ​នារី​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី និង​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។ លើស​ពី​នេះ​ពួកគាត់​ថា មន្ត្រី​អាជ្ញាធរ តែង​ចេញ​មុខ​អះអាង​ថា កម្ពុជា​គោរព​សិទ្ធិ​ស្ត្រី ដោយ​បង្ហោះ​សារ​ព្រោង​ព្រាត​នៅ​មុន​ថ្ងៃ៨ មីនា ដែល​ជា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នោះ គ្រាន់​តែ​ជា​ការសម្ដែង​ឱ្យ​ឃើញ​ល្អ​តែ​ខាង​មុខ ឯ​ការពិត​ស្ត្រី​ជា​ច្រើន​នាក់​កំពុង​រង​អំពើ​ហិង្សា ការ​យាយី​ធ្វើបាប និង​ត្រដរ​រស់​ទាំង​ទុក្ខវេទនា។

ក្រុម​ស្ត្រី​រងគ្រោះ និង​អ្នកការពារ​សិទ្ធិ​ស្ត្រី​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ការរើសអើង​ស្ត្រី​និង​ត្រូវ​អើពើ ដឹង​ឮ ដោះស្រាយ​បញ្ហា ដើម្បី​ឱ្យ​ស្ត្រី​បាន​ទទួល​ប្រយោជន៍​ពី​​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

ការ​មិន​អើពើ​ដោះស្រាយ​ករណី​អំពើ​ហិង្សា និង​បញ្ហា​របស់​ស្ត្រី​បង្ហាញ​ថា​រដ្ឋាភិបាល ពិសេស​ក្រសួង​កិច្ចការ​នារី​រើសអើង និង​ទុក​ចោល​ក្រុម​ស្ត្រី​ងាយ​រងគ្រោះ ឱ្យ​ជួប​ការ​លំបាក និង​ធ្លាក់​ខ្លួន​កាន់តែ​ក្រីក្រ ដែល​ផ្ទុយ​ពី​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចិរភាព​របស់​រដ្ឋាភិបាល។

ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក​ជា​ករណី​អំពើ​ហិង្សា​ថ្មី​ចុង​ក្រោយ​ទៅ​លើ​ស្ត្រី ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ។

ស្ត្រី​វ័យ៦០​ឆ្នាំ គង់ តឿ ស្ថិត​ក្នុង​ចំណោម​ស្ត្រី​ដែល​រង​អំពើ​ហិង្សា និង​បាន​កប់​ក្នុង​ភក់​នៅ​ចំពោះ​មុខ​គ្រឿង​ចក្រ​កាយ​ដី ដែល​អាជ្ញាធរ​យក​ទៅ​តតាំង ដើម្បី​យក​ដី​ពលរដ្ឋ​នៅ​បឹង​តាមោក កាលពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ។ លោកស្រី​ថា ប្រសិន​បើ​រដ្ឋាភិបាល​គោរព​សិទ្ធិ​ស្ត្រី​មែន មិន​គួរ​បន្ត​ធ្វើ​មិន​ដឹង​មិន​ឮ​ពី​អំពើ​ហិង្សា​លើ​ស្ត្រី។

លោកស្រី គង់ តឿ៖ «ប្រើ​អំពើ​ហិង្សា​ហ្នឹង​វា​សាហាវ​ឃោរឃៅ​បំផុត សូម្បី​តែ​លើ​កុមារ​ក៏​គាត់​មិន​អធ្យាស្រ័យ​ឱ្យ គាត់​គិត​តែ​រំលោភ​សិទ្ធិ​មិន​ថា ស្ត្រី​មិន​ស្ត្រី គាត់​គិត​តែ​ថា​ឱ្យ​តែ​គេ​ដាក់​ពី​លើ​មក​គឺ​គាត់​មក​ធ្វើ​បាប​ប្រជាពលរដ្ឋ​តែ​ម្ដង។ អាជ្ញាធរ​នៅ​បឹង​តាមោក​នេះ នៅ​ខណ្ឌ​ព្រែកព្នៅ​នេះ នៅ​បឹង​តាមោក​នេះ​មិន​បាន​គោរព​សិទ្ធិ​ស្ត្រី និង​កុមារ​សោះឡើយ»។

ការ​ដណ្ដើម​ដីធ្លី​ពលរដ្ឋ ដើម្បី​បាន​លប់​បឹង និង​យក​ដី​ទៅ​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល​ហ៊ុន​នេះ​បាន​បន្ថែម​ការ​ឈឺចាប់ និង​ជំរុញ​ឱ្យ​ស្ត្រី​ធ្លាក់​ខ្លួន​ក្រីក្រ​កាន់​តែ​ខ្លាំង ចំណែក​កូន​ៗ​ក៏​រងគ្រោះ​ទៅ​តាម​នោះ​ដែរ។

