ពលរដ្ឋខ្មែរនៅក្រៅប្រទេសថ្កោលទោសរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជុំវិញការចាប់ខ្លួនយុវជនសង្គមដាក់ពន្ធនាគារ

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​រឹតត្បិត​សេរីភាព​ពលរដ្ឋ​មិន​ឱ្យ​បញ្ចេញមតិ និង​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់ចង​ក្រុម​យុវជន​សង្គម​ដាក់​ពន្ធនាគារ ថា​ជា​ការ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។ ប្រតិកម្ម​នេះ​គឺ​បន្ទាប់​ពី លោក ហ៊ុន ម៉ាណែត បើក​ការ​បង្ក្រាប​លើ​ពលរដ្ឋ និង​យុវជន​ដែល​ហ៊ាន​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គម​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។

ពលរដ្ឋ​ខ្មែរ​រស់នៅ និង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នាំគ្នា​ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថា​ធ្វើ​ឱ្យ​លំហ​សិទ្ធិ​សេរីភាព​រួម​តូច និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

ពលរដ្ឋ​រស់នៅ​ប្រទេស​ជប៉ុន លោក ឆនចិន្តា ណាដូ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៥ ខែ​សីហា ថា លោក​ហួសចិត្ត​នឹង​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែល​ចាប់​យុវជន​សង្គម​ដាក់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស និង​បង្កើត​បទ​ចោទ​តាម​អំពើ​ចិត្ត​ដើម្បី​ចោទ​ប្រកាន់​លើ​ក្រុម​យុវជន។ លោក​ចាត់​ទុក​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​ចាប់​យុវជន​ដាក់​ពន្ធនាគារ​គឺជា​រឿង​ដ៏​អាម៉ាស់ និង​ជា​ការ​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ។

លោក ឆនចិន្តា ណាដូ៖«វា​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ដើរ​ទៅ​រក​របប​ផ្ដាច់ការ​ដោយសារតែ​ការ​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​ច្បាប់​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ដូច្នេះ នៅ​ពេល​ដែល​គ្រាន់តែ​ជា​ការ​បញ្ចេញ​មតិ​បន្តិចបន្តួច​បែរជា​ឱ្យ​គាត់​មាន​ទោស​ធ្ងន់ធ្ងរ​អា​នេះ​វា​ជា​រឿង​ដែល​បង្ហាញ​ថា សង្គម​កម្ពុជា​ដើរ​ទៅ​រក​កុម្មុយនិស្ត»។

ស្រដៀង​គ្នា​នេះ​ដែរ អនុ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន លោកស្រី មាស ភារ៉ា កត់​សម្គាល់​ឃើញ​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​គឺជា​មិន​បាន​ផ្ដល់​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពលរដ្ឋ​ដែល​កំពុង​ជួប​ទុក្ខ​លំបាក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លោក ហ៊ុន ម៉ាណែត បែរជា​ចាប់​យុវជន និង​ពលរដ្ឋ​ណា​ដែល​ហ៊ាន​រិះគន់​ពី​ភាព​អសកម្ម​របស់​លោក​ទៅ​វិញ។

លោកស្រី មាស ភារ៉ា៖«ខ្ញុំ​ក៏​មិន​យល់​ពី​រដ្ឋាភិបាល​មិន​ដឹង​ថា គាត់​ចង់​ដើរ​ទៅ​ផ្លូវ​ណា​ក្នុង​ចិត្ត​គាត់​មិន​ឱ្យ​មាន​អ្នក​ប្រឆាំង​នឹង​គាត់ ក៏​ប៉ុន្តែ​គាត់​ព្យាយាម​ធ្វើ​អំពើ​ឈឺ​ចាប់​ដល់​យុវជន​ដល់​ក្រុម​គ្រួសារ​យុវជន​នៅ​ពេល​ដែល​ចាប់​មនុស្ស​ម្នាក់​គឺ​ឈឺចាប់​ដល់​មួយ​គ្រួសារ​អាច​ហៅ​ថា ឈឺ​ចាប់​មួយ​ពូជ​ក៏​បាន​ដែរ។ ហើយ​គាត់​ដាក់​គោលការណ៍​អ្នក​ដែល​មាន​គំនិត​ប្រឆាំង​នឹង​គាត់ ក៏​ប៉ុន្តែ​គាត់​អត់​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្រឡាញ់​ផង។ តើ​ថ្ងៃ​ណា​ទើប​អស់​អ្នក​ប្រឆាំង​ខ្ញុំ​ចង់​សួរ​ទៅ​រដ្ឋាភិបាល​អ៊ីចឹង​វិញ?»