លោកស្រី គង់ តឿ ដែល​រស់នៅ​តំបន់​បឹង​តាមោក​តាំង​ពី​ឆ្នាំ១៩៩០ ហួស​ចិត្ត​ដែល​លោកស្រី​ជា​ជនរងគ្រោះ​បែរ​ជា​ជាប់​បណ្ដឹង​ចំនួន​៣​នៅ​តុលាការ ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​អាជ្ញាធរ​ទៅ​វិញ។

បឹង​តាមោក​មាន​ទំហំ​ជាង ៣​ពាន់​ហិកតារ ក្នុង​ឆ្នាំ​២០១៦ តែ​មក​ដល់​ពេលនេះ​នៅ​សល់​មិន​ដល់ ១ពាន់​ហិកតារ​ទេ។ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ត្រូវ​អាជ្ញាធរ​បង្ខំ​បណ្ដេញ​ចេញ ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាត់​ដី​បឹង​ទៅ​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច​ស្និទ្ធ​នឹង​គ្រួសារ​លោក​ជា​បន្ត​បន្ទាប់។ ពលរដ្ឋ​បាន​តវ៉ា​នៅ​ហ្នឹង​កន្លែង​ផង ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ផង ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ​អ្វី​ក្រៅ​តែ​បង្ខំ​ឱ្យ​ពួកគាត់​ចាកចេញ។

បើ​ងាក​ចេញ​ពី​បឹង​តាមោក​មក​តំបន់​កណ្ដាល​រាជធានី​វិញ ស្ត្រី​កូដករ​ណាហ្គាវើលដ៍ (Naga World) នៅ​តែ​ត្រាំត្រែង​តវ៉ា​សុំ​ដំណោះស្រាយ​បញ្ហា​រើសអើង​សហជីព​នៅ​កន្លែង​ការងារ និង​ទាមទារ​ឱ្យ​ដោះលែង​តំណាង​សហជីព កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព ព្រមទាំង​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​កូដករ។ កូដកម្ម​ដែល​អូស​បន្លាយ​រយៈពេល​ជាង២ឆ្នាំ​មក​នេះ កើត​ឡើង​ក្រោយ​ពេល​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​បាន​បញ្ឈប់​បុគ្គលិក​រាប់ពាន់​នាក់​ក្រោម​ហេតុផល​វិបត្តិ​កូវីដ-១៩ ដែល​ភាគ​ច្រើន នៃ​បុគ្គលិក​ទាំង​នោះ​ជា​សមាជិក និង​មេដឹកនាំ​សហជីព។ កូដករ​ដែល​ភាគច្រើន​ជា​ស្ត្រី​បាន​តស៊ូ​ទាមទារ​ឱ្យ​ថៅកែ​ទទួល​យក​មេដឹកនាំ​សហជីព​ចូល​ធ្វើការ​វិញ ប៉ុន្តែ​ជា​លទ្ធផល​ពួកគេ​រង​អំពើ​ហិង្សា​គ្រប់​បែបយ៉ាង ចំណែក​មេដឹកនាំ​សហជីព​ជា​ច្រើន​នាក់​ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ និង​មាន​ទោស​ជាប់​ពន្ធនាគារ។

លោកស្រី សុខ រតនា ដែល​រលូត​កូន​ដោយសារ​អាជ្ញាធរ​វាយដំ និង​រុញច្រាន មើល​ឃើញ​ថា ពាក្យ​ថា​គោរព​សិទ្ធិ​ស្ត្រី​របស់​អាជ្ញាធរ​គ្រាន់​តែ​ជា​ការសម្ដែង​ឱ្យ​ល្អមើល និង​បំភ័ន្ត​ភ្នែក​សាធារណជន។

លោកស្រី សុខ រតនា៖ «ខ្ញុំ​គិត​ថា​វា​មិនមែន​ជា​ការពិត​ទេ គ្រាន់​តែ​ជា​ការ​ផូស​តាម​បណ្ដាញ​សង្គម ​មួយ ដែល​ថា​គ្រាន់​តែ​ជា​ការ​សម្ដែង​យក​តែ​រូបភាព​អ៊ីចឹង។ តែ​ជាក់​ស្ដែង​វា​អត់​បាន​ផ្ដល់​សេរីភាព​ដល់​ស្ត្រី​ឱ្យ​បាន​ពេញលេញ​ទេ​ក្នុង​ការ​បញ្ចេញ​មតិ​អី​ផ្សេងៗ។ ពេល​ដែល​អាជ្ញាធរ​វាយ​ដំ​ច្រំ​ធាក់​រហូត​ដល់​ខ្ញុំ​រលូត​កូន​ក៏​មិន​ឃើញ​ក្រសួង​កិច្ចការ​នារី ណា​ចុះ​មក​អន្តរាគមន៍​រឿង​ខ្ញុំ​ទេ​រយៈពេល​១ឆ្នាំ​ជាង​ហើយ។ ជា​រឿង​មួយ ដែល​គេ​គ្រោង​សាច់​រឿង​ឱ្យ​សម្ដែង។ ខ្ញុំ​គិត​ថា​មិនមែន​គាត់​មិន​ឃើញ​ទេ គាត់​ដឹង ប៉ុន្តែ​គាត់​ចាំ​តែ​បញ្ជា​ពី​ថ្នាក់​លើ»។

រតនា ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ឈប់​សម្ដែង និង​ងាក​មក​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី។

លោកស្រី សុខ រតនា៖ «អ៊ីចឹង មិនបាច់​និយាយ​ថា​គោរព​សិទ្ធិ​ស្ត្រី ៨ មីនា ហ្នឹង​ទេ ខ្ញុំ​ចង់​ឱ្យ​មាន​ការពិត​មួយ​ឱ្យ​ច្បាស់​លាស់​មួយ​ថា ឱ្យ​ស្ត្រី​​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ប្រឡូក​បញ្ហា​សង្គម​អី​ផ្សេងៗ ការ​ទាមទារ​អី​ផ្សេងៗ ត្រូវ​ផ្ដល់​សិទ្ធិ​សេរីភាព​ឱ្យ​គាត់​ឱ្យ​បាន​ពេញលេញ»។

រឿងរ៉ាវ​របស់​ស្ត្រី​នៅ​បឹង​តាមោក និង​នៅ​ណាហ្គាវើលដ៍​គ្រាន់​តែ​ចំណែក​តូច​មួយ​នៃ អំពើ​ហិង្សា​បង្ក​ដោយ​អាជ្ញាធរ​លើ​ស្ត្រី និង​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​បញ្ហា​របស់​ស្ត្រី ដែល​បន្ត​តាំង​ពី​ជំនាន់ លោក ហ៊ុន សែន និង​នៅ​តែ​មិន​បញ្ចប់​នៅ​ដើម​អាណត្តិ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ លោក ហ៊ុន ម៉ាណែត។ នៅ​មាន​ករណី​អយុត្តិធម៌​ជា​ច្រើន​ទៀត​ដែល​កើតមាន​លើ​ស្ត្រី​អ្នក​តស៊ូ​ការពារ​ដីធ្លី អ្នក​ការពារ​សិទ្ធិ​មនុស្ស ស្ត្រី​សហជីព អ្នកនយោបាយ ប្រពន្ធ​អ្នក​នយោបាយ អ្នក​ស្រឡាញ់​បរិស្ថាន អ្នកការពារ​ធនធាន​ធម្មជាតិ ដែល​ហ៊ាន​ចេញ​តវ៉ា​ប្រឆាំង​នឹង​អយុត្តិធម៌ ដែល​អាជ្ញាធរ​មិន​អើពើ​ដោះស្រាយ​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស ស៊ីណែត បាន​ទេ គិត​ត្រឹម​ថ្ងៃទី៧ ខែ​មីនា។

បើ​ទោះ​ជា​យ៉ាងណា អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​ថ្លែង​ជា​ញឹកញយ ដោយ​លាប​ពណ៌​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ដោយ​មិន​រើស​មុខ​ថា ជា​ក្រុម​ស៊ីឈ្នួល​បរទេស ជា​ក្រុម​បក្ស​ប្រឆាំង ក្រុម​រួម​គំនិត​ក្បត់​ជាដើម។

លោក ហ៊ុន សែន៖ «នៅ​ស្រុកខ្មែរ​បាតុកម្ម​ធ្វើ​ជាង​មួយ​ឆ្នាំ ជិត​២ឆ្នាំ នៅ​មាន​លុយ​ធ្វើ​បាតុកម្ម​សួរ​តើ​រឿង​ហ្នឹង​វា​ស្អី?មនុស្ស​ធ្វើ​បាតុកម្ម​តាំង​ពី​ជាង ៣០០​នាក់ ជិត៤០០ នាក់ ឥឡូវ​សល់​មនុស្ស​បាតុកម្ម​ត្រឹម ១០០​នាក់។ ឥឡូវ​យើង​ដាក់​ជា​សំណួរ»។