ដោយឡែក ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង លោក រ៉េត សុផាត មើល​ឃើញ​ថា ការ​បង្កើន​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​ដាក់​ពន្ធនាគារ​មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​ឡើយ ផ្ទុយ​ទៅ​វិញ​លោក ហ៊ុន ម៉ាណែត កំពុង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ផ្ទុះ​កំហឹង​កាន់​តែ​ខ្លាំង។ លោក​ព្រមាន​ថា វាសនា​របស់​លោក ហ៊ុន ម៉ាណែត អាច​នឹង​ដូច​មេដឹកនាំ​នៃ​ប្រទេស​បង់ក្លាដេស (Bangladesh )។

លោក រ៉េត សុផាត៖ «គួរតែ​មាន​ការ​កែប្រែ​ឡើងវិញ​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញមតិ មាន​សិទ្ធិ​ជួបជុំ និង​បើក​លំហ​សិទ្ធិ​នយោបាយ​ឱ្យ​គណបក្ស​នយោបាយ​ឱ្យ​ពួកគាត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ។ កុំ​ឱ្យ​មាន​ការ​ចាប់ខ្លួន គំរាមកំហែង បំភិតបំភ័យ​ធ្វើ​ឱ្យ​ពួកគាត់​មិន​ហ៊ាន​ក្នុង​ការ​ធ្វើ​នយោបាយ​មិន​ហ៊ាន​បញ្ចេញមតិ មិន​ហ៊ាន​តតាំង​ទៅ​នឹង​រដ្ឋ​អំណាច ដែល​ពួកគាត់​បំភិតបំភ័យ​យ៉ាង​ធ្ងន់ធ្ងរ។ សកម្មជន​ដែល​សកម្ម​ក្នុង​រឿង​នយោបាយ​ក្នុង​រឿង​សិទ្ធិមនុស្ស​ត្រូវ​បាន​ជាប់​គុក​ជា​បន្ត​បន្ទាប់​ទាំងអស់​នេះ​ជា​អ្វី​ដែល​យើង​មាន​ឃើញ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ដោយ​គ្មាន​ការ​កែប្រែ»។

ក្រុម​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​កិច្ចប្រតិបត្តិការCLV ជា​លើកទី២​នៅថ្ងៃទី០១ ខែកញ្ញា នៅ​ទីលាន​ប្រជាធិបតេយ្យ​ជុងកាក់ (Jonggak) ក្នុង​ក្រុង​សេអ៊ូល (Seoul) ដែល​អះអាង​ថា នឹង​មាន​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​ប្រមាណ១ម៉ឺននាក់។

ប្រតិកម្ម​របស់​ពលរដ្ឋ​ទាំងនេះ ធ្វើ​ឡើង​បន្ទាប់​ពី​ឪពុក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​កូន​លោក ហ៊ុន ម៉ាណែត បើក​យុទ្ធនាការ​បង្ក្រាប​លើ​ពលរដ្ឋ និង​ក្រុម​យុវជន​ដែល​មិន​គាំទ្រ​គម្រោង​កិច្ច​សហប្រតិបត្តិការCLVដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ និង​ចោទ​ប្រកាន់​លើ​យុវជន​ទាំង​នោះ​ពី​បទ«រួមគំនិតក្បត់ និង​ញុះញង់»ដើម្បី​ផ្ដួល​រលំ​រដ្ឋាភិបាល។ ជាក់ស្ដែង​ក្រុម​យុវជន​សង្គម​ចំនួន៨នាក់ ក្នុង​នោះ​រួមមាន កញ្ញា រៀម ស្រីពេជ្ររតនា កញ្ញា សើន ស្រីម៉ៃ កញ្ញា កាត់ ស៊ីណាត លោក ធី ថន និង​កញ្ញា នឿន ស្រីណែត ព្រមទាំង​ក្រុម​យុវជន​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​៣នាក់ ដែល​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាប់​ខ្លួន​ទាំង​បង្ខំ និង​បញ្ជូន​ពួកគាត់​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ផ្សេងៗ​ពី​គ្នា។ ក្រុម​យុវជន​ទាំង​នោះ​ភាគ​ច្រើន​គឺ​តែងតែ​ចេញ​មុខ​ឈឺឆ្អាល​អំពី​រឿង​អយុត្តិធម៌​សង្គម និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ។ ពួកគាត់​មិន​បាន​បង្ហាញ​អំពី​គម្រោង​ចូលរួម​ធ្វើ​បាតុកម្ម ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​រឿងCLVនោះ​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី២៥ ខែសីហា។

អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា កត់​សម្គាល់​ថា រដ្ឋាភិបាល​តែងតែ​អួតអាង​ពី​ការ​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ប៉ុន្តែ​ធាតុ​ពិត​រដ្ឋាភិបាល​បែរជា​ដើរ​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរ​ជាតិ​ដែល​នាំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​វិញ។

លោក ស៊ឹង សែនករុណា៖«ភាព​កម្សោយ​នៅ​ក្នុង​ការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់ ឬក៏​នៅ​ប្រទេស​កម្ពុជា​ហ្នឹង​យើង​ឱ្យ​ប្រទេស​ផ្សេងៗ​គេ​មើល​ឃើញ​ថា គឺ​រញ៉េរញ៉ៃ និង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​បែប​ហ្នឹង​ហើយ​គ្មាន​អ្នក​ណា​ធ្វើ​អី​ទេ។ អ៊ីចឹង​ធ្វើ​ឱ្យ​ប្រទេស​ផ្សេងៗ ទៅ​ប្រព្រឹត្ត​អំពើ​បែប​ហ្នឹង​បន្ត​ទៀត លេង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស លេង​មាន​ការ​គោរព​ប្រជាធិបតេយ្យ​ហើយ។ អ៊ីចឹង​ទាល់​តែ​មាន​វិធានការ​ជាក់លាក់​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​កែប្រែ គេ​អាច​បញ្ឈប់​នូវ​អំពើ ដែល​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​របស់​ខ្លួន​បាន»។

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​យុវជន​នេះ​ដែរ អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ច្រាក់ នៅថ្ងៃទី២៥ ខែសីហា បាន​ចេញ​លិខិត​ចំហ​មួយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បន្ធូរបន្ថយ​ស្ថានភាព​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា។ អង្គការ​សង្គម​ស៊ីវិល​នេះ​សង្កេត​ឃើញ​ថា អ្នក​បញ្ចេញ​មតិ​មួយ​ចំនួន​ត្រូវ​បាន​ឃាត់​ខ្លួន និង​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដូច្នេះ​រដ្ឋាភិបាល​គួរតែ​អនុវត្ត​ច្បាប់​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តជាតិ។

ផ្នែក​តាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គិត​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​បាន​បង្កើន​ការ​ចាប់​ខ្លួន​យុវជន ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ​៤២នាក់​ហើយ​ដែល​រដ្ឋាភិបាល​អះអាង​ថា ពួកគាត់​មាន​គម្រោង​ធ្វើ​បាតុកម្ម​ផ្ដួល​រលំ​រដ្ឋាភិបាល​ជុំវិញ​រឿង​កិច្ចប្រតិបត្តិការCLV។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោះលែង​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដើម្បី​ឱ្យ​ពួកគាត់​អាច​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ។ លើស​ពី​នេះ​ពួកគាត់​ចង់​ឃើញ​រដ្ឋាភិបាល​ចេះ​បង្រួបបង្រួម​ជាតិ និង​ផ្សះផ្សា​ជាតិ​ដើម្បី​រួមគ្នា​ដោះស្រាយ​វិបត្តិ​សង្គម វិបត្តិ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។