សម្ដី​មេដឹកនាំ​នេះ​បាន​បើក​ផ្លូវ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង ធ្វើ​បាប​ពលរដ្ឋ​រួម​ទាំង​ស្ត្រី​ផង​បាន​តាម​អំពើ​ចិត្ត ហើយ​បើ​ទោះ​ជា​គេ​ចង់​ប្រើ​តុលាការ​ធ្វើ​ជា​អាវុធ ដាក់​ទោស​ស្ត្រី​ឱ្យ​មាន​ទោស​ជាប់​ខ្លួន​ពេញ​មួយ​ជីវិត​ក៏​គេ​ធ្វើ​បាន​ដែរ។

ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ខួប​ទី​១១៣ នេះ ក្រសួង​កិច្ចការ​នារី​ជ្រើសរើស​ប្រធានបទ «ស្ត្រី និង​ក្មេង​ស្រី​ក្នុង​បរិវត្ត​កម្ម​ឌីជីថល» ចំណែក​ក្រុម​អង្គការ​សិទ្ធិមនុស្ស​វិញ​ផ្ដោត​លើ «ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម»។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ប្រមាណ​៥០០រយ​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​លើកឡើង​ពី​បញ្ហា​របស់​ស្ត្រី និង​ទាមទារ​ឱ្យ​ដោះលែង​ស្ត្រី​អ្នក​តស៊ូ​មតិ​២​នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ និង​កញ្ញា សេង ធារី។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ពិចារណា​ឡើងវិញ​រាល់​ការ​ទាមទារ​របស់​ពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធានា​គោរព​សិទ្ធិ​ស្ត្រី​ឱ្យ​បាន​ពេញលេញ និង​មិន​ទុក​ស្ត្រី​ណា​ម្នាក់​ចោល​ឱ្យ​រងគ្រោះ​ដោយ​អំពើ​ហិង្សា ការបៀតបៀន ការរើសអើង​តទៅ​ទៀត។

កាល​ពី​ឆ្នាំ២០១៦ កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិ ក្នុង​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​សម្រាប់​ឆ្នាំ២០៣០ ក្នុង​នោះ​ក៏​មាន​ការធានា​ផ្ដល់​ប្រយោជន៍​ដល់​ជន​ងាយ​រងគ្រោះ ដោយ​មិន​ត្រូវ​ទុក​នរណា​ម្នាក់​ចោល​ឡើយ ដែល​សំដៅ​ទៅ​លែង​ឱ្យ​មាន​ភាព​ក្រីក្រ គ្រោះ​អត់​ឃ្លាន មាន​សមភាព​យេនឌ័រ កាត់បន្ថយ​វិសមភាព ការពារ​បរិស្ថាន និង​អាកាស​ធាតុ​របស់​ផែនដី ពោល​គឺ​ធ្វើ​មនុស្ស​នៅ​គ្រប់​ទីកន្លែង​អាច​ទទួល​បាន​សន្តិភាព និង​វិបុល​ភាព។

ងាក​ទៅ​ស្ត្រី​ចំណាស់ គង់ តឿ នៅ​បឹង​តាមោក​វិញ លោកស្រី​ថា ការ​លប់​បឹង​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​រស់​អាស្រ័យ​បឹង​បាត់​បង់​ប្រភព​ចំណូល​រួចស្រេច​ទៅ​ហើយ ឯ​ការ​បង្ខំ​បណ្ដេញ​ពួកគាត់​ចេញ​ពី​ផ្ទះសម្បែង​នៅ​ពេល​នេះ​គឺ​កាន់​តែ​បន្ថែម​បន្ទុក​ធ្វើ​ឱ្យ​ជីវិត​ពួក​កាន់​តែ​ដុនដាប ងើប​មិន​រួច​ពី​ទីទ័ល​ក្រ​ត​ពី​ពួកគាត់​ដល់​កូនៗ​ទៀត។

លោកស្រី គង់ តឿ៖ «ខ្ញុំ​តស៊ូ​ថា សុំ​ឱ្យ​តែ​បាន​ផ្ទះ​នៅ​គឺ​ខ្ញុំ​អត់​ចង់​បាន​អី​ទៀត​ទេ។ សុំ​ឱ្យ​តែ​មាន​ជម្រក​ជ្រក​កូន​កុំ​ឱ្យ​វា​វេទនា​ពេក។ ចំណែក​ឧកញ៉ា គ្រាន់​តែ ព្រាប សុវត្ថិ ជា​តារា​ចម្រៀង​គាត់​ឱ្យ ៥ ហិកតារ ចំណែក​ពួក​ខ្ញុំ​ជា​ប្រជាជន​ក្រីក្រ អត់​មាន​យសស័ក្ដិ អត់​មាន​ទឹកលុយ ៧៧ គ្រួសារ ដី​តែ ៤ ហិកតារ ម៉េច​ក៏​គាត់​មិន​សម្បទាន​ឱ្យ​ខ្ញុំ​ផង?» ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។